ខេត្តសៀមរាប៖ អាជីវករ និងអ្នករត់ម៉ូតូកង់បីនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាននិយាយថាពួកគាត់បានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃភ្ញៀវទេសចរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ ១៩ ដែលបានវាយលុកប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០។

លោក​​​ស​ ឡៃ អាយុ៤៨ឆ្នាំ  ជាអ្នករត់កង់បីនៅក្នុងតំបន់អង្គរបានប្រាប់ថា ប្រាក់ចំណូលរបស់លោកពីមុន​មានចន្លោះពី១០ដុល្លារ​ ទៅដល់ ៧០ដុល្លារ ក្នុងមួយថ្ងៃ ក៏ប៉ុន្តែបច្ចុប្បន្ននេះ បានត្រឹម ៥០០០រៀល ហើយពេលខ្លះ បាន៣ម៉ឺន ទៅ៤ម៉ឺនរៀល។

លោកលើកឡើងដូច្នេះថា៖ «កាលភ្ញៀវ​មាន​នៅ ​ចំណូល​យ៉ាង​តិច​ក៏​១០ដុល្លារ​ដែរ ​បើអា​ខ្ពស់​បំផុត​មិន​អាច​ប្រាកដ​ទេ​ ដូច​ថា​ ២០-៣០​ដុល្លារ ជួន​កាល​បាន​ដល់​ទៅ​ ៧០ដុល្លារអី​ទៅ​ បើ​យក​ភ្ញៀវ​ទៅ​ដាក់​ទន្លេ ឬ​តាម​ហាង​អី​ទៅ​អញ្ចឹង ​យើង​បាន​ច្រើន​តាម​ហ្នឹង​ទៅ​ជា​ពិសេស​ភ្ញៀវ​បរទេស​។​ បើ​ឥឡូវ​និយាយអោយ​ត្រង់​ទៅ​ជួន​កាល​បាន​ប្រាំ​ពាន់​ ហើយ​ថ្ងៃ​ណា​ក៏​អត់​ទៅ​ បើ​ហេង​បាន​ ៣ទៅ​៤ម៉ឺន»។

លោកបានបន្ថែមថា៖ «​បើ​ផ្គត់​ផ្គង់​គ្រួសារ​ទៅ​ គឺ​ទៅ​អត់​រួច​ទេ​ ទាល់​តែ​មាន​ប្រពន្ធ​ជួយ​រក​នេះ​ខ្លះ ​នោះ​ខ្លះ​ តែ​ប្រពន្ធ​ពូ​នៅ​តែ​ផ្ទះ​មើល​តែ​កូន​ តែ​ពូ​មាន​ម្តាយ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​ គាត់​អោយ​មួយ​ខែ​ ១០០​ដុល្លារ​គ្រាន់​ជួយ​ទប់​ខ្លះ​ក្នុង​ពេល​កូវីដ​អញ្ចឹង​»។​

«ពិបាក​និយាយ​វា​ខុស​ប្លែក​គ្នា​ឆ្ងាយ​ណាស់​ ហើយ​ក្នុង​មួយ​ថ្ងៃ​ទៅ​លើ​ម្ហូប​តិច​បំផុត​ក៏​ត្រឹម​ ៣ម៉ឺន​ដែរ​ ឥឡូវ​ទិញ​ម្ហូប​ត្រឹម​៣ពាន់ ​ហូប​ពីរ​នាក់​ប្តី​ប្រពន្ធទៅ​ និយាយ​ទៅ​វា​ពិបាក​ណាស់​ មិន​ហ៊ាន​ស៊ី​ចាយ​អី​ទេ ​ពិបាក​រក​លុយ​មិន​បាន​តែ​ម្តង​បើ​អា​កាល​ផ្ទុះ​កូវីដ​ដំបូង ​គឺ​ស្ងាត់​ឈឹង​តែ​ម្តង​ អត់​មាន​នរណា​មក​ទេ»​។​

អ្នកស្រី​ឡាយ​ លី​ អាយុ​ ៣៦​ឆ្នាំ​។ រូបភាព៖ កេត អ៊ីយាន

អ្នកស្រី​ឡាយ​ លី​ អាយុ​ ៣៦​ឆ្នាំ​ ជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅជិតប្រាសាទអង្គរវត្តបានប្រាប់ថា​ពីមុនអ្នកស្រី រកប្រាក់ចំណូលបានពី ៤ម៉ឺន ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ បច្ចុប្បន្នរកបានតិចតួច ចំណេញបានតិចតួចស្ទើរតែមិនអាចផ្គត់ផ្គង់ជីវភាពព្រោះត្រូវចំណាយលើម្ហូបអាហារ ការរៀនសូត្ររបស់កូន និងត្រូវបង់ការ ប្រាក់នៅធនាគារជាដើម។

អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំ​លក់​នៅ​នេះ​យូរ​ហើយ​ តែ​នៅ​ខាង​ក្នុង​ ៦-៧​ឆ្នាំ​ហើយ​ លក់​តែ​អា​ហ្នឹង​ឯង​ កាល​មុន​កូវីដ​ មួយ​ថ្ងៃ​បាន​ប្រហែល​ជា​ ៤-១០​ម៉ឺន​អត់​ទៀង​ទេ​ តែ​ថ្ងៃ​នេះ​អត់​។ ផ្គត់​ផ្គង់​អត់​គ្រប់​គ្រាន់​ទេ​ ព្រោះ​វា​ចំណេញ​​​តិច​តួច​លក់​បាន​ ៦-៧​ម៉ឺន​យក​ទៅ​ទិញ​ឥវ៉ាន់​វិញ​ សល់​តែ​បន្តិច​បន្តួច​គ្រាន់​ទុក​អោយ​កូន​ហូប​អោយ​រួច​មួយ​ថ្ងៃ​ សឹង​តែ​មិន​រួច»​។​

«ប៉ះ​ព៉ាល់​តែ​មែន​ទែន​តែ​ម្តង​ ដូច​ជា​ពួក​ខ្ញុំ​លក់​អញ្ចឹង​មាន​ការ​ជំពាក់​អង្គការ​អី​អញ្ចឹង​ ហើយ​ត្រូវ​ការ​បង់​អោយ​គេ​រាល់​ខែ ដល់​ពេល​អញ្ចឹង​ទៅ​វា​ពិបាក​ណាស់​ ដូច​ការ​រៀន​សូត្រ​របស់​កូន​ វា​ត្រូវ​រៀន​គួរ​ រៀន​អង់គ្លេស​ អញ្ជឹង​យើង​ត្រូវ​ការ​ចំណាយ​ដល់​ពេល​អត់​បាន​អញ្ចឹង​វា​ពិបាក​»។​

លោក​ប៊ុន​  យូរ​ឆៃលៀង​ ​អាយុ​ ៣៨ឆ្នាំ។ រូបភាព៖ វឌ្ឃនៈ វណ្ណសក្តិ

លោក​ប៊ុន​  យូរ​ឆៃលៀង​ ​អាយុ​ ៣៨ឆ្នាំ​ ជាអ្នករត់កង់បីបាននិយាយថាប្រាក់ចំណូលពីមុន និងបច្ចុប្បន្នខុសគ្នា ឆ្ងាយហើយឥឡូវនេះរកបានតែ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ជួនកាលក៏អត់បាន។

លោកបានលើកឡើងថា៖ «ខុស​គ្នា​ឆ្ងាយ​ណាស់​ប្អូន​ កាល​នៅ​ភ្ញៀវ​​បរទេស​ហើយ​អត់​មាន​កូវីដ​ យើង​រក​បាន​ម៉ូយ​ស្រួល​ ឲ្យ​តែ​ចេញ​រក​ដឹង​តែ​បាន​ ប៉ុន្តែ​ឥឡូវ ​ទោះ​បី​យើង​ប្រឹង​ចេញ​រក​ប៉ុណ្ណានៅ​តែ​រក​អត់​បាន​ដូច​មុន​ទេ ដោយ​សារ​យើង​អត់​មាន​ភ្ញៀវ​បរទស​ អាច​បាន​ជា​ ៨-១០​ម៉ឺន​ តែ​ឥឡូវ​បាន​តែ​ ២ម៉ឺន​ ៣ម៉ឺន ជួន​កាល​សឹង​តែ​អត់​សោះ​តែ​ម្តង»។​

លោកបន្ថែមថាចំណូល​អត់​គ្រប់​ដោយ​សារ​តែ​គាត់​ជំពាក់​គេ​ដែរ​ ហើយមានការ​ពិបាកក្នុងការ​សន្សំ​សង​​គេ​ ដូច​ជា​ប៉ុន្មាន​ខែ​មុន គាត់បាន​សុំពន្យារសង​លុយ​​គេ​ ​ ព្រោះ​តែ​អត់​មាន​លទ្ធភាពសង​ អញ្ចឹង​ទៅ​គេ​ឲ្យ​បង់​តែការ​។

«ពេល​បង់​តែ​ការ​អញ្ចឹង​ទៅ​វា​ខាត​យើង​វិញ​។ មុន​ធ្លាប់​ឲ្យ​គ្រូសារ​គាត់​ចេញ​លក់​ដូរ​តិច​តួច​ តែ​ពេល​លក់​ទៅ​វា​អត់​ដាច់​ ព្រោះ​ឥឡូវ​គេ​ចេញ​លក់​ច្រើន​ នៅ​ពេល​បាត់​បង់​ទេសចរណ៍​ទៅ​ គាត់​អត់​មាន​អី​ធ្វើ ​គាត់​ចេញ​លក់​ដូច​យើង​ដែរ​ ដល់​ពេល​យូរ​​ៗទៅ​វា​ពិបាកអត់​មាន​ពី​ណា​មើល​​​កូន​ អញ្ចឹង​ទៅ​អោយ​គាត់​មើល​កូន​យើង​ចេញ​រក​តែ​ឯង​ទៅ​ តែ​ជួន​កាលខ្វះ​ខាត​អី​ម៉ែ​ឪ​គាត់​ផ្ញើរ​មក​ខ្លះ​ទៅ»។​

លោក ង៉ូវ សេងហាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានប្រាប់ Newsroom Cambodia យ៉ាងខ្លីថា ភ្ញៀវទេសចរនឹងចាប់ផ្តើមមកកម្សាន្តវិញនៅពេលដែលស្ថានភាពជំងឺកូវីដមានភាពប្រសើរឡើង។ 

«បើសភាពការណ៍កូវីដប្រសើរ ភ្ញៀវនឹងត្រឡប់មកវិញ ដល់ពេលកូវីដអីចឹង យើង​ដឹងថាស្ថានភាព​វា​ដោយសារ​​ជំងឺកូវីដ ការហោះហើរក៏អត់មានដែរ មកសៀមរាបអីចឹង»។

Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ដោយ ទូរស័ព្ទហៅជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល។

យោងទៅតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរណ៍ក្នុងឆ្នាំ២០១៩ មានប្រមាណជាជាង ៦លាននាក់ កើនឡើង៨ភាគរយប្រៀបធៀបឆ្នាំ២០១៨ ក៏ប៉ុន្តែក្នុងឆ្នាំ ២០២០​ ភ្ញៀវទេសចរណ៍សរុបមានត្រឹមតែជាង ១លាននាក់ប៉ុណ្ណោះ ពោលគឺមានការធ្លាក់ចុះ​ជិត៨០ភាគរយ។ នេះយោងតាមស្ថិតិផ្លូវការ៕