ក្រសួង​ពាណិជ្ជ​កម្មតម្រូវឱ្យ​​ពាណិ​ជ្ជ​ករ ​អាជីវ​ករ​ សេវា​ករ​ទាំង​អស់​ បិត​​​ស្លាក​តម្លៃ​លើ​គ្រប់​មុខ​​ទំនិញ ដើម្បី​ឱ្យ​មាន​ស្តង់​ដារតម្លៃ និង​ដើម្បី​កុំ​ឱ្យ​អតិថិជន​ពិបាក​សួរ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិ​ជ្ជ​កម្ម​​ចេញ​នៅ​ថ្ងៃ​​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០២៣ បញ្ជាក់​ថា​ អ្នក​ដែល​ធ្វើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ អាជីវ​កម្ម​ និង​សេវា​កម្ម​​នៅ​កម្ពុជា​ ត្រូវ​តែ​បិត​ស្លាក​ថ្លៃ​លើ​គ្រប់​មុខ​ទំនិញ​ និង​សេវា​ដែល​តាំង​លក់​ក្នុង​ហាង​ ឬ​អគារ​លក់​ទំនិញ​របស់​ខ្លួន​ជា​ប្រាក់​រៀល​ លើក​លែង​តែ​ហាង​​ ឬ​បញ្ជរ​លក់​ទំនិញ​បន្ទាប់​បន្សំ​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ដដែល​​បន្ថែម​ថា ក្នុង​ករណី​ដែល​មិន​អនុវ​ត្ត នោះ​នឹង​ត្រូវ​ទទួល​​តាម​ច្បាប់​ជាធរមាន។​

លោក​ ប៉ែន​ សុ​វិ​ជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិ​ជ្ជ​កម្ម ប្រាប់ Newsroom Cambodia ថា​ ការ​បិត​​ស្លាក​តម្លៃ​លើ​មុខ​ទំនិញ​ និង​សេវា​កម្ម​គ្រប់​ប្រភេទ​ ត្រូវ​អនុ​វត្ត​គ្រប់​អាជីវ​ករ​លក់​ដូរ​ទាំង​អស់​ រួម​ទាំង​អ្នក​លក់​ចាប់​ហួយ​ ក៏​ដូច​​ជា​តូប​ក្នុង​ផ្សារ​ផង​ដែរ​។ លោក​ថា​ ចំពោះ​ការ​លក់​ទំនិញ​បន្ទាប់​បន្សំ​ មាន​ន័យ​ថា​ដាក់​លក់​បន្តិច​បន្តួច​ តាម​កញ្ជ្រែង​ ល្អី​ ឬ​ក៏​តាម​រដូវ​កាល​ម្តង​ម្ដាល គឺ​មិន​តម្រូវឱ្យ​អនុវត្ត​នោះ​ទេ។

លោក​បន្ថែម​ដោយ​បញ្ជាក់​ពី​ផ្លូវ​ច្បាប់ក្នុង​ករណី​មិនមាន​ការ​​​អនុវត្ត​ថា​៖ «អា​ជីវ​ករ​ សេ​វា​ករ​ ដែល​មិន​អនុ​វត្ត​តាម​ការ​ណែ​នាំ​ និង​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ជា​ធរ​មាន​ តាម​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជ​កម្ម​ និង​បញ្ជី​ពាណិជ្ជ​កម្ម​ មាត្រា​ទី​៤០​ថ្មី​ ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ប្រាំ​ម៉ឺន​រៀល​​(៥០.០០០)​រៀល​ ទៅ​ប្រាំ​សែន​រៀល​ (៥០០.០០០)​រៀល»។

លោក ​គឹម ​ឡេង​ ​​អាជីវ​ករ​នៅ​ផ្សារ​អូរ​ឫស្សី​ បាន​ប្រាប់​ Newsroom ​Cambodia​ ថា​ លោក​មិន​ទាន់​​ទទួល​បាន​ដំណឹង​ថា​ក្រសួង​តម្រូវ​ឱ្យ​​បិត​ស្លាក​តម្លៃលើ​មុខ​ទំនិញ​នៅ​ឡើយ​ទេ។​ លោក​ថា ប្រសិន​បើ​​​ក្រសួង​តម្រូវ ​នោះ​​លោក​​នឹង​ធ្វើ​តាម។

​លោក​បាន​បញ្ជាក់​ពី​ផល​លំបាក​​​សម្រាប់​លោក​ដែល​ជា​អ្នក​លក់​អីវ៉ាន់​ជជុះ​ថា៖ «សម្រាប់​ការ​បិត​​តម្លៃ​ អ្នក​ដែល​លក់​អីវ៉ាន់​ថ្មី​មិន​មាន​បញ្ហា​ទេ​ ដោយ​សារ​អីវ៉ាន់​រោង​ចក្រ​ភាគ​ច្រើន​​យក​ចូល​គាត់​អាច​ដាក់​តម្លៃ​ទីផ្សារ​ ដែល​គេ​ត្រូវ​លក់​ជា​ទូទៅ ​[…] មិន​ងាយ​និង​តថ្លៃ​ទេ​ ព្រោះ​ជា​តម្លៃ​ទីផ្សារ។​​ តែ​សម្រាប់​អីវ៉ាន់​ជជុះ​បើ​គេ​ឱ្យ​ដាក់​តម្លៃ​ចឹង​គឺ​ពិបាក​ព្រោះ​ប្រភេទ​អីវ៉ាន់​ជជុះ​មាន​ច្រើន​ប្រភេទ​ អីវ៉ាន់​ក្បាល​គីប​ អីវ៉ាន់​កន្ទុយ​ អីវ៉ាន់​ទឹក​ផ្សេងៗ​ ចឹង​បើ​ដាក់​តម្លៃ​ទៅ​​គេ តថ្លៃ​លក់​មិន​កើត​ទេ​ ដូច​នេះ​អាច​ពិបាក​ក្នុង​ការ​លក់​ដែរ​»។

លោក​បន្ថែម​​ថា​៖ «តែ​ប្រសិន​បើ​រដ្ឋ​តម្រូវ​ ហើយ​មនុស្ស​គ្រប់​​គ្នា ​អាជីវ​ករ​គ្រប់​គ្នា​ធ្វើ​ អា​ហ្នឹង​មាន​តែ​ត្រូវ​ធ្វើ​តាម​ហើយ​ ព្រោះ​វា​ជា​ជម្រើស​ចុង​ក្រោយ​ដែល​ត្រូវ​ធ្វើ​ហើយអ៊ី​ចឹង​នោះ»។

លោក​ គឹម ​ឡេង​ អាជីវករកំពុងរៀប​ចំ​ខោ​អាវ​ជជុះ​ ​​​ថ្ងៃ​ទី​​២៤ មិនា​ ឆ្នាំ​២០២៣​ (ថតដោយ​៖ មាស​ ពេជ្រសូលីតា​)

អ្នក​ស្រី​ វ៉ាន់​ សុជាតិ​ ជា​អាជីវ​ករ​លក់​ភេសជ្ជៈ​នៅ​មុខ​ផ្សារ​អូរ​ឫស្សី​ប្រាប់ ​Newsroom​ Cambodia​ថា ​ការ​បិត​​តម្លៃ​លើ​គ្រប់​មុខ​ទំនិញជារឿង​ល្អ ​ប៉ុន្តែអ្នកស្រី​ថា ​អាជីវករ​ធម្មតា​ដែល​លក់​ផ្ទាល់​ដូច​អ្នក​ស្រី​គឺ​មាន​ផល​លំបាក​​​។

អ្នកស្រី​បន្ថែម​ថា​៖ «ការ​បិ​តតម្លៃ​លើ​ទំនិញ ​ខ្ញុំ​មិន​មាន​ផល​ប៉ះ​ពាល់​អី​ផង​ បើ​សិន​បើ​ប្រាប់​ចឹង​ ការ​ដាក់​តម្លៃ​ដូច​ថា​អ៊ំ​លក់ ​Sting​ មួយ​កំប៉ុង​អត់​ដាក់​ទឹក​កក ​២,០០០​រៀល តែ​បើ​យក​ទឹក​​កក​កែវ​​ធំ​៣,០០០​រៀល​ កែវ​តូច​២,៥០០​រៀល។​ តម្លៃ​ទូទៅ​គឺ​អី​ចឹង ទោះ​ឱ្យ​អ៊ំបិត​​ក៏​បិត​​កើត​ដែរ»។

អ្នក​ស្រី​ វ៉ាន់ ​សុជាតិ​ ​អាជីវករ​លក់​ភេសជ្ជៈ​នៅ​មុខ​ផ្សារ​អូរ​ឫស្សី​កំពុង​ផ្ដល់​​បទ​​សម្ភាសន៍​​​ ដល់ ​​Newsroom Cambodia នៅថ្ងៃ​ទី​២៤​មិនា​ ឆ្នាំ​២០២៣​ (ថត​ដោយ​៖ ​មាស​ពេជ្រសូលីតា​)

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​​​បន្ថែម​​ថា​ ក្នុង​ករណី​ទីតាំង​ពាណិជ្ជ​កម្ម​ អាជីវ​កម្ម​ និង​សេវា​កម្ម​មិន​ជាប់​ពន្ធ​ (Duty free shop) ​ដែល​មាន​ការ​អនុ​ញ្ញាត​ដោយ​រាជ​រដ្ឋា​ភិបាល​ចាំ​បាច់​ត្រូវ​តែ​បិត​​ស្លាក​ថ្លៃ​ជា​រូបិយ​ប័ណ្ណ​បរ​ទេស​ ម្ចាស់​ទីតាំង​ពាណិជ្ជ​កម្ម​ អាជីវ​កម្ម​ និង​ សេវា​កម្ម​ទាំងនោះ​ត្រូវ​មក​សុំ​ការ​អនុ​ញ្ញាត​ពី​អង្គ​ភាព​ច្រក​ចេញ​-ចូល​តែ​មួយ​រដ្ឋ​បាល​ខេត្ត​។

សេច​ក្តី​​ជូន​ដំណឹង​ក្រសួង​ពាណិជ្ជ​កម្ម​បញ្ជាក់​ថា​ ការ​បិត​ស្លាក​ថ្លៃ​ ត្រូវ​សរ​សេរ​ជា​ភាសា​ខ្មែរ​នៅ​ខាង​មុខ​ ឬ​នៅ​ពី​លើ​ និង​អក្សរ​អង់​គ្លេស​នៅ​បន្ទាប់​ ឬ​បន្ទាត់​ខាង​ក្រោម​ ​និង​ភាសា​បរ​ទេស​ទី៣ ​នៅ​បន្ទាប់​ទៀត​ អា​ស្រ័យ​តាម​ស្ថាន​ភាព​ជាក់​​ស្ដែង​នៃ​អតិថិ​ជន​របស់​អាជីវ​កម្ម​។ ចំណែក​​ស្ថានីយ​ដេប៉ូ​លក់​រាយ​ប្រេង​ឥន្ធន:​ទាំងអស់​ ត្រូវ​មាន​ដាក់​តាំង​បង្ហាញ​នៅ​បរិវេណ​ខាង​មុខ​ទីតាំង​ អាជីវ​កម្ម​ ឬ​កន្លែង​ងាយ​មើល​ឃើញ​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​។

សេច​ក្តី​ជូន​ដំណឹង​ដដែល​បន្ត​ថា​ នាយក​ដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯក​ជន​ អគ្គ​នាយក​ដ្ឋាន​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ កិច្ច​ការ​ប្រកួត​ប្រជែង​និង​បង្ក្រាប​ការ​ ក្លែង​បន្លំ​ (ក.ប.ប)​ និង​មន្ទីរ​ពាណិជ្ជ​កម្ម​រាជ​ធានី​-ខេត្ត​ទាំង​អស់​ ត្រូវ​រួម​សហ​ការ​ជា​មួយ​ក្រសួង​ ស្ថាប័ន​មាន​ សមត្ថ​កិច្ច​ ចុះ​ត្រួត​ពិនិត្យ​ និង​ណែ​នាំ​អំពី​ការ​បិត​ស្លាក​ថ្លៃ​ជា​រៀង​រាល់​ខែ​៕​