អង្គ​ការ​សង្គម​ស៊ីវិល និង​ពល​រដ្ឋ​ប្រមាណជា​៥០០នាក់ ជួបជុំ​គ្នា​​នៅទីលានប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​៨ ខែមិនា​ ដើម្បី​រំឮក​​ទិវា​អន្តរ​ជាតិ​នារី ដោយ​​មានការ​​ទាមទារឱ្យ​រដ្ឋា​ភិបាល​អាណត្តិថ្មី​គោរព​សិទ្ធិ​ស្ដី្រ និង​ដោះលែង​សកម្មជន​ទាំងអស់​ដែលកំពុង​ជាប់ឃុំនៅពន្ធធនាគារ។

​ការប្រារព្ធទិវា​អន្តរជាតិ​នារី ​​លើក​ទី១​១៣ ​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​ នា​ព្រឹក​ថ្ងៃទី៨ ​ខែ​មិនា​​ឆ្នាំ២​០២៤ ធ្វើឡើង​ក្រោម​ប្រធានបទ​ «ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេងស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច​ និង​យុត្តិធម៌​សង្គម»។ ក្រុម​តំណាង​អង្គការ​ដែល​ធ្វើការ​ផ្នែកផ្សេងៗ​គ្នា​ ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​​ក្នុង​​វិស័យ​របស់​ពួកគេ ពាក់ព័ន្ធ​​នឹង​សិទ្ធិមនុស្ស សិទ្ធិការងារ និង​​​ការ​​ចោទប្រកាន់ និង​ចាប់​ខ្លួន​សកម្ម​ជន​ផ្សេងៗ។​

លោកស្រី យ៉ាង សុភ័ណ្ឌ ជប្រធានសហព័ន្ធសហជីពកម្ពុជា​ថ្លែងក្នុងកម្មវិធីនោះ​ថា ការប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នេះឡើង ដើម្បី​​អបអរទិវា​នេះ​ដោយ​ទទួល​បាន​នូវ​ការខិតខំ​ប្រឹងប្រែង​ពី​វីរៈភាព​ស្រី្ដ ពង្រឹង​សាមគ្គីភាពរវាងអង្គការសង្គមស៊ីវិល សហគមសហជីព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ពាក់ព័ន្ធ​ដៃគូក្នុងការធានាបាននូវសិទ្ធិរបស់ស្រ្តី ក្មេងស្រី ដើម្បី​ស្ថិរភាព​សង្គម និង​សង្គម​យុត្តិធម៌ និង​ដើម្បី​បើកឱកាសឱ្យមានការចូលរួមជា​សាធារណៈក្នុងការ​លើកកម្ពស់តម្រូវការឆ្លើយ​តប​សមភាព​​យេនឌ័​រ​ឱ្យមានប្រសិទ្ធភាព។

អ្នកស្រីបន្ថែមទៀតថា៖ «ពួកយើងសង្ឃឹមថា មានដំណោះស្រាយទាំងអស់នឹងចំនួន៣ចំណុច ទី១​ ភាគីពាក់ព័ន្ធ​សាធារណៈជន​​កម្មករ​និយោជិត​បាន​ស្វែង​យល់​អំពី​បញ្ហាប្រឈម​របស់​ស្ដ្រី ​​​ក្មេងស្រី ជាពិសេសអ្នកការពារសិទ្ធិមនុស្ស។ ទី២ ភាគី​ពាក់ព័ន្ធ​ សាធារណៈជន ​កម្មករ​និយោជិត​មាន​ឱកាស​ក្នុង​ការ​ជួបជុំ​បណ្ដាញ​ដែល​បានលើកឡើង​អំពី​បញ្ហាប្រ​ឈម​ដែល​ប្រទះ​សព្វថ្ងៃ និង​អនុវត្ត​សិទ្ធិ​សេរីភាព រួមទាំងតម្រូវការ និងអនុសាសន៍​សំខាន់ៗចំនួន១៦ចំណុច។ ទី៣ បញ្ហា​ដែល​បានលើ​កឡើងនៅទិវានេះ​ ត្រូវបានពិចារណា ឬ ត្រូវ​បាន​ដោះស្រាយ និង​បង្កើត​ឱ្យ​មាន​គោល​នយោបាយ​​ឱ្យមានការចូលរួមនូវការអនុវត្តជាពិសេសសំណាក់រាជរដ្ឋាភិបាល»។

កញ្ញា មាស លីសា ជាសមាជិកចលនាមាតាធម្មជាតិ បានលើក​ពីចំណាប់​អារម្មណ៍​ក្នុង​ទិវា​នារី​អន្តរជាតិ​ថា ស្រ្ដីត្រូវ​បានគេ​ដាក់​សម្ពាធ​គ្រប់បែប​យ៉ាង ប៉ុន្ដែ​ស្រ្ដី​នៅ​តែ​ក្រោកឈរ​ជំនះ​ទាមទារ​ពី​ការរើសអើង​ ស្រ្ដី​ទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស​ជាពិសេស​ស្ដ្រីត្រូ​វ​បាន​លើកទឹក​ចិត្ត​ឱ្យ​ចូលរួម​គ្រប់​សកម្មភាពដែលបម្រើប្រយោជន៍​ដល់សង្គម និង​ប្រទេសជាតិ ពិសេស​កូនចៅ​ជំនាន់​ក្រោយ។

កញ្ញាបញ្ជាក់ថា៖ «សកម្មភាពតស៊ូមតិមិនមែនជាបទឧក្រិដ្ឋទេ»។

​ក្នុង​ការ​ប្រារព្ធទិវា​នារី​អន្តរជាតិ​នោះ គេ​ឃើញ​មាន​ខាង​តំណាង​ស្ថានទូត និង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើនបាន​ចូលរួម​ផង​ដែរ​​។

កញ្ញា សំ សីម៉ា និង កញ្ញា វ៉ាយ ឡាង ជាយុវជន​ស្ម័គ្រ​ចិត្ត​នៅអង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន (YRDP) បាន​ថ្លែងពីតម្រូវការទាំង១៦ចំណុ​ច​ស្ដីពីសិទ្ធិសេរីភាពរបស់ស្ដ្រី ​និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿនកា​រទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការផ្ដល់​សេវា​គាំពារ​សង្គម​ដល់​ស្រី្ដ​មានផ្ទៃពោះ កុមារ និងស្ដ្រីមានពិការភាព ពង្រឹង​គុណភាព​អប់រំ​នៅ​សាលារដ្ឋ និង​ផ្ដល់​អាហារ​រូបករណ៍​ថ្នាក់​ឧត្តមសិក្សា។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ មុនមួយថ្ងៃនៃទិវានារីអន្តរជាតិ លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ថ្លែង​​​ក្នុង​វីដេអូមួយ​ថា ​វត្តមាន​ស្ត្រី​កម្ពុជា​ពិត​ជា​សំខាន់​​ក្នុង​ការ​ជួយ​សម្រួល​ជីវភាព​គ្រួសារ និង​កំណើន​សេដ្ឋកិច្ច​​​សង្គម។ លោក​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​រៀប​ចំ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ស្ដី​ពី​សមភាព​យេនឌ័រ​ គោល​នយោបាយ​គាំទ្រ​ដល់​សហគ្រិន​ស្រ្ដី គោល​នយោបាយ​ត្រួត​ពិនិត្យ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​គាំពារ​សង្គម គោល​នយោបាយ​ដោះស្រាយ​បញ្ហា​គម្លាត​យេនឌ័រ​លើ​វិស័យ​ឌីជីថល និង​លើក​កម្ពស់​ស្រ្ដី​ក្នុង​វិស័យ​ផ្សេងៗ​និង​ក្នុង​គ្រួសារ​ផង​ដែរ៕