ការ​រាតត្បាត​នៃជំងឺ​កូ​វីដ​១៩ ​បាន​បង្ខំឱ្យ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជាចាំ​បាច់​ត្រូវ​បន្ត​ការ​សិក្សា​ពី​ចម្ងាយ និងការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ឬអន​ឡាញ​។ ក៏​ប៉ុន្តែ​ការ​សិក្សា​តាម​អន​ឡាញ​នេះធ្វើ​ឱ្យសិស្សានុសិស្សមួយចំនួនហាក់មានភាពលំបាកជាខ្លាំងក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សិក្ខាកាមសារព័ត៌មាន Newsroom Cambodia បានសម្ភាសន៍សិស្សានុសិស្ស និងនិស្សិតមួយចំនួនអំពីការយល់ឃើញទៅលើ «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញ ថាតើមានផលលំបាក និងផលចំណេញអ្វីខ្លះតាមរយៈការសិក្សាពីចម្ងាយនេះ»។

សិស្សានុសិស្ស និងនិស្សិត ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Newsroom Cambodia បានលើកឡើងអំពីការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញនេះផ្សេងៗពីគ្នា។

ឆេង សាវតី

យុវតី ឆេង សាវតី ជាយុវសិស្សវិទ្យាល័យមួយស្ថិតនៅជាយក្រុងភ្នំពេញមួយ វតី មានដើមកំណើតនៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។​ ទៅថ្ងៃអនាគត វតីចង់ក្លាយទៅជាវិជ្ជបណ្ឌិតដែលមានក្រមសីលធម៌ និងមានវិជ្ជាជីវៈច្បាស់លាស់ម្នាក់ តាមរយៈការជ្រើសរើសសិក្សាផ្នែកវិទ្យាសាស្ត្រពិត។ សាវតី យល់ឃើញថា រវាងការ​សិក្សាផ្ទាល់នៅសាលា និងសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញ គឺសិក្សានៅសាលាផ្ទាល់មានភាពល្អប្រសើរជាង ព្រោះងាយស្រួលសួរគ្រូនៅពេលដែលមិនយល់ពីមេរៀន ។

យុវតី រូបនេះក៏បានបន្ថែមថា៖ «លោកគ្រូអ្នកគ្រូត្រូវពន្យល់មួយៗ បង្រៀនធ្វើយ៉ាងណាឱ្យសិស្សដែលរៀនខ្សោយទៅជាមធ្យម មធ្យមទៅល្អបង្គួរ ល្អបង្គួរទៅល្អ ល្អទៅល្អឥតខ្ចោះ»។ ជាមួយគ្នានោះដែរ វតី​ចង់ឱ្យលោកគ្រូអ្នកគ្រូដាក់កិច្ចការផ្ទះឱ្យសិស្សធ្វើជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពរបស់សិស្ស កំឡុងពេលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញនេះ»។

ជាសំណូមពរ សាវតី ចង់ឱ្យក្រសួងអប់រំ បើកឱ្យមានការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប និងមាននិទ្ទេសធម្មតាឡើងវិញក្នុងឆ្នាំសិក្សា២០២១ខាងមុខនេះ ព្រោះដើម្បីងាយស្រួលដាក់អាហាររូបករណ៍ និងដឹងពីសមត្ថភាពរបស់ខ្លួនផងដែរ។

ស៊ឺយ សុជា

ស៊ឺយ សុជា ជាយុវសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ សុជា មានដើមកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ ហើយបច្ចុប្បន្នយុវសិស្សរូបនេះស្នាក់នៅជាមួយបងប្អូនក្បែរសាលារបស់គេផ្ទាល់ ទៅថ្ងៃអនាគត យុវសិស្សរូបនេះចង់ក្លាយជាអ្នកព័ត៌មានវិទ្យាមានឥទ្ធិពលក្នុងប្រទេសកម្ពុជាម្នាក់ តាមរយៈការជ្រើសរើសសិក្សាផ្នែកវិទ្យាសាស្ត្រពិត។

យុវសិស្សរូបនេះលើកឡើងថា ការពារការឆ្លងជំងឺកូវីដ១៩ ជារឿងសំខាន់បំផុត កំឡុងពេលសិក្សាតាមអនឡាញ  ព្រោះការទៅរៀនផ្ទាល់នៅសាលាយើងតែងតែមានការពិក្សាជាមួយមិត្តភក្តិ ដែលជាហេតុធ្វើឱ្យមានការប្រមូលផ្តុំគ្នាច្រើន ។

សុជាបន្ថែមថា៖ «ចំណេញពេលវេលាច្រើន និងកាត់បន្ថយចំណាយទៅលើការជិះកង់បី ឬ Pass App»។

យុវជនដែលមានសម្បុរស្រអែម រាង​ខ្ពស់ស្រឡះរូបនេះ បានចូលរួមជាគំនិតដូចនេះថា ប្រសិនបើយើងចង់ឱ្យការរៀនតាម​អន​ឡាញ​មានប្រសិទ្ធភាព៖ «យើងត្រូវតែស្វែងរកកន្លែងដែលសម្បូរអ៊ីនធឺណេត ព្យាយាមស្តាប់គ្រូពន្យល់ដោយយកចិត្តទុកដាក់ និងស្វែងរកកន្លែងណាដែលមិនមានសម្លេងរំខាន»។

ភឿន ផាន់នី

កញ្ញា ភឿន ផាន់នី ជានិស្សិតថ្នាក់ឆ្នាំមូលដ្ឋាននៃសាកលវិទ្យាល័យមួយក្នុងរាជធានី​ភ្នំពេញ។ និស្សិតរូបនេះមានដើមកំណើតក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទៅថ្ងៃអនាគត ផាន់នី ចង់ក្លាយទៅជាគ្រូបង្រៀនលើមុខវិជ្ជាភាសាខ្មែរម្នាក់ ។

មានសម្បុរស្រអែម កែវភ្នែកធំៗ ផាន់នី គឺជានិស្សិតថ្មីថ្មោងម្នាក់ទើបប្រឡងជាប់សញ្ញាបត្របាក់ឌុប ឬសញ្ញាបត្រទុតិយភូមិ ដោយ​ក្រសួងតម្រូវឱ្យជាប់ដោយស្វ័យប្រវត្តិ និងមិនមាននិទ្ទេស។ តាមរយៈការសិក្សានៅថ្នាក់មហាវិទ្យាល័យកន្លងមក និស្សិតរូបនេះក៏ធ្លាប់ត្រូវបានគេរើសអើង និងមិនសូវឱ្យតម្លៃពីសំណាក់មិត្តភក្តិមួយចំនួនខ្លះផងដែរ។

កញ្ញា ភឿន ផាន់នី យល់ឃើញដូចទៅនឹងអ្វីដែលយុវសិស្ស ឆេង សាវតី លើកឡើងដែរ ដែលថា នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ «ខ្ញុំចង់ឃើញក្រសួងបើកឱ្យមានការប្រឡងថ្នាក់ជាតិជាធម្មតាឡើងវិញ»។

សេត ស៊ីរ៉ា

កញ្ញា សេត ស៊ីរ៉ា ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សិក្សាលើជំនាញ​រដ្ឋបាលអប់រំ។ ស៊ីរ៉ា ជានិស្សិតប្រឡងជាប់សញ្ញាបត្របាក់ឌុប មុនមួយឆ្នាំនៃការអនុញាតិឱ្យសិស្សទាំងអស់សិក្សាក្នុងឆ្នាំ ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ ។

យុវនិស្សិត សេត ស៊ីរ៉ា យល់ឃើញថា តាមរយៈក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សថ្នាក់ទី១២ទាំងអស់ ជាប់ដោយស្វ័យប្រវត្តិ និងគ្មាននិទ្ទេសបែបនេះ វាជាផលវិជ្ជមានសម្រាប់សិស្សានុសិស្សមួយចំនួនផងដែរដូចជា មិនខាតពេលវេលាច្រើន អាចមានឱកាសក្នុងការរៀនបន្តទៀតជាដើម។

បន្ថែមពីការយល់ឃើញរបស់ស៊ីរ៉ា យុវនិស្សិតរាងស្តើង សម្បុរសណ្ដែកបាយរូបនេះក៏បានជជំរុញលើកទឹកចិត្តប្អូនៗសិស្សា​នុ​សិស្សជំនាន់ក្រោយគិតគូរលើមុខជំនាញ ឬចំណង់ដែលខ្លួនចង់បន្តសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ។

កញ្ញាលើកឡើងថា៖ «ការជ្រើសរើសជំនាញហ្នឹង វាជារឿងមួយដ៏សំខាន់ក្នុងការសិក្សាសម្រាប់សិស្សនិស្សិតជៀសវាងការមានវិប្បដិសារីនៅថ្ងៃក្រោយ»៕​