ពលរដ្ឋប្រមាណជា៤០០​នាក់ដែលអះអាងថាជាសមាជិកគណបក្សភ្លើងទៀន​បាន​ចេញ​​ញត្តិថ្កោលទោស និង​ឈរ​​​នៅ​មុខ​ការិយាល័យ​​កណ្តាលគណបក្សភ្លើងទៀន ទាមទារឱ្យប្រធាន​គណបក្ស និងអគ្គលេខាធិការ​ចុះចេញពី​តំណែង។

អ្នកតវ៉ា​ដែល​​អះអាងថាជា​សមាជិក​គណបក្ស​ភ្លើងទៀន​​ទាំងនោះ​​មាន​ពាក់អាវ ​និង​មួក​ដែល​មាន​សញ្ញា​គណបក្ស​ភ្លើង​ទៀន បាន​​ឈរ​​នៅមុ​ខ​ការិយាល័យ​​កណ្តាល​របស់គណបក្ស​ដែលមានទីតាំងនៅ​ផ្ទះលេខ៣២០Eo ភូមិ​បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ពួកគេ​មាន​កាន់​បដាដែល​សរសេរ​​ទាមទារ​​ឱ្យ​​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ គោរព​សិទ្ធិ​សមាជិក​ក្នុង​ការធ្វើសេចក្តីសម្រេចចិត្តដោយផ្ទាល់ខ្លួន បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង និង ចុះចេញពីតំណែងក្នុងគណបក្សដោយឥតលក្ខខណ្ឌ។

លោក នង ធារ៉ា ចៅសង្កាត់រងទី២ សង្កាត់សាលាកំរើក ខេត្តសៀមរាប និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​សៀមរាប​ប្រាប់ Newsroom Cambodia ថា អ្នកចូលរួម​ប្រមាណជា​៤០០​នាក់​ មកពី១០រាជធានី-ខេត្តដែល​​​​ទាមទា​ឱ្យ​លោក ទាវ វណ្ណុល និង​​លោក លី សុធារ៉ាយុត្តិ ចុះចេញ​ពីតំណែង​នេះ ​គឺដោយសារ​ ពួកគាត់​​អសមត្ថភាព និង​ធ្វើ​ការ​ខុសទៅ​នឹង​លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង​រស់​គណបក្ស​។

លោក​បន្ថែម​ថា សូម​ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងបេក្ខជនមកពីគណបក្សផ្សេង សូ​មមេត្តា​ប្រើប្រាស់​ពាក្យ​ពេចន៍​ឱ្យ​​បាន​សមរម្យ កុំមានការគំរាមកំហែង និង​ទិញទឹកចិត្តក្នុងរូបភាពណាមួយ។

លោក នង ធារ៉ា និយាយ​ថា៖ «ស្នើ​ទៅថ្នាក់ដឹកនាំមុន​ធ្វើអី មុនសម្រេចចិត្តអី សូមមេត្តាពិនិត្យលក្ខន្តិកៈ សូម​មេត្តា​ពិចារណា​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ ក្នុងនាមថ្នាក់​ដឹកនាំជាន់ខ្ពស់របស់គណបក្ស សម្រេច​ជោគ​វាសនា​របស់​គណបក្ស កុំសម្រេចតាមកំហឹងរបស់​ខ្លួន»។

លោក នង ធារ៉ា បន្ថែមថា រដ្ឋបាលគណបក្សភ្លើងទៀនបានទទួលញ្ញត្តិ និងស្នាមមេដៃគាំទ្រ​របស់​អ្នកមក​តវ៉ារួចរាល់ និងមានការសន្យាថា​ដោះស្រាយនៅពេលឆាប់ៗនេះ។

ចំណែក លោក សំ វុទ្ធី​ សមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប​មកពី​គណប្សភ្លើងទៀន ដែល​បាន​ឡើង​​មកតវ៉ាដែរនោះ​អះអាងថា ការឡើងមកដាក់ញត្តិថ្កោលទោសលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និង លោក លី សុធារ៉ាយុត្តិ​ មន្ត្រីគណបក្សភ្លើងទៀន ដោយសារការមិន​ពេញចិត្តចំពោះការដោះដូរប្រធានប្រតិបត្តិ​ខេត្ត​សៀមរាបថ្មី ការ​បង្កើត​ស្នាក់ការបក្សថ្មីនៅខេត្តសៀមរាប គំរាម និង​បង្ខំឱ្យសមាជិកក្រុមប្រឹក្សាគណបក្សភ្លើង​ទៀន​ទៅបោះឆ្នោត​ឱ្យ​​គណបក្សឆន្ទៈខ្មែរ​។

លោកបន្តថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានសម្រេចដកលោក សោម សូរិយា ជា​មនុស្ស​សកម្ម​ក្នុងការងារ និងជាប្រធានប្រតិបត្តិ​ក្នុងខេត្តសៀមរាបនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣​ ​ ហើយ​ដាក់​ជំនួស​វិញ​ដោយ​លោក សៀក ចំណាប់ ដែលពុំមានការគាំទ្រ ជាហេតុធ្វើឱ្យ​សកម្មជនមិន​ពេញចិត្ត។

លោក​​បន្ថែមថា៖ «ពួកយើងជាប់ឆ្នោត មិនមែនដោយសារពួកគាត់ទេ គឺជាប់ដោយសារពលរដ្ឋប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​បោះឆ្នោតឱ្យ​យើង ទើបពួកយើងមានតួនាទីនៅក្នុងក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ប្រសិន​ពួកគាត់​មិនមានសមត្ថភាពដោះស្រាយបញ្ហាដែលកើតហ្នឹងទេ ពួកយើងជាសកម្មជននៅមូលដ្ឋានសុំឱ្យពួកគាត់​ទាំងពីរ ហើយប្រសិនមានអ្នកផ្សេងៗលាលែងពីតំណែងទៅ ព្រោះគាត់អត់មានសមត្ថភាពក្នុងកាដឹកនាំគណបក្ស​ទេ ក្នុង​ការសម្របសម្រួលគណបក្សទេ»។

យោងតាមញត្តិថ្កោលទោសដែល Newsroom Cambodia ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹម​សារ​ថា ស្នើឱ្យលោក ទាវ វណ្ណុល និង លោក លី សុធារ៉ាយុត្តិ បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង និង​ការប៉ុនប៉ង​ដក​​ហូត​តួនាទីសមាជិក សមាជិកា និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើងទៀន​នៅ​ថ្នាក់​មូលដ្ឋាន និង​ស្នើ​ឱ្យគោរពសិទ្ធិសមាជិក សមាជិកា គណបក្ស ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយផ្ទាល់ខ្លួន ដោយ​សេរី​គ្មាន​ការរើស​អើង និងគ្មានការបង្ខិតបង្ខំ។

ជុំវិញការទាមទារ និងញត្តិថ្កោលទោសខាងលើ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន លើក​ឡើង​ថា ការប្រមូលផ្តុំមុខទីស្នាក់ការគណ​បក្សភ្លើងទៀន ក្នុង​គោលបំណង​ទាមទារទម្លាក់ប្រធានគណបក្ស និង​អគ្គលេខាធិការឱ្យចេញពី​តំណែងទាំងអស់នេះ គឺជាសិទ្ធិរបស់សមាជិក ក៏ប៉ុន្តែអ្វីដែលមានចែងក្នុងលក្ខន្តិកៈ​គណបក្ស ការតែងតាំង​ ឬទម្លាក់ប្រធាន អគ្គលេខាធិកា ឬថ្នាក់ដឹកនាំកំពូល​គណបក្ស គឺត្រូវធ្វើឡើងតាមរយៈ​សមាជ។

លោកបន្ថែមថា៖ «ការតវ៉ា ការទាមទារ គួរតែធ្វើឡើងតាមរយៈគោលការណ៍ផ្ទៃក្នុងរបស់គណបក្ស ការដោះ​ស្រាយ​​តាមដំណាក់កាល ដូចមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង»។

លោក លី សុធារ៉ាយុត្តិ បន្តថា ចំពោះការចោទប្រកាន់ថ្នាក់ដឹកនាំប្រើសិទ្ធិអំណាចមិនត្រឹមត្រូវ ឥទ្ធិពល គំរាម​កំហែង​ទៅលើសមាជិក សមាជិកា ក្រុមប្រឹក្សា​ឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្ស គឺមិនមែនជាការពិតទេ។ លោក​ថា ថ្នាក់​ដឹកនាំ គឺផ្តល់សិទ្ធិសរីភាព និងប្រឹងប្រែងការពារសមាជិកបក្សពីមនុស្សមួយក្រុមដែល​បាន​ចាកចេញ​ពី​បក្សភ្លើង​ទៀន និង​បានប្រើ​ប្រាស់​​​ឥទ្ធិពល​របស់ខ្លួនកៀបសង្កាត់ បង្ខិតបង្ខំដល់សមាជិកបក្ស​ភ្លើងទៀន​​នៅ​​មូលដ្ឋានធ្វើ​សកម្មភាព​បម្រើឱ្យ​គណបក្ស​ថ្មីនោះ។

លោក លី សុធារ៉ាយុត្តិ បន្ថែមដោយ​អំពាវនាវដល់សមាជិកទាំងអស់ឱ្យ​រក្សានូវគោលជំហរនឹងនរ រួមគ្នាគោព អនុវត្តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។

លោក គីមសួរ ភីរិទ្ធ អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន និងជាសមាជិកគណបក្សឆន្ទៈខ្មែរ លើកឡើងថា អ្នកដែល​មក​តវ៉ា​ទាំង​នោះមានខ្លះជា​សមាជិក​របស់​គណបក្សភ្លើងទៀន ខ្លះជា​អតីត​សមាជិក ដឹកនាំ​ថ្នាក់​ខេត្ត​ដែល​ត្រូវ​បានបញ្ចប់តួនាទីដោយសារខុសបទបញ្ជាផ្ទៃក្នុង បេក្ខជនឈរឈ្មោះ​ព្រឹទ្ធសភា​​ឱ្យគណបក្ស​កម្លាំង​ជាតិ និងមួយក្រុមទៀតបានទៅចុះចូលជាមួយគណបក្សផ្សេង​ហើយ​បាន​តួនាទី។

លោក គីមសួរ ភីរិទ្ធ​ បន្តថា៖ «មកស្របគ្នា មានទាំងបក្សផ្សេងៗ មកពីកន្លែងៗដូចគេណាត់គ្នា មានអ្នកកាសែត​ទៀត ចឹងទៅខ្ញុំនឹងឃើញកាលសម័យលោក ស្រី ចំរើន មកធ្វើបាតុកម្មទម្លាក់លោក គឹម សុខា អត់ខុសគ្នាប៉ុន្មាន​ទេ ឱ្យតែជិតបោះឆ្នោតមានរឿងហើយ»។

លោក គីមសួរ ភីរិទ្ធ​ បន្តថា ការឡើងមកតវ៉ា គឺជាសិទ្ធិសេរីភាពរបស់ពួកគេ​ ប៉ុន្តែលោក​ថា គណ​បក្សមានលក្ខន្តិកៈ​ ចង់ដូរប្រធាន អគ្គលេខាធិការ ត្រូវតែឆ្លងកាត់ការ​ធ្វើសមាជ។​

មួយរយៈចុងក្រោយ​គេ​ឃើញ​​សមាជិកគណបក្សភ្លើងទៀន​មួយចំនួន​បាន​លាលែង​ចេញ​ពី​គណបក្ស​​ ដោយ​បាន​​សម្រេច​​គាំទ្រ​គណបក្សឆន្ទៈខ្មែរ​ដែល​​ជាគណបក្ស​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណបក្ស​ក្នុង​សម្ព័ន្ធ​ភាព​ឆ្ពោះទៅ​អនាគត​ ដើម្បី​ចូលរួម​​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕