ក្រសួងសុខាភិបាល​ នៅ​ថ្ងៃពុធ​នេះ បាន​ប្រកាស​​អំពីទីតាំងភូមិសាស្ត្រ​ចំនួន​៥​រាជធានី ខេត្ត ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩។

ក្នុងសេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ​​បញ្ជាក់​ថា ទីតាំងភូមិសាស្ត្រត្រូវបានកំណត់យកជាតំបន់មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ មានចំនួនប្រាំ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តសៀមរាប។

សេចក្តី​ជូន​ដំណឹង​នេះ​បញ្ជាក់ថា៖ «តម្រូវឱ្យប្រជាជនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និង​រក្សា​គម្លាតស​ង្គម​ជា​ចាំ​បាច់ ដោយមានអន្តរាគមន៍ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បី​ចាត់​វិធានការ​ធានា អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ព្រមទាំង​សូម​ឱ្យ​សាធារណ​ជន​ទាំងអស់​ក្នុង​តំប​ន់កំណត់ខាងលើ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន»។

សេចក្ដីជូនដំណឹងនេះ ធ្វើឡើង​ក្រោយការ​ចេញ​ប្រកាសអំពីកាតព្វកិច្ចពាក់ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត បាន​ពីរថ្ងៃ និងត្រូវអនុវត្តចាប់ពីថ្ងៃ២៤ មីនានេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី។

លិខិត​របស់​ក្រសួង​សុខាភិបាល​ដដែល​បន្ថែម​ថា សម្រាប់​ការផាកពិន័យ និងទោសទណ្ឌ ដែល​មាន​ចែង​ក្នុងអនុក្រឹត្យស្ដីអំពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺកូវីដ​១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ដទៃទៀត ក៏នឹងត្រូវអនុវត្ត ក្នុង​ភូមិសាស្ត្រ​រាជធានី​ខេត្ត​ទាំង​៥ខាង​លើ​ផង​ដែរ។

គិតត្រឹមថ្ងៃទី២៤ មីនា ២០២១​ នេះ កម្ពុជាមានករណីអ្នកឆ្លងជំងឺកូវីដសរុប ១,៨១៧នាក់ ដោយ​អ្នក​កំពុងសម្រាកព្យាបាលមាន ៧៧៧នាក់ អ្នកបានជាសះស្បើយមាន ១,០៣៣នាក់ និងមាន ៥នាក់​បាន​បាត់​បង់ជីវិត៕