ក្រសួង​សុខាភិបាល​​ប្រកាស​ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ខែមីនានេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​​ចំ​នួន៣៤​នាក់ ដែល​ពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ក្នុងនោះ​ជនជាតិ​ខ្មែរ​មាន​ចំនួន​១៥នាក់ ​។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ​​បានរៀបរាប់ថា៖ «ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន​៣៤​​នាក់ និងមានករណីជាសះស្បើយចំនួន៤នាក់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១»។

របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមករណីវីជ្ជមានកូវីដ១៩ចំនួន៣៤នាក់​ សុទ្ធតែជា​អ្នក​ពាក់ព័ន្ធ​​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ ក្នុងនោះជនជាតិខ្មែរមានចំនួន​១៥នាក់ ជនជាតិ​ចិន​ចំនូន​​​១៧នាក់ និងជនជាតិវៀតណាម២នាក់  ដែលអ្នកមានផ្ទុកជំងឺកូវីដ១៩ ទាំងអស់នោះ​ស្នាក់នៅ​រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

មកដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កន្លែងពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩ ភ្នំពេញមា​ន​រហូត​ដល់​៧៦​កន្លែង និងក្រុងព្រះសីហនុចំនួន២៦កន្លែង។ នេះ​បើ​យោង​តាមទំព័រ​ហ្វេសប៊ុក​របស់​នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺឆ្លង (CDC)។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ «ព្រឹត្តិការណ៍សងគមន៍២០កុម្ភៈ» មកដល់ថ្ងៃទី០៣ ខែមីនានេះមានចំនួនសរុប៣៧៤នាក់​ រួមមានស្រ្តីចំនួន១៩១នាក់ និងបុរសចំនួន១៨៣នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៨៧៨នាក់ អ្នកព្យាបាលជាសះស្បើយចំនួន៤៨២នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៣៩៦នាក់៕​