សិស្សនិស្សិតមួយចំនួនមិនបានរៀបចំគម្រោងឱ្យបានត្រឹមត្រូវក្នុងការចាយវាយប្រចាំថ្ងៃ​​នោះទេ។ នៅពេលដែលពួកគេឃើញរបស់ ឬសម្ភារ:ទំនើបទើបនឹងនាំចូលមកថ្មីៗ ក៏​ចាប់ផ្ដើម​នាំគ្នាទៅទិញប្រើបង្អួតគ្នីគ្នានៅសាលារៀន ទាំងដែលខ្លួនគេ​មិន​បាន​គិត​អំពីហានិភ័យនៃ​ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

សិស្សនិស្សិតដែល​កំពុងរៀនពីរ ឬបីសាលា ត្រូវការ​ការចំណាយ​ច្រើន​លើ​ការបង់​ថ្លៃ​សាលា និងការចំណាយទៅលើសម្ភារ:សិក្សាមួយចំនួនធំ។​ មិនត្រឹមតែប៉ុណ្ណោះ​ វា​ក៏​គួបផ្សំជា​មួយនឹ​ង​ថ្លៃផ្ទះជួល ម្ហូបអាហារ សៀវភៅ ឍសម្ភារ: និងថ្លៃ​សម្រាប់ធ្វើដំណើរ​ ​របស់ពួកគេ។

ចំណាយមិនមានចំណូល​ វាគឺជាហានិភ័យនៃការបរាជ័យផ្នែកហិរញ្ញវត្ថុ របស់ពួ​កគេ​ដែល​កំពុង​បន្ត​ការសិក្សានៅទីក្រុងភ្នំពេញ។ យ៉ាង​ណា​មិញ សិស្សនិស្សិត​ដែល​កំពុង​តែ​ពេញ​វ័យ​សប្បាយភ្លើតភ្លើន បាននាំគ្នាសម្រុកទៅទិញសម្ភារ:ទំនើបៗ ដោយ​យក​ជា​ល្បែង​កម្សាន្ត​ពេញ​និយម ដោយភ្លេច​គិតថា ខ្លួនគេ​ត្រូវ​ការចំណាយច្រើន​សម្រាប់​ការរស់នៅ​ប្រចាំ​ថ្ងៃ។

ជាការពិតណាស់មានសិស្សនិស្សិតមួយចំនួនដែលកំពុងពេញវ័យ ភាគច្រើន​ពួកគេ​កំពុ​ង​តែ​កាត់បន្ថយការធ្វើសកម្មភាព ដូចជាការអានសៀវភៅនៅផ្ទះ ចូលបណ្ណាល័យស្រាវជ្រាវ ជុំមិត្តពិភាក្សាគ្នាអំពីមេរៀនដែលគ្រូបានដាក់ឱ្យធ្វើ​ជាដើម​។

ហានិភ័យនៃការបរាជ័យផ្នែកហិរញ្ញវត្ថុ បានជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់សិស្ស​និស្សិត​ដែល​កំពុ​ង​បន្តការសិក្សានៅក្នុងទីក្រុងភ្នំពេញ។ វាច្រើន​តែ​កើតមាន​ឡើងលើ​សិស្ស​និស្សិត​កំពុង​ពេញ​វ័យ។ និស្សិតកំពុងពេញវ័យបានកាត់បន្ថយសកម្មភាពផ្សេងៗ ឬ​កុហក​ឳពុក​ម្ដាយថា​ទិញ​របស់​ទំនើបៗថ្លៃៗ ដើម្បីស្រួលមើលមេរៀន ឬ​កុហក​ឳពុកម្ដាយ​ថា​យក​លុយ​ទៅ​រៀន​គួរ តែតាមពិតកុហកដើម្បីបានលុយទៅ​ទិញ​សម្ភារ:​​ទំនើបៗ ដើម្បី​បង្អួត​មិត្ត​នៅ​សាលារៀន ទាំងដែលពួកគេមិនបានខ្វល់ខ្វាយអំពីការនឿយហត់ និង​ភាព​លំបាក​ដែល​លោក​ឳពុកអ្នកម្ដាយ ខិតខំ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់ និងចំណាយ​ទៅ​លើ​ការសិក្សា​របស់​កូនៗ​នោះទេ​។

យ៉ាងណាមិញសម្ភារ:ទំនើបៗថ្លៃៗ នាំឱ្យសិស្សនិស្សិតមួយចំនួនមានអាកប្បកិរិយាអឿ ឆ្មើងឆ្មៃ គិតថាមានតែឯង ខ្លះទៀតធ្វើឱ្យពួកគេមានគំនិតឆេវឆាវ ក្រអើតក្រទម មិននិយាយ​ស្ដីជាដើម។​

ការចំណាយលុយដ៏ច្រើនទៅលើការប្រើប្រាស់សម្ភារ:ថ្លៃៗទំនើបៗដោយ​មិនចេះគិត ធ្វើឱ្យសិស្សនិស្សិតព្រងើយកន្តើយ ភ្លេចការសិក្សារៀនសូត្រ បាត់បង់​ឱកាល​រៀន​គួរ​វគ្គ​ខ្លីៗ ចំណាយច្រើនតែលើរបស់គ្មានប្រយោជន៍ មិនសន្សំលុយសម្រាប់បង់ថ្លៃសលា ចាំតែ​ទារសុំលុយពីឳពុកម្ដាយដែលខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីរកលុយឱ្យកូនរៀន តែ​កូន​បែរ​ជា​កុហកយកលុយទៅទិញសម្ភារ:ប្រើប្រាស់ថ្លៃៗទំនើបៗទៅវិញ។

សិស្សនិស្សិតដែល​ចាយវាយ​ខ្ជះខ្ជាយ និង​មិនចេះ​ទុកដាក់លុយកាក់ អាចឈានទៅដល់​ការបរាជ័យ​​ក្នុងការសិក្សារបស់ពួកគេ និងអាចមានអារម្មណ៍ថាខ្លួនឯងទៅមុខមិនរួច និងការថយចុះនៃសកម្មភាពខួរក្បាលដែលពាក់ព័ន្ធនឹងការមិនចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ(លុយ) និងបាត់បង់ឱកាសមាឱកាស​ប្រាក់ ក្នុងការ​បន្តការសិក្សា​រៀនសូត្រ​របស់​ពួកគេ​ទៅថ្ងៃ​អនាគតជាដើម៕