កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែល​មាន​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ដឹកនាំ​កិច្ច​ប្រជុំ​នៅ​ខែ​វិច្ឆិកា​នេះ​  ត្រូវ​បាន​សម្រេច​​លើកពេល​ទៅ​ពាក់​កណ្តាល​ឆ្នាំ​២០២១​វិញ ដោយសារ​ការរីករាល​ដាល​ជំងឺ​​កូវីដ​១៩។ នេះ​បើតាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការប​រទេស​កម្ពុជា។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ​ចេញ​កាល​​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២០ បញ្ជាក់ថា កាល​ពីថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា​បាន​រៀប​ចំកិច្ច​ប្រជុំ​ឧត្តមមន្រ្តី​អាស៊ី-អឺរ៉ុប តាម​ប្រព័ន្ធ​វីដេអូ ដោយ​មាន​លោក សុក ស៊ីផាន់ណា ​មន្រ្តី​ទទួល​បន្ទុក​កិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប និង​មន្រ្តី​នៃ​បណ្តា​ប្រទេស​ជាដៃគូ​​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​ចូលរួម។ ក្នុង​កិច្ច​ប្រជុំ​នោះ ឧត្តម​មន្រ្តី​នៃបណ្តា​ប្រទេស​ទាំង​នោះ​បាន​ឯកភាព​គាំទ្រ​ចំពោះ​សំណើ​របស់​កម្ពុជា​ សុំលើកពេល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ទី​១៣ ខែ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែវិច្ឆិកា​នេះ ទៅ​​ប្រជុំ​នៅ​ពាក់​កណ្តាល​​ឆ្នាំ​២០២១​វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បញ្ជាក់ថា៖ «ដោយសារ​តែ​ផល​វិបាក​អាក្រក់ នៃ​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ទើប​ឧត្តមមន្ត្រី​ទទួល​បន្ទុក​កិច្ច​ប្រជុំ​កំពូល​ទាំងអស់ បាន​បង្ហាញ​ការឯកភាព​ប្រកប​ដោយ​ស្មារតី​យោគយល់ និង​គាំទ្រ​ជា​ឯកច្ឆន្ទ​ចំពោះ​សំណើ​របស់​កម្ពុជា​សុំ​លើក​ពេល​កិច្ច​ប្រជុំ​​កំពូល​អាស៊ី-អឺរ៉ុប​លើកទី១៣នេះ​ ទៅ​ប្រព្រឹត្ត​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២១​វិញ​»។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ឧត្តម​មន្ត្រី​អាស៊ី-អឺរ៉ុប​ទាំងអស់ បាន​ពិភាក្សា​លើ​សេចក្តី​ព្រាង និង​សេចក្តី​ថ្លែងការណ៍​ ស្តីពី​ជំងឺ​កូវីដ​១៩ ដោយ​​រំពឹង​ថា នឹង​អាច​ដាក់​ចេញ​នៅ​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ២០២០​ខាងមុខ​នេះ ដើម្បី​ឆ្លើយ​តប​រួម​ទៅ​លើ​បញ្ហា​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ ។​

Newsroom Cambodia មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សុក ស៊ីផាន់ណា មន្រ្តី​ទទួល​បន្ទុក​កិច្ច​ប្រជុំ​អាស៊ី​-អឺរ៉ុប​នៅ​កម្ពុជា​បាន​ទេ។ ចំណែក លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​​កម្ពុជា មិន​ទទួល​ទូរស័ព្ទ។​

លោក ឈាង វណ្ណារិទ្ធ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី លើកឡើង​ថា ការ​សម្រេច​លើកពេល​ប្រជុំ​នេះ ជា​ការសម្រេច​ត្រឹមត្រូវ​មួយ​ ​ដោយសារ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប មាន​ប្រទេសច្រើន​រហូត​ដល់​​ជាង​៥០​ចូលរួម ស្របពេល​​​ដែល​ជំងឺកូវីដ១៩ មាន​​​ការកើន​​ឡើង។

លោកបញ្ជាក់​ថា៖ «កា​រពន្យា​ពេល​នឹង​គឺជា​រឿង​ត្រឹមត្រូវ ​ក៏​មាន​ការគាំទ្រ​ពី​សមាជិក ASEM ផង​ដែរ ហើយ​យើង​​មាន​ឱកាស​ក្នុង​ការពិភាក្សា​បន្ថែម និង​ការប្រជុំ​ផ្នែក​រដ្ឋមន្រ្តី​ការបរទេស​ផង  អាច​ពិភាក្សា​នូវ​ការស្តារ​​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​សម័យ​កូវីដ១៩ ដែល​ជា​បញ្ហា​ធំ នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ»។

បើតាមការ​គ្រោង​ទុក កម្ពុជា​គឺ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​មូលបទ «ការពង្រឹង​ពហុ​ភាគី​និយម​​ ដើម្បី​កំណើន​រួមគ្នា»៕