(សៀមរាប)៖ វត្តវិសុទ្ធិមគ្គជាវត្តមួយស្ថិតនៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មានព្រះសង្ឃជាង១២០អង្គ មានផ្ទៃដីប្រមាណ១០០ហិកតា ព័ទ្ធដោយព្រៃឈើក្រាស់ឃ្មឹក ត្រជាក់ត្រឈឹងត្រឈៃ និងមានស្ទឹងព័ទ្ធជុំវិញប្រៀបបាននឹងកសិណនៅអង្គរ។
វត្តនេះកសាងឡើងក្នុងព.សឆ្នាំ២៥៥១ ដែលមានលោកគ្រូ សាន សប្បាយ ជាចៅធិការវត្ត។ ក្នុងទំហំផ្ទៃដីដ៏ធំ មានកុដិជាងមួយរយសម្រាប់ព្រះសង្ឃដាច់ដោយឡែកពីគ្នា វត្តវិសុទ្ធិមគ្គជាវត្តមួយគោរពព្រះពុទ្ធសាសនាសុទ្ធ មិនមានការអុជធូប ដាក់បាយសី ឬស្រោចទឹកនោះទេ។
ព្រះសង្ឃដែលគង់នៅក្នុងវត្តវិសុទ្ធិមគ្គប្រកាន់បទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ម៉ឹងម៉ាត់ ដោយមិនអនុញ្ញាតឲ្យព្រះសង្ឃប្រើប្រាស់ទូរស័ព្ទដៃទំនើប មិនពាក់ស្បែកជើង និងមិនកាន់បច្ច័យជាដើម។
ឧបាសិកា ជួន គីមឡេង ដែលមានតួនាទី រៀបចំបង្អែម បានរៀបរាប់ថា ព្រះសង្ឃនៅក្នុងវត្ត វិសុទ្ធិមគ្គ កាន់វិន័យល្អប្រៀបបាននឹងទៅនឹងសម័យព្រះពុទ្ធ។
«ព្រលឹមលោកចេញនិមន្តបិណ្ឌបាត្រ គោះជួងម៉ឺង លោកនិមន្តបិណ្ឌបាត្រមួយអង្គៗ ដូចជំនាន់ព្រះពុទ្ធចឹង លោកនិមន្តមកទាំងអស់ទាំង១០០អង្គមកទទួលបិណ្ឌបាត្រ តើកូនជ្រះថ្លាប៉ុណ្ណា ហើយលោកពេលឆាន់អត់ឮសូរ ដូចយាយតាប្រកែកគ្នាទេ យាយតាប្រកែកខ្លះព្រោះនូវធម្មជន ហើយចុះលោក លោកនូវធម្មជន ប៉ុន្តែនូវធម្មជនជាន់ខ្ពស់យើងនិយាយអីចេះទៅ។ វត្តណាមិនកាន់វិន័យ កាន់វិន័យ កូនចូលទៅដឹងហើយ មិនចាំថាយាយនិយាយទេ ច្បាស់ជាលោកមកសួរញោមអញ្ចេះញោមអញ្ចុះទៅ កូនអញ្ចេះកូនអញ្ចុះទៅ ប៉ុន្តែលោកអត់» ។
ឧបាសិកា ហៀង ធឿន អាយុ៨១ឆ្នាំ ដែលស្នាក់នៅក្នុងវត្តវិសុទ្ធិមគ្គរយៈពេល១១ឆ្នាំ មានប្រសាសន៍ថា ព្រះសង្ឃក្នុងវត្តវិសុទ្ធិមគ្គប្រតិបត្តិនូវវិន័យបានយ៉ាងល្អ គឺមិនពាក់ស្បែកជើង មិនប្រើប្រាស់ទូរស័ព្ទ និងមិនកាន់បច្ច័យ។
ខណៈពេលដែលកំពុងសាងសង់កុដិតូចៗជាមួយនឹងព្រះសង្ឃអង្គផ្សេង និងកូននេន ព្រះតេជគុណ ឈ្លន់ សៅ ព្រះជន្ម៣០ព្រះវស្សា មានសង្ឃដីកាថា មូលហេតុដែលព្រះតេជគុណមកវត្តនេះដោយសារវត្តវិសុទ្ធិមគ្គកាន់ព្រះពុទ្ធសាសនាសុទ្ធសាធ ព្រះសង្ឃក៏ជ្រះថ្លាមកកាន់វត្តវិសុទ្ធិមគ្គនេះ។
«ដោយសារតែអ្នកបួសយើងគឺយកវិន័យសិរសាពីព្រះពុទ្ធសាសនាចំៗ អីចឹងវាត្រូវនឹងសេចក្ដីជ្រះថ្លារបស់អាត្មាទៅថាវត្តនេះគឺជាវត្តមួយដែលមានសិរសាព្រះពុទ្ធសាសនាច្បាស់លាស់ចឹង មិនមែនតែវត្តនេះទេ នៅមានវត្តផ្សេងៗទៀត តែអធ្យាស្រ័យអាត្មាស្រលាញ់វត្តនេះទៅ ត្រង់ខ្លួនឯងនៅសៀមរាបផង ជិតផងក៏ជ្រះថ្លាក្នុងការបដិបត្តិនូវធម៌ នូវវិន័យ»។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ Newsroom Cambodiaនៅថ្ងៃទី២៦ ខែមករាថា សព្វថ្ងៃក្នុងប្រទេសកម្ពុជាមានវត្តជាង៥០០០ ប៉ុន្តែមិនទាន់មានទិន្នន័យច្បាស់លាស់អំពីវត្តដែលកាន់ព្រះពុទ្ធសាសនាសុទ្ធសាធនោះទេ។
លោកលើកឡើងដូច្នេះថា៖ «តួរលេខហ្នឹងយើងរាប់ក្នុងព្រះពុទ្ធសាសនាមានពីរ ទីមួយសាសនាបែបគន្ថធុរៈ គឺលោករៀនបាលី រៀនសំស្ក្រឹត មុខវិជ្ជាទូទៅ ក្រសួងអប់រំអីចឹង។ មួយទៀតគឺវិបស្សនាធុរៈ ដែលក្មួយថាតឹងរ៉ឹងហ្នឹងគឺវិបស្សនាធុរៈ ហើយមានមណ្ឌលរបស់លោក មណ្ឌលធំកណ្តាលហ្នឹងនៅភ្នំអដ្ឋរស្សនេះ មជ្ឈឹមមនុស្ស លោកបើកសាខាតាមខេត្ត ទាំង២៥រាជធានីខេត្តហ្នឹង ហើយនៅក្នុងខេត្តនីមួយៗលោកមានវត្តច្រើន ប៉ុន្មានវត្តដែលប្រតិបត្តិបន្តទៅទៀត»៕