ជំងឺកូវីដ១៩ជាបញ្ហាចម្បងមួយដែលរាំងស្ទះដល់ការអភិវឌ្ឍ​របស់​ប្រជាជាតិ​នៅ​លើស​កល​លោ​ក។ ប្រទេសកម្ពុជាក៏​រងផលប៉ះពាល់ពីជំងឺកូវីដ១៩ ស្ទើគ្រប់វិស័យ រួម​ទាំង​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ​ ដែល​ទាមទារ​ឲ្យ​មាន​ការយក​ចិត្តទុក​ដាក់​ខ្ពស់​ទៅ​លើប្រ​ជាជ​ន​ដែល ​ប្រកប​របរ​ទាក់ទង​នឹ​ងវិស័យ​នេះ។

លោក ចឹងប៉ូវ ជាអ្នកប្រកបរបររត់​ម៉ូតូកង់​បី​ឥណ្ឌា​មកពីខេត្តព្រៃវែង បានរៀបរាប់ប្រាប់ Newsroom Cambodia ពីស្ថានភាព​ដែ​លលោកកំពុងប្រឈមក្នុងការប្រកបរបររត់កង់បីថា៖ «នៅក្នុង​រដូ​វ​កូវីដ របរ​ផ្សេងគេរកបាន តែខ្ញុំរកមិនបាន ហ្គាសថ្លៃទៀតឥលូវ ហ្គាស​ជិត​៣,០០០​ហើយ ហើយ​ថ្ងៃ​ហ្នឹង​រត់បាន២០០០០ចាក់ហ្គាសអស់១០០០០ រត់នេះ​នោះៗ​ចង់​អស់​បាត់ ពេល​​ខ្លះ​បាន ពេល​ខ្លះក៏មិនបាន ចង់ទៅរករបរផ្សេងដែរតែ ខ្លាចវា​មិន​សម​ប្រកប​ ដុនដាប​ជាង​​មុន​រឹត​តែ​នាំ​ទុក្ខ​ដល់គ្រួសារទៀត និយាយរួមគឺពិបាក»។

អ្នកប្រកបរបររត់កង់បីឥណ្ឌាម្នាក់ទៀតគឺលោក  ជុំ ស៊ីនិត បានរៀបអំពី​សកម្មភាព​ប្រកបរបរប្រចាំថ្ងៃរបស់លោកថា កាលពីមុនមានកូវីដ១៩ លោកអាចរកចំនូលបានប្រហែល​៥ ទៅ​៦ម៉ឺនរៀលក្នុងមួយថ្ងៃ ចំនួននេះគឺអា​ចធ្វើឲ្យ​លោក​យក​ទៅ​ចំណាយ​ទូទាត់​ក្នុង​គ្រួសារ​បាន​មួយ​ផ្នែកធំ។ លោក​បន្ថែម​ថា  ​នៅពេលដែលជំងឺកូវីដ​រាតត្បាតខ្លាំង លោកបាន​បង្ខំចិត្ត​ខ្ចី​លុយ​គេ​ដើម្បី​ដោះស្រាយ​ជីវភាព ក្នុងពេលដែលលោកមិនអាចរកចំណូ​ល​បាន​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។

លោកថា៖ «មុនកូវីដ កង់បីមានមនុស្សជិះច្រើន ចំណូលវាទៅតាមហ្នឹងដែរ រត់មួយ​ថ្ងៃ​អាច​ចំណាយ​បាន​ពីរ​ថ្ងៃចឹង។​ ហើយអាពេល​កូវីដ​មកដល់គឺចប់ ខ្ចីលុយគេចាយ បើមិន​ខ្ចី​អត់​មាន​អី​ដោះស្រាយជីវភាព ធ្វើម៉េចឲ្យតែរស់សិនទៅបើសង្គមវាចឹង»។

លោកស៊ី និត បន្ថែមថា៖ «កូនរៀនចំណាយច្រើន ថ្លៃផ្ទះទឹកភ្លើង អាហ្នឹងវាជាបន្ទុក ហើយ​ខ្ញុំ​ពីរ​នាក់​ប្ដី​ប្រពន្ធ​រកបានតិច បើវានៅតែមិនបាត់ឆ្នាំហ្នឹងទេ ទាំងគេ​ទាំង​ខ្ញុំ​មុខ​តែ​លក់​កង់​បី​ហ្នឹង​ហើយ»។

ចំណែក​អ្នកស្រី មុំ អាយុប្រ៤២ឆ្នាំ ​ជាអ្នកលក់ដូរនៅផ្សាររតនាផ្លាហ្សា បានលើកឡើងថា អ្នកស្រី​សាទរចំពោះការបើកប្រទេសឡើងវិញ ប៉ុន្តែ​សម្រាប់​មុខរបរ​ជា​អ្នកលក់ដូរដូច​​អ្នកស្រី គឺមិ​នកាក់កបទេព្រោះមិនសូវមានអតិថិជនដូចមុនមានកូវីដ​១៩។

អ្នកស្រីថា៖ «ខ្ញុំសប្បាយចិត្តដែលរាជរដ្ឋាភិបាលបានប្រកាសបើកសេដ្ឋកិច្ចឡើងវិញ វាជាឱ​កាស​​ដែល​ខ្ញុំអា​ចប្រកបរបរលក់ដូរវិញបាន ប៉ុន្ដែការលក់ដូរនេះខ្ញុំលក់មិនសូវដាច់ប៉ុន្មានទេ ព្រោះអីខ្សត់អ្នកទិញ ដោយហេតុថា​គេអ្នក​ទិញ​មិនមាន​លុយ​មក​ទិញ​យើង​ច្រើនដូ​ចពីមុនកូវីដ​ដែរ»។

អ្នកស្រីបានបញ្ជាក់ទៀតថា៖ «ទោះបីជាមានការបើកសេដ្ឋកិច្ចឡើងវិញក៏ដោយ ក៏អ្នកទិញ​មិន​មាន​​លុយ​មក​ទិញយើងច្រើនហូរហែដូចពីមុនដែរ ការលក់ដូរខ្ញុំ​សព្វថ្ងៃរក​មិន​គ្រប់គ្រាន់​ថ្លៃ​បង់ទិ​ញភ្លើង និងផ្ទះជួលផង»។

ចំណែកអ្នកស្រី ផាត់ សុរី អាយុ​៤៦ឆ្នាំ ​ជាអ្នក​លក់ខោអាវ​នៅ​ផ្សារ​សាមគ្គី​ ខេត្តសៀមរាប​បានឲ្យដឹងថា ដោយសារ​ការរីករាល​ដាល​​ជំងឺ​​កូវី១៩ និង​មាន​ការបិទ​ច្រកចេញ​ចូ​ល​ទៅ​ក្រៅ​ប្រទេស អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ផ្អាកការ​រកស៊ី ព្រោះមិ​នអា​ចបញ្ជា​ទិញ​ទំនិញ និង​ដឹក​ជញ្ជូន​ទំនិញ​មក​លក់​នៅ​ក្នុង​ស្រុក​បាន ធ្វើឲ្យការរកស៊ីរបស់អ្នកស្រីមានការធ្លាក់ចុះ។

អ្នកស្រីបញ្ជាក់ថា៖ «ពេលបញ្ហាកូវីដកំពុងផ្ទុះខ្លាំងគេបានបិទផ្សារ និងគ្រប់កន្លែង ជាពិសេស​បិទ​ច្រក​ចេញ​ចូលពីខ្មែរ​ទៅថៃ ដែល​បណ្ដាល​ឲ្យ​ខ្ញុំ​មិន​អាច​ទៅ​កម្មង់​ឥវ៉ាន់​ពី​ច្រក​ព្រំដែន​ថៃ​បាន​ដូច​ពី​មុន​ទេ» ។

ស្រដៀងគ្នានេះដែរ អ្នកប្រកបរបររត់ម៉ូតូឌុបនៅជាប់ច្រកទ្វារចូលបុរីសែនមនោរម្យ​ ​លោក​​​​​ ម៉ឹក សីហា បានឲ្យដឹងថា លោកប្រកប​របរនេះអស់រយៈពេលជិត១០ឆ្នាំមកហើយ នៅ​មុន​មិន​ទាន់​មាន​កូវីដ​១៩ ចំណូលដែលលោកទទួលបានពីរបរនេះ​គឺ​អាច​ចំណាយ​ប្រចាំថ្ងៃ​នៅ​ក្នុង​គ្រួសារ​បាន។ លោកថា បច្ចុប្បន្ន​លោក​មិនសូវ​មាន​ម៉ូយ​សម្រាប់​ដឹក ឬ​មាន​គេផ្ញើ​ទំនិញ​ទៅ​មក​តាម​ម៉ូតូ​ឌុប​ទៀត​នោះទេ។

លោកថា៖ «​ខ្ញុំប្រកបរបរនេះជិត១០ឆ្នាំហើយ កាលមុនកូវីដ​មានម៉ូយច្រើន ហើយ​ពេល​ខ្លះអ​ត់​ម៉ូយ​តែ​បាន​ឥវ៉ាន់​អនឡាញ ចំណូលគ្រាន់បើ​ តែមួយរយៈនេះ ដូច​ប្អូន​ឯង​ឃើញ​ស្រាប់ ​អង្គុយ​តែ​លើ​ម៉ូតូពេលខ្លះគ្មានបានអីមួយរៀល»៕​