កម្ពុជាបានផ្ដល់សច្ចាប័ន​ជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ រួមមាន​សេចក្ដី​ប្រកាស​​ជាសាកលស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច  សិទ្ធិវប្បធម៌​ និង​រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។

ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ជាមួយ​ ​​កញ្ញា សេង សុខហ៊ុន ជា​សិក្ខាកាម​សារព័ត៌មាន​មក​ពី​​ញូសន៍​រូមខេមបូឌា ( Newsroom Cambodia)។

Q:​ ជម្រាបសួរលោក​ អំ សំអាត!

A: បាទជម្រាបសួរ!

Q: សំណួរដំបូងដែលនាងខ្ញុំចង់សួរតើការ​គោរព​សិទ្ធិ​មនុស្ស​ជាអ្វី​?​​

A: បើយើងនិយាយអំពីការគោរពសិទ្ធិមនុស្សបានន័យថាជាការចេះអត់ឱន ការចេះ​ឱ្យ​តម្លៃ​ផ្ដល់​តម្លៃ​ទៅលើបុគ្គលគ្រប់រូប គោរពនូវសេចក្ដីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។

Q: តើការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានស្ថានភាពបែបណា?

A: បើយើងនិយាយអំពីការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើង​វា​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទាំងអស់​នោះ​ទេ ពីព្រោះ​យើង​ឃើញ​ហើយ​ថា​បញ្ហា​សិទ្ធិ​មនុស្សនេះ​នៅ​កម្ពុជា​​យើង​មាន​ការរំលោភ​សិទ្ធិ​ជាច្រើន​ជាពិសេស​ការរំលោភ​ទៅលើ​សេរីភាព និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ហើយកន្លងមកយើងថាបញ្ហាសិទ្ធិមនុស្ស ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ដ​កើត​មាន​​សម្រាប់​កម្ពុជា​អញ្ចឹង​ហើយ​បាន​ជាមាន​ការរិះគន់​ជាច្រើន​ថា សេរីភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​នេះនៅមានកម្រិតទាបមានន័យថាការធ្លាក់ចុះ។

Q: តើមានអង្គការចំនួនប៉ុន្មាន​ដែលធ្វើការងារទៅលើការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា?

A: បើយើងនិយាយអំពីអង្គការក្រៅរដ្ឋាភិបាលដែលធ្វ់ទៅលើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យើង​ឃើញ​ថា​មាន​ចំនួន​តិច​ទេ​បើធៀប​ជាមួយ​នឹង​អង្គការ និង​សមាគម​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ជាង​​៤​ពាន់អង្គការ/សមាគម យើងឃើញថាមានតិចតួច​បំផុត​ដែល​ធ្វើការ​ទៅ​លើ​វិស័យសិទ្ធិមនុស្ស។ អង្គការដែរធ្វើទៅលើ​វិស័យ​សិទ្ធិមនុស្ស ឬ​លទ្ធិប្រជាធិបតេយ្យ​នេះ​ភាគច្រើន​គេ​ចាត់​ទុក​ថា​ប្រឆាំង។

Q: តើមានបញ្ហាប្រឈមបែបណាខ្លះក្នុងការ​អនុវត្តការងារ​​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​?​​

A: បើយើង​និយាយអំពី​អង្គការ​ដែល​ធ្វើ​ការការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការប្រឈម​ច្រើន​ ទី១​ គឺ​ការលាបពណ៌​ទៅ​លើ​អង្គការ ឬ​ក៏​បុគ្គល​ដែល​ធ្វើការ​អង្គការ​លើ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​ជា​អ្នក​ប្រឆាំង​។ ទី២ គឺ​កិច្ច​សហការ​រវាង​អង្គការ​សង្គម​ជាមួយ​នឹង​អាជ្ញាធរ​ហាក់​ដូចជា​មិន​មាន​ភាព​មិន​ល្អ ហើយ​ទី៣គឺ​បុគ្គល​ដែល​ធ្វើការ​ទាក់ទង​នឹង​អង្គការ​សង្គម​រង​នូវ​គម្លាត​ការគំរា​មកំហែង និងការបំភិតបំភ័យគ្រប់​រូបភាព​​ជាពិសេស​គឺ​ថ្មីៗ​នេះ​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ត្រូវបានជាប់បណ្ដឹង​ពីតុលាការផងដែរ។

Q: តើការគោរពសិទ្ធិមនុស្សផ្ដល់អត្ដប្រយោជន៍បែបណាខ្លះដល់កម្ពុជា?

A: បាទ! ការពិតទៅ​អង្គការសិទ្ធិមនុស្សដែល​​យើង​ធ្វើការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​គឺជា​ដៃ​គូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ប៉ុន្ដែ​អង្គការ​សិទ្ធិមនុស្ស​ដែល​យើង​ធ្វើការនេះ​អភិវឌ្ឍ​ទៅ​លើ​ផ្នែក​សិទ្ធិ​ម​នុស្ស​ក្នុងនាម​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​បើ​សិន​ឱ្យ​មានការ​គោរ​ព​សិទ្ធិ​មនុស្ស​ឱ្យ​មាន​ល្អ ​កម្ពុជាយើងនឹងមានផលចំណេញច្រើន​អាចនឹង​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ពេញលេញ ហើយនឹងអាចទទួលនូវជំនួញអភិវឌ្ឍផ្សេងៗ។ ដោយសារបញ្ហាសិទ្ធិមនុស្សហើយដែល​យើងឃើញថា​​ កន្លងមកមានការផ្ដាច់ការពិគ្រោះពន្ធ EBA ២០% ហើយនឹងទាក់ទង​ GSP​របស់​សហរដ្ឋអាមេរិក គឺការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​នឹង​នៅ​មិន​ទាន់មានការបន្តគឺលក្ខខណ្ខរបស់គេ​នឹង​សុំឱ្យ​ស្ដារ​ឡើងវិញ​នៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។​

Q: តើរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវចូលរួមសកម្មភាពបែបណាខ្លះទើបធ្វើឱ្យការគោរព​សិទ្ធិ​មនុស្ស​នៅកម្ពុជាមានភាពប្រសើរឡើង?

A: ខ្ញុំយល់ឃើញថាប្រទេសយើងបានផ្ដល់សច្ចាប័នច្រើន​ទៅលើ​បទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិ​មនុស្ស ​អញ្ចឹងរដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចទី១ ​គឺការគោរព គឺធ្វើម៉េចឱ្យមានការគោរព​ទៅលើបញ្ហាសិទ្ធិមនុស្ស​។ ទី២​ការពារ បាន​ន័យថា​ បើ​មាន​ការរំលោភបំពាន​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​​​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​​ដើម្បី​ធ្វើ​ការការពារ​។ ​ទី៣ គឺការបំពេញបន្ថែម ​បើសិនជា​ពលរដ្ឋមិនទាន់យល់ដឹងអំពីបញ្ហាសិទ្ធិមនុស្សពុំបានគ្រប់គ្រាន់រដ្ឋ​ត្រូវមានការផ្សព្វផ្សាយ ការអប់រំ​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការយល់ដឹង​ហើយ​ច្បាប់​ដែល​ត្រូវ​បង្កើត​ឡើង​ធ្វើ​យ៉ាងម៉េច​ត្រូវ​ស្រប​តាម​​​បទដ្ឋាន​អន្តរជាតិ​​​ដើម្បីជំរុញ​និង​ការពារ​ឱ្យ​ពលរដ្ឋ​ហ៊ាន​អនុវត្តសិទ្ធិ​របស់​ខ្លួន​ឱ្យ​ពេញ​លេញ។

Q: ជាចុងក្រោយ​តើ​លោកមានអ្វីជាការបន្ថែម​ពាក់ព័ន្ធនឹងការ​គោរពសិទ្ធិមនុស្សនៅកម្ពុជា?

A: ទី១ទាមទារឱ្យគ្រប់ភាគីរាជរដ្ឋាភិបាល​មានកាតព្វកិច្ចមុនគេនៅក្នុងការ​ធានា​ក្នុង​ការអនុវត្ត​សិទ្ធិ​ ​គោរពសិទ្ធិ​ទៅលើពលរដ្ឋ និងការពារ​នៅក្នុងការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។ ទី២ អង្គការ​សង្គម​ស៊ីវិល​​ជួយចូលរួមជំរុញ​ធ្វើម៉េចឱ្យមានការគោរព និងអនុវត្តសិទ្ធិឱ្យបាន​ពេញ​លេញ។ ទី៣​​ ភាគីដែលពាក់ព័ន្ធ អ្នកជំនាញ ​ឬក៏ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​អាច​ជួយ​បន្ថែម​ដើម្បី​​ជំរុញ​ឱ្យ​រដ្ឋាភិបាលមានការ​លើកកម្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស ​ជំរុញ​ឱ្យមានយន្ដ​​​ការ​​​ក្នុង​ការពារ ក៏ដូចជាអនុវត្តសិទ្ធិរបស់ពលរដ្ឋឱ្យបានពេញលេញ​។

Q: ចាស អរគុណច្រើនសម្រាប់ការផ្ដល់បទសម្ភាស។

A: បាទ!៕