ខេត្តសៀមរាប៖ អាជីវករ និងអ្នករត់ម៉ូតូកង់បីនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាននិយាយថាពួកគាត់បានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃភ្ញៀវទេសចរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ ១៩ ដែលបានវាយលុកប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០។
លោកស ឡៃ អាយុ៤៨ឆ្នាំ ជាអ្នករត់កង់បីនៅក្នុងតំបន់អង្គរបានប្រាប់ថា ប្រាក់ចំណូលរបស់លោកពីមុនមានចន្លោះពី១០ដុល្លារ ទៅដល់ ៧០ដុល្លារ ក្នុងមួយថ្ងៃ ក៏ប៉ុន្តែបច្ចុប្បន្ននេះ បានត្រឹម ៥០០០រៀល ហើយពេលខ្លះ បាន៣ម៉ឺន ទៅ៤ម៉ឺនរៀល។
លោកលើកឡើងដូច្នេះថា៖ «កាលភ្ញៀវមាននៅ ចំណូលយ៉ាងតិចក៏១០ដុល្លារដែរ បើអាខ្ពស់បំផុតមិនអាចប្រាកដទេ ដូចថា ២០-៣០ដុល្លារ ជួនកាលបានដល់ទៅ ៧០ដុល្លារអីទៅ បើយកភ្ញៀវទៅដាក់ទន្លេ ឬតាមហាងអីទៅអញ្ចឹង យើងបានច្រើនតាមហ្នឹងទៅជាពិសេសភ្ញៀវបរទេស។ បើឥឡូវនិយាយអោយត្រង់ទៅជួនកាលបានប្រាំពាន់ ហើយថ្ងៃណាក៏អត់ទៅ បើហេងបាន ៣ទៅ៤ម៉ឺន»។
លោកបានបន្ថែមថា៖ «បើផ្គត់ផ្គង់គ្រួសារទៅ គឺទៅអត់រួចទេ ទាល់តែមានប្រពន្ធជួយរកនេះខ្លះ នោះខ្លះ តែប្រពន្ធពូនៅតែផ្ទះមើលតែកូន តែពូមានម្តាយនៅក្រៅប្រទេសផងដែរ គាត់អោយមួយខែ ១០០ដុល្លារគ្រាន់ជួយទប់ខ្លះក្នុងពេលកូវីដអញ្ចឹង»។
«ពិបាកនិយាយវាខុសប្លែកគ្នាឆ្ងាយណាស់ ហើយក្នុងមួយថ្ងៃទៅលើម្ហូបតិចបំផុតក៏ត្រឹម ៣ម៉ឺនដែរ ឥឡូវទិញម្ហូបត្រឹម៣ពាន់ ហូបពីរនាក់ប្តីប្រពន្ធទៅ និយាយទៅវាពិបាកណាស់ មិនហ៊ានស៊ីចាយអីទេ ពិបាករកលុយមិនបានតែម្តងបើអាកាលផ្ទុះកូវីដដំបូង គឺស្ងាត់ឈឹងតែម្តង អត់មាននរណាមកទេ»។

អ្នកស្រីឡាយ លី អាយុ ៣៦ឆ្នាំ ជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅជិតប្រាសាទអង្គរវត្តបានប្រាប់ថាពីមុនអ្នកស្រី រកប្រាក់ចំណូលបានពី ៤ម៉ឺន ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ បច្ចុប្បន្នរកបានតិចតួច ចំណេញបានតិចតួចស្ទើរតែមិនអាចផ្គត់ផ្គង់ជីវភាពព្រោះត្រូវចំណាយលើម្ហូបអាហារ ការរៀនសូត្ររបស់កូន និងត្រូវបង់ការ ប្រាក់នៅធនាគារជាដើម។
អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំលក់នៅនេះយូរហើយ តែនៅខាងក្នុង ៦-៧ឆ្នាំហើយ លក់តែអាហ្នឹងឯង កាលមុនកូវីដ មួយថ្ងៃបានប្រហែលជា ៤-១០ម៉ឺនអត់ទៀងទេ តែថ្ងៃនេះអត់។ ផ្គត់ផ្គង់អត់គ្រប់គ្រាន់ទេ ព្រោះវាចំណេញតិចតួចលក់បាន ៦-៧ម៉ឺនយកទៅទិញឥវ៉ាន់វិញ សល់តែបន្តិចបន្តួចគ្រាន់ទុកអោយកូនហូបអោយរួចមួយថ្ងៃ សឹងតែមិនរួច»។
«ប៉ះព៉ាល់តែមែនទែនតែម្តង ដូចជាពួកខ្ញុំលក់អញ្ចឹងមានការជំពាក់អង្គការអីអញ្ចឹង ហើយត្រូវការបង់អោយគេរាល់ខែ ដល់ពេលអញ្ចឹងទៅវាពិបាកណាស់ ដូចការរៀនសូត្ររបស់កូន វាត្រូវរៀនគួរ រៀនអង់គ្លេស អញ្ជឹងយើងត្រូវការចំណាយដល់ពេលអត់បានអញ្ចឹងវាពិបាក»។

លោកប៊ុន យូរឆៃលៀង អាយុ ៣៨ឆ្នាំ ជាអ្នករត់កង់បីបាននិយាយថាប្រាក់ចំណូលពីមុន និងបច្ចុប្បន្នខុសគ្នា ឆ្ងាយហើយឥឡូវនេះរកបានតែ២ម៉ឺនរៀល ទៅ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ជួនកាលក៏អត់បាន។
លោកបានលើកឡើងថា៖ «ខុសគ្នាឆ្ងាយណាស់ប្អូន កាលនៅភ្ញៀវបរទេសហើយអត់មានកូវីដ យើងរកបានម៉ូយស្រួល ឲ្យតែចេញរកដឹងតែបាន ប៉ុន្តែឥឡូវ ទោះបីយើងប្រឹងចេញរកប៉ុណ្ណានៅតែរកអត់បានដូចមុនទេ ដោយសារយើងអត់មានភ្ញៀវបរទស អាចបានជា ៨-១០ម៉ឺន តែឥឡូវបានតែ ២ម៉ឺន ៣ម៉ឺន ជួនកាលសឹងតែអត់សោះតែម្តង»។
លោកបន្ថែមថាចំណូលអត់គ្រប់ដោយសារតែគាត់ជំពាក់គេដែរ ហើយមានការពិបាកក្នុងការសន្សំសងគេ ដូចជាប៉ុន្មានខែមុន គាត់បានសុំពន្យារសងលុយគេ ព្រោះតែអត់មានលទ្ធភាពសង អញ្ចឹងទៅគេឲ្យបង់តែការ។
«ពេលបង់តែការអញ្ចឹងទៅវាខាតយើងវិញ។ មុនធ្លាប់ឲ្យគ្រូសារគាត់ចេញលក់ដូរតិចតួច តែពេលលក់ទៅវាអត់ដាច់ ព្រោះឥឡូវគេចេញលក់ច្រើន នៅពេលបាត់បង់ទេសចរណ៍ទៅ គាត់អត់មានអីធ្វើ គាត់ចេញលក់ដូចយើងដែរ ដល់ពេលយូរៗទៅវាពិបាកអត់មានពីណាមើលកូន អញ្ចឹងទៅអោយគាត់មើលកូនយើងចេញរកតែឯងទៅ តែជួនកាលខ្វះខាតអីម៉ែឪគាត់ផ្ញើរមកខ្លះទៅ»។
លោក ង៉ូវ សេងហាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានប្រាប់ Newsroom Cambodia យ៉ាងខ្លីថា ភ្ញៀវទេសចរនឹងចាប់ផ្តើមមកកម្សាន្តវិញនៅពេលដែលស្ថានភាពជំងឺកូវីដមានភាពប្រសើរឡើង។
«បើសភាពការណ៍កូវីដប្រសើរ ភ្ញៀវនឹងត្រឡប់មកវិញ ដល់ពេលកូវីដអីចឹង យើងដឹងថាស្ថានភាពវាដោយសារជំងឺកូវីដ ការហោះហើរក៏អត់មានដែរ មកសៀមរាបអីចឹង»។
Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ដោយ ទូរស័ព្ទហៅជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល។
យោងទៅតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរណ៍ក្នុងឆ្នាំ២០១៩ មានប្រមាណជាជាង ៦លាននាក់ កើនឡើង៨ភាគរយប្រៀបធៀបឆ្នាំ២០១៨ ក៏ប៉ុន្តែក្នុងឆ្នាំ ២០២០ ភ្ញៀវទេសចរណ៍សរុបមានត្រឹមតែជាង ១លាននាក់ប៉ុណ្ណោះ ពោលគឺមានការធ្លាក់ចុះជិត៨០ភាគរយ។ នេះយោងតាមស្ថិតិផ្លូវការ៕