ពលករបរទេសខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ីនឹងប្រឈមមុខនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ  ប្រសិនបើពួកគេមិនត្រឡប់ទៅ​​​ ​ប្រទេស​កំណើត​ខ្លួនវិញ មុនពេលម៉ាឡេស៊ីបញ្ចប់កម្មវិធី​ផ្តល់ភាព​ស្របច្បាប់​ដល់ពលករ​ខុសច្បាប់​ហើយដែល​កម្មវិធីនេះបានចាប់​ផ្តើមហើយ​ គឺពីថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២១។

លោកស្រី សោម ស៊ីវណ្ណ ទីប្រឹក្សាការងារនៅស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បានប្រាប់ Newsroom Cambodia តាមអ៊ីម៉ែលនៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​ថា ​ក្នុង​​​ករណីដែលពលករបរទេសខុសច្បាប់មិនត្រឡប់ទៅប្រទេសខ្លួនវិញ​បន្ទាប់ថ្ងៃទី​​៣០ ខែមិថុនា ឆ្នាំ២០២១ ពួកគេអាច​ប្រឈមនឹងផ្លូវច្បាប់ដូចជាការឃុំខ្លួន ការស៊ើបអង្កេត ការនិរទេស ជាប់ពន្ធនាគារ ផាកពិន័យ ឬការវាយ​នឹងរំពាត់​​ជា​ដើម​។

លោកស្រី សោម ស៊ីវណ្ណបានសរសេរដូច្នេះថា៖ «នេះជាការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេស៊ីដល់ពលករខុសច្បាប់នេះឲ្យវិលត្រឡប់ក្នុងន័យល្អ​ប្រសើរ។ ក្រោយពេលដែលកម្មវិធីនេះបញ្ចប់ ពលករខុសច្បាប់ដែលបដិសេធចូលកម្មវិធីនេះ ​នឹង​ប្រឈម​មុខនឹងច្បាប់ (ដូចជា ការឃុំខ្លួន ការស៊ើបអង្កេត ការកាត់ទោស ការនិរទេស) ហើយអាចជាប់ពន្ធនាគារ ទទួលការផាកពិន័យ ឬការវាយនឹងរំពាត់ នៅពេលរកឃើញមានទោស»។

គួរំឮកថា រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានសម្រេចអនុញ្ញាតឲ្យពលករខុសច្បាប់ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសខ្លួន ចំនួន១៥ប្រទេស រួមមានកម្ពុជាផងដែរ អាចត្រឡប់ទៅប្រទេសខ្លួនវិញ។

លោកស្រី សោម ស៊ីវណ្ណ បាននិយាយថា មិនទាន់មានការស្នើសុំជំនួយណាមួយនៅឡើយទេពីជនជាតិកម្ពុជាពីព្រោះតាមរយៈការធ្វើមាតុភូមិនិវត្តន៍ ពួកអាចទៅការិយាល័យអន្តោប្រវេសន៍ដោយខ្លួនឯងបាន ហើយមានតែអ្នកខ្លះស្នើសុំព័ត៌មានបន្ថែមអំពីនីតិវិធី។

ពលករកម្ពុជាស្របច្បាប់នៅប្រទេសម៉ាឡេស៊ីបានចុះឈ្មោះជាមួយនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីហើយមានប្រមាណជា ៤០០០នាក់ គិតត្រឹមខែកញ្ញាឆ្នាំ ២០១៩។​ នេះយោងតាមលោកស្រី សោម ស៊ីវណ្ណ។

លោកស្រី សោម ស៊ីវណ្ណ បាននិយាយថា មិនមានទិន្នន័យទេពីពលករខុសច្បាប់ ក៏ប៉ុន្តែប្រភពផ្សេងទៀតបង្ហាញថា ពលករគ្មានឯកសារត្រូវបានគេរំពឹងថានឹងមានច្រើនជាង៣០,០០០ នាក់នៅក្នុងប្រទេសម៉ាឡេស៊ី៕