សេវាសាធារណៈ គឺជាសេវាកម្មដែលបានផ្ដល់ដោយដោយរដ្ឋ​ ជាពិសេស​អាជ្ញាធរមូលដ្ឋាន​ទៅកាន់​ប្រជាជនដែល​រស់​នៅ​ក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ដោយផ្ទាល់(តាមរយៈវិស័យ​សាធារណៈ)​ ឬដោយការ​ផ្ដល់​ជា​ហិរញ្ញវត្ថុដល់​ផ្នែកឯកជន ​ក្នុង​គោលដៅ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិត និងប្រជាពលរដ្ឋ​ចំនួន៦នាក់ ​​អំពី​​ការ​យល់ឃើញ​របស់ពួក​គេ​​ ចំពោះការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន។

កញ្ញា សឿន ម៉ារីណា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់នៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង​ យល់ឃើញថា ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន គឺមានភាពល្អប្រសើរជាងមុន ដោយសារ​គេមានការកំណត់ចំនួនថ្ងៃបានត្រឹមត្រូវ និងច្បាស់លាស់ក្នុងការផ្តល់ជូន​សេវា។

កញ្ញានិយាយថា៖ «នៅពេលដែលខ្ញុំចុះទៅធ្វើសេវាសាធារណៈទៅ គាត់[អ្នកផ្តល់សេវា] មាន​ភាព​រួសរាយរាក់ទាក់ ហើយគាត់សួរនាំពីបញ្ហាពីអ្វីដែលយើងចង់ស្នើសុំធ្វើ ហើយនិយាយ​ទៅ​លឿនទាន់ចិត្តតែម្តង ហើយគាត់ [អ្នកផ្តល់សេវា] មានការកំណត់ថ្ងៃច្បាស់លាស់»។

កញ្ញា សឿន ម៉ារីណា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់នៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង។ (រូបភាព៖ ហុង សេងលី)

កញ្ញា សឿន ម៉ារីណា បន្ថែមថា ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ក៏នៅ​មានចំណុចខ្វះខាតមួយចំនួនផងដែរ ដោយសារតែមិនទាន់បានដាក់នូវតារាងតម្លៃ​សេវា​សាធារណៈ​​​ឱ្យបានជាក់លាក់ ដើម្បីឱ្យប្រជាពលរដ្ឋ បានដឹងពីតម្លៃសេវាជាក់លាក់​នៅ​ឡើយ។

កញ្ញាបានបន្តទៀតថា៖ «ពេលខ្ញុំទៅទទួលសេវាសាធារណៈនៅតាមខណ្ឌ ឬនៅតាមឃុំ ពេលខ្លះ​គាត់អាចយក ១ពាន់រៀល ប៉ុន្តែអ្នកខ្លះ​ពេលគាត់ទៅ គេ [អ្នកផ្តល់សេវាសាធារណៈ] អាចយក​ចំនួន ២ពាន់រៀល ឬ៣ពាន់រៀលអីចឹង ដោយសារ​​មិនទាន់​បានដឹង​ពីតម្លៃសេវាច្បាស់​នៅឡើយ»។

ជាមួយ​​គ្នាផងដែរ កញ្ញា សឿន ម៉ារីណា ក៏បានស្នើសុំទៅដល់មន្ត្រីផ្តល់សេវាសាធារណៈ​ឱ្យដាក់​តារាង​​តម្លៃសេវាតាមផ្នែកនីមួយៗឱ្យបាន​ជាក់លាក់ ដើម្បីឱ្យប្រជាពលរដ្ឋបាន​យល់ដឹង​គ្រប់​គ្នាៗ។

កញ្ញា សរ ស្រីពៅ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកច្បាប់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានយល់ឃើញថា ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន មានចំណុចខ្លះល្អប្រសើរ និង​ចំណុចខ្លះទៀតមិនទាន់ល្អនោះទេ។

កញ្ញានិយាយថា៖ «ចំពោះចំណុចល្អ ដូចជាការផ្តល់វ៉ាក់សាំងនៅ​តាមផ្ទះអីចឹង ដែលផ្តល់ជូន​ឱ្យ​ប្រជាពលរដ្ឋ គឺទទួលបានគ្រប់គ្នាៗមិនឱ្យខ្វះចន្លោះទៅលើអ្នកណាម្នាក់ឡើយ»។ 

កញ្ញា សរ ស្រីពៅ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកច្បាប់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ (រូបភាព៖ ហុង សេងលី)

កញ្ញា សរ ស្រីពៅ បន្ថែមថា ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ក៏នៅ​មាន​ចំណុចមិនល្អមួយ​​ចំនួនដូចជា ការធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ អត្រានុកូលដ្ឋាន ចំណុចទាំងអស់ហ្នឹង នៅពេលដែលយើងទៅធ្វើត្រូវប្រើប្រាស់រយៈពេល​រងចាំ ហើយប្រសិន​អ្នកណា​ម្នាក់ចង់បានលឿន ត្រូវឱ្យប្រាក់គេតិចតួចបន្ថែម​លើសពីតម្លៃ​សេវា​។

កញ្ញាបន្តថា ៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាវា [ការផ្តល់សេវា] មិនទាន់សូវ​ជាល្អ​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែយើងចង់ធ្វើអីមួយ ចង់បានអីមួយ យើងត្រូវប្រើប្រាស់ថវិកាអីចឹងហាស វាលឿន​ហើយ ប៉ុន្តែ​យើងត្រូវប្រើប្រាស់ថវិកាតិចតួចដើម្បីបានវាមក»។

លោក ផៃ ភីរម្យ អាយុ៤៦ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ក្នុងរាជធានីភ្នំពេញ   បានយល់ឃើញ​ថាការផ្តល់ សេវាសាធារណៈនៅតាមមូលដ្ឋាន មានភាពល្អប្រសើរ និងឆាប់រហ័សជាងមុន ប៉ុន្តែករណីខ្លះ​ នៅ​មិនទាន់មានតម្លាភាពនៅឡើយ។

លោកបន្តថា៖ «នៅពេលខ្ញុំទៅធ្វើអត្តសញ្ញាណបណ្ណ គេ [អ្នកផ្តល់សេវា] សួរថា បងឯងចង់​បាន​លឿន ឬចង់បានយូរ ហើយខ្ញុំសួរគាត់ថា ចុះលឿនហ្នឹងវារបៀបម៉េច? គេប្រាប់ថា ប្រសិនបើចង់​បាន​លឿនគឺវាអស់លុយ បើយូរត្រូវរងចាំ ៦០ថ្ងៃ ទៅ៩០ថ្ងៃ អាហ្នឹងវាអត់អស់លុយ​ទេ» ។ 

លោក ផៃ ភីរម្យ អាយុ៤៦ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ក្នុងរាជធានីភ្នំពេញ។ (រូបភាព៖ ហុង សេងលី)

លោក ផៃ ភីរម្យ មានប្រសាសន៍បន្ថែមថា អ្នកផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន មិនគួរ​យក​លុយពីប្រជាពលរដ្ឋបន្ថែមលើសពីតម្លៃសេវានោះទេ លោកសំណូមពរ​ទៅ​ដល់មន្ត្រី​ផ្តល់សេវា សាធារណៈ សូមផ្តល់សេវាកម្ម​ឱ្យបានលឿនរហ័សទាន់ចិត្ត ប៉ុន្តែសូមកុំឱ្យមានការ​ទាមទារ​ប្រាក់​បន្ថែម​ពីប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា៖ «ពីព្រោះយើងរាល់ថ្ងៃក៍ពិបាកដែរ យើងមិនមែនអ្នកធូរធារ​ឯណាមិន​ចឹង អញ្ចឹងទៅខ្ញុំមិនចង់ឱ្យមានការយកលុយកាក់បន្ថែមហ្នឹងដែរ»។

លោកស្រី ទូច ចាន់ធី អាយុ៥៤ឆ្នាំ ជាអាជីវករលក់សាច់ជ្រូក ក្នុងផ្សារបឹងកេងកង បានយល់​ឃើញ​​ថា ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន គឺមានភាពល្អប្រសើរ និងរហ័សទាន់ចិត្ត។

លោកស្រីបន្តថា៖ «ពេលទៅដល់កន្លែងធ្វើ គេទទួលរាក់ទាក់ ហើយការធ្វើ​[ឯកសារ]​​ ដូចជា​លឿន​ដែរ ជួនកាលតែមួយអាទិត្យ ឬត្រឹម៣ថ្ងៃ វាទៅតាមហ្នឹងដែរ»។ នៅសង្កាត់ខ្ញុំ ពេលគេ​មាន​ព័ត៌មានអី គេតេមកប្រាប់ […] និយាយទៅគេផ្តល់សេវាមកដល់ពួកយើង​បានល្អដែរ»។

លោកស្រី ទូច ចាន់ធី អាយុ៥៤ឆ្នាំ ជាអាជីវករលក់សាច់ជ្រូក ក្នុងផ្សារបឹងកេងកង។ (រូបភាព៖ ហុង សេងលី)

លោកស្រី ថា ស្រីនួន អាយុ៤៥ឆ្នាំ ជាអាជីវករលក់គ្រឿនអលង្ការ ក្នុងផ្សារបឹងកេងកង បានយល់​ឃើញ​​​ថា ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន មានភាពល្អប្រសើរ និងចំណុចខ្លះ​មិន​ទាន់​ល្អ ដោយសារតែចរិតបុគ្គលធ្វើការនៅកន្លែងផ្តល់សេវា។ 

លោកស្រីបន្តថា៖ «សំដៅលើបុគ្គល បុគ្គលខ្លះទៀតជាចរិតរបស់គាត់ តែសូមឱ្យគាត់កែ ពីព្រោះ​អី​​អ្នក​ខ្លះ​​ទៀត គ្នាទៅ គ្នាអត់ដឹងអត់ស្គាល់ ហើយគាត់[អ្នកផ្តល់សេវា] សូមឱ្យនិយាយមកឱ្យមាន​សុជីវធម៌ ឬក៏សួរនាំគ្នាអីចឹង»។

លោកស្រី ថា ស្រីនួន អាយុ៤៥ឆ្នាំ ជាអាជីវករលក់គ្រឿនអលង្ការ ក្នុងផ្សារបឹងកេងកង។ (រូបភាព៖ ហុង សេងលី)

លោកស្រី ថា ស្រីនួន មានប្រសាសន៍បន្ថែមថា ការផ្តល់សេវាសាធារណៈ​នៅសង្កាត់​គោកឃ្លាំង ខណ្ឌសែនសុខ ដែលជាតំបន់លោកស្រីកំពុងរស់នៅសព្វថ្ងៃ គឺមានភាពល្អប្រសើរ និងមានការ​កំណត់​ចំនួនថ្ងៃជាក់លាក់ក្នុងការមកទទួលយកឯកសារ។

លោកស្រីបានបន្តទៀតថា៖ «ឥឡូវល្អច្រើន ដូចថាពេលណាត់​ថ្ងៃយើង​ទៅយក ពេលដែលយើង​ទៅ​យក បានអីចឹងណា ដល់ពេលដែលអត់បានដោយសារតែខុសឈ្មោះអីចឹង គាត់[អ្នកផ្តល់​សេវា]​​ ក៏កែសម្រួលឱ្យយើង ហើយណាត់ថ្ងៃទៅយកបាន»។

លោក ម៉េង ហេង អាយុ៦៨ឆ្នាំ ជាអាជីវករលក់សម្ភារៈសិក្សា នៅក្បែររបងវិទ្យាល័យបឹងកេងកង បាន​យល់​​ឃើញថា ការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន គឺមានភាពល្អប្រសើរ និងតម្លៃ​សេវា​ទាបជាងកាលពីមុន។

លោក ម៉េង ហេង អាយុ៦៨ឆ្នាំ ជាអាជីវករលក់សម្ភារៈសិក្សា នៅក្បែររបងវិទ្យាល័យបឹងកេងកង។ (រូបភាព៖ ហុង សេងលី)

លោកបន្តថា៖ «កាលពីមុន វា[អ្នកផ្តល់សេវា] ពិបាក ត្រូវចាំយកឯកសារហ្នឹងវាយូរ ប្រហែលជា រយៈពេល២ ឬ៣អាទិត្យអីទៅទើបបាន ហើយទាមទារតម្លៃសេវា គឺថាពិបាកនិយាយម៉ង […] ប៉ុន្តែឥឡូវទៅធ្វើ[ឯកសារ] រងចាំតែ២ ឬ៣ថ្ងៃ អាចយកបាន ហើយតម្លៃសេវាតិចជាងមុន»៕