រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស​ ខេង​ ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា លើកឡើង​​ថា​ ខ្មាំង​របស់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​​មាន​ចំនួន​ពីរ​ ​​គឺខ្មាំង​ល្ងង់ខ្លៅ​ និង​​​ខ្មាំង​អត់ឃ្លាន​ និង​ភាព​ក្រីក្រ​។

បើ​​​តាម​ការ​​ផ្សាយ​លើ​​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវកា​រ​របស់​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃទី​០៣​ ខែ​តុលា​ ឆ្នាំ​២០២២​នេះ​ វីដេអូ​ប្រវែង​ ២:៣៤​​នាទី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស​ ខេងបាន​ថ្លែង​​ក្នុង​ពិធី​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​របស់​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ ស​ សុខា​ ក្នុង​ឃុំចំនួន​បី​ នៅ​ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​​ថា​ ក្នុង​ពេល​បច្ចុប្បន្ន កម្ពុជា​មាន​ខ្មាំង​ចំនួន​ពីរ​ ទីមួយ​គឺ​ខ្មាំង​ល្ងង់​ខ្លៅ​ ទី​ពីរខ្មាំង​អត់​ឃ្លាន​ ភាព​ក្រីក្រ​​។

លោក​ ស​ ខេងបញ្ជាក់ថា​៖ «យើង​សន្តិភាព​ហើយ​ វា​អត់​មាន​ខ្មាំង​ណា​មកវ៉ៃ ​[វាយ] ជា​ចំហរ​ជាមួយ​យើង​ទៀត​ទេ​ ប៉ុន្តែ​ខ្មាំង​យើង​គឺ​ខ្មាំងទីមួយ​ខ្មាំង​ល្ងង់​ខ្លៅ​ អាហ្នឹង​ខ្មាំង​ហើយ​ ទីពីរ​ខ្មាំង​អត់​ឃ្លាន​ ខ្មាំង​ក្រីក្រ​ ភាព​ក្រីក្រ​គឺ​ជា​ខ្មាំង​សត្រូវ​របស់​យើង​ ភាព​ល្ងង់ខ្លៅ​គឺ​ជា​សត្រូវ​របស់​យើង»​។

លោក ស ខេង បន្ថែម​ថា ​ ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ប្រឆាំង​ខ្មាំង​ទាំង​ពីរ​ខាង​លើ​ គឺ​ត្រូវ​​​ធ្វើ​ឱ្យ​កូន​អ្នកក្រី​ក្រ​មាន​ភាពលទ្ធភាព​ភាព​ក្នុងការ​រៀន​សូត្រ​ដូច​កូន​អ្នក​ធំ​ អ្នក​មាន​ដែរ​​។

លោក​ ស​ ខេង​ បន្ថែម​៖ «ដើម្បី​ជួយ​​ប្រជាពលរដ្ឋ​បន្ទាប់​ពីប្រឆាំង​របប​នានា​ឈ្នះ​ ជា​ពិសេស​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​ យើង​ត្រូវ​វ៉ៃ​ [វាយ]​ ខ្មាំង​ទៀត​ ខ្មាំង​ស្អី? ខ្មាំង​ក្រីក្រ​ ខ្មាំង​ល្ងង់ខ្លៅ​។ កុំ​ឱ្យ​គេ​ថា​យើង​អ្នកចុង​កាត់​មាត់​ញកវា​អត់​ដឹង​អី​​ បាន​តែ​កូន​គេ​អ្នក​ធំ​ កូន​គេ​អ្នក​នៅ​ភ្នំពេញ​អី​គេ​រៀន​សូត្រ​ គេ​អី​អ៊ី​ចឹង​ កូន​អ្នក​ក្រី​ក្រ​អត់​លទ្ធភាព​»។

លោក​បញ្ជាក់​បន្ថែម​ថា​៖ «ពូកែ​អត់លទ្ធភាព​ឥឡូវ​យក​សាលា​មក​ដាក់​ជិត​ផ្ទះ​ វា​ជិត​ណាស់​ទៅ​ហើយ​ ចូល​ពី​នេះ​យើង​ដើរ​ទៅ​ក៏​ដល់​ដែរ​​ យើង​ជិះ​កង់​ក៏ដល់​ដែរ​ បើយើង​មាន​ម៉ូ​តូ​ជិះ​រឹត​តែ​លឿន​ទៀត​។ កូន​ប្រជាពលរដ្ឋ​ខ្លះ​លោក​អាច​ទិញ​ឡាន​ជិះ​ថោកៗ​ នេះ​ជា​មោទនភាព​របស់​យើង​បាន​ធ្វើ​យ៉ាង​ដូច្នេះ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​និយាយ​បែប​នេះ​មិន​បាន​សេចក្ដីថា​​ អ្វី​ៗវា​មាន​ទាំង​អស់​នៅ​ក្នុង​ស្រុក​យើងទេ​ គឺ​ថា​វា​ត្រូវ​ការ​ពេល​វេលា​»។

បើតាមការ​ផ្សាយ​របស់​អង្គការ​យូនីសេហ្វ កុមារនៅកម្ពុជា នៅពុំ​ទាន់​មាន​​ស្តង់ដា​នៃ​ការរៀន​សូត្រ​ដែល​អាច​ទទួលយកបាន​ ស្របទៅតាមអាយុរបស់ពួកគេទ្បើយ។ នៅកម្រិតបឋម​សិក្សា មាន​កុមារ​រៀន​ថ្នាក់​ទី៣ ជិត​២៥ ភាគរយពុំចេះសរសេរសូម្បីតែពាក្យមួយម៉ាត់នៅក្នុងតេស្តសរសេរតាមអាន។ កុមារ​អាយុពី៣ ទៅ ៥ឆ្នាំ ត្រឹមតែ​២៧ ភាគរយតែប៉ុណ្ណោះ ដែលមានការអភិវឌ្ឍចំណេះដឹងអក្សរ និង​លេខនព្វន្តស្របទៅតាមអាយុរបស់ពួកគេ ហើយមានក្មេងជំទង់ ៥៥ ភាគរយ​បោះបង់​ចោល​ការសិក្សា មុនពេលពួកគេមានអាយុ​១៧ឆ្នាំ៕​