ក្រសួងសុខាភិបាល នៅថ្ងៃពុធនេះ បានប្រកាសអំពីទីតាំងភូមិសាស្ត្រចំនួន៥រាជធានី ខេត្ត ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះបញ្ជាក់ថា ទីតាំងភូមិសាស្ត្រត្រូវបានកំណត់យកជាតំបន់មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនប្រាំ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តសៀមរាប។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា៖ «តម្រូវឱ្យប្រជាជនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសង្គមជាចាំបាច់ ដោយមានអន្តរាគមន៍ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការធានា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ព្រមទាំងសូមឱ្យសាធារណជនទាំងអស់ក្នុងតំបន់កំណត់ខាងលើ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន»។
សេចក្ដីជូនដំណឹងនេះ ធ្វើឡើងក្រោយការចេញប្រកាសអំពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត បានពីរថ្ងៃ និងត្រូវអនុវត្តចាប់ពីថ្ងៃ២៤ មីនានេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី។
លិខិតរបស់ក្រសួងសុខាភិបាលដដែលបន្ថែមថា សម្រាប់ការផាកពិន័យ និងទោសទណ្ឌ ដែលមានចែងក្នុងអនុក្រឹត្យស្ដីអំពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ដទៃទៀត ក៏នឹងត្រូវអនុវត្ត ក្នុងភូមិសាស្ត្ររាជធានីខេត្តទាំង៥ខាងលើផងដែរ។
គិតត្រឹមថ្ងៃទី២៤ មីនា ២០២១ នេះ កម្ពុជាមានករណីអ្នកឆ្លងជំងឺកូវីដសរុប ១,៨១៧នាក់ ដោយអ្នកកំពុងសម្រាកព្យាបាលមាន ៧៧៧នាក់ អ្នកបានជាសះស្បើយមាន ១,០៣៣នាក់ និងមាន ៥នាក់បានបាត់បង់ជីវិត៕