ម​ន្ត្រីនិ​យាយថា​​ការ​យឺត​យ៉ា​វជិ​ត​២ខែ​ក្នុងកា​រ​ប្រគ​ល់កុំ​ព្យូ​ទ័រ​ឱ្យវិ​ញ​ទៅអតី​តមេដឹ​កនាំខ្មែ​រក្រហមវ័យជរាលោ​​​ក​ ខៀវ សំផ​ន ​តាមការទាមទាររបស់មេធាវី ដើម្បីបានបញ្ចប់សៀវភៅជិត១០ឆ្នាំក្នុងពន្ធ​​​នា​​​គា​​រ​សា​​លា​ក្តីខ្មែរក្រ​ហមនោះ ដោយសារក្រសួងជាប់មមាញឹកក្រោយបោះឆ្នោត ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានឱ្យដឹងនៅថ្ងៃទី១៧សីហានេះថា មន្ត្រីជំនាញបានពិនិត្យសំណើនេះរួចហើយ។

ប៉ុន្តែថា បញ្ហាយឺតយ៉ាវទំនងដោយសារភាពមមាញឹ​កក្រោ​យការបោះឆ្នោត និងបញ្ហាមួយទៀតគឺក្រសួងរវ​ល់​​​រៀបចំកន្លែងធ្វើកា​រថ្មី ទើបសាងសង់ហើយ។

លោកថា៖«សូមលោកមេធាវីគាត់ជួយសួរទៅខាងក្រសួងម្តងទៀត ក្រើនរម្លឹកការងារហ្នឹង ព្រោះខាងអគ្គស្ន​ង​​​ការគេបានលើកយោបល់រួចហើយ។ ខាងអគ្គស្នងការគេវាយតម្លៃហើយជូនយោបល់មកក្រសួងហើយ ប៉ុ​ន្តែ​​​ដោ​​យសារប្រហែលខាងអគ្គលេខាធិការដ្ឋានគាត់មមាញឹក »។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យដឹងដែរថា ក្រសួងមិនជំនាស់ការស្នើរបស់មេធាវីជនជាប់ចោទ ខៀវ សំផន ទេ ដោយថា កុំព្យូទរ័នោះ មានលក្ខណៈជាអង្គលីលេខ មិនមែនជាកុំព្យូទ័រប្រភេទអាចផ្ទុ​ក​​ឯកសារឆ្លងឆ្លើយបាននោះទេ ។

លោកថា៖«លោក(លោក​ ស ខេង)មិនទាន់ជំទាស់ទេមើលទៅ! គ្រាន់តែកុំព្យូទ័រហ្នឹង កុំព្យូទ័រគ្រាន់តែវាយដូ​​​ច​អង្គលីលេខអ៊ឹចឹង។ យកទៅវាយអីហ្នឹងបានតើ​ជាអង្គលីលេខ កុំឱ្យតែកុំព្យូទ័រទាក់ទងមានអីណា ser​​ver មា​នអីណាផ្ទុកអីណា អត់មានទេ»។

ការអះអាងនេះ ក្រោយមេធាវីការពារក្តីលោក ខៀវ សំផន គឺលោក គង់ សំអុន បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយស្នើសុំកុំព្យូទ័រឱ្យកូនក្តីបានប្រើឡើងវិញ ដើម្បីបញ្ចប់សៀ​​វភៅមួយក្បា​​ល កម្រាស់រាប់រយទំព័រនៅក្នុងពន្ធនាគារ។

លោកបញ្ជាក់ថា ការស្នើនេះ ដោយសារកុំព្យូទ័រដែលកូនក្តីកាត់ធ្លាប់ប្រើជាង១០ឆ្នាំ ត្រូវបានតុលាការខេត្តកណ្តាលដ​ក​ហូតនៅពេល លោក ខៀវ សំផន ត្រូវបញ្ចូនចេញពីកន្លែងឃុំខ្លួននៅសាលាក្តីខ្មែរក្រហម ទៅកា​ន់​​​ពន្ធ​នា​គា​​រខេត្តកណ្តាលវិញ។

លោ​កឱ្យដឹងដែរថា មុនដាក់សំណើទៅក្រសួងមហាផ្ទៃ លោកក៏បានដាក់សំណើរទៅប្រ​​​ធានពន្ធនា​គា​​រ​ខេត្តកណ្តាល លោក ឯម និមល និងរាយការណ៍ទៅសាលាក្តីខ្មែរក្រហមដែរ ។ ប៉ុន្តែថា ភា​គីទាំ​​ង២ បង្វែរឱ្យទៅក្រសួងមហាផ្ទៃ ។

បើតាម លោក គង់ សំអុន ជាង២មកនេះ លោក មិនទទួលបានព័ត៌មានពីមន្ត្រី ជុំវិញសំណើរ សុំកុំព្យូ​​ទ័រត្រឡប់មកវិញ សម្រាប់ឱ្យកូនក្តីបានបញ្ចប់សៀវភៅនេះនៅឡើយទេ។

លោកថា៖«រដ្ឋាភិបាលអត់ទាន់ចេញលិខិតឆ្លើយតបមកខ្ញុំវិញទេ ឬក៏ប្រាប់ថាអត់ឱ្យដោយសារអីទេ អត់មានទេ»។

លោកបង្ហើបដែរថា សៀវភៅដែលកូនក្តី កំពុងសរសេរមានពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រក្នុងនាមជាអ្នកន​យោបា​យ​​​ជើងចាស់ ។ ប៉ុន្តែនៅត្រង់ខ្លឹមសារជាក់លាក់យ៉ាងណានោះលោកមិនអាចបញ្ជាក់បាននៅឡើយ ។

លោកថា៖«វាសំខាន់មួយគឺបញ្ចេញទស្សនៈរបស់គាត់។ គាត់ចង់បង្ហាញពីអ្វីដែលគាត់យល់ថា ដែលគាត់ចង់និយាយថា វាការពារផលប្រយោជន៍របស់គាត់ ការពារខ្លួនគាត់អ៊ឹចឹងទៅ»។

យ៉ាងណាលោកអះអាងថា នឹងបន្តជំរុញករណីនេះ ក្រោយមានការបញ្ជាក់ពី លោក នុត សវនា។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកថា សំណេររបស់លោ​​ក ខៀវ សំផន អាចជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ ​ ​​ក្នុងការទប់ស្កាត់កុំឱ្យកម្ពុជាដើរជាន់ដានប្រ​វត្តិសា​​​ស្ត្រធ្លាក់ក្នុងភ្លើងសង្គ្រាមជាបន្តទៀត។

លោកថា៖«អ៊ឹចឹងក្នុងករណីនេះខ្ញុំយល់ថាគួរតែមានការពិនិត្យ និងផ្តល់លទ្ធភាពឱ្យទៅគាត់ ពីព្រោះធម្មតាគាត់ជាអ្នកនយោបាយមួយរូប ហើយអ្វីដែលជាការសរសេរ ការលើកឡើងអំពីរឿងពិត រឿងត្រឹមត្រូវ កើតឡើ​​​ងនាពេលកន្លងមកហ្នឹង អាចធ្វើជាការសិក្សាទៅដល់អ្នកជំនាន់ក្រោយ ឬក៏អ្នកនយោបាយជំនាន់ក្រោ​យ ដើម្បីយកមកធ្វើការរៀនសូត្រដែរ»។

លោក ខៀវ សំផន ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ហើយត្រូវឃុំខ្លួននៅសាលាក្តីខ្មែរក្រ​ហ​​មអស់រយៈពេលប្រមាណ ១៥ឆ្នាំ។

 កា​​លពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ខៀវ សំផន ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តកណ្តាលវិញ​ ដោ​យសារទីតាំងអតីតសាលាក្តីខ្មែរក្រហមត្រូវបានផ្ទេរឱ្យទៅក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក។

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២២ ​អតីតមេដឹកនាំសម័យខ្មែរក្រហមវ័យ ៩២ឆ្នាំ លោក ​ខៀវ សំផន ត្រូវបានអង្គ​ជំ​​នុំ​​​​​ជម្រះ​តុលាការ​កំពូល​សាលាក្តី​ខ្មែរ​ក្រហម ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រ​ឆាំ​ង​​​នឹង​មនុស្ស​ជាតិ ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​សម្លាប់​រង្គាល​ក្រុម​ជនជាតិ​វៀតណាម​និង​ចាម ​ការ​រំលោ​​ភ​​​បំ​ពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុ​សញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​ ១៩៤៩ ​និង​អំពើ​មនុស្ស​ឃាត។

ចាប់​តាំង​ពី​ការ​បង្កើតសាលាក្តីខ្មែរក្រហម​ក្នុង​ឆ្នាំ​២០០៦តុលាការ​កូន​កាត់​មួយ​នេះ​​បាន​កាត់​ទោស​មេដឹ​ក​​នាំ​​​​​ខ្មែរ​ក្រ​ហ​ម​​ជាន់​ខ្ពស់​ចំនួន​បី​រូប គឺ​មាន​លោក កាំង ហ្កេកអ៊ាវ ហៅ​ ឌុច អតីត​ប្រធាន​គុក​ទួលស្លែង និង​មេដឹ​កនាំ​លោក នួន ជា ដែល​បាន​ស្លាប់។

ក្រៅ​​ពីនោះ ក៏​មាន​អតីត​មេដឹកនាំ​ផ្សេង​ទៀត ដូច​ជា​អ្នកស្រី អៀង ធីរិទ្ធ និង​លោក​ អៀង សារី បាន​ស្លាប់ ក្នុ​ង​​​អំឡុង​ពេល​ដំណើរ​សវនាការ​របស់​តុលាការ​ខ្មែរ​ក្រហម​ផង​ដែរ។