បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃជាប់ៗគ្នា​ចុង​ក្រោយ​នេះ​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​លើក​ឡើង​ថា ផ្ទះ​ពលរដ្ឋ​ជាង​១០០​ខ្នង​ ត្រូវ​​ខូចខាត​ដោយ​សារ​ខ្យល់​កន្រ្តាក់។

អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​ សុទ្ធ គឹមកុល​មុនី ប្រាប់​ Newsroom Ca​m​b​o​d​i​a នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លំនៅ​ដ្ឋាន​របស់​​ប្រជាពលរដ្ឋ​ត្រូវ​រង​ការ​ប៉ះពាល់​ដោយ​សារ​តែ​មាន​ខ្យល់​កន្រ្តាក់​ ពេល​ភ្លៀ​​ង​​ធ្លាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ទាំង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​រាជធានីភ្នំពេញ​ផង​។

លោក​បន្តថា៖«តាម​តួលេខ​ដែល​យើង​ទទួល​បាន​ពី​គណៈ​កម្មា​ធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ មក​ដល់​ថ្ងៃ​នេះ​គឺ​បាន​ប៉ះពាល់​ជាង​១០០​ខ្នង​ហើយ។ ជា​មួយ​នេះ​ដែរ ក៏​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ជាង៣០​ខ្នង នេះ​ទិន្នន័យ​បឋម​ដែល​យើង​ទទួល​បាន ហើយ​នៅ​ខេត្ត​មួយ​ចំនួនទៀត​មិន​ទាន់​បាន​រាយ​ការណ៍​មក​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​»

លោក​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ផ្ទះ​ដែល​រង​ការ​ប៉ះពាល់​ជាង​១០០​ខ្នង​ ក្នុង​ហេតុ​ការណ៍​ខ្យល់​កន្ត្រាក់នេះ​ លោក​ថា​ ក្នុង​នោះ​មាន​ផ្ទះ​៣០​ខ្នង​ត្រូវ​​ខូច​ខាត​ទាំង​ស្រុង ប៉ុ​​ន្តែមិនបណ្តាលឱ្យ​ប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វ​​ទេ​​។

លោកបន្ត​ថា​៖«ជា​បឋម​នេះ​ យើង​បាន​ទទួល​ទិន្នន័យ​ការ​ខូច​ខាត​ ប៉ះ​ពាល់​ផ្ទះ  របើក​ដំបូល​អី​ផ្សេងៗ​នេះ​ គឺ​ជាង​១០០ខ្នង ហើយ​ខូច​ខាត​ទាំង​ស្រុង​គឺ​ជាង​៣០​ខ្នង។ ជា​មួយ​គ្នា​នេះ​ បញ្ហា​ផ្គរន្ទះ​បាន​កើត​មាន បាន​បង្ក​ឱ្យ​ឆេះ​ផ្ទះ​ពលរដ្ឋ​យើង​១ខ្នង និង​ងាប់​គោរ​១ក្បាល។ ប៉ុន្តែ​ករណី​ទាំង​ពីរ​នេះ​មិន​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ទេ​ »។

ក្នុង​ពេល​មាន​បញ្ហា​​កើត​​ឡើង អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​រូប​នេះ​ថា ជា​ការ​ឆ្លើយ​ត​ប​​បន្ទាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​គឺ​មាន​តួនាទី​ក្នុង​ការ​ចុះ​ជួយ។ ក្រៅ​​​ពី​នេះ​ក៏​មាន​កង​កម្លាំង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ជួយអន្តរាគមន៍​ បូក​រួម​ទាំង​ក្រុម​កាក​បាត​ក្រហម​កម្ពុជា​ដែល​មាន​ទីតាំង​តាម​ស្រុក​ខេត្ត​ទាំង​អស់​នោះ​ទៀតផង។

យ៉ាងនេះក្តី លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ប្រាប់​ New​sr​o​om Cambodia នៅ​ថ្ងៃ​ចន្ទ​នេះ​ថា នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​ ​ ក្រៅពី​ការ​​ជួយ​សង្គ្រោះ​ពី​​ក្រុម​អាជ្ញាធរ​ អ្នក​ដែល​មាន​តួនាទី​សំខាន់​ជាង​គេ​​ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ​ គឺ​មាន​តែ​គណៈក​ម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយទេ ដែលដើរតួនាទីសំខាន់ក្នុងរឿងនេះ។

លោក​បន្ត​ថា៖«ចំពោះ​បញ្ហា​គ្រោះ​មហន្តរាយ​ដែលកើត​ឡើង​ យើង​ឃើញ​ថា​ អ្នក​ដែល​សំខាន់​ទី​មួយ​គឺ​ គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ ដែល​ជា​អ្នក​ត្រូវ​ជួយ​ប្រជា​ពលរដ្ឋ​។ បើសិន​ជា​មាន​ទឹក​ជំនាន់​យ៉ាង​ណា​គឺ​ត្រូវ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​។ អាជ្ញាធរ​ជួយ​ធ្វើ​ម៉េច​ នៅ​ពេល​ប្រជា​ពលរដ្ឋ​ខូច​ខាត​ផ្ទះ​សម្បែង​ ខូច​ខាតអីហ្នឹង គាត់​ត្រូវ​ជួយ​ប្រជា​ពលរដ្ឋ​ ជួយ​ធ្វើ​ម៉េច​ជួយ​ជួស​ជុល​អ្នក​ខ្វះខាត​ខាង​ជីវភាព​»។

លោក​បន្ថែម​ទៀត​ថា អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជា​ពល​រ​ដ្ឋ​ ក៏​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការ​អនុវត្ត​គោល​នយោបាយ​ផ្សេងៗ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ ទប់​ស្កាត់​កាត់​បន្ថយ​ហា​និភ័យ​នានា​កុំ​ឱ្យ​កើត​មាន​ខ្ពស់​សម្រាប់​ប្រជា​ពលរដ្ឋ។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹងរបស់ខ្លួន ​អំពី​ស្ថានភាព​ធាតុ​អាកា​ស​​​​​នៅ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយលើកឡើងថា ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២​​០​​​​២៤ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំដោយ​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ច​​ន្លោះ​ពី​​២០% ទៅ​២៥%៕