នៅក្នុង​ច្បាប់អន្តរជាតិ មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិស្មើ​គ្នា​ក្នុង​ការ​ជ្រើស​រើស​ដៃ​គូ​ជីវិត​ ជ្រើស​រើស​មនុស្ស​ដែល​ខ្លួន​ស្រ​ឡាញ់ ​មិន​ថា​ភេទ​ដូច​គ្នា ​ឬ​ផ្ទុយ​គ្នា​ ហើយ​ការ​ស្រ​លាញ់​ភេទ​ដូច​គ្នា​ក៏​មិន​មែន​ជា​កំហុស​។

កំ​ពុង​ផ្តល់សម្ភា​សន៍​ដល់​អ្នកសារព័ត៌មាន​​​យុវជន​ សុទ្ធ​ ពៅ ​សំណាង​ សកម្មជន​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​លើកឡើងថា ​អ្នកស្រលាញ់​ភេទដូចគ្នានៅ​កម្ពុជា នៅ​តែបន្ត​រងការ​រើស​អើង​​ទាំង​នៅ​សាលារៀន កន្លែង​ធ្វើការ ក្នុង​​សង្គម និង​តាមបណ្តាញ​អ៊ីនធឺណិត​។

សំឡេង​របស់​សំណាង​ហាក់​ប្តូរ​បន្តិច នៅ​ពេល​រៀបរាប់​អំពីការ​រើសអើង​ដែល​កើត​មាន​លើ​អ្នកស្រលាញ់​ភេទ​ដូចគ្នា។ ស​កម្មជន​រូបនេះ​​បន្ត​ថា៖​ «ការ​រើស​អើង​នៅ​ក្នុង​សា​លា​ ឧ​ទាហរណ៍​មួយ​ចំនួន​ គ្រូ​មួយ​ចំនួន​រើស​អើង​យើង​ មិន​សូវ​សប្បាយ​រីក​រាយ​ជា​មួយ​យើង​ ហើយ​ពេល​ខ្លះ​គ្រូ​មួយ​ចំ​នួន​មាន​វិន័យ ​ប្រុស​មាន​ភេទ​កំ​ណើត​ប្រុស​ត្រូវ​ស្លៀក​ខោ​ ស្រី​ត្រូវ​ស្លៀក​សំពត់​ មួយ​ទៀត​ប្រុស​មិន​អាច​ទុក​សក់​វែង​បាន​ទេ​ត្រូវ​កាត់​សក់​អ៊ីចឹង​ទៅ ​អ៊ី​ចឹង​អា​ហ្នឹង​នៅ​មើល​ឃើញ​រូបភាព​និង​នៅ​ក្នុង​ស្រុក​ខ្មែរ​»។ 

បើទោះបី​​ជា​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើក​ស្ទួយ​ដោយ​អង្គ​ការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​​ក៏​ដោយ​ ​ប៉ុន្តែ​ច្បាប់​សម្រាប់​ការ​ពារ​នៅ​មិន​ទាន់​មាន​គ្រប់​គ្រាន់​ ហើយ​ការ​រើសអើង​ និង​ការ​មើល​ងាយ​​នៅ​តែ​កើត​មាន​សម្រាប់​អ្នកស្រលាញ់​ភេទ​ដូចគ្នា ដូចជា​សំណាង​​​​។​  

សំណាង ដែល​មាន​អាយុ២៦​ឆ្នាំ​ បន្ថែម​ថា ​​​ការ​ទទួល​ស្គាល់​ផ្នែក​សង្គម​មាន​​ភាព​ប្រសើរ​ ដោយសារ​ពួក​គេ​អាច​បង្ហាញភាព​​ជា​ខ្លួន​ឯង​បាន​។

ខែន គឹមហុង អ្នកស្រលាញ់​​ភេ​ទម្នា​ក់ទៀត​លើកឡើង​ដែរ​ថា ​​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​​កា​រ​ស្រឡាញ់​ភេទ​​តែ​​មួយ​ ដូច​ជា​ប្រុស​​ស្រឡាញ់​​ប្រុ​ស​​ ស្រី​ស្រឡាញ់​ស្រី ប៉ុន្តែ​ការ​ស្រឡាញ់​ភេទ​ដូច​មិន​តម្រូវ​ឱ្យ​យើង​កែរ​ភេទ​ទៅ​ជា​មនុស្ស​ស្រីឬ​ក៏​ជា​ប្រុស​នោះ​ទេ​។ 

គឹមហុង​​ថា៖ «បញ្ហា​ប្រឈម​របស់ពួកយើង​មាន​រឿង​ច្រើន​ ដូច​ជា​ឳ​ពុក​ម្ដាយ​ បង​ប្អូន និងមនុស្ស​ជុំ​វិញ​ខ្លួន​ ប៉ុន្តែពួក​យើង​នឹង​ប្រឹង​ជំនះ​នៅ​បញ្ហា​នេះ»។ 

អ្នកស្រលាញ់​ភេទដូចគ្នា​ម្នាក់ទៀត គុយ​ ធីតា​ ស្ថាបនិក​ Lovelsdiversity ​ថា ​ស្ថាន​ភាព​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​បើ​ធៀប​នឹង​កាល​ពី​មុន​ តែ​នៅ​តែ​មាន​ចន្លោះ​ខ្វះ​ខាត​។

ធីតានិយាយ​ថា៖ « បើ​យើង​ប្រៀប​ធៀប​កាល​ពី​ដប់​ឆ្នាំ​មុន​ឬ​ក៏ប្រាំ​ឆ្នាំ​មុន​យើង​ឃើញ​ថា​ស្ថាន​ភាព​សេរីភាព​ ការ​ទទួល​ស្គាល់​មាន​ការ​កើន​ឡើង​ប៉ុន្តែ​នៅ​តែ​អត់​ទាន់​គ្រប់​គ្រាន់ ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​នៅ​តែ​ទទួល​រង​នូវ​ការ​រើស​អើង​ជា​ប្រ​ចាំថ្ងៃ​»។ ​

ធីតា​ បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ដែល​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​តែង​តែ​ជួប​ប្រទះ​មាន​ ៣ធំៗ​គឺ​​ទាក់​ទង​នឹង​បញ្ហា​គ្រួសារ​ ដែល​គ្រួសារ​មួយ​ចំ​នួន​មិន​ទទួល​ស្គាល់​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ​និង​បង្ខុំ​ឲ្យ​មាន​ការ​កែ​ប្រែ​ខ្លួន​ បង្ខំ​ឲ្យ​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ភេទ​ដូច​គ្នា​និង​ឲ្យ​ទៅ​រៀបការ​ជា​មួយ​ភេទ​ខុស​គ្នា​វិញ​។ បញ្ហា​ទី​ពីរ​ គឺ​ក្នុង​វិ​ស័យ​អប់​រំ​ និង​កន្លែង​ការងារ​ ដោយ​ពួក​គាត់​មិន​ត្រូវ​បាន​ទទួល​ស្គាល់​និង​ផ្តល់​សិទ្ធិ​មនុស្ស​ធម្មតា​ ក្នុង​នោះ ​មាន​ដូច​ជា​ការ​រើស​អើង​នៅ​សាលារៀន​ ឬ​រើស​អើង​ពេល​សម្ភាសន៍​ការ​ងារ​។ ចំណែក​បញ្ហា​ទី​បី​ គឺ​មិន​មាន​ការ​ការពារ​ដោយ​ច្បាប់​ពេញ​លេញ​ ដូច​ជា​មិន​មាន​ច្បាប់​អនុញាតិ​ឲ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន​ចុះ​អ៊ី​តា​វិល​ជាដើម​។ 

រដ្ឋា​ភិបាល​កម្ពុជា​ថា ​ចំ​នួន​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​មាន​ជាង៣៣,០០០ ​នាក់​ និង​ប្រ​ហែល​ ៥,000 ​គូ។​យ៉ាង​ណា​មិញ​ច្បាប់​នៅ​មិន​ទាន់​ទទួល​ការ​រៀប​ការ​របស់​ពួក​គាត់​ ជា​រឿង​ស្រប​ច្បាប់​នៅ​ឡើយ​ទេ។​ នេះបើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ខ្មែរ​ថាមស៍​ ឆ្នាំ២០១៩​​។ 

ឡុង​ ម៉ា​ឡែន​ ជា​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​​ម្នាក់ទៀត​លើកឡើងដែរ​​ថា​ ស្ថាន​ភាព​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​បើ​ធៀប​នឹង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ភាព​ទូ​លំ​ទូ​លាយ​នៅ​ឡើយ​។

ម៉ា​ឡែន​ បាន​ឲ្យ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា​អ្វីជា​ LGBTQ​ នៅ​ឡើយ​ ជា​ពិសេស​អ្នក​នៅ​សហគមន៍​ជន​បទ​។

ម៉ាឡែននិយាយ​ថា៖ «សហគមន៍​គាត់​ដើរ​តួយ៉ាង​សំខាន់​ដែរ​ក្នុង​ការ​ជួយ​ជំរុញ​ទៅ​លើ​ការ​ស្វែង​យល់ ​និង​ទទួល​ស្គាល់​ LGBT  ​ព្រោះ​ថា​គ្រួ​សារ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​គឺ​គាត់​ទទួល​សម្ពាធ​ពី​សហគមន៍​ ហើយ​ដល់​ពេល​ចឹង​គ្រួសារ​គាត់​ផ្តល់​សម្ពាធ​ដល់​សមាជិក​ LGBT​ បន្ត​ទៀត​»។​

ម៉ា​ឡែន​ បន្ថែម​ដោយ​​សង្ឃឹម​ថា ​រដ្ឋា​ភិ​បាល​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ស្វែង​យល់​ពី​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក្នុង​សង្គម​ ដើម្បី​ឲ្យ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​នេះ​ក្លាយ​ទៅ​ជារឿង​ធម្មតា​។ ម៉ាឡែន​ថា រដ្ឋាភិបាល​មិន​គួរ​ទុក​តួ​នាទី​ផ្សព្វផ្សាយ​ពី​ការ​ស្រលាញ់​ភេទ​ដូចគ្នា​ទាំង​ស្រុង​ទៅ​ឲ្យ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ធ្វើ​ទាំង​ស្រុង​ឡើយ​ ព្រោះ​ពួក​គាត់​ក៏​ជា​ប្រជាជន​ទូទៅ​ម្នាក់​ ដែល​គួរ​តែ​ទទួល​បាន​ការ​ការពារ​ដូច​គ្នា។

ត្រលប់​មក​យុវជន ​សុទ្ធ​ ពៅ​សំណាង​ វិញ​ សំណាង​ចង់ឱ្យ​សង្គម​ទទួល​យក​ភាព​ចម្រុះ​នៃ​ក្តី​ស្រលាញ់ ដូចការ​ទទួល​យក​ភាព​ចម្រុះ​នៃ​ជាតិសាសន៍​ដែរ។

សំណាងនិយាយ​ថា៖​ «​សង្គម​ទទួល​យក​ភាព​ចម្រុះ​នៃ​អាយុ​ ភាព​ចម្រុះ​នៃ​សញ្ជាតិ​មាន​សញ្ជាតិ​ខ្មែរ​ ចិន​ ចាម​ វៀតណាម​ និង​ភាព​ចម្រុះ​នៃ​ពណ៌​សម្បុរ​ ប៉ុន្តែ​ហេតុ​អ្វី​សង្គម​មិន​អាច​បើក​ចិត្ត​ទទួល​នូវ​ភាព​ចម្រុះ​នៃ​ក្តី​ស្រឡាញ់​បាន»៕