ការ​ដ្ឋាន​​សាងសង់ស្ពា​នឆ្លង​កាត់ទន្លេបាសាក់​ ពីចាក់អង្រែក្រោមទៅព្រែកប្រា ដែល​​គ្រោង​​​ចំណាយ​ទឹក​ប្រាក់​​​៦០​លាន​ដុល្លារសហរដ្ឋ​អាមេរិក​​ ត្រូវ​បានបើកជាផ្លូវការ នៅ​ព្រឹកថ្ងៃទី១៩​ ខែកុម្ភៈ​​ ឆ្នាំ២០២៤។

ស្ពានបេតុងភ្លោះឆ្លងកាត់ទន្លេបាសាក់ថ្មីនេះ នឹង​តភ្ជាប់ពីត្រើយខាងលិចទន្លេបាសាក់ ក្នុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មាន​ជ័យ​ ទៅ​ត្រើយខាងកើតខាងកើតទន្លេបាសាក់​ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពានថ្មីនេះ គ្រោងនឹងសាងសង់ក្នុងរយៈពេល ៤២ខែ មានប្រវែង ៨៤៥,៧ ម៉ែត្រ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៧​។

ថ្លែងក្នុង​ពិធី​បើកសម្ពោធការដា្ឋនសាងសង់ស្ពាន​​កាត់ទន្លេបាសាក់​ នៅព្រឹក​ថ្ងៃ​ចន្ទនេះ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ថ្លែង​ថា ផ្លូវ ស្ពាន ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ​​ និង​ជា​អាទិភាព​គន្លឹះទី២ ក្នុងអាទិភាពគន្លឹះទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) នៃយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១។

លោក ហ៊ុន ម៉ាណែត បន្ថែមថា៖​ «ស្ពាន​នេះ​មិន​សំដៅ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក្នុងការជួយសម្រួលក្នុងការធ្វើដំណើរ​ពីត្រើយខាងកើតទៅត្រើយខាងលិច បានឆាប់រហ័ស និង​សុវត្ថិភាព»។

​​លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹក​ជញ្ជូនបាន​​ថ្លែងថា ស្ពានភ្លោះនេះ មាន​ទទឹងសរុប ២៧ម៉ែត្រ​ ក្នុងស្ពាននីមួយៗ មាន​ទទឹង ១៣,២៥ម៉ែត្រ អ៊ុយ​​កៅស៊ូ AC កម្រាស់ ១០​សង់​ទីម៉ែត្រ។ ស្ពាននី​មួយ​ៗ​ មានគន្លង ២សម្រាប់រថយន្តប្រវែង២,៥ម៉ែត្រ ១គន្លង​សម្រាប់​ទោចក្រ​យាន​យន្ត​ប្រវែង២,៥ម៉ែត្រ និង១គន្លងសម្រាប់​ថ្មើរជើងប្រវែង​២ម៉ែត្រទៅ​មក ជាមួយ​នឹង​បង្កាន់ដៃ​ស្ពាន​សង​ខាង​ប្រវែង ១,២៥ម៉ែត្រ គម្លាត​សុវត្ថិភាពប្រវែងកន្លះម៉ែត្រ និង​មាន​ទំហំ​ឆ្លងកាត់​សម្រាប់​នាវា​ចរ​ផ្នែក​ខាង​​ក្រោម​ស្ពាន​​ទំហំ ៩០ម៉ែត្រ គុណ​ ១១,៥ម៉ែត្រ។ ​

លោក ប៉េង ពោធិ៍នា បន្ថែម​​ថា៖​​ «ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹង​ត្រូវ​ស្ថាបនា​ទៅតាម​លក្ខណៈ​បច្ចេកទេស ក្នុងនោះ​ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង ៣៧៩,១៥ម៉ែត្រ និង​ត្រើយ​ខាងកើត មានប្រវែង ៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុតកម្រាស់ ៩សង់​ទីម៉ែត្រ ទទឹង​២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ»។

ស្ពានថ្មីនេះ នឹងតភ្ជាប់ត្រើយខាងលិចទៅកាន់មហាវិថី ឈុន គង់ ដែលកំពុងសាងសង និងមហាវិថី​សម្តេច​​​ ហ៊ុន សែន ៦០ ម៉ែត្រ តភា្ជប់នឹងផ្លូវជាតិលេខ២។ ត្រើយខាងកើតវិញ តភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ​១ និងផ្លូវលេខ ១១០ មកកាន់រាជធានីភ្នំពេញ និងខេ​ត្តកណ្តាល។ នេះបើ​តាម​​​លោក ប៉េង ពោធិ៍នា។​

ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីនេះ ជាស្ពានទី៧​ ឆ្លងកាត់ទន្លេបាសាក់ ក្នុងចំណោម​ស្ពានសាង​សង់​រួចដូចជា ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។

ស្ពានបេតុងភ្លោះថ្មីនេះ ស្ថិតក្រោមឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌ​​មិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ដោយគ្រោងចំណាយទឹកប្រាក់សរុប ៦០,២​ លាន​ដុល្លារ​អាមេរិក។ ស្ពាននេះ​ស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យ​បច្ចេកទេស​ដោយក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានរបស់ប្រទេសចិន។

បើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះផ្សាយថ្ងៃ​ចន្ទ​នេះ​បញ្ជាក់​ថា​ ស្ពានឆ្លង​កាត់​ទន្លេបាសាក់​នេះ ជាស្ពានទី១៦ ក្នុងចំណោមស្ពានធំៗ ធ្វើឡើងក្រោម​ឥណទាន​សម្បទាន​ពី​ប្រទេសចិន៕​