បុរសជនជាតិខ្មែរម្នាក់ អាយុ៥០ឆ្នាំ បានស្លាប់ដោយសារកូវីដ១៩ ជាករណីស្លាប់លើកដំបូងគេ ក្នុងប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី១១​ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២១ វេលាម៉ោង១០:៤០នាទីព្រឹក មានបុរសជនជាតិខ្មែររូបនេះបានទទួលមរណៈភាពដោយសារកូវិដ ១៩ នៅមន្ទីពេទ្យខ្មែរ សូវៀត។

ក្រសួងបានបញ្ជាក់ទៀតថា សពខាងលើមានទីលំនៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ដែលជាអ្នកបើកបររថយន្តឱ្យថៅកែចិនក្នុងខេត្តព្រះសីហនុ ហើយបានពិនិត្យឃើញមានវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១១ ខែមីនានេះមានចំនួនសរុប ៦៥២នាក់​ រួមមានស្រ្តីចំនួន៣១៧នាក់ និងបុរសចំនួន៣៣៥នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១១៦៣នាក់ អ្នកព្យាបាលជាសះស្បើយចំនួន៤៩៩នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៦៦៤នាក់៕