ស្របពេលមានសេចក្តីជូនដំណឹងថ្មីស្តីពីការធ្លាក់ចុះនៃការកើនឡើងនៃកម្តៅ សម្រាប់ក្រុមគ្រូបង្រៀ​ន​នៅ​តា​​ម​​គ្រឹះស្ថានសិក្សារដ្ឋ នៅតែដាក់ក្តីបារម្ភចំពោះមុខ គឺការប្រែប្រួលអាកាស​ធាតុ និងការវា​​យលុ​កនៃ​​ក​​​ម្តៅ​ខុសពីធម្មតា ក្នុងពេលបច្ចុប្បន្ននេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយបញ្ជាក់ថា ស្ថានភាពអាកាសធាតុ នឹងវិលមករកប្រក្រតីវិញក្នុងកម្រិត៣៩ អង្សាសេ ចាប់ពីថ្ងៃទី៥ ដ​ល់​ថ្ងៃទី៧ ឧសភា។​​

​ផ្ទុយពីនេះ សម្រាប់សិស្សានុសិស្ស និង​គ្រូបង្រៀន​មួយ​ចំនួន បានបង្ហាញការយល់ឃើញស្របគ្នាថា ការបន្ត​​វា​យលុកកម្តៅជាប់ៗគ្នា ក្នុងរយៈពេលចុងក្រោយនេះ បានបង្កើតទៅជាបរិបថថ្មីមួយសម្រាប់ក​​ម្ពុជា។ពួ​ក​​គា​​​ត់ចាត់ទុកថា ការផ្តាស់ប្តូរអាកាសធាតុខុសពីធម្មតា ដែលពុំធ្លាប់មាននេះ បានបង្កើតជាក្តី​ព្រួយបារម្ភស​ម្រា​​ប់​​សុខភាពប្រចាំថ្ងៃ។

​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កាល​ពី​ដើម​ខែ​មីនា​បាន​ប​ញ្ជា​ក់​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួល​រងនូវ​បា​តុភូ​ត​​អែល​នីញ៉ូ​ (El Niño) ដែល​នឹង​ប្រឈម​នូវ​អាកាសធាតុ​ក្តៅ​ហើយ​ស្ងួត ​ចាប់​ពី​ខែ​មីនា ​ដល់​ខែ​ឧសភា ទើបវិល​​ទៅរកសីតណ្ហភាពធម្មតាវិញ។

កញ្ញា ស៊ីណា សុធីតា គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា នៃ​អនុវិទ្យាល័យ​កោះអន្លង់ចិន​ប្រាប់ Newsroom Ca​m​​​bodia ថា ក្នុង​អំឡុងនៃការ​កើនឡើង​កម្តៅនេះ​វា​បាន​បង្ក​ឱ្យមាន​​ផល​ប៉ះពាល់​មួយ​ចំនួន​ទៅ​កាន់​សិស្ស និង​គ្រូបង្រៀន ក៏​ដូចជា​ប៉ះពាល់​ទៅ​ដល់​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​ដែរ។

កញ្ញា​ថ្លែង​ថា៖ «ចំពោះ​បញ្ហា​សុខភាព​យើង​ដឹង​ហើយ​ខែ​ក្តៅ​ប៉ះពាល់​ម៉េច​ខ្លះ? ពេល​រៀន​ត្រូវ​ក្តៅ​អី​វា​ពិបាក​វា​សឺៗ ឈរ​បង្រៀន​វា​ពិបាក ហើយ​ភាគច្រើន​កូន​សិស្ស​បង​គាត់​ក្តៅ​ខ្លួន​ឈឺ​ក្បាល គាត់​មក​រៀន​អត់​កើត​គាត់​សុំ​ច្បាប់។ បើ​ទាក់​ទងនឹង​បញ្ហា​លទ្ធផល​នៃ​ការ​សិក្សា​ដឹង​ស្រាប់​ហើយ អាកាសធាតុ​ក្តៅ​កូនសិស្ស​រៀនៗ​វា​បែក​ញើស​ពី​ខាង​ក្នុង​មក​ទោះ​ដាក់​កង្ហា​ម៉េច​ក៏ដោយ អ៊ីចឹង​វា​ប៉ះពាល់​សតិ​អារម្មណ៍​ខួរ​ក្បាល​របស់​គាត់​មិន​ចាប់​មេរៀន​បាន​ដូចមុន​ទេ »។

យ៉ាងណាមិញ គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យារូបនេះ ​បញ្ជាក់​ដែរ​ថា ដោយសារ​តែ​សិស្ស​ដែល​កញ្ញា​បង្រៀន​ជា​សិ​​ស្ស​​ស្ថិត​ក្នុង​ថ្នាក់​មធ្យម​សិក្សា ដូច្នេះ​ពួកគេ​ទាំងនោះ​មាន​ការ​យល់​ដឹង​ខ្លះៗ​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន​ក្នុង​អំឡុ​​​ង​ពេល​ឡើង​កម្តៅ​ខ្លាំង។កញ្ញា ស៊ីណា សុធីតា បន្ត​ទៀត​ថា ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល គណៈ​​​គ្រ​​ប់​​​គ្រង​ក៏​សម្រេច​ផ្អាក​ម៉ោង​សិក្សា​បន្ថែម​នា​ពេល​រលៀស ដោយតម្រូវឱ្យពួកគេមករៀនមួយពេល គឺពេលព្រឹក។

កញ្ញា​និយាយ​ថា៖ «ហើយ​ណាមួយ​កាត់​បន្ថយ​ម៉ោង​សិក្សា​ទៀត ដោយសារ​ភាគច្រើន​ឆ្លង​ម៉ោង​ទៅ​ពេល​ថ្ងៃ​ដូចជា​២ថ្ងៃ​ដែរ ប៉ុន្តែ​ឥឡូវ​ផ្អាក​ហើយ​យើង​មក​រៀន​តែ​ព្រឹកៗ »។

បើតាម គ្រូ​គណិតវិទ្យា​ដដែល​ក៏​ស្នើ​ឱ្យ​សិស្សានុសិស្ស​បន្ត​ធ្វើ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​នៅ​តាម​ផ្ទះ ក្នុង​ពេល​ដែល​មាន​ការ​កាត់​បន្ថយ​ម៉ោងសិក្សា ដើម្បី​ជួយ​ឱ្យ​លទ្ធភាព​នៃ​ការ​សិក្សា​របស់​សិស្ស​ពុំ​សូវ​មាន​ការ​ថមថយ​ចុះ។

មិនខុសគ្នាដែរ អ្នកគ្រូ​ យ៉េង ថាន្នី គ្រូ​បង្រៀន​កម្រិត​មត្តេយ្យ​មសិក្សា​នៅ​សាលា​បឋម​សិក្សា​ភូមិ​កណ្តាល​ ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង​ ប្រាប់​ Newsroom Cambodia ថា ក្នុង​ស្ថានភាព​​សីតុណ្ហភាព​កើន​កម្តៅ​វា​គឺ​ជា ការ​រំ​​ខាន​មួយ​ដែល​ប៉ះពាល់​ទៅ​ដល់​ការ​បង្រៀន​របស់​អ្នកគ្រូ​ ជួប​ការ​ពិបាក​ច្រើន​បូក​រួម​ទាំង​ការ​ប៉ះពាល់​ដល់​កា​​រ​​​សិក្សា​របស់​សិស្សានុសិស្ស​តូចៗ​ផង។

អ្នក​គ្រូ​បញ្ជាក់​ថា​៖«ក្តៅ​ខ្លាំង​ពេក​ទោះបី​ គាត់​ពាក់​មួក​ពាក់​អាវ​ក្រាស់​ម៉េច​ក៏​ដោយ ក៏​ខ្យល់​បក់​មក​ភាយ​ដោ​យ​ចំហាយ​ក្តៅ​ខ្លាំង​ហ្នឹង​ ធ្វើ​ឱ្យ​គាត់​[សិស្ស]រសេះរសោះ​ហត់​ដល់​ពេល​ចូល​ក្នុង​ថ្នាក់​ទៀត​ សូម្បី​តែ​កង្ហារ ឬ​ក៏​ខ្យល់​បក់​ចូល​ក៏​មាន​សីតុណ្ហភាព​ក្តៅ​ អ៊ីចឹង​ធ្វើ​ឱ្យ​គាត់​ពិបាក​ផ្តោត​អារម្មណ៍​ក្នុង​ការ​រៀន​ជា​មួយ​យើង។ ជា​គ្រូ​ក៏​ដូច​គ្នា​ដែរ ពីមុន​មក​មាន​កម្លាំង​បង្រៀន​ណាស់​ បង្រៀន​លាស់ៗ ដល់​ពេល​ធាតុ​អាកាស​ប្រែ​ប្រួល​អ៊ីចឹង អត់​កម្លាំង​មិន​ដឹង​បាត់​ទៅ​ណា​អស់​ទេ »។

គ្រូ​បង្រៀន​រូប​នេះ​ គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត ក្នុង​ការ​ផ្អាក​ការ​សិ​ក្សា​​ដល់​សិស្ស ​ខណៈ​សីតុណ្ហភាព​កើន​កម្តៅ​លើស​ពី​៤០អង្សាសេ ក្នុងពេលបច្ចុប្បន្ននេះ។ អ្នកគ្រូ​ថា បើ​ទោះ​​​បី​ជា​ការ​ផ្អាក​នេះ​ធ្វើ​ឱ្យ​សិស្ស​ខាកខាន​នូវ​មេរៀន​មួយ​ចំនួន​ក៏​ពិត​មែន តែ​វា​ប្រសើរ​ជាជាង​បង្ខំ​ចិត្ត​ប​​ង្រៀ​​ន​​ពួកគេ​ ទាំង​អាកាស​ធាតុ​មិន​អំណោយ​ផល ដែល​អាច​បង្ក​ជា​ការ​ប៉ះពាល់​ដល់​សុខភាព​សិស្ស​និង​គ្រូ​។

ប្រភពបន្តថា៖«អ្នក​ខ្លះ​គាត់​មាន​ការ​យល់​ឃើញ​ថា ការ​ផ្អាក​ការ​សិក្សា​បណ្តោះ​អាសន្ន​ហ្នឹង​គឺ ខាត​ ព្រោះ​រាល់​ថ្ងៃ​យើង​បង្រៀន​តិច​ម៉ោង​ ម៉ោង​សិក្សា​វា​៤ម៉ោង​។ បើ​យើង​ផ្អាក​ទៀត​ធ្វើ​ឱ្យ​កុមារ​ខាក​ការសិក្សា​។តែ​បើ​យើង​គិត​ឱ្យ​ស៊ី​ជម្រៅ​ទៅ​ ស្រប​ទៅ​នឹង​សីតុណ្ហភាព​ក្តៅ​សព្វ​ថ្ងៃ​ បើ​យើង​នៅ​តែ​ជម្នះ​ទៀត​ វា​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ជាង​ហ្នឹង​ទ្វេរ​ដង​ ប៉ះពាល់​ទាំង​សុខភាព​បញ្ញា និង​សុខភាព​រាងកាយ​របស់​ក្មេង​ហ្នឹង »។

កំពុង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​តាម​ផ្លូវ​កម្តៅហួតហែង ​ដោយ​នៅក្នុងដៃយួរទឹក​ដប​ធំ​មួយ​ដបផង ​យុវជន ភក្តី វិច្ឆិកា អាយុ ១៧ឆ្នាំ ដែលកំពុងសិក្សា​ថ្នាក់​ទី១០ នៃ​វិទ្យាល័យ​ ហ៊ុន ​សែន ​បុរី​១០០ខ្នង ក្នុង​រាជធានី​ភ្នំពេញ​ ប្រាប់​Newsroom Cambodiaនៅ ​ថា ឥឡូវ​ដោយ​សារតែ​មើល​ឃើញ​ថា កម្តៅ​វា​កើន​ឡើង​ ខាង​សាលា​បាន​កាត់​បន្ថយ​ម៉ោង​សិក្សា​ខ្លះ​ដើម្បី​កុំ​ឱ្យ​សិស្សប្រឈម​នឹង​កម្តៅ​​។ វិច្ឆិកា បន្ត​ថា ជា​រៀងរាល់​ថ្ងៃពេល​មក​សាលា​រៀន​​រូបគេ​តែងតែ​យក​ទឹក និង​ក្រដាស​ជូន​មាត់​​មក​​តាម​ខ្លួន​ជា​ប្រចាំ ដើម្បី​ការ​ពារ​សុខភាព​ទប់ទល់​នឹង​អាកាស​ធាតុដែលចេះតែបន្តឡើងកម្តៅខុសពីធម្មតាដូចនេះ។

ប្រភពបន្ត​ថា៖«ចំពោះ​ខ្ញុំ​តែ​ម្តង ខ្ញុំ​យក​ទឹក​និ ង​ក្រដាស​ជូត​មាត់​ជាប់​ខ្លួន​តែ​ម្តង»។

ទោះ​ជា​យ៉ាង​ណា​ សិស្ស​​ថ្នាក់​ទី១០​រូប​ថា អាកាស​ធាតុក្តៅ​បែប​នេះ​សម្រាប់​សិស្ស​ដែល​រៀន​ក្នុង​កម្រិត​អនុ​វិទ្យាល័យ វិទ្យាល័យ និង​និស្សិត​ គឺ​មិន​សូវ​មាន​បញ្ហា​ប្រឈម​ខ្លាំង ឬ​ងាយ​នឹង​ចាញ់កម្តៅ​ទេ ព្រោះ​ពួកគេ​អាច​ចេះ​ការ​ពារ​ខ្លួនឯង​បាន​។ ប៉ុន្តែ​យុវជន​រូប​នេះ​ថា បើ​ក្មេងៗ​តូចៗ​ដូច​ជា​ ថ្នាក់​បឋម​ពិសេស​ថ្នាក់​មតេ្តយ្យ​សិក្សា​វិញ​ ពួក​គេ​អាច​នឹង​ប្រឈម​ចំពោះសុខភាព ​នៅ​ពេល​រៀន​​ ខណៈ​អាកាស​ធាតុ​ក្តៅ​បែប​នេះ។

ប្រភពបន្តថា​៖«ខ្ញុំ​គិត​ថា​ ព្រោះ​គាត់​នៅ​ក្មេង​ ហើយ​បរិយាកាស​បច្ចុប្បន្ន​វា​ក្តៅខ្លាំង​ឡើង​ដល់​៤០អង្សាសេ​  យើ​​​ង​មនុស្ស​ធំ​ក្តៅ​ប៉ុណ្ណឹង​ហើយ ហើយ​គ្នា​ក្មេង​ទៀត​អាច​នឹង​ក្តៅ​ជាង​យើង​»។

ហាក់មិនខុសគ្នាប៉ុន្មានទេ ​យុវតី ខាន់ ធីតា សិស្ស​ថ្នា​ក់​ទី​៩ នៃ​អនុ​វិទ្យាល័យ ហ៊ុន ​សែន​ បុរី១០០ខ្នង​ ក៏និយាយដែរថា បើ​ទោះ​បី​ជា​លោក​គ្រូ​អ្នកគ្រូ​បាន​បន្ថយ​ម៉ោង​បង្រៀន​ដើម្បី​បង្ការ​ដល់​សិស្ស​ពី​អាកាសធាតុ​ក្តៅ​ក៏​ពិត​មែន​ ក៏​យុវតី​រូប​នេះ​ថា ខ្លួន​នៅ​តែ​ប្រឈមនឹងបរិយាកាស​ក្តៅ​នេះ​ដដែលទេ។​

ប្រភពបន្តថា៖«ខ្ញុំ​រៀន​ថ្នាក់​ជាន់​លើ​ ដល់​ពេល​ឡើង​កាំ​ជណ្តើរ​ទៅ​វា​ឆាប់​ហត់ ហើយ​ឆាប់​បែក​ញើស​ ពិបាក​ដង្ហើម​ហ្មង។ ខ្ញុំ​ញ៉ាំ​ទឹក​ហើយ​នៅ​តែ​​ស្រេក​ទៀត ព្រោះ​​ខ្វះ​ជាតិ​ទឹក»។

ចំណែក អ្នកស្រី សុផុន លីមួយ ដែលត្រូវជា​អាណាព្យាបាល​សិស្ស​កម្រិត​មតេ្តយ្យ​សិក្សា​ម្នាក់​ ក្នុង​ខេត្ត​បាត់ដំបង​ លើកឡើងថារាល់ថ្ងៃ​អ្នក​ស្រី​មាន​កូនប្រុស​២នាក់នៅ​ក្នុង​បន្ទុក។ប៉ុន្តែកូនប្រុសច្បងដែ​លមានអាយុ​​៣​​ឆ្នាំ​​ អ្នកស្រី​បាន​បញ្ជូនឱ្យ​ទៅ​រៀន​ថ្នាក់​មតេ្តយ្យ​កម្រិត​ទាបទៅហើយ​ នៅ​សាលា​បឋម​សិក្សា​ អូរ​អន្លក់ ។

បើតាមអ្នកស្រី សុផុន លីមួយ ស្របពេលអាកាធាតុកំពុងតែក្តៅហែងបែបនេះ នឹងបណ្តាលឱ្យស្បែក​របស់​កុមារ​ងាយ​ប្រឈម​នឹង​បញ្ហា​ដូច​ជា ឡើង​រមាស់ រោល រលោក និង​ឆាប់​គ្រុនជាដើម។ ជាក់​ស្តែង​អ្នកស្រី​ថា កូ​ន​របស់​អ្នកស្រី​ផ្ទាល់​កំពុង​ឡើង​រមាស់​ រោល​ក្រហម​ពេញ​ខ្លួន ដែល​បណ្តាល​មក​ពី​ហប់​បែក​ញើស​ ព្រោះ​អា​​កាស​ធាតុ​ក្តៅ។

ប្រភពបន្តថា​៖«ថ្ងៃ​មិញ​ពេលក្តៅ​ខ្លាំង​ ពេល​មកពី​រៀន​វិញ​ ដោះខោ​អាវ​ដោះ​អី​ចេញ​[ខ្នង]ឡើង​ក្រហម​ពេញ​ខ្លួន​…បើ​ដូច​បង​មួយ​នោះ កូន​គាត់​រៀន​ពេល​ថ្ងៃ ទៅ​រៀន​ក្តៅ​អ៊ីចឹង​ទៅ​វា​លេង​អី​ផង​វា​ឆាប់​បែក​ញើស វា​ឡើង​ពងក្រហមៗ​ហ្នឹង​ វា​អេះ​ទៅ​រមាស់ ទៅ​ជា​ក្លាយមេរោគ​អី​វា​ឆ្លង​ចូល​តាម​កន្ទួល​ក្រហម​ហ្នឹង​ ជា​មួយធូលី​ពេល​ប៉ះ​ជា​មួយ​ស្បែក​។ ឥឡូវ​ឡើង​ពងបែក​ពេញ​ខ្លួន​និង​មាត់ ហើយ​ឥឡូវ​យក​ទៅ​ពេទ្យ។ អាណិត​មែន​ទែន»។

ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ថ្ងៃទី​៣០ ខែមេសា កន្លង​ទៅ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដើម្បី​បង្ការ​ទប់​ស្កាត់​ហានិភ័យ និង​ចៀសវាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការ​រៀន​សូត្រ​របស់​សិស្ស និង​ការ​បំពេញ​ការងារ​របស់​គ្រូបង្រៀន ដោយ​បាន​ផ្លាស់​ប្តូរ​ម៉ោង​ចេញ-ចូល​រៀន​ពី​ម៉ោង​៧ ដល់​ម៉ោង​១០​សម្រាប់​ថ្នាក់​ពេល​ព្រឹក និង​ម៉ោង​២ ដល់​ម៉ោង​៤​សម្រាប់​ថ្នាក់​ពេល​រសៀល។

ក្រសួង​អប់រំ​បញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​ទៀត​ថា សិស្សានុសិស្ស​ត្រូវ​អនុញ្ញាត​ឱ្យ​សម្រាក​រយៈពេល​១៥​នាទី​ក្នុង​មួយ​ម៉ោង​សិក្សា គ្រឹះស្ថាន​សិក្សា​នីមួយៗ​ត្រូវ​ត្រៀម​ទឹក​សម្រាប់​គ្រូបង្រៀន​ និង​សិស្ស​ប្រើប្រាស់ ព្រមទាំង​ណែនាំ​សិស្ស​ឱ្យ​យក​ទឹក​ឆ្អិន​ពី​ផ្ទះ​មក​ទទួលទាន។ ក្រសួង​អប់រំ​បន្ថែម​ថា ក្នុង​ករណី​សីតុណ្ហភាព​ឡើង​កម្តៅលើស​ពី​ការ​គ្រប់គ្រង គ្រឹះស្ថាន​សិក្សា​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​តាម​ស្ថានភាព​ជាក់​ស្តែង។

ស្របពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើក​ឡើង​ថា​ គណៈ​គ្រប់​គ្រង​សាលា​នីមួយៗ​ជា​ ពិសេស​តាម​សាលា​បង្រៀន​ក្មេងៗ​អាច​ផ្អាក​ការ​សិក្សា​បាន ​ប្រសិន​បើ​ថ្ងៃ​ណា​​កើន​ឡើង​កម្តៅ​លើ​​​ស​​ពី​៤០ អង្សាសេ​។ថ្លែងនៅចំពោះមុខ កម្មករនិយោជិត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កាលពីថ្ងៃ​​ទី​​១ ឧសភា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត អះអាងថា ដើម្បីបញ្ចៀសបញ្ហា ការសិក្សានឹង​​ត្រូវ​​ផ្អា​ក ជា​​ប​​ណ្តោះ​អាសន្ន ដោយយោងលើភាពចាំបាច់ ក្នុងការការពារសុខភាពសាធារណៈរបស់សិស្សានុសិស្ស។

លោក​បន្តថា៖«បើចាំ​បាច់​គឺ​ ប្រគល់​សិទ្ធិ​ឱ្យ​គណៈគ្រប់គ្រង​ បើសិន​ជា​ក្តៅ​ខ្លាំង​លើស​៤០អង្សាសេ ហើយ​សាលា​មិន​អំណោយ​ផល​អាច​មាន​សិទ្ធិ​ផ្អាក​ការសិក្សា​ថ្ងៃ​នោះ​កុំ​ឱ្យ​នៅ​អង្គុយ ព្រោះ​ខ្ញុំ​ឃើញ​ម្សិល​មិញ​តាម​សាលា​កន្លែង​ខ្លះ​តាម​ហ្វេសប៊ុក​កន្លែង​ខ្លះ​សិស្ស​ត្រូវ​ដាក់​យក​កន្សែង​ត្រជាក់​ជ្រលក់​ទឹក​យក​មក​ដាក់​លើ​ក្បាល​ នៅ​អង្គុយ​រាប់​ម៉ោង​មិន​ល្អ​ទេ »។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី​ អ៊ុក ឆាយ៉ាវី លើក​ឡើង​ថា បញ្ហា​សុខភាព​របស់​សិស្ស​គឺ​ជា​រឿង​សំខាន់​មួយ​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ប្រែប្រួល និងចេះតែបន្ត​ឡើង​កម្តៅ​បែបនេះ ពីព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ពួកគេ​។ អ្នកស្រី​បន្ត​ថា សាលារៀន​ក្នុង​ទីក្រុង​ភាគច្រើន​ពុំ​សូវ​មាន​ដើមឈើ​ដែល​អាច​កាត់​បន្ថយ​កម្តៅ ឬ​នាំ​ឱ្យ​ខ្យល់​បក់​ក្នុង​បរិវេណ​សាលា​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «ដោយ​ឡែក​តំបន់​ដូចជា​នៅ​ភ្នំពេញ​អី​កន្លែង​ខ្លះ​គឺ​អត់​មាន​ដើមឈើ​អី​ដែល​គួរ​ឱ្យ​នាំ​ខ្យល់​អី​ត្រជាក់​ទេ គឺ​ហាក់បី​ដូចជា​ក្តៅ​ហែង​សម្រាប់​សិស្សានុសិស្ស សម្រាប់​គ្រូ​បង្រៀន​ប្រឈម​នឹង​បញ្ហា​សុខភាព​របស់​គាត់»។

ជុំវិញ​បញ្ហា​នៃ​ការ​ផ្អាក និង​ផ្លាស់​ម៉ោង​សិក្សា ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​រូបនេះ​យល់​ឃើញ​ថា ដើ​​ម្បី​​​​ចៀសវាង​ផលប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស ក្រសួងអប់រំ​គួរ​​មាន​ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ប​​ន្ថែ​​​​​ម​ពី​គ្រូបង្រៀន ដោយ​អ្នកស្រី​ថា បើទោះបី​ជា​មាន​ការ​ផ្លាស់​ម៉ោង​សិក្សា​ក៏​ពិត​មែន ក៏​គ្រូបង្រៀន និង​សិ​​ស្ស​​​គឺ​ត្រូវ​ធ្វើ​ដំណើរ​ចន្លោះ​ម៉ោង​ដែល​កំពុង​ក្តៅ​ដដែល។

អ្នកស្រី​ថ្លែងថា៖ «គួរតែ​ពួកគាត់​រៀន​តាម​អនឡាញ​ត្រូវ​រៀន​តាម​អនឡាញ​ខ្លះ​ទៅ ដោយ​សារ​តែ​យើង​ឃើញ​ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​រៀន និង​ទៅ​បង្រៀន​នេះ​គឺ​ក្តៅ​ខ្លំាង​ណាស់។ នេះ​គ្រាន់​តែ​ជា​ការ​ធ្វើ​ដំណើរ​ផង ចុះ​ទម្រាំ​យើង​ចូល​ដល់​ក្នុង​ថ្នាក់ ដែល​មាន​បន្ទប់​សាលារៀន​ខ្លះ​គាត់​បាំង​ស័ង្កសី»។

ស្រដៀងគ្នានេះដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​លោក ​យង់ គីមអេង​ យល់ឃើញ​ថា បញ្ហា​កើន​ឡើង​កម្តៅ និង​បម្រែ​បម្រួល​អាកាសធាតុ​នេះ​មិនមែន​កើត​មាន​​តែ​​កម្ពុជាទេ។​ក្នុង​​ន័​យនេះ ការ​ផ្អាក ឬ​បន្ថយ​ម៉ោង​សិក្សា​នៅ​តាម​សាលារៀន​របស់​ក្រសួង​អប់រំ​គឺ​ជា​ជម្រើស​មួយ​ល្អ​ក្នុង​ការការ​ពារ​សុខភាព​របស់​សិស្សានុសិស្ស ពីព្រោះ​កាល​ណា​ពួកគេ​ស្ថិត​នៅ​ក្រោម​កម្តៅ​ខ្លាំង​វា​នឹង​បង្ក​ឱ្យ​ពួកគេ​មាន​ជំងឺ​ផ្សេងៗ​ជាដើម។

លោក​បន្ត​ថា៖ «អ៊ីចឹង​កម្តៅ​ហ្នឹង​អាច​បណ្តាល​ឱ្យ​គាត់​ឈឺ អាច​បណ្តាល​ឱ្យ​គាត់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ អ៊ីចឹង​ការ​ការពារ​អាយុ​ជីវិត​របស់​សិស្ស​និស្សិត របស់​ប្រជាពលរដ្ឋ​គឺ​សំខាន់​ចាំបាច់។ ខ្ញុំ​ថា​ការ​ចេញ​វិធានការ​របស់​ក្រសួង​ក៏​ដូចជា​រដ្ឋាភិបាល​ ខ្ញុំ​ថា​ជា​រឿង​មួយ​ល្អ​ដើម្បី​ការពារ​កុំ​ឱ្យ​យុវជន កុំ​ឱ្យ​និស្សិត កុមារ​គ្នា​រងគ្រោះ​ដោយសារ​តែ​ការ​ឡើង​កម្តៅ​នេះ »។

លោក យង់ គីមអេង ក៏​ជំរុញ​ឱ្យ​សាលារៀន​នីមួយៗ​ផ្តល់​ទឹក​ស្អាត​ប្រើប្រាស់ និង​សម្រាប់​បរិភោគ​សម្រាប់​សិ​​ស្ស​​​​ក្នុង​អំឡុង​មាន​ការ​កើន​ឡើង​កម្តៅដែរ។ជាងនេះទៀត ការ​ផ្តល់​សិទ្ធិ​ក្នុង​ការ​សម្រេច​នៅ​តាម​គ្រឹះស្ថាន​ពី​ក្រ​​សួង​អប់រំ​គួរ​តែ​មាន​ការ​ណែនាំ​បន្ថែម​ពី​ក្រសួង ដើម្បី​ឱ្យ​គណៈ​គ្រប់គ្រង​សាលារៀន​អាច​មាន​លទ្ធភាព​ប្រ​​សើ​រ​ក្នុង​ពេល​ដែល​ខ្លួន​ធ្វើការ​សម្រេច​ចិត្ត៕