អង្គការសង្គមស៊ីវិល និង​សហគមន៍​ចំនួន​២៣ រួមគ្នា​ស្នើឱ្យ​រដ្ឋាភិបាល​​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង ដោយសារការប្រើប្រាស់​គ្រឿងស្រវឹង​​បង្កឱ្យប៉ះពាល់​យ៉ាងខ្លាំងដល់​សុខភាពសាធារណៈ និង​សីលធម៌សង្គម។

បើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលទាំង​២៣ ចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ លើកឡើងថា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដែលបណ្តាលមកពីផលប៉ះពាល់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង តំណាង អង្គការ សមាគម សហគមន៍ និងតំណាងប្រជាពលរដ្ឋ សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជាពន្លឿន   សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងដែលបានព្រាង និងឆ្លងអន្តរក្រសួងរួចរាល់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីឆ្លងគណៈរដ្ឋមន្ត្រី និងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិ​មនុស្សកម្ពុជា (CHRAC) ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​​សង្គមស៊ីវិល​ទាំង​២៣ លើកឡើងថា ការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​​គួរធ្វើឡើង​ដោយ​​គោរព​សិទ្ធិ​មនុស្ស ដោយសារ​ក្រុមហ៊ុនគ្រឿងស្រវឹង​ជាច្រើនបាន​និង​កំពុងផ្សា​យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំងមូល។​

លោកបានថ្លែងថា៖ «ទាំងអ្នកទទួលទាន ទាំងអ្នកដែលពាក់ព័ន្ធគឺថាសុទ្ធតែ​ទទួល​រង​នូវ​គ្រោះថ្នាក់ តាំង​ពី​គេ​ថា​ភេសជ្ជៈស្រវឹងបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​ឡើង ហើយធ្វើម្ដេចកុំឱ្យ​មនុស្ស​ហ្នឹង​កុំ​​ហូប​ស្រា​ពេក ឱ្យ​សេរីភាព​ខ្លះក្នុ​ងការបម្រើសេចក្ដីចង់បានរបស់សង្គម ក៏ប៉ុន្តែកុំឲ្យអ្វីដែលងាយនឹងរងគ្រោះថ្នាក់ហ្នឹង​វាងាយរកពេក វាស្រួលរកពេក វាថោកពេក ធ្វើឲ្យមនុស្សនឹងងាយរកបាន»​។

លោកបន្ថែម​ដោយលើកឡើងពីផលប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ​ថា​៖ «​ច្បាប់នេះជួយធានាការអនុវត្ត ធានាឱ្យ​មនុស្សមានសុខភាពល្អ ធានា​ឱ្យ​ការចំណាយ​ប្រាក់​កាស​ផ្ដេសផ្ដាស​ទៅលើរឿងអត់ប្រយោជន៍ យកប្រាក់កាសមកចាយលើធនធាន ហើយសល់លុយខ្លាំងបានជួយដល់សង្គម»។

លោក រស់ សុដ្ឋា បន្ថែម​ដោយ​​ជំរុញឱ្យក្រសួង​សុខភិបាល ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាណិជ្ជកម្ម​ ពន្លឿន​កាអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង។​

Newsroom Cambodia មិន​អាចសុំការអត្ថាធិប្បាយ​​ពី​អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយខលចូល តែ​មិនមាន​អ្នក​ទទួល​។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ ឆ្លើយតប​សារ​របស់ Newsroom Cambodia តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា៖ «ក្រសួងពាណិជ្ជកម្មមិនមែនជាស្ថាប័នរៀបចំសេចក្តីព្រាងច្បាប់នេះទេ គឺក្រសួងសុខាភិបាល។ ដោយឡែកក្រសួងក៏មិនបានទទួលការស្នើសុំពីសង្គមស៊ីវិល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ»។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់​ Newsroom Cambodia ថា ក្រសួងមហាផ្ទៃ​គាំទ្រ ​សេចក្ដីព្រាងច្បាប់ ហើយក៏មានឆន្ទៈឱ្យមាន​ច្បាប់ស្ដីពី​ការគ្រប់គ្រងគ្រឿងស្រវឹងនេះដែរ ។

លោកថ្លែងថា៖ «​ការគ្រប់គ្រងសណ្ដាប់ឆ្នាប់សង្គម ជាពិសេស​គឺ​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឱ្យ​ស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផងដែរ»​។

ពាក់ព័ន្ធនឹង​ពេលវេលានៃ​​ការអនុម័ត​សេចក្តីព្រាងច្បាប់នេះ លោក ទូច សុខៈ បន្ថែម​ថា៖ «ដោយឡែក​ពេល​វេលា​នៃ​ការបញ្ចប់​ឈាន​ទៅ​ដល់​ការអនុម័ត​ឱ្យ​ប្រើប្រាស់​ច្បាប់​ពេល​ណា​ក្រសួង​មហាផ្ទៃគឺ​មិន​មាន​យោបល់​នោះ​ទេ គ្រាន់​តែ​អាច​និយាយ​បា​នថា​ ប្រហែល​ជា​ក្រសួង​សាម៉ី​លោក​ត្រូវការ​ពេល​វេលា​នៅ​ក្នុង​ការ​ពិនិត្យ​លក្ខណៈ​នៃ​បច្ចេកទេស ពិនិត្យជាមួយនឹងបទដ្ឋានគតិយុត្ត​ផ្សេងៗ ពិនិត្យមើលស្ថានភាពសង្គមជាក់ស្ដែង និងការវិវឌ្ឍ​របស់សង្គម និងការពាក់ព័ន្ធផ្សេងៗដទៃទៀត»។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​​ឆ្នាំ២០២៣ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងសរុប​ចំនួន​ ៣,៣១៧លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ នេះបើតាមការផ្សាយ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន៕​