(សៀមរាប)៖ វត្តវិសុទ្ធិមគ្គជាវត្តមួយស្ថិតនៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មាន​ព្រះសង្ឃ​​ជា​ង​១២០​​អង្គ មានផ្ទៃដីប្រមាណ​១០០​ហិកតា ព័ទ្ធដោយព្រៃឈើ​ក្រាស់ឃ្មឹក ត្រជាក់​ត្រឈឹង​ត្រឈៃ និង​មានស្ទឹងព័ទ្ធ​ជុំវិញ​ប្រៀប​បា​ននឹងកសិណនៅអង្គរ។

វត្តនេះកសាងឡើងក្នុងព.សឆ្នាំ២៥៥១ ដែលមានលោកគ្រូ សាន សប្បាយ ជាចៅធិការ​វត្ត។ ក្នុង​ទំហំ​ផ្ទៃ​ដី​ដ៏ធំ​​​​​​​​​​ មានកុដិជាងមួយរយ​សម្រាប់​​ព្រះសង្ឃ​ដាច់ដោយឡែកពីគ្នា វត្តវិសុទ្ធិមគ្គ​ជាវត្តមួយ​គោរព​ព្រះពុទ្ធសាសនា​សុទ្ធ មិនមានការអុជធូប ដាក់បាយសី ឬស្រោចទឹក​នោះ​ទេ។

ព្រះសង្ឃដែលគង់នៅក្នុងវត្តវិសុទ្ធិមគ្គប្រកាន់បទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ម៉ឹងម៉ាត់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​សង្ឃ​​​​ប្រើប្រាស់​​​ទូរស័ព្ទ​ដៃ​ទំនើប មិន​ពាក់​ស្បែក​ជើង និង​មិន​កាន់​បច្ច័យ​ជាដើម។

ឧបាសិកា ជួន គីមឡេង ដែល​មាន​តួនាទី​ រៀបចំ​បង្អែម បាន​រៀបរាប់ថា ព្រះសង្ឃនៅក្នុងវត្ត  វិសុទ្ធិ​មគ្គ កាន់វិន័យល្អ​ប្រៀបបាននឹងទៅនឹងសម័យព្រះពុទ្ធ។

«​ព្រលឹម​លោក​ចេញ​និមន្តបិណ្ឌ​បាត្រ គោះជួងម៉ឺង លោ​កនិមន្ត​បិណ្ឌបាត្រ​មួយអង្គៗ​ ដូច​ជំនាន់​ព្រះពុទ្ធ​ចឹង លោក​​និមន្តមក​ទាំងអស់​ទាំង​១០០អង្គមកទទួលបិណ្ឌបាត្រ តើកូនជ្រះថ្លាប៉ុណ្ណា ហើយ​​លោកពេលឆាន់អត់ឮសូរ ដូចយាយតាប្រកែកគ្នាទេ យាយតាប្រកែកខ្លះព្រោះនូវធម្មជន ហើយចុះលោក លោកនូវ​ធម្មជន ប៉ុន្តែនូវធម្មជន​​ជាន់ខ្ពស់យើង​និយាយ​អីចេះ​ទៅ។​ វត្ត​ណា​មិន​កាន់​វិន័យ កាន់វិន័យ កូនចូលទៅដឹងហើយ មិនចាំថាយាយនិយាយ​ទេ ច្បាស់​ជា​លោក​មកសួរ​ញោមអញ្ចេះ​ញោមអញ្ចុះទៅ កូនអញ្ចេះកូនអញ្ចុះទៅ ប៉ុន្តែលោកអត់» ។

ឧបាសិកា ហៀង ធឿន អាយុ៨១ឆ្នាំ ដែលស្នាក់​នៅក្នុងវត្តវិសុទ្ធិមគ្គរយៈពេល១១ឆ្នាំ មាន​ប្រសាសន៍​​​ថា ព្រះសង្ឃក្នុង​វត្តវិសុទ្ធិមគ្គប្រតិបត្តិនូវវិន័យបានយ៉ាងល្អ គឺមិនពាក់ស្បែកជើង មិនប្រើប្រាស់ទូរស័ព្ទ និងមិនកាន់បច្ច័យ។

ខណៈពេលដែលកំពុងសាងសង់កុដិតូចៗជាមួយនឹងព្រះសង្ឃអង្គផ្សេង និងកូននេន ព្រះតេជ​គុណ ឈ្លន់ សៅ ព្រះជន្ម​៣០​ព្រះ​វស្សា​ មាន​សង្ឃដីកា​ថា​ មូលហេតុ​ដែល​ព្រះតេជ​គុណ​មក​វត្ត​នេះ​ដោយសារ​វត្តវិសុទ្ធិមគ្គកាន់ព្រះពុទ្ធ​សាសនា​​​សុទ្ធសាធ​ ព្រះសង្ឃ​ក៏​ជ្រះថ្លា​មក​កាន់​វត្ត​វិសុទ្ធិ​មគ្គ​នេះ។

«ដោយសារតែអ្នកបួសយើងគឺយកវិន័យសិរសាពីព្រះពុទ្ធសាសនាចំៗ អីចឹងវាត្រូវនឹងសេចក្ដីជ្រះ​ថ្លា​របស់​អាត្មាទៅ​ថាវត្តនេះគឺជាវត្តមួយដែលមានសិរសាព្រះពុទ្ធសាសនាច្បាស់លាស់ចឹង មិន​មែន​តែ​វត្តនេះទេ នៅមានវត្តផ្សេងៗទៀត តែអធ្យាស្រ័យអាត្មាស្រលាញ់វត្តនេះទៅ ត្រង់​ខ្លួន​ឯង​នៅ​សៀមរាបផង ជិតផងក៏ជ្រះថ្លាក្នុងការបដិបត្តិនូវធម៌ នូវវិន័យ»។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ Newsroom Cambodia​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​ថា សព្វថ្ងៃក្នុងប្រទេសកម្ពុជាមានវត្តជាង៥០០០ ប៉ុន្តែមិ​នទាន់មា​ន​ទិន្នន័យ​ច្បាស់​លាស់​អំពី​វត្តដែលកាន់ព្រះពុទ្ធសាសនាសុទ្ធសាធ​នោះ​ទេ។

លោកលើកឡើងដូច្នេះថា៖  «តួរលេខហ្នឹងយើងរាប់ក្នុងព្រះពុទ្ធសាសនាមានពីរ ទីមួយ​សាសនា​បែប​គន្ថ​ធុរៈ គឺ​លោ​ក​​រៀ​នបាលី រៀនសំស្ក្រឹត មុខវិជ្ជាទូទៅ ក្រសួងអប់រំអីចឹង។ មួយទៀត​គឺ​វិបស្សនា​ធុរៈ ដែល​ក្មួយថាតឹងរ៉ឹង​ហ្នឹងគឺ​វិបស្សនា​​ធុរៈ ហើយមានមណ្ឌលរបស់លោក មណ្ឌលធំ​កណ្តាលហ្នឹ​​ងនៅភ្នំអដ្ឋរស្សនេះ មជ្ឈឹមមនុស្ស​  លោក​បើកសាខាតាមខេត្ត ទាំង​២៥​រាជធានី​ខេត្ត​ហ្នឹង ហើយនៅក្នុងខេត្តនីមួយៗលោកមានវត្តច្រើន ប៉ុន្មានវត្តដែល​ប្រតិបត្តិ​បន្តទៅទៀត»៕