ក្រុម​អ្នក​ច្បាប់​បង្ហាញ​ការ​យល់​ឃើញ​ចម្រុះ​គ្នា​ចំពោះ​គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ​ដែល​ទើប​ត្រូវបានបង្កើត​​ក្នុង​គោលបំណង​លើកកម្ពស់នីតិរដ្ឋ និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា។

គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌  ​បង្កើតឡើងតាមព្រះរាជក្រឹត្យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២៣ ដែល​​មានសហប្រធាន ២ រូប គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល និង​​​​សមាជិកសរុប ២៥ រូប ក្នុង​គោលបំណង​ដឹកនាំ សម្របសម្រួល ជំរុញការអនុវត្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តាម​កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល សំដៅពង្រឹង លើកកម្ពស់គោលការណ៍នីតិរដ្ឋ គុណភាព ប្រសិទ្ធភាព​នៃប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា។

លោក កែវ ពន្លឺចន្ទ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ​ និងច្បាប់​លើកឡើងថា គណៈ​កម្មាធិការ​ដឹកនាំ​ការកែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែលមានសហប្រធាន អាចនាំឱ្យអំណាចមានភាពមិនច្បាស់​លាស់ ចែកមិន​ដាច់ និង​ប្រទាញប្រទង់គ្នា។ លោកបន្ថែមថា គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ​ហាក់​មិនឃើញពីប្រសិទ្ធភាពណាមួយទេ ប៉ុន្តែតែចាំមើលការដឹកនាំរបស់​រដ្ឋាភិបាល​ថ្មី។

លោក ពន្លឺចន្ទ បន្តថា៖ «តួនាទីអង្គភាពប្រឆាំងអំពើពុករលួយវាសំខាន់ ហើយគួរតែយកទៅអនុវត្តដើម្បីឱ្យមានប្រសិទ្ធភាពឱ្យបានពេញ​លេញ ហើយយើងបង្កើតគណៈកម្មាធិការនេះឡើងគ្រាន់តែជាគោលនយោបាយដាក់ឱ្យអនុវត្តទៅ ហើយមិន​ទទួលបានប្រសិទ្ធភាព អាណត្តិក្រោយកំណែទម្រង់ទៀតទៅ»។

សម្រាប់លោក សុខ សំអឿន មេធាវីប្រចាំអង្គការតម្លាភាពកម្ពុជា លើកឡើងថា ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែល​ផ្តល់សិទ្ធិសេរីភាពពលរដ្ឋជាធំជាង​ប្រយោជន៍ស្ថាប័ន​ទើបជាការល្អ។​

លោកមេធាវីបន្តថា៖ «ប្រព័ន្ធយុត្តិធម៌ ត្រូវតែការមានការកែទម្រង់ ព្រោះ​ច្បាប់​ជាទូទៅមិនសូវគិតដល់​សិទ្ធិ​សេរីភាព​ពលរដ្ឋប៉ុន្មានទេ ដូច្នេះកែទម្រង់ឱ្យគោរពសិទ្ធិសេរីភាព​ពលរដ្ឋ​ច្រើន​​​ទើបបាន​ល្អ»។

លោកមេធាវីបន្ថែមថា ក្នុង​ការកែទម្រង់ប្រព័ន្ធយុត្តិធម៌​មិនគួរ​​ផ្តល់អំ​ណាច​ឱ្យ​តុលាការ​ធ្វើ​ទាំងអស់​នោះ​ទេ ដោយសារ​​​​ចៅក្រមមិន​ទាន់ឯករាជ្យនៅឡើយទេ។ លោក​ថា ប្រសិន​​បើមានតំណាងចម្រុះមកពីពលរដ្ឋ អង្គការ​សង្គមស៊ីវិល និង​រដ្ឋាភិបាលឱ្យមានចូលរួម និងទទួលមតិយោបល់ គឺកាន់តែប្រសើរ។

លោក​ វ៉ា ឈុនហុង អ្នកសិក្សាផ្នែកច្បាប់ និងសង្គម មានយោបល់ថា ការកែទម្រង់ប្រព័ន្ធយុត្តិធម៌​ដែល​​មាន​សហប្រធាន ២ រូប គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ និងប្រធានតុលាការកំពូល មានលក្ខណៈប្លែក អាចមានការ ក្រែងរអែងគ្នា ហើយពលរដ្ឋ​អាច​មានការភាន់ច្រឡំលើការអនុវត្តរបស់តុលាការ។

លោក ឈុនហុង បន្តថា ​ស្ថាប័នតុលាការគួរតែជាអ្នករៀបចំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដោយ​ខ្លួន​ឯង ដោយសារ​​ជា​អ្នក​អនុវត្ត មើលឃើញបញ្ហាផ្ទាល់ និងជា​អំណាចឯករាជ្យ។

លោក ​ឈុនហុង បន្ថែម​ថា៖ «ស្ថាប័នតុលាការមើលឃើញពីបញ្ហាជាច្រើនច្បាស់លាស់ជាងស្ថាប័ន​នីតិប្រតិបត្តិ»។

លោក​ ឈុនហុង បន្ថែមថា ការបង្កើតគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺមានភាពល្អ​ប្រសើរ​ ប្រសិន​អនុវត្តឱ្យត្រូវតាមច្បាប់ តម្លាភាព គិតពីប្រយោជន៍រួម ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងគិតពី​ប្រសិទ្ធភាព។

មាត្រា ៥១ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានកំណត់ថា៖ «អំណាចបែងចែកដាច់ពីគ្នា រវាង​អំណាច​នីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាល​លើកឡើងថា គ្មានការងារណាល្អឥតខ្ចោះ និង មិន​អាច​នៅ​ដដែលៗ​ដោយ​គ្មានកំណែទម្រង់នោះទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​បន្តថា៖ «ប្រព័ន្ធយុត្តិធម៌ក៏ដូចគ្នាយើងត្រូវការពង្រឹង និង​កែលម្អរ​ជានិច្ច​ដើម្បី​ធ្វើ​ឱ្យ​កាន់តែល្អប្រសើរ និងរឹងមាំ»។

​លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល លើកឡើងដែរថា លោកស្រី​បាន​​ឃើញ​តែ​ព្រះរាជក្រឹត្យ និងសេចក្តីសម្រេច ប៉ុន្តែ​​មិន​ទាន់បាន​ប្រជុំ​លម្អិត​លើខ្លឹមសារនៅឡើយ​។

ចំណែក​លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលា​ដំបូងរាជធានី​ភ្នំពេញ បានប្រាប់​ឱ្យទៅសួរអ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌វិញ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌ និងជា​អតីត​ប្រធាន​លេខា​ធិការដ្ឋាន​នៃ​គណៈ​កម្មាធិការ​​កែទម្រង់ប្រព័ន្ធយុត្តិធម៌ ​មិនឆ្លើយតបសំណួរពី Newsroom Cambodia អំពី​ការបង្កើត​គណៈកម្មាធិការ​ដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងសមិទ្ធផលរយៈពេល​១០ឆ្នាំកន្លង​មកនៃ​គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នេះទេ។

គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ ស្ថិត​ក្រោម​​​​រដ្ឋបា​លកណ្ដាលរបស់ក្រសួងយុត្តិធម៌ ដើម្បីគាំទ្រដល់កិច្ចដំណើរការរបស់ខ្លួន។ ហើយការរៀបចំ និង​ការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាននេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

ព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០២៣ ត្រង់មាត្រា ១៣ ចែង​ថា សាលាជម្រះក្តី អង្គការអយ្យការគ្រប់ជាន់ថ្នាក់ ស្ថាប័ន អង្គភាព​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ការងារ​កែទម្រង់​​ប្រព័ន្ធយុត្តិធម៌ អាចបង្កើតក្រុមការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

ក្រុមការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានតួនាទី ភារកិច្ច និងសមាសភាពយ៉ាងណា ត្រូវ​កំណត់​ដោយ​​សេចក្តី​សម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយប្រធានតុលាការកំពូល។

ព្រះរាជក្រឹត្យខាងលើ ត្រង់មាត្រា ១៣ ចែងថា៖ «គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិជាកញ្ចប់ថវិកាដោយឡែក នៅ​ក្នុង​ក្រប​ខ័ណ្ឌថ​វិការ​​ប្រចាំឆ្នាំ​របស់ក្រសួងយុត្តិធម៌»។

ជុំវិញការ​កែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺរយៈពេល​ ១០ឆ្នាំមុន នៅឆ្នាំ​២០១៣ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ ៤៩១ បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដើម្បីដឹកនាំការងារកែ​ទម្រង់​ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយរបស់​រដ្ឋាភិបាល ដែលមានរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ១រូប ជាប្រធាន និងសមាជិកមួយចំនួនទៀត។

យោងតាមព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រង់មាត្រា ១៥ ចាប់ពី​ឆ្នាំ​២០២៤​នេះតទៅ គណៈកម្មាធិការ​ដឹកនាំការកែទម្រង់ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ត្រូវបាន​លុប​ចោល និងជំនួសវិញដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌៕