សីលធម៌សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់​មាន​ការធ្លាក់​ចុះ ​ដោយ​សារ​ឃើញ​មាន​ករណី​ជាច្រើន​​បានកើតឡើង​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដូចជា​ការរំលោភ សម្លាប់ ការបំពាន​ផ្លូវភេទ​ទៅ​លើ​ស្ត្រី​ ការ​ផឹក​ស្រវឹង​ឡូឡា ការ​ស្រែក​ច្រៀង​ខារ៉ាអូខេ​ឮៗ រំខាន​អ្នក​ដទៃ​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​​​ក្នុង​បណ្តា​ប្រជាជាតិ​កម្ពុជា។ ក្រុមអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា នៅ​ពេល​​ដែល​សីលធម៌សង្គម​​ធ្លាក់​ចុះ បើទោះបីជា​មានការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ដល់​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​សង្គម​នោះ​មា​ន​សេចក្តី​សុខ​ក្សេមក្សាន្ត​បាន​ដែរ​។

ព្រះភិក្ខុ ពេញ វិបុល សាស្ត្រាចារ្យ​ផ្នែក​បណ្ដុះ​គុណធម៌​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា មាន​សង្ឃដីកា​នៅ​ថ្ងៃទី​៩ ខែកញ្ញា​នេះ​​ថា សីលធម៌​សង្គម​គឺ​ជា​ច្បាប់​ទម្លាប់​មួយ​សម្រាប់​ចង​មនុស្ស​ឲ្យ​មាន​ការគោរ​ព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​មនុស្ស​ចេះ​រស់នៅ​ក្នុង​សង្គម​ជាមួយគ្នា ​ដែល​នេះហៅថា ជា​ការ​រ​ស់នៅ​​ចេះ​អាណិត​អាសូរ​គ្នា ចេះ​ស្រឡាញ់​គ្នា​ក្នុង​សង្គម។

ព្រះអង្គ​បាន​​បង្ហាញ​ការព្រួយ​បារម្ភ​​រឿង​សីលធម៌​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា៖ «ដោយសារ​តែ​មនុស្ស​សព្វ​ថ្ងៃ​ហ្នឹង​គេ​មាន​ទំនោរ​ទៅ​ខាង​សម្ភារៈ​និយម​ច្រើន​ ជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​ហ្នឹង​គិតគូរ​តែ​ពី​ផល​ប្រយោជន៍​ខ្លួន​ឯង ខាង​សម្ភារៈ​និយម​វា​គ្រប​ដណ្ដប់​ខ្លាំង​ពេក​ អញ្ចឹង​ទៅ បើ​ខាង​ព្រះពុទ្ធ​សាសនា​វិញ គឺថា​ស្មារតី​និយម ឬ​គុណធម៌​និយម អញ្ចឹង​កាលណា​មនុស្ស​ហ្នឹង​ទំនោរ​ទៅ​ខាង​សម្ភារៈ​ នោះ​ខាង​សីលធម៌​នឹង​ធ្លាក់​ចុះ​តែ​ម្ដង​ហើយ​»។

ព្រះ​អង្គ​ ពេញ វិបុល មាន​សង្ឃ​ដីកា​បន្ថែម​ថា៖ «កាលណា​សីលធម៌​ធ្លាក់ចុះ ហើយ​វា​មាន​អំពើ​ហិង្សា​ដែល​បណ្តាល​មក​ពី​ការប្រព្រឹត្ត​មិន​ត្រូវ​មាន​អំពើ​អានាចារ ដូចជា​ការវាយ​ប្រហារ ការលួច​ប្លន់ ការ​កាប់​សម្លាប់​ជាដើម កើតឡើង​ស្ដែងៗ​ក្នុង​សង្គម ហើយ​យូរ​និង​ឆាប់​ រឿង​ហ្នឹង​គង់​នឹង​ធ្លាក់​មក​លើ​យើង បើ​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់»។

ចំណែក លោក ប៉ា ច័ន្ទរឿន អ្នក​ស្រាវជ្រាវ និ​ង​ការអភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា បញ្ហា​សីលធម៌​សង្គម​នេះ ប្រទេស​នៅ​លើ​ពិភព​លោក​មិន​ថា​ប្រទេស​ណា​នោះ​ទេ ក៏​សុទ្ធ​តែ​ជួប​ប្រទះ​​នឹង​​រឿង​​សីល​ធម៌​សង្គម​នេះ​ដែរ។ លោក​បន្ត​ថា ​អ្វី​ដែល​ទីទៃ​ពី​គ្នា​នោះ​គឺ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដែល​ជា​ប្រទេស​មាន​នូវ​វិបុលភាព​សេដ្ឋកិច្ច ស្ថិរភាព​សង្គម និ​ង​នយោបាយ​ជានិច្ច​កាល​ កង្វះ​សីលធម៌​សង្គម​គឺ​មាន​ភាគរយ​តិច ចំណែក​ឯ​ប្រទេស​ដែល​កំពុង​តែ​ប្រឹង​ហែល​ឆ្លង​ចេញ​ពី​ស្បៃ​អន្ធការ​ទៅ​កាន់​ទី​ឋាន​ដែល​មាន​ចរន្ត​សេដ្ឋកិច្ច​រីក​ផុសផុល សុខមាលភាព​សង្គម និង​នយោបាយ ភាគ​​ច្រើន​ មាន​​អត្រា​ភាគរយ​នៃ​ភាព​អសីលធម៌​សង្គម​​​ច្រើន។

លោកថា៖ «បញ្ហា​សីលធម៌​ក្នុង​សង្គម​វា​មាន​គ្រប់ជ្រុង​ មាន​​សីលធម៌​វិជ្ជាជីវៈ តុលាការ ចៅក្រម ព្រះរាជ​អា​ជ្ញា ព័ត៌មាន សាសនា ជំនួញ គ្រួសារ។ ហើយ​បើ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​សង្គម​ខ្មែរ ជាពិសេស​​នៅ​ក្នុង​សីលធម៌​ជំនួញ មាន​ការកេង​ប្រវ័ញ្ច ការកិប​កេង ទំនិញ​គ្មាន​គុណភាព លក់​បន្លែ​បន្លំ​»។

លោក ប៉ា ច័ន្ទរឿន បន្តថា ​កាតាលីករ​សំខាន់​ពីរ​ដើម្បី​ស្តារ​ការធ្លាក់ចុះ​​​សីលធម៌​សង្គម​ខ្មែរ​ឲ្យ​មាន​ការ​រះ​ត្រដែត​ឡើងវិញ នោះគឺ​ការអប់រំ និង​គំរូភាព​របស់អ្នកមានអំណាច។​

ស្រប​ពេលដែលមាន​ការព្រួយបារម្ភអំពី​ការធ្លាក់ចុះសីលធម៌សង្គម យុវសមណៈ លីន យូរ៉ា ជា​សមណៈ​និស្សិតនៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ មាន​សង្ឃ​ដីកា​ថា៖ «ការលើក​ស្ទួយ​សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​ឱ្យ​ចាក​ផុត​ពី​ភាព​អសីល​ធម៌​ មាន​ការប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម និង​ការស្លៀកពាក់​របស់​ស្ត្រីមា​នភា​ពខើ​ច​លើ ខើច​ក្រោម ដែល​ប្រាស់​ចាក​ពី​សីលធម៌​សង្គម​ប្រពៃណី​ជាដើម​នោះ គឺ​គ្មាន​អី​ក្រៅ​ពី​ការអប់រំ​តាម​ពុទ្ធចក្រ និង​តាម​អាណាចក្រ​ទេ​ដែល​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​នឹ​ង​មាន​ភាព​ដឹង​ខុស​ ដឹង​ត្រូវ​នៅ​ក្នុ​ង​ក្រម​សីលធម៌​របស់​ខ្លួន​ ដែ​ល​ជា​ការរស់នៅ​ក្នុង​សង្គម​ទេ»។

ទន្ទឹម​នឹងនេះ ព្រះភិក្ខុ ពេញ​ វិបុល ក៏​បាន​លើក​ឡើង​ទាក់ទង​នឹង​ដំណោះស្រាយ​នៃ​បញ្ហា​ការ​ធ្លាក់​ចុះ​សីលធម៌​នេះ​ គឺ​ត្រូវមាន​​ការ​ចូល​រួម​ពីគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អដ់ ក្នុងការបញ្ឈប់​ការចែក​រំលែក​ព័ត៌មាន​ហិង្សាក្នុ​ង​សង្គម ត្រូវ​ទប់ស្កាត់​ការប្រើ​ប្រាស់​​គ្រឿង​ញៀន​សុរា ឬ​ល្បែង​ ដែល​ធ្វើ​​ឱ្យ​មនុស្សឈ្លក់​​វង្វេង​ជាដើម។  

អ្នក​នាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មិនឆ្លើយ​តប​នឹង​សំណួររបស់ Newsroom Cambodia ​អំពី​ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​សីលធម៌​​សង្គម​​ក្នុង​ពេល​បច្ចុប្បន្ននោះ​ទេ​ ដោយ​ លោក​គ្រាន់​តែ​​​ឆ្លើយ​​តាមរយៈបញ្ដាញសង្គម​តេលេ​ក្រាម​ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បាន​ណែនំា​គ្រឹះស្ថានសិក្សា​ទំាងអស់​ឱ្យ​អនុវ​ត្ត​កម្មវិធី​សិក្សា​រួម​ទាំង​សីល​ធម៌​ពលរដ្ឋ ឱ្យ​បាន​ពេញ​លេញ ដើម្បី​ចូលរួម​ពង្រឹង​សមត្ថភាព​សិស្សា​នុ​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​សាកល​ដែល​មាន​ចរិយា​សម្បទា វិជ្ជា​សម្បទា បំណិន​សម្បទា និង​គុណ​តម្លៃ ឆ្លើយតប​នឹង​បរិបទ​ជាតិ តំបន់ និង​ពិភព​លោក»។

ការអភិវឌ្ឍ​ទាំង​ផ្នែក​ប្រាជ្ញា​ស្មារតី​នៃ​ប្រជាពលរដ្ឋ​ក្នុង​សង្គម គឺ​ជា​ការ​លើក​ស្ទួយ​អត្តសញ្ញាណ​នៃ​សង្គម​វប្បធម៌​ជាតិ​កម្ពុជា «សីលធម៌​គឺជា​ស្នូល​ និ​​ង​ជា​គ្រឹះ​នៃ​ការអភិវឌ្ឍ»។​ នេះ​គឺជា​ការអះអាង​របស់​លោក​បណ្ឌិត ប៉ា ច័ន្ទរឿន៕​