សីលធម៌សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់មានការធ្លាក់ចុះ ដោយសារឃើញមានករណីជាច្រើនបានកើតឡើងនាពេលកន្លងទៅថ្មីៗនេះ ដូចជាការរំលោភ សម្លាប់ ការបំពានផ្លូវភេទទៅលើស្ត្រី ការផឹកស្រវឹងឡូឡា ការស្រែកច្រៀងខារ៉ាអូខេឮៗ រំខានអ្នកដទៃជាដើម ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភក្នុងបណ្តាប្រជាជាតិកម្ពុជា។ ក្រុមអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា នៅពេលដែលសីលធម៌សង្គមធ្លាក់ចុះ បើទោះបីជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឡើងខ្ពស់ដល់កម្រិតណាក៏ដោយ ក៏មិនអាចធ្វើឲ្យសង្គមនោះមានសេចក្តីសុខក្សេមក្សាន្តបានដែរ។
ព្រះភិក្ខុ ពេញ វិបុល សាស្ត្រាចារ្យផ្នែកបណ្ដុះគុណធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានសង្ឃដីកានៅថ្ងៃទី៩ ខែកញ្ញានេះថា សីលធម៌សង្គមគឺជាច្បាប់ទម្លាប់មួយសម្រាប់ចងមនុស្សឲ្យមានការគោរពគ្នាទៅវិញទៅមក ដើម្បីឲ្យមនុស្សចេះរស់នៅក្នុងសង្គមជាមួយគ្នា ដែលនេះហៅថា ជាការរស់នៅចេះអាណិតអាសូរគ្នា ចេះស្រឡាញ់គ្នាក្នុងសង្គម។
ព្រះអង្គបានបង្ហាញការព្រួយបារម្ភរឿងសីលធម៌សង្គមខ្មែរនាពេលបច្ចុប្បន្ននេះថា៖ «ដោយសារតែមនុស្សសព្វថ្ងៃហ្នឹងគេមានទំនោរទៅខាងសម្ភារៈនិយមច្រើន ជាហេតុធ្វើឲ្យមនុស្សហ្នឹងគិតគូរតែពីផលប្រយោជន៍ខ្លួនឯង ខាងសម្ភារៈនិយមវាគ្របដណ្ដប់ខ្លាំងពេក អញ្ចឹងទៅ បើខាងព្រះពុទ្ធសាសនាវិញ គឺថាស្មារតីនិយម ឬគុណធម៌និយម អញ្ចឹងកាលណាមនុស្សហ្នឹងទំនោរទៅខាងសម្ភារៈ នោះខាងសីលធម៌នឹងធ្លាក់ចុះតែម្ដងហើយ»។
ព្រះអង្គ ពេញ វិបុល មានសង្ឃដីកាបន្ថែមថា៖ «កាលណាសីលធម៌ធ្លាក់ចុះ ហើយវាមានអំពើហិង្សាដែលបណ្តាលមកពីការប្រព្រឹត្តមិនត្រូវមានអំពើអានាចារ ដូចជាការវាយប្រហារ ការលួចប្លន់ ការកាប់សម្លាប់ជាដើម កើតឡើងស្ដែងៗក្នុងសង្គម ហើយយូរនិងឆាប់ រឿងហ្នឹងគង់នឹងធ្លាក់មកលើយើង បើមិនព្រមយកចិត្តទុកដាក់»។
ចំណែក លោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវ និងការអភិវឌ្ឍសង្គម មានប្រសាសន៍ថា បញ្ហាសីលធម៌សង្គមនេះ ប្រទេសនៅលើពិភពលោកមិនថាប្រទេសណានោះទេ ក៏សុទ្ធតែជួបប្រទះនឹងរឿងសីលធម៌សង្គមនេះដែរ។ លោកបន្តថា អ្វីដែលទីទៃពីគ្នានោះគឺនៅក្នុងប្រទេសអភិវឌ្ឍន៍ដែលជាប្រទេសមាននូវវិបុលភាពសេដ្ឋកិច្ច ស្ថិរភាពសង្គម និងនយោបាយជានិច្ចកាល កង្វះសីលធម៌សង្គមគឺមានភាគរយតិច ចំណែកឯប្រទេសដែលកំពុងតែប្រឹងហែលឆ្លងចេញពីស្បៃអន្ធការទៅកាន់ទីឋានដែលមានចរន្តសេដ្ឋកិច្ចរីកផុសផុល សុខមាលភាពសង្គម និងនយោបាយ ភាគច្រើន មានអត្រាភាគរយនៃភាពអសីលធម៌សង្គមច្រើន។
លោកថា៖ «បញ្ហាសីលធម៌ក្នុងសង្គមវាមានគ្រប់ជ្រុង មានសីលធម៌វិជ្ជាជីវៈ តុលាការ ចៅក្រម ព្រះរាជអាជ្ញា ព័ត៌មាន សាសនា ជំនួញ គ្រួសារ។ ហើយបើយើងពិនិត្យមើលនៅក្នុងសង្គមខ្មែរ ជាពិសេសនៅក្នុងសីលធម៌ជំនួញ មានការកេងប្រវ័ញ្ច ការកិបកេង ទំនិញគ្មានគុណភាព លក់បន្លែបន្លំ»។
លោក ប៉ា ច័ន្ទរឿន បន្តថា កាតាលីករសំខាន់ពីរដើម្បីស្តារការធ្លាក់ចុះសីលធម៌សង្គមខ្មែរឲ្យមានការរះត្រដែតឡើងវិញ នោះគឺការអប់រំ និងគំរូភាពរបស់អ្នកមានអំណាច។
ស្របពេលដែលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសីលធម៌សង្គម យុវសមណៈ លីន យូរ៉ា ជាសមណៈនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានសង្ឃដីកាថា៖ «ការលើកស្ទួយសីលធម៌នៅក្នុងសង្គមខ្មែរឱ្យចាកផុតពីភាពអសីលធម៌ មានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ តាមរយៈប្រព័ន្ធបណ្តាញសង្គម និងការស្លៀកពាក់របស់ស្ត្រីមានភាពខើចលើ ខើចក្រោម ដែលប្រាស់ចាកពីសីលធម៌សង្គមប្រពៃណីជាដើមនោះ គឺគ្មានអីក្រៅពីការអប់រំតាមពុទ្ធចក្រ និងតាមអាណាចក្រទេដែលធ្វើឲ្យយុវជនខ្មែរនឹងមានភាពដឹងខុស ដឹងត្រូវនៅក្នុងក្រមសីលធម៌របស់ខ្លួន ដែលជាការរស់នៅក្នុងសង្គមទេ»។
ទន្ទឹមនឹងនេះ ព្រះភិក្ខុ ពេញ វិបុល ក៏បានលើកឡើងទាក់ទងនឹងដំណោះស្រាយនៃបញ្ហាការធ្លាក់ចុះសីលធម៌នេះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអដ់ ក្នុងការបញ្ឈប់ការចែករំលែកព័ត៌មានហិង្សាក្នុងសង្គម ត្រូវទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនសុរា ឬល្បែង ដែលធ្វើឱ្យមនុស្សឈ្លក់វង្វេងជាដើម។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មិនឆ្លើយតបនឹងសំណួររបស់ Newsroom Cambodia អំពីស្ថានភាពនៃការធ្លាក់ចុះសីលធម៌សង្គមក្នុងពេលបច្ចុប្បន្ននោះទេ ដោយ លោកគ្រាន់តែឆ្លើយតាមរយៈបញ្ដាញសង្គមតេលេក្រាមថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានណែនំាគ្រឹះស្ថានសិក្សាទំាងអស់ឱ្យអនុវត្តកម្មវិធីសិក្សារួមទាំងសីលធម៌ពលរដ្ឋ ឱ្យបានពេញលេញ ដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ឱ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹងបរិបទជាតិ តំបន់ និងពិភពលោក»។
ការអភិវឌ្ឍទាំងផ្នែកប្រាជ្ញាស្មារតីនៃប្រជាពលរដ្ឋក្នុងសង្គម គឺជាការលើកស្ទួយអត្តសញ្ញាណនៃសង្គមវប្បធម៌ជាតិកម្ពុជា «សីលធម៌គឺជាស្នូល និងជាគ្រឹះនៃការអភិវឌ្ឍ»។ នេះគឺជាការអះអាងរបស់លោកបណ្ឌិត ប៉ា ច័ន្ទរឿន៕