ចាប៉ីដងវែង​​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ក៏​ប៉ុន្តែ​ បើ​និយាយ​ពី​ទី​កន្លែង​បណ្តុះបណ្តាល​ការហាត់រៀន​ និង​ ទីផ្សារ​ចាប៉ី​ដង​វែង​វិញ​ គឺ​នៅ​មាន​កម្រិត​ទាប​ជាង​​ឧបករណ៍​តន្រ្តីសម័យ​។ មួយ​វិញ​ទៀត​ កូន​ខ្មែ​រមួយ​ចំនួន​​នៅ​តែ​មិន​ដែល​ស្គាល់​ អំពី​ឧបករណ៍​បុរាណ​ប្រភេទ​នេះ​នៅ​ឡើយ​។

Newsroom Cambodia បាន​សម្ភាសន៍​លោក​ ពេជ​ សារ៉ាត​ ជា​គ្រូ​បន្ត​វេន​បន្ទាប់​ពី​ព្រឹទ្ធាចារ្យ​ កោសល្យវោហារ​ គង់​ ណៃ​ នៃ​សហគមន៍​ចាប៉ី​អមតៈ​ (Community of Living Chapei) ។ លោក​ពេជ​ សារ៉ាត​ បាន​ផ្តល់​ជា​បទ​សម្ភាស​ដល់​សិក្ខាកាម​ Newsroom Cambodia គឺ​ កញ្ញា​មាស​ ដា​ អំពី​តូរ្យតន្រ្តី​ចាប៉ី​ដងវែង​នៅ​កម្ពុជា​។

Q:​ សូម​គោរព​ជម្រាប​សួរ​!

A: បាទ​, សូម​ជម្រាប​សួរ​!

Q: តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ ចាប៉ី​ដងវែង​?

A: បាទ​, ឧបករណ៍​ចាប៉ី​ដងវែង​គឺ​ជា​ ឧបករណ៍​មួយ​ប្រភេទ​ដែល​មាន​អាយុ​កាល​យូរ​យារ​​ណាស់​មក​ហើយ​ ហើយ​ឧបករណ៍​នេះ​ជា​ឧបករណ៍​ខ្សែរ​​ដែល​ច្រៀង​អម​ជា​មួយ​សំនៀង​នៃ​សំឡេង​ដែល​ដេញ​បន្ត​គ្នា​ ឬ​ជា​តូរ្យតន្រ្តី​ដែល​ប្រគុំ​ឡើង​ដើម្បី​អប់រំ​ក្នុង​ការ​ក្រើនរំឭក​ ការ​លើក​ពី​ច្បាប់ទូន្មាន​ផ្សេងៗ​ ទៅ​ដល់​ប្រជាជនខ្មែរ​យើង​ ក៏​ដូច​ជា​បម្រើ​ទៅ​ឲ្យ​សោត​ឥន្រ្ទិយអារម្មណ៍​អ្នក​ស្ដាប់​ប្រកប​ទៅ​ដោយ​ភាព​ប៉ិនប្រសព្វ​និង​ ច្នៃ​ប្រឌិត​។

Q:​ តើ​តូរ្យតន្រ្តី​នៃ​ចាប៉ីដងវែង​ប្រភេទ​ណា​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​?

A: បាទ​, សម្រាប់​តូរ្យតន្រ្តី​ឧបករណ៍​ចាប៉ីដងវែង​នោះ​គឺ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ដោ​យ​សារ​សកលភាវូបនីយកម្ម​ និង​ បច្ចេកវិទ្យា​ គឺ​មាន​ការច្នៃប្រឌិត​ទំនើបកម្ម​ ឃើញ​ថា​មាន​ការពេញនិយម​ វា​គឺ​ជា​អ្វី​ដែល​គេ​ទទួល​ស្គាល់​ទាំង​ក្មេង​ទាំងចាស់​ ទាំង​ថ្នាក់​ដឹក​នាំ​លោក​ទទួល​ស្គាល់​។ ឃើញ​ថា​យើង​ពី​មុន​ធ្លាប់​កេះ​ចាប៉ី​តែ​ឯងៗ​ទេ​ ហើយ​ការច្នៃ​ប្រឌិត​​នេះ​​ដែរ​​គឺ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ហួស​ព្រំដែន​ ច្នៃប្រឌិត​ប្រកប​ទៅ​ដោយ​ការអភិរក្ស​។ ដូច​ជា​ការលេង​ចាប៉ី​គ្នា​ ១០​នាក់​ ក្នុង​ពេល​តែ​មួយ​ ឬ​ក៏​ច្រៀង​ជា​ក្រុម​ ដោយ​មាន​ការ​លេបខាយ​ កំប្លុកកំប្លែង​ជា​ដើម​។

Q: តើ​តូរ្យតន្រ្តី​ឧបករណ៍​ចាប៉ីដងវែង​មាន​ការវិវត្ត​បែប​ណា​ដែរ​ បើ​ធៀប​ទៅ​នឹង​ពី​មុន​?

A: បើ​យោង​តាម​ការសិក្សា​ស្វែង​យល់​របស់​ខ្ញុំ​កន្លង​មក​ តាម​ការពិត​ទៅ​ចាប៉ីដងវែង​កាល​ពី​ដើម​ឬស​គល់​ដំបូង​ គឺ​ផ្នែក​នារី​ ផ្នែក​ស្រ្តី​ ដែល​ជា​ផ្នែក​រៀន​ចាប៉ី​ដងវែង​ ព្រោះ​សំឡេង​នេះ​ជា​សំឡេង​ផ្នែកនារី​ ព្រោះ​ថា​សំឡេង​ចាប៉ី​វា​ឆ្មាៗ​ តូច​ លន្លង់លន្លោច ពីរោះពិសារ​។ ដល់ពេល​ក្រោយៗ​មក​ទៀត​បែរ​ជាមាន​តែ​បុរស​ទៅ​វិញ​ ដែល​ជា​អ្នក​ប្រគុំ​ ហើយ​ជា​ធាតុ​ពិត​ចាប៉ីដងវែង​នេះ ​គឺ​លេង​បាន​ទាំង​បុរស​ ទាំង​នារី​ ក្នុង​ការប្រគុំ​។

តែ​នា​ពេល​បច្ចុប្បន្ន​នេះ​​គឺ​សង្កេត​ឃើញ​ថា​ ខាង​នារី​គឺ​តិច​បំផុត​ ដោយ​សារ​តែ​​គាត់​មិន​សូវ​ចាប់​អារម្មណ៍​ ហើយ​ខ្ញុំ​តែង​តែ​សួរ​គាត់​ គាត់​ថា​ដោយ​សារ​តែ​ខ្លាច​ខុស​គ្រូ​ ហើយ​គាត់​និយាយ​ថា ​ចាប៉ីដងវែង​គឺ​សម្រាប់​តែ​បុរស​ទេ​។ មួយ​វិញ​ទៀត​ខ្ញុំ​សាក​ល្បង​​ចាប៉ីដងវែង​នៅ​តាម​ថ្នាក់​ទី​៧​រួច​ហើយ​ ក្នុង​ចំណោម​សិស្ស​ ៣០​-៤០​ នាក់​ហ្នឹង​គឺ​គាត់​អត់​ស្គាល់​ចាប៉ីដងវែង​ទេ​ ភាគ​ច្រើន​គាត់​ស្គាល់​តែ​ហ្គីតា​ បើ​និយាយ​ពី​កន្លែង​លក់​ចាប៉ី​វិញ​គឺ​អ្នក​ជាវ​ចាប៉ី​តែង​និយាយ​ថា​ អើយ​អភ័ព្វ​ណាស់​ឧបករណ៍​ចាប៉ី​មិន​មាន​ហាង​លក់​តាម​ដង​ផ្លូវ​ធំៗ​ដូច​ឧបករណ៍​តន្រ្តី​សម័យ​នោះ​ឡើយ​។

Q: តើ​ចាប៉ីដងវែង​គេ​និយម​លេង​នៅ​ពេល​ណា​?

A: បាទ​, សម្រាប់​ការពេញនិយម​គឺ​ ឃើញ​ថាកា​រពេញនិយម​គឺ​ទៅតាម​កម្មវិធី​ផ្សេងៗ​ ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ ដែល​ខ្ញុំ​កាល​ពី​ចូល​ប្រលូក​មក​ដល់​បច្ចុប្បន្ន​ហ្នឹង​ គឺ​មាន​នៅ​ក្នុង​កម្មវិធី​បុណ្យ​៧​ថ្ងៃ​ដែរ​ ដោយ​សារ​តែ​មាន​ការ​ផ្ដែផ្ដាំឲ្យ​ចេះ​ថែរក្សា​ចាប៉ីដងវែង​ពី​សំណាក់​ម្ចាស់​សព​។

Q: តើ​យើង​អាចរៀន​ចាប៉ីដងវែង​តាម​រយៈ​ណា​?

A: សម្រាប់​ចាប៉ីដងវែង​គឺ​ មាន​កម្មវិធី​បង្រៀន​ផ្ទាល់​ និង​តាម​រយៈ​អនឡាញ​ ដោយ​អាច​ចូល​ទៅ​ក្នុង​ផេក​​សហគមន៍​ចាប៉ីអមតៈ​ ដែល​មាន​ជា​ភាសា​អង់គ្លេស​ Community of Living Chapei ឬ​តាម​លេខ​ទូរស័ព្ទ​ ០៩២ ៦៧៥ ៣២៣ ០១០ ៦២៥ ៤៣៩ ឬ​ក៏​តាម​រយៈ​តេឡេក្រាម​ ០៩៥ ៩៦៤ ៩៥០។

Q: សូម​លោក​ ជួយ​ផ្តល់​ជា​ការ​យល់ឃើញ​ ក៏​ដូច​ជា​សារ​មួយ​ទាក់​ទង​ទៅ​នឹង​​ចាប៉ី​ដងវែង​នៅ​កម្ពុជា​។

A: បាទ​, ក្នុង​នាម​ខ្ញុំ​ជា​សិល្បករ​ ក៏​ដូច​ជា​គ្រូ​ចែក​រំលែក​នៃ​ឧបករណ៍​ចាប៉ីដងវែង​ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ពុកម៉ែបងប្អូន​ថា​ ចាប៉ីដងវែងមិន​ចាំ​បាច់​ទាល់​តែ​​យើង​រៀន​ពូកែ​​ចាំ​រៀន​កើត ​គឺ​មិនមែន​ទេ​ ព្រោះ​នេះ​គឺ​ជា​ការស្រឡាញ់​ ការចូលរួម​ ជា​ភារកិច្ច​ កាតព្វកិច្ច​កូនខ្មែរ​យើងគ្រប់ៗ​រូប​ ក្នុង​នាម​ធានា​កិច្ចការ​ការពារវប្បធម៌​ខ្មែរ​ ដែល​បុព្វបុរសខ្មែរ​​បាន​បន្សល់​ទុក​តាំង​ពី​ដើម​មក​ដល់​បច្ចុប្បន្ន​។

ជា​ចុង​ក្រោយ ​ខ្ញុំ​សូមចិត្ត​ពុកម៉ែបងប្អូន​ឈប់​យល់​ច្រឡំ​ថា​ រៀន​ចាប៉ីដងវែង​ធ្វើ​ឲ្យ​ពិកា​ភ្នែក​ ខ្ញុំ​សូម​អង្វរ ​កុំ​ប្រើ​ពាក្យ​ហ្នឹង​​សម្រាប់​កូន​ខ្មែរ​យើង​ជំនាន់​ក្រោយ​ ពី​ព្រោះ​ពាក្យ​នេះ​គឺ​ធ្វើ​ឲ្យ​មនុស្សម្នា​គេ​ខ្លាច ​គេមិន​ចង់​រៀន​ចាប៉ី​ទេ​ នេះ​គឺ​ជា​ពាក្យ​ភាន់​​ច្រឡំ​មួយ​​ហើយ​មួយ​វិញ​ទៀត​ នៅ​បច្ចុប្បន្ន ​ទៅ​អនាគត​ខាង​មុខ ​ឧបករណ៍​ចាប៉ីដងវែង​នេះ​​បាត់បង់​យ៉ាង​ណា​ ក៏​យើង​មិន​អាច​បន្ទោស​បុព្វ​បុរស​ខ្មែរ​បាន​ឡើយ​ ព្រោះ​គាត់​បាន​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ ​ថែរក្សា​បន្ត​។ ដូច្នេះ​ហើយវា​គឺ​ជា​ កំហុស​របស់​យើង​ក្នុង​នាម​បច្ចុប្បន្ន​ និង​អនាគត​​ដែល​មិន​ចូលរួម​ក្នុង​ការថែរក្សា​ រួម​លើកទឹកចិត្ត​ រួម​គ្នា​លើក​កម្ពស់​ និង​ផ្ដល់​ឱ​កាស​ចំពោះ​អ្នក​ចាប៉ី​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដូច​តន្រ្តី​សម័យ​ដែរ​។

Q: សូមអរគុណ​លោក​ ពេជ​ សារ៉ាត។​

A: បាទ សូមអរគុណ៕