នា​រសៀល​​ថ្ងៃទី​១៤​ ខែមករា​ ក្នុង​តូប​លក់​បាយម្ហូប​​មួយ​ដែល​មាន​ភ្ញៀវ​ ៣​ទៅ​ ៤​ ​នាក់​កំពុង​បរិភោគ​អាហារ​ថ្ងៃត្រង់​ អ្នកស្រី​ សម្បត្តិ​ ឡាយ​ ជា​អាជីវករ​លក់​បាយ​​ម្ហូប​នៅ​បរិវេណ​មុខប្រាសាទ​​អង្គរ​វត្ត​​តាំងពី​ឆ្នាំ​១៩៩៨ ​លើកឡើង​ថា ​ការ​លក់ដូរ​របស់​អ្នកស្រី​មាន​ការ​អន់ថយ​ជា​ខ្លាំង​ចាប់​តាំង​ពី​ពេលដែល​​អាជ្ញាធរ​​ជាតិ​​អប្សរា​ចាប់ផ្តើម​ជីក​ប្រលាយ​ និង​ដាំ​កូនឈើ​មុខ​បរិវេណ​អង្គរ​មក​។

និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ ស្រ្តី​វ័យ​ ៤៥​ឆ្នាំ​រូប​នេះ​បន្ថែម​​ថា ​ការ​លក់​ដូរ​មាន​ការ​ថយចុះ​ពី​៣០ម៉ឺន​ ​ទៅ​៤០ម៉ឺនរៀល​​ក្នុង​មួយថ្ងៃ​ មក​​នៅ​ត្រឹម​៤ម៉ឺន​ ទៅ​១០ម៉ឺន​រៀល​​ក្នុង​មួយ​​ថ្ងៃ​​។​ 

អ្នកស្រី​និយាយ​​ថា៖​ «ខ្សោយ​ណាស់​ ពី​មុន​ធ្លាប់​លក់​បាន​លុយ​ ឥឡូវ​លក់​អត់​បាន​លុយ​ទេ ​វា​អត់​រហូត​ ​វា​អត់​ទាល់​តែ​​ថ្ងៃ​ណា​បាន​៤​ទៅ​១០ម៉ឺន​​ទិញ​អត់​គ្រប់​វិញ​ទេ​ ពិសេស​ត្រី​អី​សល់​ចោល​»​។

​អ្នកស្រី​ សម្បត្តិ​ ឡាយ​ ជាអាជីវករ​មួយ​រូប​ក្នុង​ចំណោម​អាជីវករ​​លក់ដូរ​ម្ហូប​អាហារ​មុខ​តំបន់​អង្គរ​ចំនួន​​២៩គ្រួសារ​ កំពុង​ជួប​បញ្ហា​ភ្ញៀវ​ធ្លាក់​ចុះ​​ ចាប់​តាំង​ពីខែ​ មេសា​ ឆ្នាំ​២០២៣មក​ បន្ទាប់ពី​​អាជ្ញាធរជាតិ​​អប្សរា​រៀបចំ​តំបន់​បរិវេណ​អង្គរ​ ដោយ​ជីក​ប្រលាយ​ ចាក់​ដី​ និង​ដាំ​កូនឈើ​ និង​​​មិន​អនុញ្ញាត​​ឱ្យ​រថយន្ត​​របស់​ភ្ញៀវទេសចរណ៍​​ចត​លើ​ផ្លូវ តាំងពី​ខែមេសា ឆ្នាំ​២០២៣​កន្លង​មក​​។​

អាជីវករ​ទាំង​២៩​គ្រួសារនេះ ស្ថិត​ក្នុង​ចំណោម​​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ១ម៉ឺន​គ្រួសារ​ ដែល​រស់នៅ​ជុំវិញ​តំបន់​ឧទ្យានជាតិ​អង្គរ​ និង​ដែល​ត្រូវ​បាន​ជូន​ដំណឹង​ឱ្យ​រុះរើ​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​​ ហើយ​​ផ្លាស់​ទៅ​កាន់​ទីតាំង​ថ្មី​ បន្ទាប់ពី​​រដ្ឋាភិបាល​​អះអាងថា​ ការ​សាងសង់​សំណង់​​ខុស​ច្បាប់​​នៅ​តំបន់​អង្គរ​ នៅ​​តែ​បន្ត​កើត​មាន​ឥត​ឈប់ឈរ​ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ ទៅ​ដល់​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។

អ្នកស្រី​ សម្បត្តិ​ ឡាយ បន្ត​ថា​៖ «បើ​សិនជា​យើង​លក់​បាយ​ក្រៅ​ពី​តំបន់​អង្គរ​ យើង​លក់​អត់​កើត​ទេ​ បើ​យើង​លក់​ឆ្ងាយ​ពី​តំបន់​អង្គរ​ ភ្ញៀវ​ទេសចរណ៍​មិនមែន​បាន​ភ្ញៀវ​ជនជាតិ​ទេ​ បាន​ភ្ញៀវ​ជាតិ​ខ្មែរ​យើង​មក​ពី​ខេត្ត​គេ​ទេ​ ដល់​ហើយ​បង​ចេះ​តែ​លក់បាយ​ លក់​ម្ហូប​ ដូចជា​ប្រហុក​ត្រីហ្នឹ​ង​ ប៉ុន្តែ​បើ​ឱ្យ​បង​បាន​ភ្ញៀវ​ជនជាតិ​គឺ​អត់​មាន​ទេ​»​។

អ្នកស្រី​អះអាង​ថា៖​ «គេ​ចង់​ឱ្យ​យើង​ទៅ​នៅ​ឱ្យ​ឆ្ងាយ​ ឯ​រុនតាឯក​ហ្នឹង​  […] ឱ្យ​យើង​ទៅ​លក់​បាយ​លក់អី​នៅ​ហ្នឹង ​តែ​យើង​ទៅ​លក់​អត់​កើត​ ហើយ​តូប​ខ្ញុំ​មាន​នៅ​ហ្នឹង​យូរ​ហើយ​តាំងពី​ ៩០ [ឆ្នាំ១៩៩០] ជាង​ […] តូប​ខ្ញុំ​មាន​ពី​យូរ​ហើយ​ ហើយ​រយៈពេល​កាល​ដែល​ថា​យើង​នៅ​មក​យើង​ចង់​សុំ​មិន​លក់​នៅ​រុនតាឯក​ទេ​ សុំ​នៅ​លក់​ទីតាំង​តំបន់​អង្គរ​»។

ទីតាំង​ថ្មី​ដែល​អាជ្ញាធរ​ដាក់​ឱ្យ​អាជីវករ​ទៅ​ទីតាំង​ថ្មី​នោះ​គឺ​ស្ថិត​ចំណុច​នៅភូមិ​ រុនតាឯក​ ស្រុកបន្ទាយស្រី​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។

អាជីវករ​លក់​ដូរ​នៅ​តំបន់​មុខ​អង្គវត្ត​ម្នាក់ទៀត អ្នកស្រី​ សួង​ វណ្ណៈ​ បាន​ឱ្យ​ដឹងថា​ ​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ​ ការ​លក់​ដូរ​​មានការ​​ធ្លាក់​ចុះបន្ទាប់ពី​​អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្លូវ​នៅ​កន្លែង​ដែល​អ្នកស្រី​កំពុង​លក់ដូរ។​

អ្នកស្រី​រៀបរាប់​ថា​៖ «មួយថ្ងៃៗ​​គេ​អត់​ទាន់​មក​ធ្វើ​អ៊ីចឹង​​អ៊ី​លក់​ដាច់ ​អ៊ី​មាន​កន្លែង​ចត​ឡាន​ […] ​អា​តាម​ចិញ្ចើម​ផ្លូវ​ហ្នឹង​ហា៎​ទាំង​សង​ខាង​ យើង​ចត​បាន​យើង​លក់​បាន​កើន​លុយ​ […]​ ដំបូង​គាត់ ​[អាជ្ញាធរ] ​ដាក់​ឡាន​ចូល​មក​ក្នុង​ពីរថ្ងៃ​គត់​ៗ ​ឡាន​អត់​ឱ្យ​ដាក់​ក្នុង​ទេ​ ចិញ្ចើម​ផ្លូវ​ក៏​មិន​ឱ្យ​ដាក់​ដែរ​ គាត់​ដាំ​ដើមឈើ​ទាំងអស់​»។

អ្នកស្រីបន្ថែម​​ថា ​អ្នកស្រី​​​ចង់​បាន​ទីតាំង​ជិត​លក់ដូរ​​​​មុខ​អង្គរ​ដើម្បី​​​​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​មក​សម្រាក​ពិសារ​អាហារ​ថ្ងៃត្រង់​ និង​ដើម្បី​អាច​​រក​ចំណូល​​ចិញ្ចឹម​កូនៗ​និង​សង​ធនាគារ​ផង​។​

ស្រដៀង​​​នឹង​អ្នក​លក់​ម្ហូប​ខាងលើដែរ​ អ្នកស្រី​ ថេង​ គឹមបូ​ ​អាយុ​៤៦ឆ្នាំ​ បាន​ចាប់ផ្តើម​លក់​ដូរ​តាំង​ពី​ឆ្នាំ​២០០០​មក​​ លើក​ឡើង​​ដែរ​ថា ការត្អូញត្អែរ​ចំពោះ​ការ​លក់ដូរ​ធ្លាក់ចុះ​ដោយសារ​តែ​ការ​ឈូសឆាយ​ផ្លូវ ​និង​ដាំ​កូនឈើ​ពី​ខាង​អាជ្ញាធរ​ដែល​ជា​ដើម​ហេតុធ្វើ​ឱ្យការ​លក់ដូរ​របស់​អ្នកស្រី​មាន​ការ​ធ្លាក់ចុះ​ខ្លាំង។

អ្នកស្រី ​គឹមបូ​ ត្អូញត្អែរថា​៖ «​លក់ដូរ​ លក់​បាយ​អីហ្នឹង​ ទៅ​គ្រាន់​បាន​ចិញ្ចឹម​កូន​បាន​រៀន​អី​ទៅ​មុខ​ទៀត​ […] ​ប៉ុន្តែ​អត់​ដាច់ក៏​ដោយ ​ចេះ​តែ​សុំ​ថា​បាន​នៅ​លក់​ នៅ​ទីតាំង​បរិវេណ​ប្រាសាទ​អង្គរ​ បាន​ឲ្យ​កូនចៅ​រស់​ចិញ្ចឹម​ជីវិត​ផង​ ហើយ​និង​ចិញ្ចឹម​កូន​រៀន​បន្ត​ទៅទៀត​»។

ជុំវិញ​​ការត្អូញត្អែរ​របស់​អាជីវករ ​លោក​ ឡុង​ កុសល​ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​​មាន​ប្រសាសន៍​ថា​ អាជីវករ​លក់ដូរ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​អង្គរ​រួច​ហើយ​ ប៉ុន្តែ​នៅ​តែ​​មាន​ការ​បន្ត​លក់ដូរ​ ម៉្យាង​តំបន់​មុខ​អង្គរ​ជា​ទីកន្លែង​សាធារណៈ​ដែល​រដ្ឋ​មាន​តួនាទី​ថែរក្សា​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ កុំ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​។

លោក​បញ្ជាក់​ថា៖​ «​ទីកន្លែង​ហ្នឹង​ជា​ទី​កន្លែង​សាធារណៈ​របស់​រដ្ឋ​ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​​រដ្ឋមាន​តួនាទី​ ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ។​ នៅពេល​ដែល​ទីកន្លែង​នេះ​រៀបចំ​បាន​ប្រសើរ​សឹង​តែ​ទាំងអស់​រួចរាល់​ហើយ វា​នៅ​សល់​តែប៉ុណ្ណឹង​នាក់​ តើ​គួរ​រក្សា​បន្ត​ទីកន្លែង​ហ្នឹង​ឱ្យ​វា​មាន​រញ៉េរញ៉ៃ​អ៊ី​ចឹង​បន្ត​ទៅ​ទៀត​ ឬក៏​យ៉ាង​ម៉េច​»។

លោក​ ឡុង កុសល បាន​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​ងាជីវករ​ដែល​​ស្នើ​សុំ​នៅ​លក់​បន្ត​ក្នុង​តំបន់​មុខ​អង្គរ​ថា ​មិនមាន​កា​អនុញ្ញាត​ឱ្យ​អាជីវករ​នៅ​លក់​បន្ត​នោះ​​​ទេ​ ដោយសារ​​មាន​ការ​សម្រេច​​ឱ្យប្រជាជន​រុះរើ​ចេញ​ពី​តំបន់​អង្គរ​រួច​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​គាត់​បាន​ឯកភាព​ចំពោះ​មុខ​ស្ថាប័ន​រដ្ឋ​ថា​គាត់​នឹង​ចាកចេញ​ទៅ​ ឱ្យរើ​តូប​ស្អីៗរបស់​គាត់​ ប៉ុន្តែ​គាត់​បាន​រំលោភ​សេចក្តីទុក​ចិត្ត​របស់​គេ ​ទីមួយ​។ ទីពីរ​គាត់​បាន​បង្ក​នូវ​រូបភាព​មិន​ជា​គំរូរបស់​គេ​ដែរ ​[…]​ តើ​មាន​ភាព​ស្មើរ​ភាព​គ្នា​ដែរ ឬទេ?​»។

ត្រលប់មក​ អ្នកស្រី​ សម្បត្តិ​ ឡាយ​ ​ដែល​ជាអាជីវករ​លក់​បាយ​ម្ហូប​នៅ​ខាងមុខ​តំបន់​អង្គរ​វិញ​​អះអាង​ថា ​គ្រួសារ​អ្នកស្រី​យល់ព្រម​រើ​ផ្ទះ​ចេញ​ពី​តំបន់​អង្គរ​ ប៉ុន្តែ​​អ្នកស្រី​​ចង់​​មាន​កន្លែង​លក់​ដូរ​​ក្នុង​តំបន់​អង្គរ​ដដែល។​

អ្នកស្រី​ថា៖​ «មិនមែន​បង​ឃើញ​គេ​ឱ្យ​ទៅ​ហើយ​យើង​រឹង​ទទឹង​ថា​មិន​ព្រម​ចេញ​ពី​កន្លែង​នេះ​ទេ​ យើង​ព្រម​ចេញ​ផ្ទះ​ហើយ​ តែ​តូប​ខ្ញុំ​សុំ​នៅក្នុង​តំបន់​នេះ​ ចែក​ខ្ញុំ​ទៅ​ណា​ក៏​ខ្ញុំ​ព្រម​ ខ្ញុំ​មិន​មែន​​​ថា​​រឹង​នៅ​​នេះ​ អត់​មាន​រឹង​ទេ​ បើ​សិន​កន្លែង​ណា​ក៏​ដោយ​ឱ្យ​តែ​រៀប​ស្អាតឱ្យ​ បើមិន​រៀប​ក៏​ដោយ​ឱ្យ​តែ​ចែក​ (ទីតាំង)​ពួកខ្ញុំ​ វាស់​តែ​ទីតាំង​ ពួកខ្ញុំ​ធ្វើ​តូប​លក់​បាយ​ធម្មតា​»៕​