សំឡេង​ស្រែក​ទាមទាររកយុត្តិធម៌ ដោយមិនទទួលយកការដោះដូរដីថ្មី បានបន្លឺឡើងកងរំពងនៅក្នុងភូមិសំរោងត្បូង ជាប់បឹងតាមោក នៅម៉ោង ៨ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ស្របពេលគ្រឿងចក្របានដឹកក្រួស និងដី ចាក់​លុប​បឹង​ធម្មជាតិ​មួយ​នេះ កាន់តែខិតជិតដល់សសរផ្ទះរបស់ពលរដ្ឋ។

«បើសិនជាអាជ្ញាធរនៅតែបំពានពួកយើង! គឺពួកយើងសុំតស៊ូប្តូរដោយជីវិតការពារ លំនៅឋានរបស់ពួកយើង!»។ នេះជាការស្រែកបន្លឺឡើងរបស់ស្រ្តីម្នាក់ដែលជាតំណាងសហគមន៍។

ការបន្តធ្វើកូដកម្មរបស់ប្រជាសហគមន៍សំរោងត្បូង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ តែងតែធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ក្នុងបំណងទាមទាររស់នៅលើដីចាស់ ដែលកាន់កាប់ប្រមាណ ៣០ឆ្នាំមកហើយ។ ពួកគេប្តេជ្ញាមិនព្រមចាកចេញទៅកាន់ទីតាំងថ្មីដែលអាជ្ញាធរបានរៀបចំឱ្យនោះទេ ដោយថាមិនអាចប្រកបរបរចិញ្ចឹមជីវិតបាន ។

អ្នកស្រី ប្រាក់ សុភា ជាតំណាងសហគមន៍សំរោងត្បូង កំពុងឈរនៅពីមុខប្រជាពលរដ្ឋប្រមាណ ៤០នាក់ មានទាំងក្មេង​ចាស់​ប្រុសស្រី ហើយ​ក្នុងដៃ​កាន់បដាមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសរសេរអក្សរថា អរគុណសន្តិភាព នៅលើផ្ទាំងបដាពណ៌ទឹកប៊ិច។

ពាក់អាវខ្មៅ មួកខ្មៅ វែនតាខ្មៅ អ្នកស្រី ប្រាក់ សុភា បានប្រាប់ថា មានផ្ទះរបស់ពលរដ្ឋចំនួន ៧៧ខ្នង ស្មើនឹងប្រមាណ ១៨០គ្រួសារ គិតជាផ្ទៃដីប្រមាណ ៣ហិកតា ដែលមិនព្រមទទួលយកការដោះដូរដី។ អ្នកស្រីបន្ថែមថា ដីរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ គឺកាន់កាប់តាំងពីឆ្នាំ១៩៩០ មកម្លេះ ដែលដំបូងឡើយអាស្រ័យផលដោយធ្វើស្រែប្រាំង និងនេសាទនៅលើផ្ទៃបឹងនេះ។ អ្នកស្រីបន្តថា បឹងតាមោក ឬបឹងកប់ស្រូវនេះ​ គឺជាជម្រុកត្រី​ ដែលបានផ្តល់ឱ្យពលរដ្ឋអាចនេសាទត្រី រាវខ្យង រាវលាស ដកដើមក្រអៅឈូក ដើម្បីលក់យកចំណូលចិញ្ជឹមជីវិត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ផ្ទៃបឹងកាន់តែរួមតូច ទឹកបឹងមានសភាពល្អក់កខ្វក់ ដែលមិនផ្តល់ទិន្នផលត្រីឱ្យពលរដ្ឋនេសាទបានដូចមុនឡើយ។

អ្នកស្រីបន្ថែមថា៖ «បើសិនជាតំបន់អភិវឌ្ឍន៍ [មិន] ឱ្យពលរដ្ឋនៅអ៊ីចឹង! បណ្តេញយើងពីតំបន់សេដ្ឋកិច្ច ដូចបណ្តេញយើងឱ្យទៅស្លាប់! យើងនៅសល់តែជីវិតសម្រាប់ប្តូរជាមួយអាជ្ញាធរដែលឱ្យពួកយើងដោះដូរ [ទៅទីតាំងថ្មី] »

អ្នកស្រី ប្រាក់ សុភា តំណាងប្រជាពលរដ្ឋដឹកនាំធ្វើកូដកម្មនៅក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ (រូបភាព ៖ ទួក ពិសិដ្ឋ)

តំណាងសហគមន៍រូបនេះ រៀបរាប់បន្តថា ក្រោយបាត់បង់មុខរបរ ដែលធ្លាប់តែអាស្រ័យផលលើបឹង ប្រជាពលរដ្ឋមួយចំនួនបានចំណាកស្រុករកការងារធ្វើ និងខ្លះធ្វើជាកម្មករសំណង់នៅក្នុងរាជធានីភ្នំពេញដើម្បីបានចំណូលចិញ្ជឹមជីវិត។

ការក្រាញននៀលទាមទាររស់នៅលើទីតាំងចាស់របស់ក្រុមប្រជាពលរដ្ឋ ក៏មានបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ផងដែរ។ សម្រាប់អ្នកស្រី ប្រាក់ សុភា អ្នកស្រីបានរងការចោទប្រកាន់ពីអាជ្ញាធរមូលដ្ឋានពីបទរារាំងអាជ្ញាធរសាធារណៈចំនួន ២បណ្តឹង ដែលកំពុងដំណើរការនៅតុលាការ។

អ្នកស្រីបន្តថា៖ «យើងតស៊ូសុំសិទ្ធិរស់នៅយើងខុសដែរមែន! ចង់និយាយថា យើងអស់ជំនឿទៅលើច្បាប់ហើយ យើងក៏មានការសោកស្តាយ ដែលដីកាតុលាការ ដាក់សម្រាប់តែពលរដ្ឋរងគ្រោះ ចំពោះអាជ្ញាធរដែលបំពានលើពួកយើង បែរជាគាត់រួចខ្លួន»

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំមួយឋិតនៅភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ មានផ្ទៃដីសរុប៣ ២៣៩ហិកតា។ បឹងនេះ ជាអាងស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់យកបឹងធម្មជាតិមួយនេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បច្ចុប្បន្នបឹងកប់ស្រូវ កំពុងត្រូវបានលុបបន្តិចម្តងៗ ចេញពីផែនទីរាជធានីភ្នំពេញ ហើយជំនួសមកវិញនូវសំណង់បុរី លំនៅដ្ឋាន បង្គោលដីឡូតិ៍ ក្រោយពេលរដ្ឋាភិបាលបានកំណត់ផ្ទៃបឹង និងដាក់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋនៅឆ្នាំ២០១៦។

អង្គការសមាគមធាងត្នោត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញផ្សាយរបាយការណ៍មួយបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងតាមោក ​ត្រូវបានកាត់យ៉ាងហោចណាស់ ៥៦ដង ដែលមានទំហំសរុបជាង ២ ០០០ហិកតា (២ ១៥២,៦២ ហិកតា) ឬប្រមាណជិត៧០% នៃផ្ទៃបឹងទាំងមូល។ បឹងតាមោក ឬបឹងកប់ស្រូវ ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលទៅឱ្យឧកញ៉ា ក្រុមហ៊ុន​ឯកជន និងស្ថាប័នសាធារណៈ ​ជាពិសេសពុះច្រៀកទៅឱ្យបុគ្គលស្និទ្ធជាមួយបក្សកាន់អំណាច ជាបន្តបន្ទាប់។

អនុក្រឹតនានា បានកាត់ផ្ទៃបឹងតាមោក ឱ្យទៅបុគ្គលឯកជនបានចេញជាបន្តបន្ទាប់ រួមមាន តារាចម្រៀងមានងារជាឧកញ៉ា គឺលោក ព្រាប សុវត្ថិ ទទួលបានដីជិត ៣ហិកតា, អ្នកស្រី សាយ សោភា ភរិយាមេបញ្ជាការរងកងពលតូច​លេខ​៧០ លោក ភឿន ផល្លា ទទួលបានជិត ១០០ហិកតា និងអ្នកស្រី ជា សុផាម៉ាដែន កូនស្រីលោក លោក ជា សុផារ៉ា ទទួល​បានដីបឹងជាង ១០ហិកតា ជាដើម ហើយ​ជាមួយគ្នា​​នោះក៏មាន​ ស្ថាប័នរដ្ឋ និងឯកជន បានទទួលផ្នែកខ្លះនៃបឹងតាមោកជាច្រើនហិកតាផងដែរ។

ពលរដ្ឋរងគ្រោះពីការកាត់ច្រៀកផ្ទៃបឹងតាមោក អ្នកស្រី ញៀន ឆេន វ័យ ៦០ឆ្នាំ ប្រាប់ថា គាត់មានដីនៅជាប់បឹងតាមោកទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រ បានមករស់នៅក្នុងឆ្នាំ១៩៩០។ អ្នកស្រីថា កាលពីមិនទាន់ចាក់​លុប​បឹង គាត់អាចរកចំណូលពីរបរ រាវលាស និងនេសាទត្រី បានចំណូចន្លោះពី៥០ ០០០ ទៅ ៦០ ០០០រៀល ប៉ុន្តែបច្ចុប្បន្ន បានត្រឹម ១៥ ០០០រៀលប៉ុណ្ណោះ ឬអត់ចំណូលសោះក៏មាន។ ស្រ្តីរូបនេះ​ថា ស៊ូស្លាប់ មិនដោះដូរដីទៅកាន់ទីតាំងថ្មីដែលអាជ្ញាធររៀបចំឱ្យនោះទេ ដោយថា ផ្ទះថ្មីដែលអាជ្ញាធររៀបចំឱ្យគឺនៅកណ្តាលព្រៃគ្មានហេដ្ឋារចនាសម្ព័ន្ធ មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន។

អ្នកស្រីនិយាយថា៖ «អត់ចង់ទៅ កូនចៅវាច្រើន ៥គ្រួសារ ហើយឱ្យដីតែមួយឡូត៍រស់នៅអត់បាន ហើយគ្មានមុនរបររកអីកើតទេ! នៅព្រៃហោងព្រៃហែង គ្មានទេ!»

បើតាម អ្នកស្រី ញៀន ឆេន ដីដែលអាជ្ញាធរដោះដូរឱ្យប្រជាពលរដ្ឋ ក្នុងមួយខ្នងផ្ទះទទួលបានដីមួយឡូតិ៍មានទទឹង ៤​ម៉ែត្រ​កន្លះ និងបណ្តោយ ១៨ម៉ែត្រ និងថវិកាចំនួន ១ម៉ឺនដុលា្លរ។ ស្រ្តីរូបនេះថាក្នុងផ្ទះរបស់គាត់មានសមាជិកចំនួន២៥នាក់ ស្មើនឹង៥គ្រួសារ ដូចនេះការដោះដូរមិនមានតម្លាភាព។

កំពុងឈរក្នុងចំណោមជនរងគ្រោះធ្វើកូដកម្មផ្សេងទៀត អ្នកស្រី អំ ភឿន វ័យ៥៣ឆ្នាំ បានប្រាប់ថា គាត់រស់នៅជាប់បឹងតាមោកក្នុងឆ្នាំ១៩៩៣ ដែលមានលិខិតកាន់កាប់ដីទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ៣៥ម៉េត្រ ដែលទទួលស្គាល់ដោយចៅសង្កាត់សំរោង។ ក្រោយមានការចាក់លុបបឹង អ្នកស្រីបានសម្រចចិត្តធ្វើការងារជាកម្មករសំណង់ ដើម្បីរកចំណូលដោះបំណុលធនាគារ ដែលត្រូវបង់ក្នុង១ខែ ជាង១លានរៀល។ អ្នកស្រីស្នើទៅកាន់អាជ្ញាធរឱ្យចេញប្លង់កម្មសិទ្ធិស្របច្បាប់នៅដីបឹងតាមោក ដោយថា មិនចង់ទៅរស់នៅទីតាំថ្មីទេ។

អ្នកស្រីថា៖ «បើឱ្យខ្ញុំទៅដោះដូរទីតាំងថ្មី ខ្ញុំមានចំណូលអី មានចៅរៀន ឬបង់ធនាគារ បាត់ចំណូល បាត់ច្រើនមែនទែន និយាយពីលុបបឹងហ្នឹង បាត់មែន ប៉ុន្តែខ្ញុំអត់មានសិទ្ធិ ហាមឃាត់ ដែលគាត់អភិវឌ្ឍន៍ទេ»

សកម្មភាពប្រជាពលរដ្ឋធ្វើកូដកម្មទាមទាររស់នៅលើទីតាំងចាស់ជាប់បឹងតាមោក ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ (រូបភាព ៖ ទួក ពិសិដ្ឋ)

ជុំវិញករណីនេះ អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានឆ្លើយតបថា ប្រជាពលរដ្ឋដែលកំពុងតវ៉ា ​គឺពួកគេបានមករស់នៅលើដីចំណីផ្លូវសាធារណៈ ដូចនេះ មិនអាចចេញប្លង់កម្មសិទ្ធិឱ្យនោះទេ។ លោកថា អាជ្ញាធរបានដោះស្រាយតាមនីតិវិធីច្បាប់ ដោយដោះដូរទៅទីតាំងដីថ្មី ដែលមានចម្ងាយជិត ២គីឡូម៉ែត្រ ពីតាំងទីចាស់ និងកំពុង​រៀចចំ​ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយដែរ។

លោកថា៖ «បើមិនព្រម [ដោះដូរដី] រស់នៅ [ទីតាំងចាស់] ហ្នឹងទៅ! ហើយបើរស់នៅ [ជាប់បឹងតាមោក]ហ្នឹង! គឺអត់មានអីស្របច្បាប់ទេ ព្រោះ អត់មានលិខិតស្នាមអីផហ្នឹង! ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ មកយកដីដែលមានទំហំ [ទទឹង] ៤ [ម៉ែត្រ]កន្លះ គុណនឹង [បណ្តោយ] ១៨ [ម៉ែត្រ] ដែលមិនឆ្ងាយពីទីតាំងចាស់ទេ»

បើតាមលោក ធឹម សំអាន គ្រួសាររងផលប៉ះពាល់សរុប ១០៨ ខ្នងផ្ទះ ហើយមានប្រមាណ ៣០ខ្នងផ្ទះ បានទទួលយកការដោះដូរដីថ្មីរួចរាល់ហើយ។

ចំណែកអ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មិនអាចសុំការឆ្លើយតបបានទេ ជុំវិញករណីនេះ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

យ៉ាងណាក្តី នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន មានប្រសាសន៍ថា តាមគោលការណ៍ច្បា​ប់ ​រាល់សំណងដែលត្រូវផ្តល់ទៅកាន់ភាគីដែលរងផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ណាមួយ ត្រូវតែឆ្លើយតបទៅនឹងតម្លៃ​នៅក្នុងទីផ្សារជាក់ស្តែង ដែលអាចឱ្យប្រជាពលរដ្ឋរងគ្រោះទទួលយកបាន។ លោកបានជំរុញឱ្យអាជ្ញាធរ គួរជជែកជាមួយភាគីរងគ្រោះដោយសន្តិវិធី រកដំណោះស្រាយសមស្របមួយដល់ពលរដ្ឋជាប់បឹងតាមោក ដើម្បីអាចពួកគេទទួល​យក​បាន និងបញ្ចប់វិវាទដីធ្លីនេះ។

លោកថា៖ «ជារួមជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយជារួម ហើយនឹងដំណោះស្រាយដែលវាជាការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាសហគមន៍»

ច្បាប់ភូមិបាលឆ្នាំ២០០១ បញ្ជាក់ថា ពលរដ្ឋក្រីក្រ ឬខ្វះខាតដីធ្លី គ្រួសារខ្វះទីលំនៅដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជន​ពលីពិការ និងកម្មករធ្វើការក្នុងចំការដីសម្បទានសេដ្ឋកិច្ចធំៗ អាចទទួលបានដីស្របច្បាប់តាមរយៈយន្តការ ដីសម្បទាន​សង្គម​កិច្ច។

អង្គការសមាគមធាងត្នោត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយរបាយការណ៍ មួយបានសម្ភាសគ្រួសារចំនួន ៩៥៨គ្រួសារ កំពុងរស់នៅសហគមន៍ក្រីក្រ ចំនួន៤២ ក្នុងរាជធានីភ្នំពេញ បានរកឃើញថា គ្រួសារមួយចំនួនកំពុងរស់នៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញប្រឈមនឹងការបណ្តេញចេញដោយបង្ខំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

យ៉ាងណាក្តី ត្រលប់ទៅកាន់អ្នកស្រី ​ញៀន ឆេង ដែលជាពលរដ្ឋរស់នៅសហគមន៍សំរោងត្បូង  ជាប់បឹងតាមោក ជាង ៣០ឆ្នាំមកហើយ ស៊ូលះបង់ជីវិតនៅលើទីតាំងចាស់ បើនៅតែមិនមានដំណោះស្រាយសមស្របដែលអាចឱ្យគាត់ទទួលយកបាន ដោយថាគាត់មិនយកដីថ្មីដែលអាជ្ញាធរដោះដូរឱ្យជាដាច់ខាត។

អ្នកស្រីថា៖ «បើគ្មានដំណោះស្រាយទេឱ្យយក [ដី] ចុះយកទទេ! [ខ្ញុំ] ដើរដេកលើថ្នល់ហ្មង សុំចឹង សុំអភិវឌ្ឍនៅនឹងកន្លែង [ចាស់] »៕