ក្រសួងសុខាភិបាលកម្ពុជា​បានចេញសេចក្តីជូនដំណឹងនៅ​ថ្ងៃ​ទី​៤ ខែមិថុនា ដោយ​បញ្ជាក់​ពី​ការរ​ក​ឃើញ​អ្នកផ្ទុកមេរោគកូវីដ១៩​ ប្រភេទវីរុសបម្លែងថ្មី លើ​ពលករ​ចំនួន​៣នាក់​ ហើយ​ថា​ការរក​ឃើញ​នេះ​មានភាព​​គួរឱ្យព្រួយបារម្ភ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៤ ខែមិថុនា ​ឆ្នាំ២០២១នេះ​ បានចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ជាសាធារណៈ ដោយសម្តែងពីការព្រួយបារម្ភជុំវិញការរកឃើញ​វីរុស​បម្លែងថ្មីប្រភេទ B.1.617 មកពី​ប្រទេស​ឥណ្ឌា។ លោក​បាន​​ណែនាំដ​ល់​មន្ទីរ​សុខាភិបាល​ខេត្ត​ដែលពា​ក់ព័ន្ធទាំងអស់ ឱ្យបង្កើន​ការយកចិត្ត​ទុកដាក់​ និង​អនុវ​ត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាមគោ​ល​ការណ៍​​បច្ចេក​ទេស និងបន្តស្រាវជ្រាវឱ្យបានម៉ត់ចត់។​

​​នៅក្នុងសេចក្តីជូនដំណឹងខាងលើនោះបានបញ្ជាក់ថា៖ «កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១​នេះ​​ វិទ្យាស្ថានប៉ាស័្ទរកម្ពុជា​បានវិភាគ​​សំណាកលើ​ពលករ​កម្ពុជា​ដែល​បាន​ត្រលប់​មក​ពី​ប្រទេស​ថៃ​តាមច្រកអូរស្មាច់ចំនួន៣នាក់ ហើយបានរកឃើញមេរោគកូវីដ​១៩ ប្រភេទវីរុស     បម្លែងថ្មីឈ្មោះ B.1.617»។

បច្ចុប្បន្ននេះពលករដែល​រកឃើញថា​មា​ន​ផ្ទុក​មេរោគ​កូវីដ​១៩​ប្រភេទ​ថ្មីនោះ ត្រូវ​បានដាក់​ឱ្យ​ព្យាបា​ល​នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ មន្ទីរពេទ្យឯកភ្នំ និងមន្ទីរពេទ្យ​មោង​ឫស្សី​ខេត្ត​បាត់​ដំបង។ នេះបើតាមសេចក្តីជូនដំណឹងខាងលើ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​នោះថា​៖ «មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ពាក់ព័ន្ធ ក៏ដូចជាមន្ទីរសុខា​ភិបាល​ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និង​អនុវ​ត្ត​តាម​គោលការណ៍ស្តង់ដារបច្ចេកទេសការពារការចម្លងទៅកាន់បុគ្គលម្នាក់ៗ ការដាក់​ឱ្យ​នៅដោ​យឡែក​ពីគ្នា ព្រមទាំងបន្តការស្រាវជ្រាវឱ្យហ្មត់ចត់ លើកករណីសង្ស័យ នៅ​តាម​ទីតាំង​ដែល​រក​ឃើញវិជ្ជមានវីរុសកូវីដ-១៩»។

លោកបន្ថែមថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារនិង ៣កុំរបស់រដ្ឋាភិបាល និងធានការផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី​រួម​គ្នាទ​ប់ស្កាត់ និងបញ្ចៀសការឆ្លងរាលដាលទ្រង់ទ្រាយធំជំងឺកូវីដ១៩ចូលក្នុងសហគមន៍»។

សូមបញ្ជាក់​ថា​ វីរុសបម្លែងថ្មីប្រភេទ B.1.617 នេះបានធ្វើឱ្យពិភពលោក​មាន​ការព្រួយបារ​ម្ភ​យ៉ាង​ខ្លាំង។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន៧ហើយនៅក្នុងតំបន់អាស៊ាន ​មាន​វត្តមានវីរុសបម្លែងថ្មីប្រភេទនេះ​​ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងកម្ពុជា៕