ក្រសួង​ធនធាន​ទឹកប្រកាសពី​ស្ថាន​ភាព​អាកាសធាតុ​​ចាប់​ពី​ថ្ងៃទី​៣០ ខែ​មិថុនា ដល់​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ២០២១​ ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជាពិសេស​នៅ​តំបន់​វាល​ទំនាប​ចាប់​ពី​ថ្ងៃទី​៤ ដល់​ទី​​៦ ខែ​កក្កដា ខាង​មុននេះ​ ស្រប​ពេល​ដែល​ការព្យាករណ៍​ថា ប្រទេស​កម្ពុជា​នឹង​រង​នូវ​ឥទ្ធិពល​ពីរដំណាក់​កាល​ មានឥទ្ធិពល​មូសុង​និរតី និង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា៖ «ប្រទេស​កម្ពុជា​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ពីរ​ដំណាក់​កាល​ដូច​តទៅ​៖ ពី​ថ្ងៃទី៣០ ខែ​មិថុនា ដល់​ថ្ងៃទី៣ ខែ​កក្កដា គឺឥទ្ធិពល​ខ្យល់​មូសុង​និរតី​ខ្សោយ។ ពី​ថ្ងៃទី៤ ដល់​ ៦ ខែ​កក្កដា គឺ​ឥទ្ធិពល​ខ្យល់​មូសុង​និរតី​មធ្យម​ និងជ្រលង​សម្ពាធ​ទាប​ពី​ចិន​»។

ដោយ​ស្ថាន​ភាព​អាកាសធាតុ​មាន​ភាព​ខុសៗ​គ្នា​ទៅ​តាម​តំបន់​ទាំង​បី​ ដូចជា​ខេត្ត​នៃ​តំបន់​វាលទំនាប​កណ្តាលនឹង​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​​ដោយ​អន្លើរ ចាប់​ពី​ថ្ងៃទី​៣០ ខែ​មិថុនា ដល់​ទី​៣ ខែ​កក្កដា​ និង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​បង្គួរ ឯផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ចាប់ពី​ថ្ងៃទី​៤ ដល់​ទី​៦ ខែ​កក្កដា។ ខេត្ត​​ជាប់​ជួរ​ភ្នំដង​រែក និង​ខ្ពង់​រាប​ឦសាននឹង​មាន​ភ្លៀង​ធ្លាក់​​ពី​កម្រិ​ត​ខ្សោយ​ទៅ​មធ្យម​ ដោយ​អន្លើរ​។ និង​តំបន់​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិ​ត​ខ្សោយ​ទៅ​មធ្យម​ ។

អាស្រ័យ​ហេតុ​នេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ផ្គរ​ រន្ទះ និង​ខ្យល់​កន្រ្ទាក់​ដែល​អាច​កើត​មាន​ ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល៕