អ្នក​ស្រី​ សាន​ សាវ៉ូន​ ជាកសិករ​ចិញ្ចឹម​ជ្រូកម្នាក់​នៅក្នុង​ភូមិ​ឃុន​មោយ​ ឃុំ​កណ្តែក​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​។​ ក្នុង​រយៈ​ពេល​​១៣​ឆ្នាំ​​​​ដែល​អ្នក​ស្រី​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​​ អ្នកស្រី​​មិន​ដែល​ប្រឈម​ននឹង​បញ្ហា​​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​​ខ្លាំង​ដូច​ឆ្នាំ​នេះ​នោះ​​​ទេ។ អ្នកស្រីនិយាយ​ថា ក្នុងរយៈ​ពេល​ប្រហែល​៣​ខែ​កន្លង​មក​នេះ​ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ស្ទើរ​តែ​ទាំង​អស់ ​ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​ ខណៈ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ ហើយ​ស្ទើរ​តែ​មិន​មាន​ឈ្មួញ​ចុះ​មក​ទិញ​ ព្រោះ​តែ​វត្ត​មាន​សាច់​ជ្រូក​បង្កក​នាំ​ចូល​រាប់​តោន​។ 

ស្រ្តីវ័យ​៤២​ឆ្នាំ​រូបនេះ​​និយាយ​ថា៖ «ខាត​តែ​មួយ​ពេញ​ទំហឹង​ហ្នឹង​ឯង​ ឧទាហរណ៍ ​របស់​យើង​ធ្លាប់​ចិញ្ចឹម​ត្រូវ​បាន​ចំណេញ​១០០០​រៀល​(ក្នុង​មួយ​គីឡូ​) ក៏​ចូល​ដើម​១០០០​រៀល​ ទៅ​១៥០០​រៀល​ទៀត ​(ក្នុង​មួយ​គីឡូ​) […] ធ្លាក់​ខ្លាំង​ណាស់​ ធ្លាក់​សឹង​ដល់​ចំណុច​សូន្យ​ បើ​សិន​ណា​មិន​មាន​ជ្រូក​នាំ​ចូល​មក​ពី​គេ​ហើយ​មិន​មាន​សាច់​បង្កក​ បើ​ផ្គត់​ផ្គង់​តែ​នៅ​ខ្មែរ​យើង​ក៏​ជ្រូក​ខ្មែរ​យើង​មិន​ដុន​ដាប​ដល់​ថ្នាក់​នេះ​ដែរ​»។ 

ប្រជាជន​​ជា​ច្រើន​គ្រួសារ​ក្នុង​ខេត្ត​សៀមរាប​ដែល​​ពឹង​ផ្អែក​ជីវភាព​លើ​ការ​ចិញ្ចឹម​ជ្រូកដូចជា​អ្នកស្រី សាវ៉ូន ​កំពុង​ប្រឈម​​នឹង​​ការ​​ក្ស័យធន​​ព្រោះតែ​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃខ្លាំង ដោយសារ​​​​ការ​នាំ​ចូល​​សាច់ និង​សាច់​បង្កក​ពីក្រៅប្រទេស​ច្រើន​ពេក​​។

និយាយ​ដោយ​​​​​​មាន​សើច​តិចៗ​ផង​​ អ្នក​ស្រី​ សាន​ សាវ៉ូន បន្ថែម​ថា ​ឈ្មួញ​ដែល​ធ្លាប់​មក​ចាប់​ជ្រូក​​នៅ​កសិដ្ឋាន​របស់​អ្នកស្រី​កាល​ពី​មុន​ លែង​ទិញ​កន្លែង​អ្នកស្រី ដោយពួកគេ​ចាំយក​​ជ្រូក​នាំចូល​មាន​តម្លៃ​ថោកជាង ​និង​​ដឹក​មក​ដល់​ទីតាំង​របស់ពួកគេ​​ស្រាប់​។ 

កំពុង​បាញ់ទឹក​លាង​ទ្រុងជ្រូក អ្នក​ស្រី​ សាវ៉ូន​ ថ្លែង​ថា​៖ «បើ​ជ្រូក​ឡើង​ថ្លៃ​ ឈ្មួញ​ចុះ​ឡើងៗ​ ពិបាក​តែ​យើង​រក​លក់​មិន​ទាន់​ទេ​ មួយ​ខែ ​ឬ​កន្លះ​ខែ​ដឹង​តែ​ចូល​មក​មើល​ទ្រុង​យើង ​ហើយ​ល្មមៗ​បង្ខំ​​ឲ្យ​យើង​លក់​ហើយ​ ដល់​ពេល​ជ្រូក​ចុះ​ថោក​អញ្ចេះ​តែ​ទូរស័ព្ទ​ឯង​ក៏​មិន​ចង់​លើក​ទៀត​ គេ​ថា​ចាំ​ទិញ​តែ​កុង​ស៊ី​ស្រួល​ជាង​ អត់​ពិបាក​មក​ចាប់​តាម​ទ្រុង​អស់​ថ្លៃ​ឈ្នួល​ឡាន​ឈ្នួល​អី​ទៀត​ បើ​កុង​ស៊ី​គេ​ដឹក​ឲ្យ​ស្រាប់ៗ​»។​ 

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​នាំចូលសាច់​​ពីក្រៅ​ប្រទេស ជាពិសេស​សាច់បង្កក មាន​ចំនួន​ច្រើន​ៗ ដែល​ខ្លះ​មាន​ទាំង​សាច់​ខូចគុណភាព និង​មិនមាន​ឯកសារ​នាំ​ចូលជាដើម។​ តួយ៉ាង កាល​ពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ក្រុម​ការងារ​អន្តរាគមន៍​បង្រ្កាប​បទ​ល្មើស​សត្វ​បាន​សហការ​ជាមួយ​ការិយាល័យ​ផលិត​កម្ម​ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ស្តុក​សាច់​បង្កក​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​ បាន​រក​ឃើញ​សាច់​​បង្ក​ក​ពុំ​ទាន់​មាន​ឯកសារ​ច្បាស់​លាស់​ចំនួន​ជិត​៤០០​ តោន​ ដែល​រួម​មាន​ចុង​ស្លាប​មាន់​ គូទ​មាន់​ សាច់​មាន់​​កិន​ កោះ​មាន់​ ជើង​មាន់​ សាច់​ជ្រូក​ ជា​ដើម​។ នេះ​បើ​​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​អ្នក​ចិញ្ចឹម​សត្វ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​។

​កំពុង​ដាក់បាយជ្រូក​នៅ​រោង​ចិញ្ចឹម​ជ្រូក​ស្ថិត​នៅ​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប លោក ​ដួង​ សាម៉ុន​ កសិករ​ចិញ្ចឹម​ជ្រូកម្នាក់ទៀត​​អះ​អាង​ថា​ កសិករចិញ្ចឹម​ជ្រូក​​​នាំ​គ្នា​ថ្ងូរ និង​ចាប់​ផ្តើម​ដួល​បណ្តើរៗ​​ បន្ទាប់ពី​​តម្លៃ​ជ្រូក​មាន​ការ​ធ្លាក់​ចុះខ្លាំង​​ ដោយ​សារ​សាច់​បង្កក​នាំ​​ចូល​ច្រើន​។ កសិករ​ដែល​​បាន​ចិញ្ចឹម​ជ្រូក​តាំង​ពី​ឆ្នាំ​២០០៩​​រូបនេះ​​បន្ថែម​​ថា​ ចំនួន​ជ្រូក​របស់​លោក​កាល​ពី​មិន​ទាន់​មាន​ការ​ធ្លាក់​ថ្លៃ​មាន​​រហូត​ដល់​ជាង​​មួយ​រយ​ក្បាល​​​ ប៉ុន្តែបច្ចុប្បន្ន​​​ថយ​ចុះ​សល់​ត្រឹម​មេ​២០​ក្បាល​ ដោយ​សារ​លក់​ជ្រូក​ខាត​រក​លុយ​មិន​បាន​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ចំណី​។ 

លោក​បន្ថែម​ថា សម្រាប់​​​តម្លៃ​ក៏​ធ្លាក់​ចុះ​ពី​​១,០០០​រៀល​ក្រោយ​ជំងឺ​រាត​ត្បាត​កូវីត​​១៩ មកនៅសល់​ត្រឹម​ ៦,០០០​រៀល​ក្នុង​មួយ​គីឡូ​។ 

លោក​ សាម៉ុន ​បន្ត​ថា៖​ «អា​នេះ​ទ្រាំ​ឡើង​ចូល​អស់​ទ្រាំ​ហើយ​ ព្រោះ​ខាត​ពេក​ ខាត​ឡើងៗ​ចូល​ពីរ​ឆ្នាំ​ បី​ឆ្នាំ​ហើយ​ ហើយ​ដល់​វគ្គ​នេះ​តម្លៃ​ខ្លាំង​ណាស់​ ដាក់​ចង់​ដាច់​សរសៃ​ឈាម​កសិករ​ទៅ​ហើយ​ព្រោះ​ជ្រូក​វគ្គ​នេះ​នៅ​តែ​គីឡូ​៦០​ [៦០០០​ រៀល] ​៦២​ [៦២០០​ រៀល] ៦៣ [៦៣០០​ រៀល] ​»។

លោក​ សាម៉ុន បន្ថែម​​​ថា​ ជា​ធម្មតា​ខែ​មករា​ជា​ខែ​ដែល​ជ្រូក​មាន​តម្លៃ​ខ្ពស់​ ប៉ុន្តែ​ឆ្នាំ​នេះ​បែរ​ជា​មាន​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​ទៅ​វិញ​។ 

លោក​និយាយ​ថា៖ ​«យើង​យក​ដើម​ធនាគារ​មក​ធ្វើ​ទាំង​អស់​ បើ​យើង​បោះ​បង់​គឺ​វា​មិន​កើត​ ទី​មួយ​យើង​ខំ​ធ្វើ​ទ្រុង​ធ្វើ​អី​ដែរ​ ប៉ុន្តែ​បើ​នៅ​តែ​ទីផ្សារ​នៅ​តែ​យ៉ាង​នេះ​ក៏​នៅ​មិន​បាន​ដែរ​ […] ​កាល​ពី​មុន​តម្លៃ​អាច​ទប់​ទល់​បាន​វា​មាន​៨០​ជាង​ ៧០​ជាង​ ដល់​ពេល​វគ្គ​នេះ​៦០​ ៦៥​»។ 

លោក​​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទប់​ស្កាត់​ការ​នាំចូល​សាច់ និង​សាច់​បង្កក​ពីក្រៅ​ប្រទេស ដើម្បី​ទប់​តម្លៃ​សាច់​ក្នុង​ស្រុក​កុំ​ឱ្យ​បន្ត​ធ្លាក់​ថ្លៃ។

លោក​និយាយ​ថា​៖ «ឱ្យ​រដ្ឋា​ភិបាល​ជួយ​កសិករ​ បើ​ផុត​ពី​នោះ​នឹង​ដួល​អស់​ហើយ​នៅ​មិន​បាន​ទេ​ ឱ្យ​ជួយ​រក​តម្លៃ​ទីផ្សារ​ជ្រូក​ឱ្យ​ សូម​ឱ្យ​រាជ​រដ្ឋា​ភិបាល​ជួយ​បិទ​សាច់​បង្កក​ ខាង​ក្រសួង​ខាង​អី​ជួយ​មើល​កសិករ​ផង​បើ​មិន​អញ្ជឹង​មិន​រស់​ទេ​ ចំណាក​ស្រុក​អស់​ហើយ​»។ 

ចំណែក​​អ្នកស្រី​ ខុប​ អ៊ន់​ អាយុ​២៩​ឆ្នាំ ​ជា​កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់​ទៀត​នៅ​ស្រុក​បន្ទាយស្រី​​ដែរ​នោះ​​​រៀប​រាប់​ថា​ អ្នកស្រី​ចាប់​ផ្តើម​ចិញ្ចឹម​ជ្រូក​តាំង​ពី​ឆ្នាំ​២០២១​មក​ដោយសារ​សាច់​ជ្រូក​នៅ​ពេល​នោះ​មាន​តម្លៃ​ខ្ពស់។ អ្នកស្រី​ថា ​​បន្ទាប់​ពី​ការរាតត្បាតជំងឺ​កូវីដ​១៩​ រួម​ទាំង​ការ​នាំ​ចូល​​​សាច់​បង្កក​ផង​​នោះ​ បាន​ធ្វើ​ឱ្យ​គ្រួសារ​អ្នក​ស្រី​ធ្លាក់​ខ្លួន​ខាត​បង់​ខ្លាំង​ ព្រម​ទាំង​ជាប់​បំណុល​ធនាគារ​ស្ទើរ​​រើ​ខ្លួន​មិន​រួច​​។ 

អ្នក​ស្រីនិយាយ​​ថា​៖ «ពី​មុន​មក​ដល់​ឥឡូវ​យ៉ាប់​ខ្លាំង។​ ​កាល​ពី​មុន​ដំបូង​ទើប​ចិញ្ចឹម​ យើង​ចិញ្ចឹម​តិច​ វា​បាន​ចំណេញ​ ដល់​ពេល​យើង​ចេះ​តែ​ពង្រីក​ទ្រុង​ កាន់​តែ​ច្រើន​ទៅ​កាន់​តែ​ខាត ​[…] ខាត​រាល់​ពេល​ ឲ្យ​តែ​ពេល​លក់​ដឹង​តែ​ខាត​»។ 

បន្ទាប់ពីកសិករ​ចិញ្ចឹមជ្រូក​ត្អូញត្អែរ​​​ពីការ​ធ្លាក់​ថ្លៃ​​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​កសិកម្ម​​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២៤​ បាន​ចេញ​សេចក្តី​ប្រកាស​អំពី​វិធាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល​នូវ​គ្រឿង​ក្នុង​ និង​បំណែក​សាច់​បង្កក​ជា​បណ្តោះ​អាសន្ន​សម្រាប់​រយៈ​ពេល​ប្រាំ​មួយ​ខែ​។ 

លោក ឃឹម​ ហ្វី​ណង់​ អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លើកឡើង​ថា​ ការ​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​បាន​តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​ដោយសារ​ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ផ្អាក​ជា​អចិន្ត្រៃយ៍​​ និង​ថា ​អាច​បង្ក​ឱ្យ​សាច់​ឡើង​ថ្លៃ​​ ធ្វើ​ឱ្យ​មាន​អតិផរណា​។

លោក​បន្ត​ថា​ ការ​ផ្អាក​នេះ​គឺ​ទុក​ពេល​ដើម្បី​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​រៀប​ចំ​ខ្លួន​ឡើង​វិញ​ ប៉ុន្តែ​ក្រសួង​ក៏​បាន​ សម្រប​សម្រួល​ដើម្បី​ឱ្យ​អ្នក​ដែល​ទិញ​បំណែក​សាច់​បង្កក​នាំ​ចូល​ឱ្យ​​ជួយ​អ្នក​ផលិត​ក្នុង​ស្រុក​ ហើយ​ក្រសួង​បាន​ព្យាយាម​ឱ្យ​អ្នក​ក្នុង​ស្រុក​បង្កើន​សមត្ថភាព​ផលិត​សាច់​បង្កក​ដើម្បី​លក់​ឱ្យ​ទីផ្សារ​សាច់​បង្កក​ផង​ដែរ​។

លោកបញ្ជាក់​​ថា​៖ «ជា​ធម្មតា​ច្បាប់​ពាណិជ្ជកម្ម​របស់​យើង​គឺ​យើង​មិន​អាច​បិទ​ទាំង​ស្រុង​ទេ​ បើ​សិន​ជា​យើង​ធ្វើ​ការ​បិទ​ការ​នាំ​ចូល​របស់​ប្រទេស​ដទៃ​មក​ប្រទេស​យើង​ គេ​ក៏​អាច​បិទ​ការ​នាំ​ចេញ​ប្រទេស​យើង​ទៅ​ប្រទេស​ដទៃ​ដែរ​ ហើយ​នៅ​លើ​ពិភព​លោក​គឺ​មិន​មាន​គោល​នយោបាយ​ណា​បិទ​ការ​នាំ​ចេញ​កសិផល​ពី​ប្រទេស​ណា​មួយ​ទេ​»។ 

ត្រលប់​មក​អ្នក​ស្រី​ សាវ៉ូន​ ដែលជាកសិករ​ចិញ្ចឹម​ជ្រូក​ដែលកំពុង​ប្រឈម​នឹង​ការ​ខាតបង់ និង​ជំពាក់បំណុល​ដោយសារ​តែ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​វិញ អ្នកស្រីបាន​និយាយ​ទាំង​ក្រៀម​ក្រំ​ថា​ អ្នកស្រី​​តែ​បន្ត​ចិញ្ចឹម​រង​​ចាំ​ទីផ្សារ​ជ្រូក​ឡើង​ថ្លៃ​មក​វិញ​ ដោយសារ​​គ្រួសារ​អ្នក​ស្រី​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​របរ​នេះ​រាប់​ឆ្នាំ​មក​ហើយ​។  

អ្នក​ស្រី​ សាវ៉ូន និយាយ​​ថា​៖ «ខ្ញុំ​សំណូម​ពរ​ឲ្យ​តែ​ជ្រូក​ឡើង​ថ្លៃ​មក​វិញ​មក​ គ្នា​ប្រជាជន​មាន​កម្លាំង​ទឹក​ចិត្ត​ឲ្យ​ចិញ្ចឹម​ត​ទៅ​ទៀត​ ដូច​ប្រជាជន​មាន​អី​ក្រៅ​ពី​ចិញ្ចឹម​ជ្រូក​ចិញ្ចឹម​គោ​ បើ​អត់​ឲ្យ​ប្រជាជន​ចិញ្ចឹម​ជ្រូក​ចិញ្ចឹម​គោ​ គ្នា​ទៅ​មាន​អី​»៕