ទឹកជំនន់ឆ្នាំ២០២២នេះបានធ្វើឱ្យប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករកម្ពុជា ជាពិសេស​ដំណាំស្រូវ​មាន​ការខូចខាត​ប្រមាណ​ជា​៣០ម៉ឺន​ហិកតា ក្នុង​២០​ខេត្ត​នៃ​ប្រទេស​កម្ពុជា។ ប៉ុន្តែ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈក្រ​សួងកសិកម្មក៏បានអន្ដរាគមន៍ភ្លាមៗ ដោយ​បាន​ផ្ដល់​គ្រាប់​ពូជ​ស្រូវ និង​ដំណាំផ្សេ​ង​ទៀត​ដល់​ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ចំនួ​ន​១៩។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC Cambodia) បានផ្ដល់​កិច្ច​សម្ភាសន៍​ដល់​លោក​ សាក់ ស៊ីហឿន ជាសិក្ខាកាមNewsroom Cambodia អំពី​ផល​ប៉ះពាល់​ដំណាំ​កសិកម្ម​របស់​ប្រជា​កសិករ ក្រោយ​ទឹក​ជំនន់​។

Q: ជម្រាបសួរលោក ថេង សាវឿន!

A: បាទជម្រាបសួរ!

Q: នៅឆ្នាំ២០២២នេះ កម្ពុជាបានទទួលរងទឹកជំនន់ ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម​របស់​ប្រជា​កសិករ តើលោ​កសង្កេតឃើញថា វាប៉ះពាល់បែបណាខ្លះ?

A: មែនទែន បើយើងមើលពីទំហំផលប៉ះពាល់នៃទឹកជំនន់ដែលបានកើតឡើងនៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ វាធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិកម្ម ជាពិសេសជីវភាពរបស់កសិករដែលនៅតំបន់រងគ្រោះហ្នឹង។ ទី១ បើ​យើ​ង​និយាយពីផលដំណាំស្រូវគឺប៉ះពាល់ធំជាងគេ ដោយ​សារ​តែ​កសិករ​នៅ​តំបន់​ទំនាប​កណ្ដាល​នៃ​តំបន់​ទឹកជំនន់​​ភាគច្រើន​​គឺ​ធ្វើ​ស្រូវហ្នឹងតែម្ដង។

ទី២ គឺដំណាំ​បន្ទាប់បន្សំ​របស់​ពួកគាត់​ដែល​មាន​ទាំង​ដាំ​យក​ស្លឹក និង​យក​ម៉ើម ឬ​យក​ផ្លែ​ហ្នឹង​ក៏​ប៉ះពាល់​ធ្ង​ន់ដែរ ពិសេស​បងប្អូន​នៅ​តាម​ដង​ទន្លេសាប ឬ​ទន្លេមេគង្គ​មួយ​ចំនួន​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ដោយ​ត្រូវ​ទឹក​ជំនន់​វាយ​ប្រហារ​លិចលង់​ទៅ​លើ​ផល​ដំណាំ​ជាច្រើន​ពាន់​ហិកតា ច្រើន​ម៉ឺន​ហិកតា។ ហើយអ្នក​នៅ​តំបន់​ជនបទ​ភាគ​ច្រើន គឺ​ពឹង​អាស្រ័យ​ទៅ​លើ​ផលិត​ផល​កសិកម្ម ជាពិសេស​ការធ្វើ​ស្រែ​ចម្ការ និង​ដំណាំ​បន្ទាប់​បន្សំ ការចិញ្ចឹមសត្វ។

អីចឹង! កត្តាហ្នឹងធ្វើឱ្យពួកគាត់ខូចខាតនូវទ្រព្យសម្បត្តិ រឿងទី១។ រឿងទី២ គាត់បាត់បង់នូវទុនរបស់គាត់ ព្រោះថាការចំណាយ ឬថវិកាដែលបានចំណាយទៅលើការសាបព្រោះឬក៏ការដាំហ្នឹង អស់ទៅ​មួយ​សារ​ហើយ ប៉ុន្ដែនៅពេលអត់បានផល ពួកគាត់ខាតម្ដងទៀត។ អីចឹងបន្ទុកដែលធ្ងន់ធ្ងរហ្នឹង គឺថាទុនហ្នឹង ខ្ចីបុល​ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុយកមកប្រកបមុខរបរ ហើយបើ​នៅ​ពេល​មុខ​របរ​របស់​គាត់​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​គ្រោះទឹ​កជំនន់ ជាគ្រោះអាសន្នដែលមិនអាចមើលឃើញមុន ធ្វើឱ្យប៉ះពាល់ដល់​ជីវភាព​របស់​ពួកគាត់ ពិសេសអត្រាការប្រាក់ដែលហក់កើនឡើង។

Q: ជាពិ​សេសដំណាំស្រូវ តើលោកមើលឃើញថាវាប៉ះពាល់កម្រិតណាដែរ?

A: សម្រាប់ខ្ញុំ កាលណាចាប់ពីម៉ឺនហិកតាឡើងទៅ គឺថាទំហំផលប៉ះពាល់ធ្ងន់ណាស់សម្រាប់ដំណាំស្រូវ ជាពិសេសរាប់សិបម៉ឺនហិកតាដែលប៉ះពាល់នោះ។ អីចឹងវាលិចលង់អស់ទៅ វាធ្វើ​ឱ្យ​គាត់​ត្រូវ​ចំណាយ​ទាំងពូជ ទាំងពេលវេលាក្នុងភ្ជួររាស់ និងកម្លាំងពលកម្មទៀតដើម្បី​សាបព្រោះឡើងវិញ ឬ​ផលិត​ស្រូវ​ឡើង​វិញ។ អីចឹងកាលណារាប់ម៉ឺនងហិកតាវាប៉ះពាល់ចំណាយទៅលើទុនច្រើន បើយើងគិតទាំង​ថ្នាំ ទាំងជី ទាំងពេលវេលាដាំដុះ ឬសាបព្រោះរបស់បងប្អូនប្រជាពលរដ្ឋ។ ហើយដំណាំស្រូវទៀតសោត កាលណា​វា​ត្រូវ​ទឹក​យូរ វារលួយហើយមិនអាចស្ដារ​ឡើងវិញបានទេ ហើយនៅខណៈបច្ចុប្បន្ននេះ ពលរដ្ឋយើងស្ទើរ៩៩ ភាគរយ​ហើយដែលមិនស្ទូងទៀតទេ បើស្ទូង វាអាចនៅទប់ទល់បាន ប៉ុន្ដែប្រើការសាបព្រោះហ្នឹង មិន​អាច​ទប់ទល់​បាន​ទេ។

Q: តើទិន្នផលស្រូវឆ្នាំនេះ មានការប្រែប្រួលដូចម្ដេច បើធៀបនឹងឆ្នាំកន្លងមក?

A: ខ្ញុំមើលឃើញថាទិន្នផលស្រូវនឹងមិនប្រែប្រួលៗវាមានលក្ខខណ្ឌពីរ គឺទីមួយ ទឹកជំនន់​ក៏​អាច​នាំ​ជីជាតិ​មកដែរ ប៉ុន្ដែប្រជាពលរដ្ឋសាបព្រោះអាចបានផលឡើងវិញ។ ប៉ុន្តែគ្រាន់តែ​ថាការ​ចំណាយ​ទៅ​ការធ្វើស្រែ​ចម្ការ​ហ្នឹង​វាគុណ​នឹងពីរ ព្រោះម្ដងខូចហើយ​  ហើយម្ដងទៀតហ្នឹង វាត្រូវបានទិន្នផលល្អដូចមុនដែរ គ្រាន់​តែ​​ថាចំណាយពីរ ទើបបានផលមួយ។ ខ្ញុំគិតថា ការប៉ះពាល់ទៅលើផលស្រូវឬផលិតផលស្រូវហ្នឹង មិន​ធ្លាក់ចុះទេ វានឹងប្រហាក់ប្រហែលទៅនឹងឆ្នាំមុនៗដែរ ប៉ុន្ដែអ្វីដែលយើងគិតថាលំបាកឬបន្ទុកធ្ងន់ហ្នឹង គឺ​ការចំណាយទៅលើការផលិតឡើងវិញគឺពីរដង។

Q: ចុះតម្លៃស្រូវវិញម៉េចដែរ បើធៀបនឹងឆ្នាំមុន?

A: ជាទូទៅការប្រមូលផល តម្លៃស្រូវក៏ធ្លាក់ចុះគឺនៅរដូវខែវិច្ឆិកានិងខែធ្នូហ្នឹងហើយ ដោយសារជំនោរ​ប្រមូល​ផល​ខេត្ត​ផ្សេងៗ​ចាល់​ចូល​គ្នា អីចឹងតម្លៃស្រូវពេលហ្នឹងធ្លាក់ចុះហើយ។ ប៉ុន្ដែបងប្អូន​នៅ​តាម​តំបន់​ទឹកជំនន់ ឥឡូវពួកគាត់ទើបតែចាប់ផ្ដើមព្រោះសាបទេ ចឹងពួកគាត់​អា​ច​នឹង​ប្រមូលផល​នៅ​ខែមីនា ឬខែមេសាមុនចូលឆ្នាំ ចឹងតម្លៃស្រូវក៏អាចមានតម្លៃមធ្យមដែរ ដោយសារ​អត់​មាន​ជំនោរ​ស្រូវទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើងនៅតែមើលឃើញថាវានឹងមិនកើនឡើងទេ ព្រោះឥឡូវស្រូវមួយគីឡូ តែប្រាំបីរយប៉ែតសិបរៀល ឬក៏យ៉ាងខ្ពស់មួយពាន់រៀល ចឹងវានឹ​ង​មិន​អាច​ទូទាត់ ឬក៏ដោះស្រាយទៅនឹងការចំណាយបានច្រើនទេ។ ពិសេសបងប្អូននៅតំបន់ទឹកលិច តម្លៃស្រូវនៅតែតម្លៃមួយពាន់ ពួកគាត់មិនអាចរួចខ្លួន គាត់នឹងខាត ព្រោះពួកគាត់បាន​ចំណាយ​ទុន​ពីរដង។

Q: តើវាប៉ះពាល់ប្រជាពលរដ្ឋកម្រិតណា?

A: ខ្ញុំមើលឃើញថាការប៉ះពាល់ទឹកចិត្តគឺធ្ងន់ធ្ងរជាង ព្រោះថាពេលដែល​ធ្វើស្រែពីរ​ដង​ហើយ​ទទួល​បាន​តម្លៃ​ទីផ្សារ​មិន​សមរម្យ លក់អត់ចំណេញ គាត់លែងចង់ធ្វើហើយ។ មួយទៀត​បន្ទុ​ក​ក្រីក្រ​នៅ​តែ​កើន អាចមានការចំណាកស្រុកកើនឡើង យូរទៅខ្ញុំព្រួយបារម្ភថា ប្រជាពលរដ្ឋ​ឈប់​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​ផ្គត់ផ្គង់​ទៅ​លើទីផ្សារ យើងនឹងចាំតែទិញពីបរទេស ដោយសារ​ទីផ្សារ​យើង​មិន​ទាន់​រៀប​ចំ​បាន​ស្រួល​បួល ហើយការខាតបង់ ព្រោះកន្លែង​ខ្លះ​គាត់ហត់ៗ​ទៅ ​កម្លាំង​ពលកម្ម​ហើយ​អត់​ចំណេញ​ទៀត។​ ចឹងគាត់អាចទៅរកឬដូរមុខរបរអីផ្សេង។ ខ្ញុំគិតថាទៅថ្ងៃមុខ វិស័យកសិកម្ម​អា​ច​ធ្វើ​សម្រាប់​តែ​លក្ខណៈគ្រួសារ លែងធ្វើជាលក្ខណៈអាជីវកម្ម។

Q: បាទ! សូមអរគុណលោកសាវឿន ដែលបានផ្ដល់បទសម្ភាសន៍មកកាន់Newsroom Cambodia។

A: បាទ! អរគុណ​ច្រើន ជម្រាបលា៕