លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃអង្គារ​នេះ​អះអាងថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​លោក ​ចូបៃដិន ​(Joe​ Biden)​ ពុំ​បាន​លើក​ឡើង​អំពី​ការ​ស្នើ​ឱ្យ​ដោះ​លែង​ កញ្ញា​ សេង​ ធារី​ ​ក្នុង​ជំនួប​ទ្វេរ​ភាគី​​​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពីពីរ​សប្តាហ៍​កន្លង​ទៅនោះទេ​។

ថ្លែង​ក្នុង​សន្និ​បាត​ជាតិ​ខួប​៣០​ឆ្នាំ ​នៃ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ធ្វើ​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ រាជ​ធានី​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី​បដិ​សេដ​ចំពោះ​ការ​លើក​ឡើង​ថា ​ប្រធានាធិបតី​អាមេរិក​ស្នើ​ឱ្យ​ដោះ​លេង​កញ្ញា​ សេង​ ធារី​។ លោក​ថា ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​ បាន​លើក​ឡើង​ពី​ការ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​។

លោកបញ្ជាក់​ថា​៖ «ខ្ញុំ​មិន​បាន​ឮ ​ចូបៃដិន​ និយាយ​ជាមួយ​ខ្ញុំ​រឿង​នឹង​(ការ​ស្នើ​ឱ្យ​ដោះ​លេង​កញ្ញា​ សេង​ ធារី​) ​ខ្ញុំ​អត់​ឮ​ […] ​តើ​នរណា​បញ្ចេញ​ព័ត៌មាន​នឹង?​ ហើយ​ព័ត៌មាន​នឹង​នរណា​ជា​អ្នក​សសេរ​ បើ​ប្រធានា​ធិបតី​អាមេរិកាំង​អត់​និយាយ​ជាមួយ​ខ្ញុំ​រឿង​នឹង​ផង​។ លោក​និយាយ​អំពី​បញ្ហា​ការ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ក្រោយ​។ ប៉ុន្តែ​និយាយ​អំពី​តួ​អង្គ​នេះ ​ឬ​តួ​អង្គ​នោះ ​ខ្ញុំ​មិន​ឮ!​»​។

កញ្ញា សេង ធារី គឺជា​​សកម្មជន​សិទ្ធិមនុស្ស និង​ជាមេធាវី​ដែល​មាន​សញ្ជាតិ​ខ្មែរ​អាមេរិកាំង។ កញ្ញា​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះ​វិហារ ក្រោយ​ត្រូវ​បាន​តុលាការ​ចោទ និងកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល៦​ឆ្នាំ​ ពីបទញុះញង់​ និង​រួម​គំនិត​ក្បត់ ​ពាក់ព័ន្ធ​នឹងដំណើរ​វិល​ត្រលប់​ចូល​មក​មាតុភូមិ​វិញ​របស់​លោក សម រង្ស៊ី​ កាល​ពី​ឆ្នាំ២០១៩​។ 

មន្រ្តី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ស្រី ​លីហ្សា ​ឡា​សុន​ (Lisa Larson) ឆ្លើយ​តប​ជាមួយ ​Newsroom ​Cambodia​ តាម​សារ​អេឡិចត្រូនិចអ៊ីមែល​​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ថា ​ សុវត្ថិភាព​ និង​សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​អាមេរិក​នៅ​បរទេស​គឺ​ជា​អាទិភាព​​​​ចម្បង​របស់​រដ្ឋាភិបាល​អាមេរិក​។ លោកស្រី​បន្ត​ថា នៅ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​អាមេរិក​ នៅ​កម្ពុជា​ លោក​ ចូបៃឌិន ពិត​ជា​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង​កញ្ញា​ សេង​ ធារី​ រួម​ទាំង​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ផង​ដែរ​។​

លោក​ស្រី​បន្ត​ថា៖​ «អំឡុង​ពេល​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​ ចូបៃដិន​​ មក​កាន់​កម្ពុជា​ លោក​បាន​ទទូច​ឱ្យ​ដោះ​លែង​ ពល​រដ្ឋ​សញ្ជាតិ​អាមេរិក​កញ្ញា ​សេង​ ធារី​ ជា​បន្ទាន់​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ហេតុផល​នយោបាយ​ រួម​ទាំង​សកម្មជន​ដទៃ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​។ យើង​ក៏​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ​ ហើយ​យើង​ជំរុញ​ឱ្យ​អជ្ញាធរ​កម្ពុជា​បញ្ឈប់​សកម្មភាព​កាត់​ទោស​ពលរដ្ឋ​កម្ពុជា​ក្រោម​ហេតុផល​នយោបាយ​ ដោយ​គ្រាន់​តែ​ពួក​គេ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​»។

កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាន​មកកាន់កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្បរជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ទ្វេរភាគីជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។​

ក្រោយ​ជំនួប​នោះ​បន្តិច ​សេត​វិមាន​របស់​សហរដ្ឋអាមរិក​បាន​ចចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​ថា ​លោក​ប្រធានាធិបតី​ ចូបៃដិន​ ​ជំរុញ​ទៅ​លោក​ ហ៊ុន​ សែន​ ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ សង្គម​ស៊ីវិល​ និង​នយោបាយ​ឡើងវិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​។ សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា​ ​លោក​ បៃដិន​ ក៏​បាន​ស្នើ​ឱ្យ​​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ រួម​ទាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ កញ្ញា​សេង​ ធារី​។​

នាយក​ទទួល​បន្ទុក​ចាត់​ការ​ទូទៅ​​នៃ​​អង្គការ​​លីកាដូ​ លោក​ អំ ​សំអាត​ លើក​ឡើង​ថា​កម្ពុជា​គួរ​​ពិនិត្យ​​មើល​ និង​កែ​លម្អ​ឡើង​វិញ​នូវ​លំហ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ដើម្បី​ឆ្ពោះ​ទៅ​រក​បរិយាកាស​ល្អ​ប្រសើរ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ ហើយ​​កម្ពុជា​នឹង​ទទួល​បាន​​ប្រយោជន៍​​ជា​ច្រើន​។

លោក​ថា៖​ «ខ្ញុំ​គិត​ថា​កម្ពុជា​យើង​គួរ​ពិនិត្យ​មើល​ នូវ​ចំណុច​ណា​ដែល​ខ្វះ​ខាត​ ឬ​ខ្វះ​ចន្លោះ។​ យើង​គួរ​ណា​តែ​ធ្វើ​ការ​កែ​លម្អ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ ពិសេស​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ លំហ​សេរី​ភាព​សារ​ព័ត៌មាន​​ និង​សេរីភាព​នយោបាយ​ល្អ​ប្រសើរ​ ដើម្បី​ឆ្ពោះទៅ​​រក​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​បរិយាកាស​មួយ​ល្អ​ប្រសើរ​។»

លោក​បន្ថែម​ថា៖​ «បើ​សិន​កម្ពុជា​ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នូវ​លំហ​ប្រជាធិបតេយ្យ​ និង​លំហ​សេរីភាព​ជាមូលដ្ឋាន​ ជា​ពិសេស​គឺ​បញ្ហា​សិទ្ធិ​មនុស្ស​ កម្ពុជា​អាច​នឹង​ទទួល​បាន​ ការ​អនុគ្រោះ​ពន្ធ​ EBA​ ពី​សហគមន៍​អឺរ៉ុប​ ហើយ​ទី២​សហរដ្ឋអាមេរិក​នឹង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​អាជីវកម្ម​ […] ​ទី៣​គឺ​កម្ពុជា​នឹង​មាន​មុខ​មាត់​​ ហើយ​និង​មាន​ការ​កោត​សសើរ​ពី​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សហ​ប្រជាជាតិ​»៕