សភាស៊ើបសួរសាលា​ឧទ្ធរណ៍ភ្នំពេញ ​បង្គាប់ឱ្យបន្តឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀន លោក លី រី នៅពន្ធនាគារដោយច្រា​​​​​​នចោលបណ្តឹងសុំនៅក្រៅឃុំ របស់មេធាវីដែលប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សា​ល​​ដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទប្រកាន់ពីសកម្មភាពញុះញង់ធ្វើឱ្យខូចសន្លឹកឆ្នោត​។

លោក លី រី ជាសមាជិកគណៈកម្មាធិការនាយកគណបក្ស​ភ្លើង​ទៀន នៅ​រាជធានីភ្នំពេញ ត្រូវអាជ្ញាធរឃាត់ខ្លួន កា​​ល​​ពីថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២៣ ក្រោយចាប់ខ្លួន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារ ដោយពីបទ «ញុះញង់​បង្ក​ភាព​វឹក​វរ​ធ្ងន់ធ្ងរដល់​សន្ដិសុខ​សង្គម» ជាប់ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត តាមរយៈការ​​គូស​​ខ្វែ​ង​​​​​​​លើសន្លឹកឆ្នោត។

ជុំវិញការឃុំខ្លួនបណ្ដោះអាសន្ន ក្នុងដំណាក់កាលនៃការស៊ើបអង្កេតនេះ លោក ជូង ជូងី ជាមេធាវីកា​រពារក្ដី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ស្នើសុំឱ្យកូនក្តីបាននៅក្រៅឃុំ។

ក៏ប៉ុន្តែ ក្រោយចូលតតាំងក្តីនៅថ្ងៃទី៤ខែសីហានេះ លោកជូង ជូងី និយាយថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អិន វ៉ានវិបុល បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំ ដោយបង្គាប់ឱ្យបន្តឃុំខ្លួនកូនក្ដី លោក លី រី ដូចសេចក្តីសម្រេចរបស់ចៅក្រមស៊ើបនៅសាលាដំបូងរាជធានីភ្នំពេញដែរ។

 តែយ៉ាងណា លោកសុំមិនអត្ថាធិប្បាយពីមូលហេតុ ដែលសភាស៊ើបសួរយកមកសំអាងលើការបង្គាប់ឱ្យបន្តឃុំខ្លួនកូនក្តីនេះទេ។

លោកថា៖«សវនាការលើពាក្យបណ្ដឹងឧទ្ធរណ៍និងដីកាសម្រេចឃុំខ្លួន ដើម្បីទាមទារដោះលែងគាត់វិញ ប៉ុ​​​ន្តែ​​​សភាស៊ើបសួរសាលាឧទ្ធរណ៍បានច្រានពាក្យបណ្ដឹងឧទ្ធរណ៍ចោលហើយរក្សាការឃុំខ្លួនគាត់តទៅទៀត»

ភរិយាលោក លី រី គឺអ្នកស្រី លី គីមហួង ចាត់ទុកការកាត់សេចក្តីនេះ ជារឿ​ង​​អយុត្តិធម៌ ដោយសំអាងថា ប្ដីរបស់គាត់មិនបានធ្វើអ្វីខុស ដូចការចោទប្រកាន់របស់តុលាការជាន់ទាបទេ។

អ្នកស្រីថា៖ «ដោយសារតែឃើញគ្មានកំហុសអី រកកំហុសគាត់អត់ឃើញទេតែឃុំខ្លួន អត់មានភស្តុតាងថាគាត់ញុះញង់ហ្នឹងទេ។ ចង់ឱ្យគាត់ចេញមកនៅក្រៅឃុំ មានសេរីភាពឡើងវិញ​ដោយសារគាត់មិនបានខុសអី»

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង មានប្រសាសន៍ថា ការតម្កល់ដីកាឃុំខ្លួន លោក លី រី ក្រោមហេតុផលថា តុលាការទាមទារពេលវេលាបន្ថែមទៀតក្នុងការបើកការស៊ើបអង្កេតលើសំណុំរឿងនេះ ក្រោយជនត្រូវចោទ ច្រានចោលឃ្លីបសំឡេងចំនួន៤ ដែលសង្ស័យថាជាសំឡេងរបស់គេនិយាយពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។

លោកថា៖ «ការស៊ើបអង្កេតទើបចាប់ផ្ដើមទេ ចឹងសភាស៊ើបសួរ[សាលាឧទ្ធរណ៍]ទុកឱ្យសាលាដំបូង[រាជធា​​​នី​ភ្នំពេញ]ធ្វើការស៊ើបអង្កេតបន្ថែមតិចទៀតសិន»។

នាយកទទួលបន្ទុកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត និយាយថា គ្រប់សំ​ណុំ​រឿងដែលសង្ស័យជាប់ទាក់ទិននឹងបញ្ហានយោបាយ តុលាការរមែងច្រានចោលការសុំនៅក្រៅឃុំ ឬទ​ម្លា​​ក់​បទចោទប្រកាន់។

លោ​កថា៖«ពាក់ព័ន្ធករណីនេះយើងមានការសោកស្ដាយដែរ ដែលមិនអនុញ្ញាតឱ្យនៅក្រៅឃុំ។ ពីព្រោះបើ​​សិនជាគាត់នៅក្រៅឃុំបាន ទី១ វាមិនសូវជាចំណាយលើថិវការដ្ឋនៅក្នុងការឃុំ ទី២ ក៏វាអាចជួយសម្រួ​​ល​​បន្ទុកក្រុមគ្រួសារគាត់ផងដែរ»

អង្គ​ការ​​​​​​គម្រោងយុ​ត្តិ​ធម៌​ពិភ​ពលោក (World ​Justice Project) ​នៅឆ្នាំ២០២២ បន្តដាក់ចំណាត់ថ្នាក់អា​ក្រក់ដល់កម្ពុជា ថាជាប្រទេសគោរពនីតិរដ្ឋទាបដូច២ឆ្នាំកន្លងទៅ។

របាយការណ៍ចេញផ្សាយកាលពីថ្ងៃ​ទី២៦​ ​ខែ​តុលា ឆ្នាំ​២០២២ បានដាក់ចំ​ណា​ត់ថ្នាក់ក​ម្ពុ​ជានៅ​ជិត​​បាតតា​​រា​ងដោយ​​ស្ថិតនៅ​លេខ​រៀ​ង១​៣៩​ ​ក្នុ​ងចំ​ណោមប្រទេ​ស​១៤០ ​លើពិភពលោក ដែល​បាន​ធ្វើកា​រវា​យ​តម្លៃ​។​

​បើតាមរបាយការណ៍ដដែល មូលហេ​តុ​ចម្បងដែល​ទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យ​ធ្លាក់ចុះដល់បាតតារាង​ ដោយសារ​តែអំ​ណា​​​ចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និង​តុលាការ ដែលជាសសរស្ដម្ភកំពូលរបស់ជា​តិ ​ដែលធ្វើឱ្យ​​​បាត់បង់ប្រព័ន្ធត្រួ​​តពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ កម្សោយ​​លើការទប់ស្កាត់​អំពើពុករលួ​យ ​និង​ការរំលោភសិទ្ធិមនុ​ស្ស រួម​ទាំ​​ងអយុត្តិធម៌​សង្គ​ម ជាដើម។