មន្ទីរធម្មការ​ខេត្តកំពង់ចាម ឱ្យដឹងថា ចៅអធិការ និងគណៈកម្មការ​វត្ត​គិរី​សាលវ័ន ហៅវត្តថ្មី បានយល់ព្រម​កែសម្រួល​មហា​កុដិឡើងវិញ ទៅតាមរចនាបថខ្មែរ និងបែបប្រពៃណីព្រះពុទ្ធសាសនា ក្រោយ ​មហា​ជន​​បានរិះគន់​នៅតាម​បណ្តាញសង្គមថា​ សំណង់​មហា​​កុដិ​​នេះ សាងសង់​ឡើង​មានទម្រង់​ដូច​ទៅនឹង​​ផ្ទះវីឡា។

ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការរិះគន់ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញសំណង់មហាកុដិនៅវត្តគិរីសាលវ័ន ហៅវត្តថ្មីនេះ ថាមានទម្រង់ដូចផ្ទះវីឡាទំនើប ក្រោយពីមហាកុដិនេះ បានសម្ភោធ​ដាក់ឱ្យប្រើប្រាស់​ និងធ្វើបុណ្យឆ្លង កាល​ពីថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ២០២៤។​

យោង​តាម​សេចក្តីប្រកាសព័ត៌មាន​របស់មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០២៤ បាន​ឱ្យដឹងថា តាមការពិនិត្យរបស់​មន្ទីរធម្មការ សហការជាមួយជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឃើញថា សំណង់ មហាកុដិ នៅវត្ត​គិរីសាលវ័ន្ត ស្ថិតនៅ​ភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ​ខេត្តកំពង់ចាម​ បានសាងសង់​ខុសរចនាបថខ្មែរពិតមែន។

សេចក្តីប្រកាស​ព័ត៌មានដដែល បន្តថា សំណង់នេះ បានសាងសង់ឡើង​ចាប់តាំងពីឆ្នាំ២០១៨មក ដោយពុំ​មានការសុំច្បាប់អនុញ្ញាតសាងសង់នោះឡើយ ហើយការសាងសង់នោះដំបូងឡើយ​ធ្វើតាមរចនាបថខ្មែរ ប៉ុន្តែក្រោយមក ព្រះចៅអធិការ​វត្ត និងជាង បានកែប្រែរចនាបទនេះ ខុសពីប្លង់ដើម នៅផ្នែកខាងមុខ។

ជាដំណោះស្រាយ មន្ទីរថា ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត បានឯកភាពគ្នា កែសម្រួលមហាកុដិនេះឡើងវិញ ដោយយកគំរូរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ហើយតទៅមុនទៀត គណៈសង្ឃវត្ត បេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្ត​ទៅតាម​លក្ខខណ្ឌ​​ច្បាប់អនុញ្ញា ដោយមិន​ឱ្យមានបញ្ហាបែបនេះកើតឡើងទៀតឡើយ។

Newsroom Cambodia មិនអាចសុំសង្ឃដីកាបកស្រាយជុំវិញករណីនេះ ពីព្រះតេជគុណ ប៊ន ស្រឿន ​ព្រះគ្រូ​ចៅអធិការវត្តគិរីសាលវ័ន បានទេ នៅថ្ងៃទី​០៧ ខែមីនានេះ។ ប៉ុន្តែព្រះតេជគុណ​​មានសង្ឃដីកាប្រាប់សារព័ត៌មាន​ក្នុងស្រុក​ថា ការសាងសង់មហា​កុដិនេះឡើង ក្នុងគោលបំណងបង្កើនភាពទាក់ទាញ និងទំនើបកម្ម ដោយពុំមានចេតនាណាមួយ​លុបបំបាត់ប្រពៃណីវប្បធម៌ និងរចនាបថខ្មែរនោះទេ។ ព្រះតេជគុណបន្តថា ការសាងសង់មហាកុដិនេះឡើង មិនមែន​សម្រាប់តែជាទីសេនាសនៈសម្រាប់​ព្រះសង្ឃគង់​ស្នាក់អាស្រ័យនោះទេ ប៉ុន្តែជាកន្លែង​សម្រាប់​ទីសក្ការៈបូជា តម្កល់ព្រះពុទ្ធរូប បណ្ណាល័យ មានកន្លែងផ្សព្វផ្សាយព្រះធម៌ និងមាន​កន្លែងសម្រាប់ធ្វើវិបស្សនា ឬសមាធិ ថែមទៀត។

ព្រះអង្គមានសង្ឃដីកាថា៖ «ក្នុងគោលបំណងរបស់អត្មា អត់មានបំណងថា​លុបបំបាត់ប្រពៃ​ណី​វប្បធម៌ ឬក៏​រចនាបទខ្មែរទេ ហើយ​តែផ្ទុយទៅវិញ មានន័យថាជា​ការ​ស្រឡាញ់ ប៉ុន្តែដូចអត្មាថា​ចឹង​ វារៀង​លើស​លុប​ពេក កន្លែងខ្លះវាធ្វើ​ទៅដូច​ជា​បែបទំនើប[…] ដល់ចឹងវាអាចប៉ះពាល់​​អារម្មណ៍បងប្អូនយើង​មួយចំនួន​ ដែលគាត់​ពុំបានដឹងពីបំណងដែលអត្មាធ្វើនេះ អីចឹងអត្មាសុំអធ្យាស្រ័យអភ័យទោស​ពីបងប្អូន​អ្នករិះគន់ផងដែរ ដែល​អត្មាបំណង​ធ្វើនេះ គឺយើងចង់ឱ្យវាស្អាត មានសោភ័ណ្ឌភាព ហើយវាជាទីទាក់ទាញ មកដល់ហើយចូលមកគឺគួរឱ្យជ្រះថ្លា​»។ 

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ គាំទ្រឱ្យមានការ​កែសម្រួល​​មហាកុដិនេះឡើងវិញ ដោយសារតែ​ផ្នែក​ខាងមុខនៃមហាកុដិ​ សាងសង់ឡើងហាក់ដូចជា ម៉ូតផ្ទះ​វីឡាទំនើប​​ ដែលមិនសាកសមនឹង​​សាង​សង់​​​នៅ​ក្នុង​វត្តអារាមឡើយ។ លោកបន្ត​ថា ការសាង​សង់​​កុដិដែលមាន​ទម្រង់​បែប​ផ្ទះវីឡានេះ អាចប៉ះពាល់ដល់វិស័យ​ពុទ្ធសាសនា និងមុនមាត់របស់កម្ពុជា។ លោក​ថា៖ «បើ​ធម្មជាតិខ្មែរយើង​តាំងពី​​តកូន​តចៅមក​ មិន​​ដែលមានវត្តណា​ធ្វើ​ផ្ទះវីឡានៅ​ក្នុងវត្តទេ។ បើសម្រាប់ព្រះសង្ឃ​នៅតាម​ព្រះពុទ្ធ​សាសនា ព្រះសង្ឃ​មិនត្រូវមាន​ទ្រព្យ​សម្បត្តិ​ ឬក៏​អ្វីផ្សេង​ដែលជា​ការ​តាំង​ទ្រព្យសម្បត្តិ​អី​ច្រើនទេ ព្រះសង្ឃមានតែ​សុំសីលធម៌​​តែមួយមុខ​ទេ»៕