ក្រសួង​បរិស្ថានអះអាងថាស្ថាន​ភាព​នៃការ​បំពុល​ខ្យល់​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃមាន​កម្រិ​​ត​​​ល្អ​ប្រសើរ មិន​ទាន់​ក្លាយ​ជាក្ដី​​បារម្ភ​ដែលនាំឱ្យមានផលប៉ះ​ពាល់​ចំពោះ​សុខភាពសា​ធារណៈនៅ​ឡើយទេ ខណៈ​អ្នក​ធ្វើ​ការផ្នែកអភិរក្ស​បរិស្ថាន​ទាមទារឱ្យស្ថាប័នរដ្ឋមួយនេះ ត្រូវទទួលខុសក្នុងការ​ការ​ពារគម្រ​​ប​ព្រៃ​ដើ​​​​ម្បីធានាពីការបន្សុតខ្យល់ឱ្យបានល្អប្រសើរ និងលើកកម្ពស់សុខមាលភាពពលរដ្ឋ។

លោក ខ្វៃ អាទិត្យា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា បច្ចុប្បន្ន​នេះក្រសួង​បរិស្ថាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ជាងនេះទៀត ប​​ណ្តា​​​ខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា អ្នកជំនាញរបស់ក្រសួងបរិស្ថានកំពុងតែបន្តចុះផ្សព្វផ្សាយ និងពង្រឹ​​ង​​វិ​ធានការទប់ស្កាត់ ក្នុងន័យចូលរួម​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ឱ្យស្ថិតនៅក្នុងកម្រិតមួយដែលទាប។​

លើសពីនេះទៅ ក្រៅ​ពី​ពង្រឹង​វិធាន​ការ និងកា​រ​ផ្សព្វ​ផ្សាយ​ហើយ ក្រសួង​បរិស្ថាន​ ក៏​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថានភាព​ខ្យល់ តាម​រយៈ​ការ​ដាក់​រថយន្ត​ចល័ត​ដើម្បីធានាក្នុងការរួមចំណែកវិធានការការពារ បម្រើឱ្យ​​សុ​ខ​​ភាពសាធារណៈចៀសផុតពីបញ្ហាប្រឈម។

លោក​បន្ត​ថា​៖ «​នៅ​ពេល​នេះ​យើង​ឃើញ​ថាគុ​ណភាព​ខ្យល់​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំ​ដែន​​កម្ពុជា​-​ថៃ មាន​ស្ថានភាព​ល្អ​ប្រសើរ មិន​ទាន់​មាន​កំហាប់​នៃ​បំពុល​ខ្យល់​បាន​ឡើង​ខ្ពស់​នូវ​ឡើយ​ទេ​ »។​

បើ​តាម​លោក ខ្វៃ អាទិត្យា ចំពោះ​ការ​ដាក់​រថយន្ត​ចល័ត​សម្រាប់​ត្រួត​ពិនិត្យ​ស្ថានភាព​ខ្យល់​នេះ​​គឺ​ក្រសួង​បា​ន​​រៀប​ចំ​ដាក់​នៅ​ទូទាំង​ប្រទេស ដែល​គិត​មក​ដល់​ពេល​នេះ​បាន​កើន​ឡើង​ចំនួន​ ៥៩​ទីតាំងហើយ ក្នុង​នោះ​ខេត្ត​ខ្លះ​មាន​រថយន្ត​ចល័ត​១ ខេត្ត​ខ្លះ​ទៀត​មាន​រថយន្តចល័ត​២ សម្រាប់​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​។

លើស​ពី​នេះ​ទៅ​ទៀត លោកថា តាមរយៈ​រថយន្ត​ចល័តទាំង​នេះ​ហើយ បាន​ជួយ​ដល់​ក្រសួង​ត្រួត​​ពិនិត្យ​ការ​ងារ​នេះ​ជា​ប្រចាំ និង​បាន​ផ្សព្វ​ផ្សាយ​ទៅ​សាធារណជន​អំពី​ស្ថានភាព​ខ្យល់ ជាពិសេស​ជួយ​ឱ្យ​ក្រសួង អា​ច​​គ្រប់​គ្រង​គុណភាព​ខ្យល់​បំពុលនៅ​​លើ​បរិយាកាស​នេះ​បាន​ល្អ​ប្រសើរ​។

លោកបន្តថា៖ «ឥលូវ​នេះ វិធាន​ការ​របស់​យើង​ក្រៅ​ពី​ការ​ដាក់​រថយន្ត​ចល័ត​បន្ថែម​ហើយ ​យើង​ក៏​បាន​និង​កំពុង​ចុះ​អប់​រំ​ផ្សព្វ​ផ្សាយ​នៅតា​ម​បណ្ដា​ខេត្ត​ព្រំដែន​ទាំង​នោះ ដើម្បី​ជំរុញ និង​លើក​កម្ពស់​ ការ​ត្រួត​ពិនិត្យគុ​ណភាព​ខ្យល់ ក្នុង​ការ​ធានា​បាន​ការ​គាំ​ពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​បាន​ល្អ​ប្រសើរ​ »​។

ជា​មួយ​គ្នា​នេះ កន្លង​មក​ក្រសួងបរិស្ថាន ក៏​បាន​ស្នើ​ឱ្យ​អភិបាលរាជធានី-ខេត្តទាំង២៥ ផ្តល់ព័ត៌មានឱ្យ​ព​ល​រដ្ឋ​​​​​បញ្ចៀសការដុ​ត​រាន​ព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់​កសិកម្ម គល់​ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើង ការបំពុលបរិយាកា​​ស។

ចំណែក លោក សឿម ប៊ុនរិទ្ធិ អភិបាល​​​រង​​ខេត្ត​​បាត់​ដំបង បានថ្លែងថា ស្ថានភាព​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ខេត្ត​បាត់ដំបង គឺ​មាន​បរិយាកាស​ល្អ​ប្រសើរ មិន​មាន​បញ្ហា​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​បំពុល​ខ្យល់​នោះ​ទេ ពីព្រោះរដ្ឋ​​បា​ល​​​ខេត្ត​បាន​អនុវត្ត​វិធាន​ការ​របស់​ក្រសួងដោយមិនឱ្យឆកល្វែង។

លោកបន្តថា​៖«ខេត្ត​យើង​មិន​មាន​ការ​បារម្ភ​ទេ ពីព្រោះ​យើង​មិន​មែនជា​​ខេត្ត​ដែល​សម្បូរ​រោងចក្រ​ឧស្សាហកម្ម​នោះទេ។ ដូច្នេះ​ហើយ​យើង​បាន​ទទួល​ការ​វាយ​តម្លៃ​ពី​ក្រសួង​បរិស្ថាន​ថា ទូទាំង​ខេត្ត​បាត់ដំបង​មាន​សន្ទទស្សន៍​គុណ​ភាព​ខ្យល់ កម្រិត​ល្អ​ណាស់​ »​។

ផ្ទុយពីការលើកឡើងនេះ លោក ហេង គឹមហុង នាយក​ប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា (CYN) ឱ្យដឹងថាស្ថានភាព​បច្ចុប្ប​ន្ន​នេះ វា​ជា​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​រង​ផល​ប៉ះ​ពាល់ ដោយ​សារ​ការ​ថយ​ចុះ​នៃ​គម្រប​ព្រៃឈើ​ដោយ​ការ​កាប់​បំផ្លាញ​។ដូច្នេះ​ហើយ​ក្នុង​នា​​ម​ជា​អ្នក​ធ្វើ​ការ​ក្នុងវិ​ស័យ​បរិស្ថាន គឺ​លោក​មាន​កង្វល់​ចំពោះ​កម្ពុជា​ក្ដី និង​នៅ​ក្នុង​តំបន់​អាស៊ាន​ក្ដី រួមទាំងពិភពលោក​ទាំង​មូល ដែល​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ការ​ពារ​បរិស្ថាន ជាពិសេស​ទៅ​លើ​ការ​ការ​ពារ​គម្រប​ព្រៃឈើ​​។

លោក​បន្ត​ថា​៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ប្រសិន​ជា​កម្ពុជា​ក្ដី ឫ​តំបន់​អាស៊ាន និង​ពិភពលោក​ទាំង​មូល​ក្ដី អត់​មានការ​យក​ចិត្តទុកដាក់ និង​ជា​ពិសេស​ទៅ​លើ​ការ​ការ​ពារ​គម្រប​ព្រៃឈើ ដើម្បី​ទប់​ស្កាត់កុំ​​ឱ្យ​មាន​ការ​វិវត្ត​នៃ​គុណភាព​ខ្យល់​កាន់​តែ​អាក្រក់​ទៅ ​»​។

លើស​ពីនេះ​​ទៅ​ទៀត លោក​បន្ត​ថា ទោះ​បី​កន្លង​មក​មាន​ប្រទេស​ជិត​ខាង បាន​ចាត់​ទុក​កម្ពុជា ជា​ប្រភព​នៃ​ការ​បំពុល​ខ្យល់​ក្ដី ប៉ុន្តែ​លោក​បាន​អះ​អាង​ថា​កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​ចូល​រួម​ធ្វើ​​​ឱ្យ​មាន​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​នោះ​ទេ តែ​កម្ពុជា ជា​ប្រទេស​ដែល​មាន​គម្រប​ព្រៃឈើ​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

 លោកបន្ត​ថា​៖ «​ខ្ញុំ​យល់​ថា​ការ​ចាត់​ទុក​បែប​នេះ វា​ជា​ការ​លើក​ឡើង​ដោយ​គ្មាន​ទឡ្ហីករណ៍​ត្រឹម​ត្រូវ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​គិត​នោះ គឺ​លទ្ធភាព​នៃ​ការ​ធ្វើ​ការ​រួម​គ្នា ​រវាង​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់ ក៏​ដូច​ជាស​កល​លោក ដើម្បី​បញ្ចប់​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ ​»​។

នៅក្នុងជំនួបទ្វេភាគី កាល​ពី​ខែ​កុម្ភៈ​កន្លទៅ​នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានពិគ្រោះយោបល់ដោយប្តេជ្ញាចិត្តរួមគ្នាការពារការបំពុលទៅក្នុងបរិយាកាស និងប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខុមាលភាពពលរដ្ឋ នៃប្រទេសទាំងពីរ។

របាយការណ៍ដែលចេញដោយក្រសួងបរិស្ថាន បានបង្ហាញថា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤នេះ ក្រសួងបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញចំនួន ១៧ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៧ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី១២ទីតាំង នៅតាមបណ្តាខេត្ត។ ក្រៅពីក្រសួងបានបញ្ជូនរថយន្តចល័ត សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសថែមទៀត។

របាយការណ៍ដដែលបានបន្ថែមទៀតថា តាមរយៈការតាមដាននេះបានបង្ហាញឱ្យឃើញថា គុណភាពខ្យ​​ល់​​នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ ដែលមិនបង្កទៅជាហានិភ័យសម្រាប់​​សុខភាពសា​​ធារណៈ​​ទេ​៕