ការប​ង្កើ​ត​ឡើងនូវការិយាល័យច្រកចេញចូលតែមួយ ថ្នាក់ក្រុង ស្រុក ខណ្ឌ មានគោលបំណង​សំខាន់ៗ ក្នុង​កា​រលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាល​ដោយ​ពង្រីក​​វិសាលភាព ​សេវា​កម្ម​ដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ​​ឱ្យ​បា​ន​ទូ​លំ​ទូ​លា​យ​​តាមរយៈ​​ការ​ប្រមូល​​ផ្តុំសេវាកម្ម​ទាំងអស់ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​​ផ្តល់​ជូន​អតិថិជន​​នៅកន្លែងតែមួយ។​ កែលម្អការផ្តល់សេវារដ្ឋបាល កាត់បន្ថយ​អំពើ​ពុក​រលួយ ​និង​បង្កើន​ការជឿ​ទុកចិត្តពីប្រជាពលរដ្ឋ​មកលើ​ប្រព័ន្ធរដ្ឋបាល ហើយលើកកម្ពស់​ការ​ចូល​រួម​របស់​​ប្រជាពលរដ្ឋ​ក្នុងការផ្តល់មតិយោបល់ និងការរិះគន់​ស្ថាបនា​​ដើម្បីកែ​ល​ម្អ​កា​រ​អ​នុ​វ​ត្ត​លើ​ប្រព័ន្ធរដ្ឋបា​ល។​

ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាស​រវាង​លោក អុឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និង​ធនធា​ន​​នៃក្រសួងមហាផ្ទៃ​ជាមួយនឹង​លោក ទេព សួគានី​ ជា​សិក្ខាកាម​មកពី​ញូវសន៍រូម​ខេម​បូឌា​​ (Newsroom Cambodia)​​៖

កិច្ច​សម្ភាស​រវាងមន្ត្រី​របស់នាយកដ្ឋានមុខងារ និង​ធនធា​ន​​នៃក្រសួងមហាផ្ទៃ​ជាមួយ ​សិក្ខាកាម​មកពី​ញូវសន៍រូម​ខេម​បូឌា​​ (Newsroom Cambodia) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ទំព័រហ្វេសប៊ុកនាយកដ្ឋានមុខងារ និង​ធនធា​ន​)

Q: ជម្រាបសួរលោក អុឹង កែវរតនៈ!

A: បាទ ជម្រាបសួរ!

Q: ជាដំបូង​ខ្ញុំ​សូម​សួរថា តើអ្វីទៅជាការិយាល័យច្រកចេញចូលតែមួយ?

A: ជាដំបូង ខ្ញុំសូមបញ្ជាក់ថា ពាក្យការិយាល័យច្រកចេញចូលតែមួយ សំដៅ​ដល់​ច្រ​ក​ចេ​​ញ​ចូ​ល​តែ​មួយ​នៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ។ បច្ចុប្បន្ននេះ​រា​ជ​រ​ដ្ឋា​ភិ​​បា​ល​បា​ន​ប​ង្កើ​ត​ឱ្យ​មា​ន​យ​ន្ត​កា​រ​ច្រក​​ចេ​ញ​ចូ​ល​តែ​មួ​យ​នៅ​​រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៣ថ្នាក់រដ្ឋបាល ក្នុ​ង​គោ​ល​បំ​ណ​​ង​ប​ង្ក​លក្ខណៈ​ងាយស្រួល និង​ឆ្លើ​យ​​ត​ប​ទា​ន់​ពេល​វេលាទៅនឹងតម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ តា​ម​រ​យៈ​កា​រ​ប្រ​មូ​ល​ផ្តុំ​កា​រ​ផ្តល់​សេ​វា​រ​ដ្ឋ​បា​ល​លើ​​វិស័យនានានៅកន្លែងតែមួយ រួមមាន​៖ ១.នៅថ្នាក់​រដ្ឋ​​បា​ល​រាជ​ធានី ខេត្ត បង្កើត​ឱ្យ​មា​ន​អ​ង្គ​​ភា​ព​ច្រ​ក​ចេ​ញ​ចូ​ល​តែមួយ។​ ២.នៅ​ថ្នាក់​រដ្ឋបាលក្រុង ស្រុក ខណ្ឌ បង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ។ ៣.​នៅ​ថ្នា​​ក់ឃុំ សង្កាត់ បង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់។

ជារួមយន្តការ​ទាំងបី​នេះ ទោះបីយើងមានយន្តការដាច់ដោយឡែកសម្រាប់ថ្នាក់រដ្ឋបាលនីមួយៗ ក៏ដោយ ប៉ុន្តែ​គោល​បំណង​រួមតែមួយ គឺជា​កន្លែង​ប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានា ដែលស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​​របស់​ខ្លួន ដើម្បីឱ្យ​បង្កភាព​ងាយ​ស្រួល​ជូនប្រជាពលរដ្ឋ មកសាកសួរព័ត៌មាន មក​ទទួល​ពាក្យ​​ស្នើសុំ​ ដាក់ពាក្យសុំសេវា បង់កម្រៃសេវា និង​ផ្តល់​លទ្ធផល​សម្រេច​នៅ​កន្លែង​តែមួយ តាម​​​​នីតិវិធី​​​សាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និង​គណនេយ្យភាព។

Q: យើងឃើញ​ថា​ប្រព័ន្ធ​សេវា​ច្រក​ចេញ​ចូលតែមួយ​ត្រូវបាន​បង្កើតឡើង​ជិត​១០ឆ្នាំ​មកហើយ តើ​នៅមុនពេលមានការបង្កើត​​ប្រព័ន្ធ​សេវា​ច្រក​ចេញ​ចូលតែមួយ​​នេះ ​តើ​​ការ​ផ្តល់​សេវា​សាធារណៈ​​​​​​នាពេល​នោះ យ៉ាងម៉េចដែរ?

A: យើងបានចាប់ផ្តើមអនុវត្តយន្តការច្រកចេញចូលតែមួយ​កាលពីឆ្នាំ២០០៥ ដោយ​ រាជ​រដ្ឋាភិបាល​​បានដាក់ឱ្យអនុវត្តសាកល្បងជាដំបូងនៅស្រុកគោលដៅចំនួនពីរ គឺស្រុក​បាត់ដំបង នៃ​ខេត្ត​​​​បាត់ដំបង និងស្រុកសៀមរាប នៃខេត្តសៀមរាប ហើយយើងក៏បានព្យាយាម​ពង្រីក​ជា​ដំណាក់កាលៗ ក្រោមការជួយគាំទ្រទាំង​ថវិកា និងបច្ចេកទេសពីសហភាពអឺរ៉ុប តាមរយៈ​អង្គការខុនរ៉ាដអាឌិនណៅអ៊ែរ និងការជួយគាំទ្រ​ដោយ​ផ្ទាល់​ពីស្រុករ៉ែកស៊ីក​របស់ប្រទេស​​អាល្លឺម៉ង់ និងក្រុងស្បូឡេតូរបស់ប្រទេសអ៊ីតាលី។

ប្រសិនបើយើងមើលទៅលើស្ថានភាពមុនឆ្នាំ២០០៥ នៅពេលប្រជាពលរដ្ឋមានតម្រូវការស្នើសុំ​សេវា បញ្ហាប្រឈមដំបូងគេ ពួកគាត់មិនដឹងថាត្រូវទៅស្នើសុំសេវានៅទីកន្លែងណា? អស់តម្លៃ​ប៉ុន្មាន? រយៈពេលប៉ុន្មានទទួលបានលទ្ធផលសម្រេច? ឧទាហរណ៍ ការបញ្ជាក់សញ្ញាបត្រ​ទី១២ គាត់មិនដឹងថា តើគាត់គួរទៅស្នើសុំបញ្ជាក់នៅសាលាក្រុង ឬនៅទីកន្លែងណា? នៅពេល​ពួកគាត់ដឹងទីកន្លែងស្ថាប័នមានសមត្ថកិច្ចដើម្បីស្នើសុំសេវាហើយ នៅពេលទៅដល់មិនមាន​មន្ត្រី​មក​ទទួល​ច្បាស់​លាស់​ទេ​។ ការផ្តល់​ព័ត៌មាន​អំពី​តម្រូវការ​ឯកសារ​ភ្ជាប់​រយៈពេល​នៃ​ការ​ផ្តល់​​សេវា និង​តម្លៃ​សេវា សុ​ទ្ធ​តែ​មិនមាន​ព័ត៌មាន​ច្បាស់​លាស់។

មួយវិញទៀត ​នៅ​ពេល​ដែល​​យើង​ដឹ​ង​ព័ត៌មាន និងបានដាក់ឯកសារស្នើសុំហើយ ពួកគាត់​បា​ត់​ព័​ត៌​មានត្រឹម​ហ្នឹងទៀត មិនដឹងថា​យើងមានវិធីសាស្ត្រណាមួយ​ទៅតាមដាន ឬសាកសួរ​អំពី​ឯកសារ​​របស់​យើងទៅ​ដល់​ទីណានោះទេ ទាល់តែ​យើង​សាកសួរ​តាមរយៈ​ខ្សែរ​បណ្តាញ ឬ​ពេល​​ខ្លះ​សាកសួរ​​តាម​អ្នក​រត់​ការ ហើយព័ត៌មានពេលខ្លះក៏ឱ្យមិនច្បាស់ដែរ។ នៅពេល​ប្រជាពលរដ្ឋ​​បានមកស្នើសុំសេវា យើងមិនមានយន្តការណាមួយ​ដើម្បីស្នើសុំសេវានោះទេ ខ្វះ​ទាំ​ង​ព័ត៌មាន ខ្វះទាំងតម្លាភាព ខ្វះទាំងការឆ្លើយតបទៅលើការស្នើសុំសេវារបស់ប្រជាពលរដ្ឋ។

Q: តើការអនុវត្តយន្តការច្រកចេញចូលតែមួយនៅកម្ពុជារួមចំណែកលើកកម្ពស់ប្រសិទ្ធភាព​​​ក្នុង​ការផ្តល់​សេវា​សាធារណៈយ៉ាងដូចម្តេច​ខ្លះ​?

A: ការអនុវត្តយន្តការច្រកចេញចូលតែមួយនៅកម្ពុជា រួមចំណែក​លើក​កម្ពស់​ប្រសិទ្ធភាពក្នុងការ​ប្រមូលផ្តុំការ​ផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ។ តាមរយៈយន្តការច្រកចេញចូលតែមួយនៅ​រដ្ឋ​បាលថ្នាក់ក្រោមជាតិនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន៥ រួមមានដូចជា ៖

១. ពង្រឹង​ការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការ គ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវារដ្ឋបាលនានា ប្រកបដោយប្រសិទ្ធភាព ឆ្លើយ តប​ទាន់​ពេល​វេលា​ទៅ​នឹងតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់ខ្លួន ស្របតាមច្បាប់​ស្តីពី​ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

២. បង្កលក្ខណៈងាយស្រួល​ដល់​ប្រជាពលរ​ដ្ឋក្នុ​ង​កា​រ​​មក​ស្នើ​សុំ​សេ​វារដ្ឋបាល និងទទួលលទ្ធ​ផល​​​សម្រេចនៅកន្លែងតែមួយ។ តាមរយៈនៃការរៀបចំនូវយន្តការនេះ ប្រជាពលរដ្ឋដែល​មាន​តម្រូវ​ការ​សេវារដ្ឋបាល អាចដាក់​ពាក្យស្នើ​សុំសេវារដ្ឋបាល និងទទួលលទ្ធផលសម្រេច​នៅកន្លែង​តែមួយ បើទោះបី​សេវា​ទាំងនោះ​តម្រូវ​ឱ្យមានការពិនិត្យ និងបញ្ជាក់ ដោយ​អង្គភាព​មាន​សមត្ថកិច្ច​ជាច្រើនក៏ដោយ។ យន្តការច្រក​ចេញ​ចូល​តែមួយនឹងកាត់ បន្ថយនូវការចំណាយ​ពេល​វេលា និង​ថវិកា​របស់ប្រជាពលរដ្ឋ ដោយ​សារ​​​បែបបទ និង នីតិវិធី​នៃការ​ផ្តល់​សេវា​របស់អង្គភាព​នេះ​មានលក្ខណៈសាមញ្ញ ឆាប់រហ័ស និងមាន តម្លាភាព។

៣. ងាយស្រួលធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលទាំងនោះ​តាមប្រព័ន្ធ​ព័ត៌​មានវិទ្យា ឬប្រព័ន្ធ ស្វ័យ​​ប្រវត្តិកម្ម ដែលធានា​ឱ្យ​កា​រ​គ្រ​ប់​គ្រ​ង​កា​រ​ផ្ត​ល់​សេវាកាន់តែមាន​ប្រសិទ្ធ​ភាព និង ប្រសិទ្ធផល ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំសេវា អាចដាក់ពាក្យស្នើសុំ សេវា​បាន​គ្រប់ពេល​វេលា និងគ្រប់ទីកន្លែង។

៤. ការ​រៀប​ចំ​ឱ្យ​មា​ន​យ​ន្ត​កា​រ​ច្បា​ស់​លា​​ស់​មួ​យ​សម្រា​ប់​តា​មដាន ត្រួតពិនិត្យ និងវាយតម្លៃលើ​​កិច្ច​ដំណើ​រកា​រនៃការផ្តល់សេវារដ្ឋបាល និង​សម្រាប់​ប្រជាពលរដ្ឋ ដែលមិនពេញចិត្ត ឬ​មាន​បញ្ហា​ពាក់​ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល នៅ​រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និង​រដ្ឋបាល​ឃុំ សង្កាត់។

៥. ពង្រឹង​ប្រសិទ្ធភាព​នៃ​កា​រ​ប្រ​មូល​ចំណូល​ពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​ប្រកប​ដោយ តម្លាភាព និងទប់ស្កាត់​នូវ​អំពើ​ពុករលួយ។

Q: តើ​ការ​បង្កើត​យន្តការ​សេវា​ច្រក​ចេញ​ចូល​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​រួម​ចំណែក​យ៉ាង​ណា ​ក្នុង​ការ​ជំរុញ​បរិយាកាស​អំណោយផល​សម្រាប់​ការ​វិនិយោគ និង​កំណើន​អាជីវកម្ម?

A: ការ​បង្កើត​យន្តការ​សេវា​ច្រក​ចេញ​ចូល​មួយ គឺជាការប្រមូលផ្តុំ​កា​​រ​ផ្តល់​សេវាមិននៅ​កន្លែង​តែ​មួយ​ កែសម្រួលពាក្យស្នើសុំ តម្រូវការឯកសារភ្ជាប់ឱ្យខ្លី សាមញ្ញ កាត់​ប​ន្ថ​យ​​នី​តិ​វិ​ធី​ស្នើ​សុំ​សេវា​ឱ្យ​ងាយស្រួល មានការបង់កម្រៃសេវា ដែលមានជាក់លាក់ប្រកបដោយតម្លាភាព ផ្តល់​លទ្ធ​ផល​​សម្រេចជូនពួកគាត់បានទាន់ពេលវេលា តាមច្បាប់កំណត់។ នៅ​ពេ​ល​​មា​ន​​គេ​ម​ក​រំ​ខា​ន​ដល់​អា​ជីវកម្ម សេវាកម្មរបស់ពួកគាត់ មានអាជ្ញាធរ មកជួយការពារ នោះចង់មិនចង់ សន្ទុះនៃ​ការ​ស្នើសុំសេវារបស់ម្ចាស់អាជីវកម្ម សេវាកម្មដែលធ្លាប់តែមិនមក​សុំ​ច្បា​ប់​ប្រាកដ​ជាមកសុំ​ច្បាប់​។ ទន្ទឹមនេះ វាក៏ជាកត្តាទាក់ទាញមួយដែលបាន បង្ហាញ​ពី​បរិយា​កាស​ដ៏​ល្អ​នៃ​កា​រ​ស្នើ​សុំ​លិ​ខិ​ត​អ​នុ​ញ្ញា​ត​ផ្សេ​ងៗ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច ពិនិត្យ ស​ម្រេ​ច​រ​ប​ស់​រ​ដ្ឋ​បា​ល​ថ្នា​ក់​ក្រោ​ម​ជាតិ​នីមួយៗ​ដល់​អ្នកវិនិយោគឱ្យបានឃើញ។ នៅពេល ដែលអ្នកវិនិយោគបានដឹង បានឮ បាន​ឃើញ ទោះជាពួកគាត់មិនសូវមានបំណងចង់បណ្តាក់ទុកក៏​ពួ​ក​គា​ត់​អា​ច​នឹ​ង​ប្រែ​ចិត្ត​បាន ដោយសារតែច្រកចេញចូលតែមួយបានបង្កើតបរិយាកាស ស្នើ​សុំ​សេ​វា​ងា​យ​ស្រួ​ល​ជូន​ពួកគាត់។

Q: តើបច្ចេកវិទ្យាមានតួនាទីអ្វីខ្លះ ក្នុងការសម្រួលដល់ការអនុវត្តប្រព័ន្ធ សេវា​ច្រ​កចេ​ញចូ​ល​តែ​មួយ​នៅកម្ពុជា ហើយតើ​វា​អាច​ប​ង្កើ​នភា​ព​ងា​យ​ស្រួ​ល​ស​ម្រា​ប់​ប្រ​​ជាពលរដ្ឋ និងអាជីវ​ក​ម្ម​ដោយ​របៀបណា?

A: សម្រាប់បច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាការកែទម្រង់ដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកការកសាង រដ្ឋាភិបាលឌីជីថល ដូចមានកំណត់នៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២- ២០៣៥ ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតភ្ជាប់ព័ត៌មានវិទ្យាឌីជីថលរវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព សមភាព គុណភាព និងតម្លាភាពនៃ ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

សម្រាប់ប្រជាពលរដ្ឋ​ ពួកគាត់ មានភាពងាយស្រួលដោយអាចដាក់ពាក្យស្នើសុំសេវា របស់​អង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយ​មិនចាំបាច់ធ្វើ ដំណើរមក​ដាក់​ពាក្យ​ស្នើ​សុំ​សេវា និងបង់កម្រៃសេវា​ដោយផ្ទា​ល់​នៅ​អង្គភាព​ច្រកចេញចូលតែមួយ ឡើយ ដែលចំណុច​នេះ​នឹង​ចូ​ល​រួ​ម​ចំ​ណែ​​​ក​​ស​ន្សំ​ទាំ​ង​ពេ​ល​វេលា​ ទាំងថវិកា ព្រមទាំងកាត់បន្ថយ ហានិភ័យ​នៃ​កា​រ​ធ្វើ​ដំណើរ​ជូនប្រជាពលរដ្ឋផងដែរ។

សម្រាប់ការទូទាត់ថ្លៃសេវារដ្ឋបាល ក្រសួងមហាផ្ទៃ​ក៏បា​ន​ដា​ក់ឱ្យអ​នុវ​ត្ត​ជា​ផ្លូ​វ​ការ​នូ​វ​ប្រព័ន្ធ​ទូទាត់​វិក្កយបត្រ (Payment Hub) សម្រាប់​កា​រ​ទូទា​ត់ក​ម្រៃ​សេវា​នៅអ​ង្គភា​ព​ច្រកចេញ​ចូ​ល​តែមួយ។ ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ធ្វើឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​កា​ន់​តែ​មា​ន​ភា​ព​​ងាយស្រួ​ល​ និង មាន​ជម្រើសកាន់តែច្រើន ក្នុងការទូទាត់កម្រៃ​សេ​វា​ស​​​ម្រា​ប់​​កា​រ​ស្នើ​សុំ​សេ​វា​រដ្ឋបាលនៅអង្គភាព ច្រក​ចេញ​ចូលតែមួយ ដោយប្រជា​ព​ល​រ​ដ្ឋ​អា​ច​ប​ង់​ក​ម្រៃសេ​​វា​តា​ម​រ​យៈ​ប្រព័​ន្ធ ធនាគារ​ដៃគូមួយ​ណា​ក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន។ ប្រព័ន្ធ​ទូ​​ទា​ត់​វិក្កយបត្រក៏បានចូលរួម ចំណែក​​​លុ​ប​បំបាត់អំ​​ពើពុករលួយ និងការទាមទារកម្រៃ​សេវា​ក្រៅ​ផ្លូ​វ​ការ​ផងដែរ។

Q5: តើយុទ្ធសាស្ត្រ និងវិធានការអ្វីខ្លះដែលរាជរដ្ឋាភិបាល​កម្ពុជាគួរតែអនុវត្ត ដើម្បីធានាឱ្យមាន​ការអនុវត្តប្រកបដោយជោគជ័យ និងនិរន្តភាពនៃយន្តការសេវាច្រកចេញចូលតែមួយ លើ​វិស័យ​ផ្សេងៗ និងកម្រិតរដ្ឋបាល?

A: ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារដោយ ជោគជ័យស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន មាន​គន្លឹះសំខាន់មួយចំនួនដែលទាមទារ​ឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ​ត្រូវបន្តចូលរួម និងផ្តល់​កិច្ច​សហការ​គាំទ្រ រួមមាន៖

ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវផ្ទេរសេវារដ្ឋបាលថ្មីៗបន្ថែមទៀតរដ្ឋបាលថ្នាក់ក្រោមជាតិមកអនុវត្ត តាមយន្តការច្រកចេញចូលតែមួយ និងត្រូវកែសម្រួលបែបបទ និងនីតិវិធី​បច្ចេក​ទេ​ស​ផ្តល់​សេវា តាមវិស័យជំនាញឱ្យភាពសាមញ្ញ ខ្លី ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីបែបបទ តាមវិស័យជំនាញនីមួយៗ និង​នីតិវិធី​បច្ចេកទេស​សម្រាប់​ការផ្តល់សេវា។​

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវប្រមូលផ្តុំគ្រប់ប្រភេទសេវារដ្ឋបាលដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់ខ្លួនទាំងអស់ឱ្យមកអនុវត្តតាមយន្តការច្រកចេញចូលតែមួយ និងត្រូវ​ព​ង្រឹ​ង​ក្រ​ម​សីល​ធ​ម៌​ វិជ្ជាជីវៈ ការទទួលខុសត្រូវ និង​ភា​ព​ស្អា​ត​ស្អំ​រ​ប​ស់​ម​ន្ត្រី​ក្នុ​ង​កា​រ​ផ្ត​ល់សេវារ​​ដ្ឋ​បា​​​ល​ជូន​​ប្រជា​ព​ល​រដ្ឋ។

ប្រជាពលរដ្ឋត្រូវចូលរួមស្នើសុំសេវារដ្ឋបាលដោយខ្លួន ដោយមិនត្រូវពឹងពាក់អ្នករត់ការ និង​ត្រូវ​ចូលរួមមតិយោបល់កែលម្អ​ចំពោះយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ។

Q: អរគុណលោក អុឹង កែវរតនៈ សម្រាប់ការផ្តល់សម្ភាសន៍។

A: បាទ អរគុណ!៕