បញ្ហាសំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិនមែ​ន​ជា​រឿង​ថ្មីៗ ហើយ​ទើប​តែ​កើត​ឡើង​នោះ​ទេ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ តែងតែ​រអ៊ូ​រទាំ ចំពោះ​ករណី​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​កាក​សំណល់ ដែល​មាន​ការកើន​ឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

បើតាម​និយមន័យ ​សំរាមគឺជាសំណល់ដែលគេបោះបង់ចោល ឬ ចាក់​ចោល​នៅទី​កន្លែង​ផ្សេងៗ​គ្នា ដោយសារ​តែ​គេលែ​ងត្រូវការ។  សំរាមគឺ​ជាកាកសំណល់​គ្រប់​ប្រភេទ​ដែល​សល់​ពី​​ការ​ប្រើប្រាស់​ប្រ​ចាំថ្ងៃ ហើយ​ត្រូវ​បញ្ចេញ​ចោល​តាម​សកម្មភាព​សព្វ​បែបយ៉ាង​ពី​ប្រភព​ផ្សេងៗ​។ សំរាម​អាច​ចែក​ជា​៤​ប្រភេទ គឺ សំណល់​លំនៅ​​ស្ថាន សំណល់ទីផ្សារ សំណល់​ឧស្សាហកម្ម និងសំ​ណល់មន្ទីរពេទ្យ។

បើតាម​របយាករណ៍​របស់​ក្រសួង​បរិស្ថាន បរិមាណ​​សំរាម​​ខ្ទង់​១​ម៉ឺន​​តោន​​ក្នុង​​មួយ​​ថ្ងៃៗ ត្រូវ​​​បាន​​បញ្ចេញ​​ចោល​​ពី​លំនៅ​ឋាន និង​​រោងចក្រ​​សហគ្រាស​​នានា​​នៅ​ទូទាំង​​ប្រទេស​​ដោយ​​ថា សំរាម​៩០​​ភាគរយ មិន​​ត្រូវ​​បាន​​យក​ទៅ​​កែច្នៃ​​ឡើង​វិញ​​នោះ​​ឡើយ។

គ្រាន់តែ​រាជធានី​ភ្នំពេញ​មួយ​បាន​បង្កើ​ត​ឱ្យ​មាន​កាកសំណល់​ក្នុង​បរិមាណ​ចន្លោះ​ពី ២,000 ទៅ​៣,000​តោន​ជា​រៀងរាល់​ ដែល​ក្នុង​នោះ​មាន​៦00​តោន គឺជា​កាក​សំ​ណល់​ប្លាស្ទិក។ រាជរដ្ឋាភិបាល​កម្ពុជា ក៏​តែងតែ​ឧស្សាហ៍​លើក​បញ្ហានេះមកនិយាយ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។​

​និយាយអំ​ពី​ផល​ប៉ះពាល់​របស់​សំរាម​ចំពោះ​សង្គម​ដោយ​យោង​ទៅ​តាម​លក្ខណៈរូប និង​លក្ខណៈ​គីមី​នៃ​សំរាម ឬ​សំណល់ ប្រសិន​បើ​យើង​មិន​បាន​បែងចែក និង​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ទេ​នោះ វា​នឹង​អាច​ជះឥទ្ធិពល​មក​លើ​សុខភាព មនុស្ស សត្វ និងបរិស្ថាន ជាច្រើនដូ​ចជាធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង និង​លំនៅដ្ឋាន ជា​ប្រភព និង​ទី​ជម្រក​នៃ​ពពួក​មេរោគ​ឆ្លង និង​សត្វល្អិត ​បង្ក​ឱ្យ​មាន​ក្លិន​ស្អុយ ប៉ះពាល់​ដល់​អ្នក​រស់នៅ​ក្បែរ​​គំនរ​សំរាម និង​បរិស្ថាន ការបោះបង់​ចោល​សំរាម​រាយប៉ាយ អាច​បង្ក​ការស្ទះ​ដល់​ប្រព័ន្ធ​លូ​សាធារណៈ តាមរយៈ​ការហូរ​នាំ​ដោយ​ទឹកភ្លៀង​ជា​លទ្ធផល ខូច​ដល់​សោភ័ណភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ បាត់បង់​​​ភ្ញៀវ​ទេស​ចរណ៍​ជាដើម​។

ដើម្បី​កាត់​បន្ថយ​សំរាម និង​ផល​ប៉ះពាល់​ដោយ​សារ​សំរាម ប្រជាពលរដ្ឋ​ត្រូវ​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក ដោយប្រើជំនួសមកវិញនៅ​របស់​ជ័រ​ដូចជា ការប្រើកន្ត្រក​យួរ​ពេល​ទៅ​ផ្សារ​ម្តងៗ ប្រើ​ដបទឹក​ដែល​មានគុណភាព​ប្រើ​ម្តងទៀតបាន​ យកចិត្តទុកដាក់ចំពោះ សេចក្តី​ជូន​ដំណឹង របស់​សាលា​ក្រុង​ស្តីពី​ការគ្រប់គ្រង​សំរាម និង​ត្រូវ​​ចេះបែងចែក​សំរាម​ទៅតាម​ប្រភេទ​ដែលអាចយកកែច្នៃបាន និង​ប្រភេទ​មិនអាច​​កែច្នៃបាន៕