ការនាំចូល​បន្លែ​សាច់ពីក្រៅប្រទេស​ ជាពិសេស​ពី​ប្រទេស​ជិតខាងដូចជាវៀតណាម និង​ថៃ នៅ​តែមាន​ចំនួន​ច្រើន។ ការណ៍នេះ នៅតែ​ជា​កង្វល់​​ស​ម្រាប់កសិករ​ខ្មែរ​​ដែល​​ធ្វើ​កសិកម្ម​​​ក្នុង​ស្រុក​។​

Newsroom Cambodia បាន​សម្ភាសន៍​ពលរដ្ឋ និងនិស្សិត​ចំនួន​៥នាក់​ អំពី​​ការ​យល់​ឃើញ​​​របស់​ពួក​​គេទាក់​ទង​នឹងការ​នាំចូល​ផលិតផល​កសិកម្ម​ក្រៅ​ស្រុក​​៖

អ្នកស្រី​ ជា ដាវី មានអាយុ​៥២ឆ្នាំ សព្វថ្ងៃ​រស់​នៅសង្កាត់​ដេប៉ូ២​ ខណ្ខទួលគោក​ រាជធានីភ្នំពេញ​ប្រកប​របរជា​អ្នកបោស​សម្អាតនៅ​​កន្លែង​ឯក​ជន​មួយ​​ និយាយថា ការ​នាំ​ចូល​ផលិត​ផល​កសិកម្ម​​​​ពី​ក្រៅ​ប្រទេស​​ អាច​ធ្វើឲ្យគាំង ​ឬងាប់សេដ្ឋកិច្ចក្នុង​ស្រុក​។​

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ការនាំ​ចូលផលិត​ផលក្រៅស្រុក​គឺ​មិនល្អទេ​​ បើយើង​ប្រើ​ក្នុង​ស្រុកល្អ​ជាង​​ រួមដៃគ្នាដាំ​ដុះ​ លក់ចែកចាយ​​ កែច្នៃ​​របស់​មាន​ស្រាប់​ឲ្យសេដ្ឋកិច្ចយើងរស់​។​ ក្នុង​នោះ​ដែរ​ត្រូវ​មាន​​ការ​គាំទ្រ​​ពី​រាជរដ្ឋា​​ភិបាល​​​​ ព្យាយាម​រក​ទីផ្សារ​ កុំអី​តិច​តួច​ក៏នាំចូល។​ ​ក្នុងនាមយើងជា​ប្រជា​ពលរដ្ឋក៏ដូចគ្នា​​ ​ ត្រូវ​ចេះ​ជួយទិញកសិករ​​គ្នា​ឯង ហើយ​ដំណាំ​ដែលដាំ​ខ្លួន​ឯងគឺវា​គ្មាន​ជាតិ​​គីមី មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ជួយឱ្យ​សេដ្ឋ​កិច្ច​រីក​ចម្រើន​ផងដែរ​។ ​ប្រើរបស់​ក្នុងស្រុក​ឱ្យ​អស់​លទ្ធភាព​សិន​ បើ​ខ្វះ​ខាត​ចាំឆក់​កណ្តៀត​ពីប្រទេស​ជិតខាង»​។

អ្នកស្រី ជា ដាវី ជាអ្នកបោសសម្អាតនៅទីក្រុង​ភ្នំពេញ​ ( រូបភាព៖ ណឺ មិនា )

កញ្ញា​ ណៃ​ សំណាង មាន​អាយុ​២៣ឆ្នាំ​ ​ជានិស្សិត​ឆ្នាំទី​៣​ នៃសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ លើកឡើង​ថា ​ការ​នាំ​ចូល​ទំនិញ​កសិកម្មពីក្រៅ​​ប្រទេស​មា​ន​​គុណ​វិបត្តិ​​ច្រើន​ គិត​ទាំងពន្ធ​ ហើយ​មានតែចំណាយ​គ្មាន​ចំណូលសម្រាប់​ប្រជាពល​រដ្ឋ​​។​​

កញ្ញា​បានថ្លែង​ថា​៖ «ការ​នាំចូល​ទំនិញ​កសិកម្ម​គឺធ្វើ​ឱ្យ​ប្រជាជន​បាត់បង់​ការងារ​ ដោយសារ​ប្រទេស​យើង​ប្រជាជនភាគច្រើន​ជាកសិករ​ ពួកគាត់ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​​ហើយ​បើនាំ​ចូល​វា​មាន​តម្លៃ​ថ្លៃ​ដែល​ពួក​គាត់​មិនអាច​មាន​លទ្ធភាព​ទិញ»​។​

កញ្ញា​ ណៃ​ សំណាង ជនិស្សិត​នៃ​សកលវិទ្យាល័យភូមិន្ទ​និតិសាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​។ (រូបភាពផ្តល់ដោយ​កញ្ញា​ ណៃ សំណាង)​

លោក​ គឹម ភា ​អាយុ​២៤ឆ្នាំ​ ជាជនជាតិដើម​កួយ បច្ចុប្បន្ន​​សិក្សា​នៅសាកលវិទ្យា​ល័យ​ឯកជន​មួយ​ក្នុងរាជ​ធានី​ភ្នំពេញ​ ​យល់​​ថា ​ការ​នាំចូល​ទំនិញ​កសិកម្ម​ធ្វើឱ្យ​ប្រជា​ជនបាត់​បង់ការងារ​ និង​មិន​មាន​ទំនុក​ចិត្ត​ក្នុងការ​ដាំដុះ​បន្ត​។​

លោកបាន​បន្ថែមថា​៖ «ការ​នាំចូល​ទំនិញ​កសិកម្ម​ធ្វើ​ឱ្យកសិករនៅកម្ពុជា​រង​គ្រោះ​ព្រោះ​តែ​កសិករ​​កម្ពុជា​​យើង​​ប្រើ​​ជី​​ធម្មជាតិ​ភាគច្រើន​ ចំណែកដើមទុនក៏​ចំណាយ​ក្រែល ​​ដូច្នេះ​ត្រូវ​លក់​ចេញ​ក្នុង​តម្លៃ​សមរម្យ​ប៉ុន្តែ​បើ​យើងនាំចូល​​ពីខាងក្រៅគឺច្រើន​ប្រើជីគីមី​ដែល​មាន​តម្លៃ​ថោក​​ហើយ​ធ្វើច្រើនដងក្នុងមួយឆ្នាំ លក់​​ចេញ​នូវតម្លៃ​ថោក​ធ្វើឱ្យ​កសិករ​នៅ​កម្ពុជា​អាច​ដួល​រលំ ​ឬ​ក៏បោះបង់​ចោល​នូវ​ការ​ធ្វើ​កសិកម្ម​ ដាំដុះ ដំណាំផ្សេងៗ​និង​ការ​ចិញ្ចឹមសត្វ​ជាដើម​»។​

លោក​ គឹម ភា ជានិស្សិតសិក្សា​នៅសាកលវិទ្យា​ល័យ​ឯកជនមូយ។​ (រូបភាព​ផ្តល់​ដោយ​លោក​ លោក​ គឹម ភា)

អ្នកស្រី​ អៀង​ ដានី​​ មានអាយុ​២៨ឆ្នាំ​ ជាបុគ្គលិកក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​នៅរាជធានី​ភ្នំពេញ​ និយាយ​​ថា ទំនិញ​កសិកម្ម​មិនថា​នាំចូល ​ឬជា​​របស់​ក្នុងស្រុក​មាន​ទាំង​ល្អ​ និង​មិនល្អ​។

អ្នកស្រី​បន្ថែម​​ថា​៖ «​ទំនិញ​ដែល​នាំ​ចូល​គឺគុណភាព​ល្អ​ ហើយមាន​រសជាតិឆ្ងាញ់ និង​មាន​ទំនុក​ចិត្ត​ក្នុង​​ការ​ទទួលទាន​ មិនដូច​ទំនិញ​របស់​ខ្មែរ​ខ្លះ​និយាយ​ថា​ល្អៗតែការពិត​ប្រើ​សុទ្ធតែជីគីមី​​ ធ្វើឱ្យគ្មានទំនុកចិត្ត​ចំពោះ​ទំនិញទាំងនោះ»។​

អ្នកស្រី​ អៀង​ ដានី​​ ​ជាបុគ្គលិកក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​។​ (រូបភាព៖ ណឺ មិនា​)

អ្នកស្រី​បន្តថា​៖ «ខ្ញុំទទួលស្គាល់​​ទំនិញខ្មែរ​ភាគ​ច្រើន​​ល្អ​មែន​បើធ្វើ​តាម​បែបប្រពៃណី​ តែឥឡូវគឺ​ប្រើ​​សុទ្ធតែគីមី មិនគិតដល់​ខ្មែរគ្នាឯង»។

កញ្ញា​ ហៀល ម៉ាល់​ អាយុ២២ឆ្នាំ​ ជាអ្នកលក់​ដូរ​នៅ​ផ្សារ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​លើកឡើង​ថា​ ប្រទេស​កម្ពុជា​​មាន​​ផលិត​ផល​កសិកម្ម​​​ទាំង​អស់​នោះ​ស្រាប់ មិន​បាច់​នាំ​ចូល​ពី​ក្រៅ​ប្រទេស​នោះ​ទេ។​​

កញ្ញា​ ហៀល ម៉ាល់​ ជាអ្នកលក់​ដូរ​នៅ​ផ្សារ។​ (រូបភាព៖​ ណឺ មិនា)

កញ្ញាបន្ថែមថា​៖ «​ទំនិញ​ក្នុង​ស្រុកដាំដុះ​ខ្លួនឯង​វាល្អ​ចំពោះ​សុខភាព​ ហើយ​​យើងអាច​ដឹង​ប្រភពថាមកពី​តំបន់ណា​ មួយទៀត​​​ជួយឱ្យ​កសិករ​យើង​មាន​ការងារ​ធ្វើ​ ប៉ុន្តែ​បើ​របស់​នាំចូល​យើងមិនដឹងថា​ប៉ុន្មានថ្ងៃបានមកដល់​ហើយ​ដាក់​ថ្នាំគីមី​អី​ខ្លះ​​ទេច​គ្មាន​ប្រភព​ច្បាស់​លាស់»​៕