រដ្ឋាភិបាលជប៉ុនតាមរយៈមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅ​ថ្ងៃពុធ​នេះ​​ បាន​ប្រគល់​សម្ភារៈ​ឆ្មប​ចំនួន​២៩០​កញ្ចប់ គ្រែ​សម្រាល​ចំនួន​១៥០​គ្រែ ឧបករណ៍​បូម​ទារក​ចេញ​មក​ក្រៅ​ពេល​សម្រាល​ចំនួន​៥០​ឈុត និង​ឧបករណ៍​មួយចំនួន​ទៀត​​​ដល់​មជ្ឈមណ្ឌលគាំពារមាតា និងទារក ដើម្បី​​​ប្រើប្រាស់​សង្គ្រោះ​ជី​វិតស្ដ្រី និងទារក។

ក្នុងសេចក្ដីប្រកាសព័ត៌មាន​រួម​ចេញ​ដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)​ក្រសួង​សុខាភិបាល​កម្ពុជា និង​ស្ថានទូត​ជប៉ុន​ប្រចាំកម្ពុជា​ ចេញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា សម្ភារបរិក្ខារវេជ្ជសាស្ដ្រជាសារវ័ន្ដសម្រាប់ថែទាំ សម្រាលបន្ទាន់ ​ត្រូវ​បាន​ប្រគល់​បន្ដទៅ​ដល់​មូលដ្ឋាន​សុខា​ភិបាល​សាធារណៈ ដើម្បីរួមចំណែក​បន្ថែម​ដល់​ឆ្មប និង​អ្នក​ផ្ដល់​សេវាសុខាភិបាល​ប្រើប្រាស់​សង្គ្រោះ​ជី​វិតស្ដ្រី និងទារក។

សេចក្ដីប្រកាសព័ត៌មានដដែល​បន្ថែម​ថា សម្ភារៈ​សេវា​សម្រាប់​ឆ្មប​មាន​ឧបករណ៍​ចាំបាច់​ក្នុង​ការជួយ​ដល់​ការសម្រាល​ដែល​ទារក បរិក្ខារ​សង្គ្រោះជីវិតមួយ គឺឧបករណ៍មូបពេលសម្រាល ដែល​ប្រើ​សម្រាប់​សម្រួល​ដល់​ការសម្រាល​ដែល​មាន​រយៈពេល​យូរ​។ ចំណែក​រថយន្ដ​សង្គ្រោះ​គឺមាន​សារៈសំខាន់​ក្នុង​ការបញ្ជូន​ស្ដ្រី ឬ​ទារក ដែលស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ ឧបករណ៍​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការរក្សា​លំនឹង​រប​ស់ស្ដ្រី​ដែលធ្លាក់ឈាមធ្ងន់ធ្ងរ ខណៈដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យកម្រិតខ្ពស់ គឺ​ខោ​បន្ថយ​ស្ហុក។

ឯកអគ្គរាជទូត​ប្រទេសជប៉ុនប្រចាំកម្ពុជាលោក Mikami Masahiro បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាននោះ​​ថា៖ «​ទោះបីជា​អត្រា​មរណភាព​ទារក​ទើបកើតក្នុងប្រទេសកម្ពុជា​កំពុ​ង​តែ​ប្រសើរ​ឡើង​ក៏​ដោយ ខ្ញុំយល់ថា ស្ដ្រីមាន​ផ្ទៃពោះ និង​​ទារកទើបកើត នៅតែមានការលំបាកក្នុងការទទួល​បាន​ការថែទាំ​សុខភាព​គ្រប់​គ្រាន់ ជាពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល»។​

លោកស្រី សាន់ដ្រា ប៊ឺនខ្លាវ អ្នកតំណាងប្រចាំប្រទេសរបស់ UNFPA នៅកម្ពុជា​លើកឡើង​​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាននោះ​ថា បរិក្ខារ​សង្គ្រោះជីវិត រួមចំណែក​ដល់​ការសម្រេច​មហិច្ឆតា​របស់​ក្រសួង​សុខា​ភិបាល​​ក្នុង​​ការធានា​ថា​ស្ដ្រី​​គ្រប់​​រូប​​ទទួល​​បាន​​នូវ​ការ​គាំ​ទ្រ​ និង​​ការថែទាំ​ដែល​ពួកគេ​ត្រូវ​ការចាំបាច់​ក្នុង​ពេល​សម្រាល​កូនដោ​យសុវត្ថិភាព។

លោកស្រី​បញ្ជាក់​ថា៖ «ដំណាលគ្នានឹងការបណ្ដុះបណ្ដាលសម្រាប់គុណភាពថែទាំ បរិក្ខារនេះ គឺជា​គន្លឹះ​ឆ្ពោះទៅ​ការកសាង​ប្រព័ន្ធ​ថែទាំសុ​ខភាពដែលមានភាពធន់និងឆ្លើយតប ដែល​មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​នូវការថែទាំប្រកបដោយគុណភាព និងមិនទុកនរណាម្នាក់ចោលឡើយ ជាពិសេសក្នុង​ពេល​សម្រាល​កូន»។

គួរបញ្ជាក់ដែរថា មូលនិធិ UNFPA ផ្ដោតទៅលើការសម្រេចបានលទ្ធផលទាំងបីគឺ​ កម្ពុជាមួយ​ដែល​គ្មាន​ស្ដ្រីណា​ម្នាក់​ស្លាប់ក្នុងពេលសម្រាលកូន គ្រប់ក្រុមគ្រួសារទាំងអស់​អាច​ទទួល​បាន​នូវ​ការគាំទ្រ​ការធ្វើ​ផែនការ​គ្រួសារ ហើយស្ដ្រី និង​ក្មេងស្រីទាំ​ងអស់ចាកផុតពីអំពើហិង្សា និងការរំលោភបំពាននានា៕