ប្រជាពលរដ្ឋ និងក្រុមសហជីព​ជាង៥០ នាក់​បាន​ជួបជុំ​គ្នា​នៅខាង​មុខ​មណ្ឌល​អប់រំ​កែប្រែ​ទី២ (ម២) ​ទាមទារ​ឱ្យ​មាន​ការដោះលែងកញ្ញា ឈឹម ស៊ីថរ ដែល​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុនណាហ្គាវើលដ៍។

បើ​តាមសារ​របស់ទំព័រហ្វេសប៊ុក​​អង្គការ​លីកាដូ​នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញ​ថា ការជួបជុំគ្នា​មានអ្នកចូលរួមមកពីសហព័ន្ធសហជីពកម្ពុជា (CATU) សហជីព​កម្មករ​ចំណី​អាហារ និងសេវាកម្ម (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) អង្គការបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ។

លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសេវាការងារ និងចំណីអាហារកម្ពុជា (CFSWF) បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ប្រសិនបើ​​ប្រទេស​ដែល​​មាន​នីតិរដ្ឋ​ពិតប្រាកដ នោះ​កញ្ញា ឈឹម ស៊ីថរ នឹង​មិនជាប់ពន្ធនាគា​រនោះ​ទេ។ លោកស្រី​ថា កញ្ញា​ ឈឹម ស៊ីថរ និង បុគ្គលិកណាហ្គាវើលដ៍​ប្រើប្រាស់​សិទ្ធិ​ខ្លួន​ឯង​ក្នុង​ការអនុវត្ត​សិទ្ធិ​សេរីភាព​សហជីព មិនមែន​ជាទម្រង់នៃការញុះញង់ បង្កភាពវឹកវរ​ក្នុងសង្គមនោះឡើយ។

លោកស្រីបន្តថា៖ «ខ្ញុំចង់ឱ្យតុលាការធ្វើការដោយឯករាជ្យទៅ ឈរលើ​មូលដ្ឋាន​សិទ្ធិជា​គោល​របស់​កម្មករ​និយោជិត សិទ្ធិសេរីភាពសហជីព ដែលប្រទេស​យើង​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ ៨៧ ៩៨ និយាយអំពីការប្រើប្រាស់សិទ្ធលើការចងក្រងសហជីព ការចងក្រង​សមាគម​រួមទាំងសិទ្ធិ​ចចារជាសមូហភាព»។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia)​ ថា ទាក់ទងរឿងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលជាមួយសហជីព ក៏​ដូចជា​បុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ កើតចេញពីវិវាទការងារសុទ្ធសាធ មិន​គួរ​មាន​ចាប់​ខ្លួន ឬ​ចោទ​ប្រកាន់ ឬ​ឃុំខ្លួនទៅលើមេដឹកនាំសហជីពទេ។ លោក​ថា​​ អ្វីដែល​សំខាន់​គឺ​ការដោះ​ស្រាយ​ដើម្បីប​ញ្ចប់វិវាទការងារហ្នឹងវាជារឿងចាំបាច់ដែលត្រូវធ្វើ។

លោកបញ្ជាក់ថា៖ «រឿងកញ្ញាឈឹម ស៊ីថរ ឥឡូវដល់តុលាការកំពូលហើយ អញ្ចឹង​យើង​សង្ឃឹម​ថា​តុលាការ​កំពូលនឹងបើកសវនាការក្នុងពេលឆាប់ៗ ធ្វើ​ការទម្លាក់​បទ​ចោទ​ប្រកាន់​លើ​កញ្ញា ឈឹម ស៊ីថរ ហើយដោះលែងគេឱ្យមានសេរីភាពពេញលេញឡើងវិញ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង រាជធានីភ្នំពេញបានទេ។

កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការកាត់ទោស​​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២ឆ្នាំ​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុងសង្គមតាម​មាត្រា​៤៩៤ និង៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹង​ការ​ធ្វើ​កូដកម្ម​តវ់ា​ឱ្យ​ក្រុមហ៊ុនណាហ្គាវើសដ៍​គោរព​សិទ្ធិការងារ និង​ទទួល​យក​បុគ្គលិក​រាប់រយនាក់​ចូលធ្វើការ​ងារ​វិញ​។ កញ្ញាគឺជាបុគ្គល​ទីមួយ​នៅ​​​កម្ពុជា ដែល​បានទទួល​​បាន​ពានរង្វាន់អ្នកការពារ​សិទ្ធិ​មនុ​ស្ស​ពី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ក្នុងការ​​​បង្ហាញពីភាពក្លាហានយ៉ាងពិសេស និង​ភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និង​​ការពារសិទ្ធិ​មនុស្ស​ដែល​គេ​ទទួល​ស្គាល់​ជា​សាកល និងសេរីភាពជាមូលដ្ឋាន៕​