ការ​ប្រែប្រួល​អាកាសធាតុ កំពុង​តែ​ជាបញ្ហា​ដែល​ប្រទេស​ស្ទើរ​​តែទូទាំង​ពិភព​លោក​បាន​និង​​កំពុង​ចូលរួម​មាន​វិធាន​ការ​​​ទប់​ស្កាត់​ និង​ដោះ​ស្រាយ ក្នុង​នោះក៏​រួម​​មានកម្ពុជា​ផង​ដែរ។​

កញ្ញា ណុប ស្រី ម៉ៅ ​សិក្ខាកាម Newsroom Cambodia ​បាន​សម្ភាសន៍​​លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា អំពី​ផល​ប៉ះពាល់ និង​ការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ៖ ​

Q: ជម្រាបសួរលោក ហេង គីមហុង!

A: បាទ​ ជម្រាបសួរ!

Q: ជាដំបូង​នាង​ខ្ញុំ​ចង់​ដឹង​ថា អ្វីទៅជាបម្រែបម្រួលអាកាសធាតុ?

A: បម្រែបម្រួលអាកាសធាតុ គឺជាការប្រែប្រួលលំនាំធម្មតានៃអាកាសធាតុ និងស្ថានភាពរស់នៅរបស់ មនុស្សនៅលើពិភពលោក។​ ជា ទូទៅយើងបានដឹងហើយថា​លក្ខណៈពិសេស​របស់ផែនដី​គឺ​ភាព​អំណោយ​ផលដល់ជីវិតមនុស្សនិងភាវៈរូបទាំងអស់​​ ដែលស្ទើរតែគ្មាននៅ​លើភព​ដទៃ​ទៀត​នៅ​ក្នុង​ប្រព័ន្ធលំហរ​ទេ។ ដូចដែលយើងឃើញកន្លងមកនេះសកម្មភាពរបស់មនុស្សនៅលើភពផែនដី និងការវិវត្តរូបសាស្ត្ររបស់ភពផែនដី ក៏ធ្វើឱ្យមានបម្រែបម្រួលលក្ខខណ្ឌទូទៅ ឬ​ការបម្រែបម្រួល​អាកាសធាតុ​ដែលធ្វើឱ្យ​កន្លែងខ្លះ​វាកាន់តែកើនកម្តៅ កន្លែងខ្លះក៏កាន់តែចុះត្រជាក់ទៅ។​

Q: តើលោកអាចបង្ហាញពីការយល់ឃើញរបស់លោកទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ក្នុងប៉ុន្មាន ឆ្នាំចុងក្រោយនេះបានទេ?

A:​ យើងឃើញថា កម្ពុជាយើងជាប្រទេសរងគ្រោះ​ពី​ការបម្រែបម្រួល​អាកាសធាតុ​តាមរយៈ​ការកើន​ឡើង​កម្ដៅ​​របស់ភពផែនដី។ យើងឃើញថាកម្ពុជាយើងមិនសូវជាមានការឡើងកម្តៅខ្លាំងទេ​ ប៉ុន្តែ​យ៉ាងណា​មិញ តិចឬក៏ច្រើន បម្រែបម្រួលទាំងអស់នោះវាធ្វើឱ្យឧស្ម័នផ្ទះកញ្ចក់ឡើងក្រាស់។ នៅ​ពេល​ដែល​កម្តៅកាន់តែខ្លាំង ហើយឧស្ម័នផ្ទះកញ្ចក់កាន់តែក្រាស់ ការកាប់បំផ្លាញព្រៃឈើកាន់តែ​ច្រើន សមត្ថភាពឃ្លាំងផ្ទុកកាបូនកាន់តែចុះទាប ទន្ទឹមជាមួយអាកាសធាតុកាន់តែក្តៅ វាធ្វើឲ្យខ្យល់ពុល កាន់តែខ្លាំង បង្កឲ្យការរស់នៅរបស់យើងកាន់តែលំបាក។

កត្តាប្រែប្រួលអាកាសធាតុនេះក៏ជះ​ឥទ្ធិពល ដល់ការវិវត្តនៃដំណើររដូវរបស់ភពផែនដី ដូចជា​រដូវ​វស្សា​តិ​ចជាង​រដូវប្រាំងជាដើម។ យើងដឹងហើយ ថារដូវប្រាំងនិងវស្សានៅកម្ពុជាស្ទើរតែស្មើគ្នា ប៉ុន្តែ​ឥឡូវ​នេះ​រដូ​វ​ទាំងអស់នោះវាលែងស្មើគ្នា រដូវរងាត្រូវ​បានបាត់បណ្តើរៗ ហើយ ភ្លៀងពេលខ្លះ​ក៏​តិច​ពេក ដែល​ធ្វើ​ឱ្យ​បង្កការរំខានដល់ការធ្វើកសិកម្មនៅក្នុងប្រទេសកម្ពុជា ហើយខ្យល់​កខ្វក់​កាន់តែ​ខ្ពស់​ធ្វើ​ឱ្យមនុស្ស​មានជម្ងឺផ្លូវដង្ហើមច្រើន ប្រឈមបញ្ហា​សុខភាពស្បែកដោយសារកម្តៅខ្លាំងពេក។​

Q: តើមានកត្តាចម្បងអ្វីខ្លះដែលនាំឱ្យមានបម្រែបម្រួលអាកាសធាតុ?

A:​ កត្តាបម្រែបម្រួលអាកាសធាតុមានដូចជា៖ ការវិវត្តជីវសាស្ត្រនៃភពផែនដី តាមរយៈបន្ទុះភ្នំភ្លើង បម្លាស់​ទីទ្វីប ដែលទាំងអស់នោះជាផលប៉ះពាល់រយៈពេលវែង។ ឧទាហរណ៍​ ផែនដី​ដើរ​លម្អៀង​គន្លង​វា​ប្រើ​ពេលរាប់ម៉ឺនឆ្នាំ។​ សកម្មភាពមួយផ្សេងទៀតគឺសកម្មភាពមនុស្ស ដែល​ជះ​ឥទ្ធិពល​លឿន​មែនទែន​ដល់​ការបម្រែបម្រួលអាកាសធាតុ តាមរយៈការបំផ្លាញឃ្លាំងផ្ទុកកាបូន ការកាប់​បំផ្លាញ​ព្រៃឈើ។ ដើមឈើមានតួនាទីស្រូបយកខ្យល់ពុល និងបញ្ចេញមកវិញនូវអុកស៊ីសែន ហើយ​បើ​គម្រប​ព្រៃឈើ​ត្រូវ​បានថយចុះ សមត្ថភាពផ្ទុក​កាបូន​កាន់​តែ​ទាប វា​ធ្វើ​ឲ្យសារធាតុ​ទាំងអស់​នោះ​បង្កើត​បាន​ជា​កម្តៅ​ផែន​ដី និងបង្កឲ្យមានខ្យល់ពុលនៅក្នុងបរិយាកាស។

សកម្មភាពមួយទៀតរបស់​មនុស្សគឺការប្រើប្រាស់យានយន្ត។​ ការប្រើប្រាស់យានយន្ត​ដើរ​ដោយ​ផូស៊ីល ឥន្ធនៈ ការបញ្ចេញឧស្ម័ន យើងឃើញបដិវត្តន៍ឧស្សាហកម្មនៅចន្លោះសតវត្សទី១៧ និង១៨​ មកដល់ឥឡូវ មានរយៈពេល ៤សតវត្ស ដែល​បម្រែបម្រួលអាកាសធាតុគឺ​មាន​ល្បឿនលឿន​ខ្លាំង​មែនទែន។ មនុស្ស​ចាប់ផ្ដើមទៅជីកយកធ្យូងថ្មមកប្រើប្រាស់ដើម្បីឲ្យយានយន្ត រថភ្លើង​ដំណើរការ​ដោយសារ​ចំហេះ​ធ្យូងថ្ម​នោះ។ ហើយនៅពេលដែលធ្យូងថ្មចាប់ផ្ដើមអស់ យើងក៏​ចាប់ផ្ដើម​យក​ឥន្ធនៈ​ផូស៊ីល​មក​ប្រើប្រាស់។ តាម​រយៈប្រេងម៉ាស៊ូត ប្រេងសាំងជាដើម។ មិនថា​ឧស្ម័ន​ដែល​ចេញ​ពី​ថាមពល​ធ្យូង​ថ្ម ឬយានយន្តនោះទេ កាបូន​ម៉ូណូអុកស៊ីត​របស់​វា​គឺ​នឹង​បញ្ចេញ​ទៅ​ក្នុងបរិយាកាស ហើយ​វា​ធ្វើ​ឲ្យ​មាន​ការរំខានមែនទែនទៅដល់ភពផែនដី។ ឧស្ម័នផ្ទះកញ្ចក់កក ស្រទាប់ បរិយាកាស​មាន​ជាតិ​ពុល​ច្រើន កំដៅក៏កាន់តែចុះមកផែនដីខ្លាំង ប៉ុន្តែវាមិនអាចឡើងទៅវិញរួច។ មួយទៀតដែរ សកម្មភាព​របស់​មនុស្ស​ដែល​យើង​មាន​ការកត់​សម្គាល់​គឺ​ការប្រើប្រាស់​សារធាតុ​គីមី​នៅ​ក្នុង​វិស័យកសិកម្ម។

Q: ​​តើការប្រែប្រួលអាកាសធាតុធ្វើឲ្យមានផលប៉ះពាល់ដល់មនុស្សជាតិ ក៏​ដូចជា​ភព​ផែនដី​បែប​ណា​ខ្លះ?

A:​ កម្រិតនៃការប៉ះពាល់គឺខ្លាំងមែនទែន។ កាលណាកំដៅនៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់​ស្ដែង​ដូចនៅតំបន់ទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាគឺជាតំបន់ដែលរងពីការបម្រែបម្រួល អាកាស​ធាតុ​ខ្លាំង​ជាង​គេ។ កាលណា​កំដៅខ្ព​ស់​ហើយ​យើង​មិនមាន​គម្រប​ព្រៃឈើ​ជា​ការទាក់ទាញទឹក វា​ធ្វើ​ឲ្យ​តំបន់​​នោះ​ខ្វះ​ទឹក។ ទី២​​ ដី​ចាប់ផ្ដើម​ស្ងួត​ហួតហែង​ខ្លាំង​ខូចខាត​ទៅ​ដល់​ប្រព័ន្ធ​កសិកម្ម​ដោយ​កង្វះ​ប្រព័ន្ធ​ស្រោចស្រព​​អាច​នាំឲ្យ​ប៉ះពាល់ដ​ល់​ម្ហូប​អាហារ។

ការប្រែប្រួលអាកាសធាតុលឿនពេកធ្វើឲ្យមនុស្ស​មិនអាចសម្របខ្លួនទាន់ពេលវេលានោះទេ។ ជាក់ស្ដែង ដូចនៅប្រទេសឥណ្ឌាមានការស្លាប់ដោយសារសីតុណ្ហភាពខ្ពស់ពេក។ មនុស្ស​មិន​អាច​ត្រៀម​ខ្លួន​នូវ​ក្នុង​ការទទួល​យក​ភាព​ស៊ាំ​ទាំងអស់​នោះ​បា​​នទេ​ ហើយ​មនុស្ស​ចាប់ផ្ដើម​ទទួល​រង​នូវ​ជំងឺ​ប្លែកៗ​ដូចជា​អាលែកហ្ស៊ី និងសើរស្បែកជាដើម។​ ដូច្នេះបើនិយាយអំពីការបម្រែបម្រួលអាកាសធាតុ គឺវាប៉ះពាល់ខ្លាំងទៅដល់មនុស្សជាតិ ព្រោះវាជាផ្នែក មួយ​ដែល​ធ្វើឲ្យ​មនុស្ស​ប្រែប្រួល​លក្ខខណ្ឌ​រស់នៅ​រប​ស់​ខ្លួន​ហើយបើប្រែប្រួលលឿនពេកគឺ បង្កការរំខាន​ខ្ពស់ទៅដល់ការរស់នៅ។

Q: តើយើងត្រូវត្រៀមលក្ខណៈបែបណាខ្លះដើម្បីសម្របខ្លួននៅក្នុងរបត់នៃការប្រែប្រួលអាកាសធាតុ លឿនបែបនេះ?

A: ជាទូទៅការត្រៀមលក្ខណៈរបស់មនុស្សអាចមានពីរ ទី១គឺតាមរយៈតាមបែបធម្មជាតិ មានន័យថា យើងបន្សាំបន្តិច​ម្ដងៗ​ក្នុង​ករណី​ដែល​មិនមាន​ការប្រែប្រួល​អាកាស​ធាតុ​លឿន​ហួស​ហេតុ​ពេក។ ប៉ុន្តែ ប្រសិន​បើ​ការវិវត្ត​ខ្ពស់​ពេក វាទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការកាត់បន្ថយ ការប្រើប្រាស់​យានយន្តដែលដើរដោយថាមពលឥន្ធនៈផូស៊ីល និងធ្យូងថ្ម។ យើងឃើញថា​មាន​ប្រទេស​ជា​ច្រើននៅតែបន្តយកធ្យូងថ្មមកប្រើប្រាស់ដើម្បីទទួលបានថាមពលអគ្គិសនី ដែល​ជារឿង​មួយ​សំខាន់​គួរ​តែត្រូវបានគិតគូរ។

លើសពីនេះយើងត្រូវគិតគូរអំពីការដាំគម្របព្រៃឈើឡើងវិញ និងរក្សានៅគម្របព្រៃឈើដែលមាន ស្រាប់។ មានទស្សនៈច្រើនដែលថាកម្ពុជាមិនមែនជាប្រទេសដែលចូលរួមបំផ្លាញ ឬធ្វើឲ្យមានបម្រែ បម្រួលអាកាសធាតុទេ ប៉ុន្តែខ្ញុំទទួលថាចំណុចនេះគឺត្រឹមត្រូវ។ យើងមានគម្របព្រៃឈើត្រូពិកល្អ​ដែល​គ្មាន​ព្រៃ​នៅ​តំបន់ណាល្អជាងព្រៃនៅតំបន់ត្រូពិកនោះទេ មិនថាព្រៃនៅប្រទេសឥណ្ឌា ព្រៃអាម៉ាហ្សូន ឬព្រៃនៅតំបន់ជួរភ្នំហិមាល័យនោះទេ។ ដូច្នេះព្រៃនេះ មានសមត្ថភាព​ផ្ទុក​កាបូនខ្ពស់​ដែល​គួរតែ​ត្រូវ​បាន​អភិរក្ស​យ៉ាងម៉ត់ចត់ក្នុងស្មារតីមនុស្សជាតិ។

ប្រទេសដែលមានការរីកចម្រើនផ្នែកឧស្សាហកម្មខ្ពស់ ដូចជាចិន អាមេរិក និងរុស្ស៊ីជាដើម គួរតែបន្ថែម សមត្ថភាពនៅក្នុងការជំរុញឲ្យមានការរក្សានូវគម្របព្រៃឈើ នៅតាមខ្សែរបណ្ដោយត្រូវពិកឲ្យបានល្អ ប្រសើរដើម្បីធានាឲ្យបាននូវការកាត់បន្ថយផែនកំដៅផែនដី។

Q: តើលោកគិតថារាជរដ្ឋាភិបាល ក៏ដូចជាអង្គការពាក់ព័ន្ធគួរតែមានវិធានការបែបណាខ្លះទាក់ទង នឹងការប្រែប្រួលអាកាសធាតុ?

A: បណ្តាប្រទេសក្រីក្រ ដែលជាប្រទេសរងគ្រោះ គួរតែមានយន្តការ២ដើម្បីទទួលបានការការពារ។ ទី១ យន្តការក្នុង​ស្រុក តាមរយៈការជំរុញឲ្យមានតំហែរទាំផ្ទៃក្នុងតាមរយៈ​ការការពារព្រៃឈើ ការចូល​រួមជំរុញឲ្យមានការកាត់បន្ថយ ការប្រើប្រាស់ធ្យូងថ្ម កាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល និងប្រភព ថាមពលខ្លះដែលយើងចាត់ទុកថាជាប្រភព​ថាមពលមិនស្អាត។

ប្រទេសក្រីក្រទាំងអស់ត្រូវគិតអំពីការចូលរួមតស៊ូមតិនៅកម្រិតសកល ក្នុងនាមជាប្រទេសរងគ្រោះគួរ តែជំរុញឲ្យ​ប្រទេសមហាអំណាចសេដ្ឋកិច្ចផ្តល់ជំនួយបន្ថែមទៀតមកដល់ប្រទេសរបស់ខ្លួនក្នុងការ ការពា​រ មិនអាចការពារបានដោយគ្មាន​ជំនួយសេដ្ឋកិច្ចទេ។ ការតស៊ូមតិគឺដើម្បីជំរុញឲ្យប្រទេសអ្នក មានត្រូវបង្កើនការទទួលខុសត្រូវទៅលើការបំផ្លាញបរិស្ថានរបស់ខ្លួន។ ប៉ុន្តែមិនមែន​និយាយ​រឿង​ជំនួយ​តែ​ម្យ៉ាង​ទេ​ក្នុងនាមជារដ្ឋអធិបតេយ្យ បណ្តាប្រទេសក្រីក្រត្រូវចេះតស៊ូមតិឲ្យប្រទេសរីកចម្រើន រួម​មាន​អាមេរិក ចិន រុស្ស៊ី ឥណ្ឌាដែលកំពុងតែអភិវឌ្ឍខ្លាំងហ្នឹង ត្រូវ​សន្យា​ក្នុង​ការធានាកា​រកាត់​បន្ថយ​ការបញ្ចេញ​ថាមពល​អាក្រក់ទៅដល់បរិយាកាស។ យើងនៅតែបន្តយកជំនួយតាមរយៈការមក​ថែរទាំ​ព្រៃឈើ​របស់​យើង​ឲ្យ​បាន​ល្អ​ប្រសើរ ប៉ុន្តែត្រូវដាក់កំណត់ឲ្យប្រទេស​អភិវឌ្ឍ​ទាំងអស់​នោះ​ត្រូវ​គិតគូរ​អំពី​ការកាត់បន្ថយការប្រើប្រាស់ថាមពលអវិជ្ជមាន​ដែលធ្វើ​ឲ្យខូចខាតដល់បរិស្ថាន។ យើង​មិនអាច​រស់នៅ​ក្នុង​បរិស្ថាន​មួយ​ដែលកាន់តែអាក្រក់ទៅៗបានទេ។

Q:​ ជាចុងក្រោយ ​តើ​លោក​​មាន​អនុសាសន៍អ្វី​​ពាក់ព័ន្ធនឹង​​ការ​ប្រែប្រួល​អាកាសធាតុនេះ?

A: សូមបណ្តាមេដឹកនាំពិភពលោក មេត្តាពិចារណាជំរុញការអនុវត្តអព្យាក្រឹត្យកាបូន និងបញ្ឈប់ការ ផលិត​ថាមពលនុយក្លេអ៊ែរ។ មួយវិញទៀត បង្កើន​សមត្ថភាព​ក្នុង​ការផ្តល់​ជំនួយ​ទៅ​ដល់​ប្រទេស​អភិរក្ស​ព្រៃឈើ​ឲ្យ​បាន​ច្រើន។ រដ្ឋទាំងអស់ រួមមានកម្ពុជាយើងដែរ គួរតែ​ជំរុញ​យន្តការ​ក្នុង​ស្រុក ដើម្បី​ធានា​ឲ្យ​បាន​នូ​វ​ការការពារ​កុំ​ឲ្យ​មានការកាប់បំផ្លាញព្រៃឈើ កាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល ដើម្បីកុំឲ្យ​មានផលរំខានដល់មនុស្ស​ សត្វ។​ កម្ពុជាគួរតែរកថាមពលប្រភពស្អាត មក​ជំនួស​ថាមពល​ដែល​ដើរ​ដោយ​ធ្យូងថ្ម ដែលបង្កផលប៉ះពាល់ខ្ពស់ដល់បរិយាកាស។

យើងទាំងអស់គ្នាគួរតែកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយានយន្តក្នុងករណីមិនចាំបាច់ ដើម្បីកុំឲ្យ បរិមាណឧស្ម័នពុលចេញច្រើនពេក។ រដ្ឋាភិបាលគួរតែបន្ធូរបន្ថយពន្ធទៅលើរថយន្តថ្មី​ ជាជាង​ការដែល​ប្រជាពលរដ្ឋប្រើប្រាស់រថយន្តជជុះដែលបញ្ចេញផ្សែងពុលច្រើន។

Q:​ ចា៎! សូម​អរគុណ​លោក ហេង គីមហុង!

A: បាទ! អរគុណ៕