ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ហាមឃាត់​ការ​បំពាក់​​ស៊ីផ្លេ និង​ភ្លើង​បំភ្លឺ​ ឬភ្លើង​លម្អផ្សេងៗ​ក្រៅពីការ​កំណត់​លក្ខណៈបច្ចេកទេស​របស់​​​​យានយន្ត​។

ក្នុង​សេចក្តី​ជូន​ដំណឹង​​របស់​​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន​ ចេញនៅ​ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០២៤ បាន​យោង​មាត្រា​២៨ ​​និង​៣០ នៃច្បាប់​ស្តី​ពីចរាចរណ៍​ផ្លូវគោក ដោយបញ្ជាក់ថា ​​ការ​ប្រើប្រាស់​ស៊ីផ្លេ​គឺក្នុងគោល​បំណង​ទប់ស្កាត់​អនាធិបតេយ្យ​​ដែលប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម ​និង​​បង្ក​ឱ្យមានគ្រោះ​ថ្នាក់​ជា​យថាហេតុ​។

សេចក្តី​ជូនដំណឹង​ដដែលបន្ថែមថា​៖ «យានយន្ត​គ្រប់ប្រភេទ​ប្រើប្រាស់ស៊ីផ្លេ​តែ​នៅ​ពេល​ថ្ងៃ​ដើម្បី​ឱ្យ​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ដទៃ​ទៀត ​និង​ជៀសវាង​គ្រោះ​ថ្នាក់​ជាយ​ថាហេតុ​។ នៅ​ពេលយប់​ត្រូវជំនួស​ដោយ​ការ​ស៊ីផ្លេ​មក​ហ្វា​កូត​ឆ្លាស់គ្នា​ សម្រាប់​ឱ្យ​ដំណឹង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ និង​សុំជែង​។ ត្រូវ​ប្រើ​រយៈ​ពេល​ខ្លី​ក្នុងការ​ស៊ីផ្លេ​គឺមិន​យូរជាង​ការចាំបាច់​ឡើយ​លើកលែង​​តែ​មាន​ការ​ប្រកាស​អាសន្ន​ ហើយ​សំឡេង​ស៊ីផ្លេ​ត្រូវកំណត់​ពី​៩០dB(A) ទៅ​១០៥dB(A)។ ចំណែក​ស៊ីផ្លេខ្យល់​ ត្រូវបាន​ហាមឃាត់​ដូចជា​នៅទីក្រុង​ ទីប្រជុំជន ​និង​មន្ទី​ពេទ្យ​«។

ក្រសួង​សាធារណការ​បន្ថែម​ថា ​ការ​បំពាក់​សញ្ញា​សូរសព្ទ​ [សំឡេងរំខាន] ភ្លើង​បំភ្លឺ​ ឬភ្លើង​លម្អផ្សេងៗ​ក្រៅពីការ​កំណត់​របស់​យានយន្ត​ត្រូវបានហាមឃាត់»​។

សេចក្តីជូនដំណឹង​របស់​ក្រសួងសាធារណការ​ធ្វើ​ឡើង​​បន្ទាប់​ពី​​លោកនាយករដ្ឋមន្រ្តី ​​​​​ហ៊ុន​ ម៉ាណែត បញ្ជា​ឱ្យ​ត្រួតពិនិត្យ​ពីលក្ខណៈបច្ចេកទេស​ស៊ីផ្លេ​រថយន្ត​ ដើម្បី​ទប់​ស្កាត់​ភាព​អនាធិបតេយ្យ​​តាមដងផ្លូវ និង​ហានិភ័យ​សម្រាប់​ការធ្វើ​ដំណើរ ក្រោយ​ផ្ទុះសកម្មភាព​យុវជន និង​កុមារ​​រាំ​លេង​តាមដងផ្លូវ​ទៅ​តាម​ចង្វាក់​ស៊ីផ្លែ​បែបភ្លេង​របស់រថយន្ត​ធំៗ៕