fbpx
Home Blog Page 3

តុលាការសម្រេចចោទប្រកាន់លោក កើត សារ៉ាយ ពាក់ព័ន្ធនឹងបទញុះញង់​ និងករណីមិនរាងចាល

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​​សម្រេចចោទប្រកាន់លោក កើត សារ៉ាយ ប្រធាន​សមាគមនិស្សិតបញ្ញវន្តខ្មែរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ករណីមិនរាងចាល ក្រោយលោកចុះទៅជួបពលរដ្ឋ​ដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន លោក កើត សារ៉ាយ ខណៈលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាម​ដីកា​បញ្ជាឱ្យចូលខ្លួន​របស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែមេសា។​

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែមេសា បាន​ឱ្យដឹងថា ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេច​ចោទប្រកាន់លើជនសង្ស័យ ឈ្មោះ កើត សារ៉ាយ និងគូកន ពីបទ មិនរាងចាល​ក្នុងបទមជ្ឈិម​បន្ទាប់ពីការ​ផ្តន្ទាទោស​បទមជ្ឈិម និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ ដែលជាបទល្មើសព្រហ្មទណ្ឌ។

ប្រភពដដែល​ បន្តថា ការចោទប្រកាន់ទៅលើ​ លោក កើត​ ​សារ៉ាយ បានកើតឡើងដោយសារ​តែ​លោក​​បាន​រៀប​ចំ​ផែន​ការ​អូសទាញប្រជាពលរដ្ឋនៅ​ខេត្តព្រះវិហារ​ ឱ្យប្រព្រឹត្ត​អំពើ​កាប់ទ​ន្ទ្រាន​កាន់​កាប់​ដី​ខុស​ច្បាប់ និងចេញតតាំងប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំង​បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ មានការភ័យខ្លាចរត់ភៀសខ្លួន​ចូល​ព្រៃ កាលពីអំឡុងខែមីនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា៖ «មិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យបានបញ្ជូន​រូបភាព​ឱ្យ​បណ្តាញផ្សព្វ​ផ្សាយ​ក្រៅ​ប្រទេស ដើម្បី​ឱ្យ​សាធារណជនក្នុង និង​ក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមប្រឆាំងរាជរដ្ឋាភិបាល»។

បើតាមទំព័រហ្វេសប៊ុករបស់លោក កើត សារ៉ាយ គឺ​​កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រូប​​​លោកបាន​ដឹក​នាំ​យុវជន​សិទ្ធិ​មនុស្ស ចំនួន៤នាក់ ចូលទៅជួបប្រជាពលរដ្ឋនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលរត់ចូលក្នុងព្រៃ និងបាន​ធ្វើប​ទ​សម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងថតពីសកម្មភាពការរស់នៅរបស់ពលរដ្ឋទាំងនោះ​ផងដែរ។

ករណីនេះ សេចក្តីប្រកាសព័ត៌មាន​របស់​តំណាងអយ្យការ បានចាត់ទុកការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របស់ លោក កើត សារ៉ាយ នេះ​ថា​ជាការបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

ប្រជា​ពលរដ្ឋនៅឃុំស្រយង់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានអះអាងនៅថ្ងៃទី០៨ ខែមេសានេះថា កាលដែល​​រូបគាត់​ និងពលរដ្ឋមួយចំនួនទៀត ​រត់​ទៅសំងំលាក់ខ្លួននៅ​ក្នុងព្រៃ ដោយសារ​តែការភ័យខ្លាចថាអាជ្ញាធរ​នឹងចាប់ខ្លួនពួកគាត់ មិនមែន​ធ្វើឡើង​ក្រោមការ​អូស​ទាញ​របស់​​លោក កើត សារ៉ាយ នោះឡើយ។  

អ្នកស្រីថា៖ «ចំណុចណាដែលគេចោទគាត់អីចឹង គាត់មានទៅអូសទាញអ្នកណា ខ្ញុំខ្វះខាតមានតែស្រែករកគេជួយ គាត់មាន​តែ​ជំនួយ​បាយ​ទឹក​ឱ្យពួកខ្ញុំ ម៉េច​ទៅ​ជាចោទគាត់អីចឹង​ទៅវិញ […] អ្នកចោទចេះតែចោទគាត់ គ្មាន​គោល​ដៅច្បាស់​លាស់​ ចោទ​គ្នា ព្រោះពីមុន​ លោក សារ៉ាយ គាត់​មិន​ដែល​ទៅ​ដ​ល់​​កន្លែង​កើត​ហេតុហ្នឹង​ផង គាត់ទៅអូសទាញ[ពលរដ្ឋ​​] កាប់​ទន្ទ្រាន​[ដី]យ៉ាង​​ម៉េច ពួកខ្ញុំសុទ្ធតែទិញតើ មានដីប្លង់ភូមិឃុំតើ ខ្ញុំបញ្ចាំដល់ធនាគារទៀត»។

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់ថា ការ​ចោទ​​ប្រកាន់ និង​​ការ​ឃុំខ្លួនលោក កើត សារ៉ាយ នេះ ហាក់ដូចជាមិនមានភស្តុតាង​គ្រប់​គ្រាន់នៅឡើយ ខណៈ​​លោក កើត សារ៉ាយ គ្រាន់តែ​ឈឺឆ្អាលលើវិវាទដីធ្លីនៅខេត្តព្រះវិហារ និង​ធ្វើការផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួនលើករណីនេះ ក្នុងគោលបំណងស្វែងរកដំណោះសម្រាប់អ្នកដែលមានវិវាទដីធ្លីប៉ុណ្ណោះ។

លោកបន្ត​ថា ការ​ចោទ​ប្រកាន់ និ​ង​ការឃុំខ្លួន លោក កើត សារ៉ាយ គឺមិនបានជួយអ្វីដល់សង្គមទេ តែ​ផ្ទុយទៅ​វិញ បាន​ធ្វើឱ្យប៉ះពាល់ដល់ស្មារតី និង​អារម្មណ៍​យុវជន សកម្មជន​ការពា​រ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន ដែលកំពុងធ្វើការងារ​ជួយសង្គមទៅវិញ។

លោក​ថា៖ «សេរីភាពក្នុងការបង្កើតសមាគមមានភាពរឹតត្បិត ព្រោះសកម្មភាពរបស់លោក កើត សារ៉ាយ ធ្វើក្នុងនាមសមា​គម​មួយ តែត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ ម្យ៉ាងវិញទៀត ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​ លោក កើត សារ៉ាយ ក៏អាចជាសារមួយបំភិតបំភ័យដល់យុវជន សកម្មជនសិទ្ធិមនុស្ស សកម្មជន​បរិស្ថាន ដែល​កំពុង​បំពេញការងារលើវិស័យនេះ»។

លោក អំ សំអាត បាន​ស្នើឱ្យតុលាការ​ពិចារណាឡើង​វិញ ក្នុងការ​​ទម្លាក់​បទ​ចោទ​ប្រកាន់ និងដោះលែង លោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ ដើម្បីឱ្យ​លោកបានចូលរួមចំណែកក្នុងការការ​ពារ​សិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិបន្តទៀត។

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះដែរ ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និង​អង្គការមិនមែនរដ្ឋាភិបាលចំនួន៥៤ បាន​ចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការសោក​ស្តាយ ចំពោះការចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ និងជាអ្នកការពារសិទ្ធិមនុស្ស​ដ៏សកម្ម​មួយរូប។

សេចក្តីថ្លែងការណ៍រួម​ បានលើកឡើង​ទៀត​ថា ការឃាត់ខ្លួន និងឃុំខ្លួន លោក កើត​ សារ៉ាយ ជាការ​បន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ​ និងបង្ក្រាបទៅលើសកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន ដែលជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន​ដែលធានា​ដោយ​រដ្ឋ​ធម្មនុញ្ញកម្ពុជា។

សេចក្តីថ្លែងការណ៍រួម បាន​អំពាវនាវថា៖ «សូមសាលាដំបូងរាជធានីភ្នំពេញ មេត្តាទម្លាក់ចោល​បទចោទ និងដោះលែងសកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញ​មតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយពីបញ្ហាសង្គម»។

គេហទំព័រ Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ​ នៅ​រសៀលថ្ងៃចន្ទនេះ។

បើតាម​សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កើត សារ៉ាយ ធ្លាប់ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និង​ពិន័យជា​ប្រាក់​ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារ​ចំនួន ១៤​ខែ ខណៈ​ទោស​សល់ពីនេះត្រូវព្យួរសាកល្បង​រយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្ម​ចុះថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២១៕

ប្រតិបត្តិការ​បង្ក្រាបបទល្មើសធនធានធម្មជាតិជិត១ខែនៅខេត្តពោធិ៍សាត់ សមត្ថកិច្ច​​​ឃាត់ខ្លួន​មនុស្ស​​​ជិត​​៥​០​នាក់

មន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងរយៈពេលជិត ១ខែ នៃយុទ្ធនាការ​បង្ក្រាបបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយ​ធំ នៅខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះ​​បានឃ្លុំដីរដ្ឋ​មកវិញ បានជាង ១ម៉ឺនហិកតា ពីការទន្ទ្រានដីរដ្ឋ​យកធ្វើ​កម្ម​សិទ្ធិ​​ និងបានឃាត់​ខ្លួន​មនុស្សជិត ៥០នាក់ ក្នុងនោះបញ្ជូនសំណុំរឿង​ទៅតុលាការជាង ១០ករណី។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះថា ការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៤៨នាក់ និងបញ្ជូនទៅតុលាការចំនួន ១៦ករណី ដោយក្នុងប្រតិបត្តិការនោះអាជ្ញាធរឃ្លុំដីបានមកវិញ​ចំនួន ១០ ៤៤៤ហិកតា គិតត្រឹមថ្ងៃទី៧ ខែមេសា ម្សិលមិញនេះ។

ក្រៅពីការឃ្លុំយកដីមកវិញ និងការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ លោក ខ្វៃ អាទិត្យា បានឱ្យដឹងទៀត​​ថា អាជ្ញាធរ​បានអប់រំពលរដ្ឋបានប្រមាណ ១០០នាក់ ដែលចាញ់បោកគេហើយ​ទៅទន្ទ្រាន​ដីរដ្ឋ​​ខុស​​ច្បាប់ និងពលរដ្ឋ​នៅជុំវិញតំបន់នោះ។

លោកថា៖ «ប្រជាពលរដ្ឋប្រមាណជា ១០០នាក់យើងបានអប់រំ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ដែលមានការរុករានដីព្រៃហ្នឹង ហើយនិងប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ឬក៏ចាញ់បោកគេមកបម្រើការនៅក្នុងដីដែល​ជនល្មើសកាប់រុករានទន្ទ្រានខុសច្បាប់»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពី លោក ហេង ដូនីន អនុប្រធានលេខាធិការ​ដ្ឋាន​នៃសាលាដំបូងខេត្តពោធិ៍សាត់បានទេ នៅរសៀលថ្ងៃចន្ទនេះ។

នាយករងរដ្ឋបាល​ខេត្តពោធិ៍សាត់ លោក សួង សារាវុធ បានឱ្យដឹងថា បទល្មើសធនធានធម្មជាតិ ដែល​ប្រព្រឹត្តដោយ​ប្រជាពលរដ្ឋភាគច្រើន និង​មានមន្ត្រីផងដែរនោះ​ មានការកើនឡើង​ជាបន្តបន្ទាប់ ដែលចាំបាច់​ត្រូវ​ចាត់​វិធាន​ការទប់ស្កាត់ឱ្យបាន​ទាន់ពេលវេលា។

លោកថា៖ «ដោយសារយើងពិនិត្យមើលទៅពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយខែទៅមួយខែ មានការកើនឡើង[បទល្មើស​ធនធានធម្មជាតិ] និយាយទៅ បើយើងពិនិត្យទៅស្រុកវាលវែង​យើងដឹងហើយ កាលណាខ្ញុំនិយាយតែខ្ញុំ យើង​មិន​ច្បាស់​ទេ បើសិនជាយើងចុះទៅស្រុកវាលវែងទាំងអស់គ្នា យើងដឹងហើយថានរណាកាប់រុករានទន្រានដីព្រៃហ្នឹង[…] ប៉ុន្តែសំខាន់បើយើងអត់មានវិធានការព្រៃនឹងអស់។ នៅពេលដែលអស់ព្រៃអាហ្នឹងហើយ ដែលយើងជួបផលវិបាក»។

លោក ​ហេង គឹមហុង ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) មានប្រសាសន៍​ថា យុទ្ធនាការ​​​​បង្ក្រាប​បទ​ល្មើសធន​ធាន​ធម្មជាតិនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការការពារ និងអភិរក្ស​​ធនធានធម្មជាតិ។ លោក​បន្ដថា ប្រតិបត្តិការនេះ ធ្វើឡើងតែក្នុងផ្នែកមួយនៅកម្ពុជា ខណៈលោកចង់ឱ្យមានការពង្រីកវិសាលភាពទៅតំបន់ការពារធម្មជាតិ​ផ្សេងទៀតនៅទូទាំងប្រទេស​ ដើម្បីស្វែងរកអ្នកបំផ្លិច​បំផ្លាញ អ្នកកាប់ឈើ ឬ​ក៏បណ្ដាញ​ជួញ​ដូ​រ​ព្រៃ​ឈើ ឬក៏បណ្ដាញនៅខាងក្រោយការបំផ្លិច​បំផ្លាញ​ព្រៃឈើនៅ​កម្ពុជា។

លោកថា៖ «យើងស្នើសុំដែរឱ្យអាជ្ញាធរ មេត្តាពង្រីកវិធានការបន្ថែមទៀត​ក្នុងការទប់ស្កាត់កុំឱ្យមាន ជាពិសេសអ្នកដែលនៅពីខាងក្រោយនៃការជួញដូរធនធានធម្មជាតិទាំងអស់នោះ[…] តើនរណាជាអ្នកនៅពីក្រោយ បណ្ដាញ ឬក៏ផ្នែកដែលពាក់ព័ន្ធនិងការបំផ្លិច​បំផ្លាញធនធានធម្មជាតិទាំងអស់នេះ ដើម្បីធានាប្រសិទ្ធភាព​ និងការ​ពន្លឿននីតិវិធី​ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។

គួរជម្រាប​ជូន​ថា កាលពីទី១០ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន និងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រជុំដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន យុទ្ធនាការ​បង្ក្រាបនេះ បាន​ចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយ​ក្រុមការងារអនុគណៈកម្មការដែលចុះទៅបង្ក្រាបករណីទន្ទ្រានដី​​នេះ មានចំនួន ១០ក្រុម ក្នុងនោះមាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៥០នាក់ អគ្គស្នងការនគរបាលជាតិចំនួន ២៥០នាក់ និង​កម្លាំងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ៧៨៦នាក់៕

Q&A: បទពិសោធន៍ជិត​៣០​ឆ្នាំ​នៃការងារពាក់ព័ន្ធនឹងវប្បធម៌ និងប្រវត្តិសាស្រ្ត​កម្ពុជា​របស់លោក ​Andy Brouwer​

លោក អេនឌី​ ប្រោវ៉ឺ (Andy Brouwer) ជា​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​​មកពីចក្រភពអង់គ្លេស។ លោកបាន​ធ្វើ​ដំណើរ​មក​​កាន់​ប្រទេស​កម្ពុជា​ជាលើក​ដំបូងនាខែ​វិច្ឆិ​កា​ ឆ្នាំ​១៩៩៤​ ហើយ​​មករស់នៅ​​ទីនេះ ​តាំងពី​ឆ្នាំ២០០៧​។ លោក​មាន​បទពិសោធន៍​ធ្វើការ​ងារ​ក្នុង​វិស័យ​ធនាគារជាង៣០ឆ្នាំ មុន​ពេល​ចូល​បម្រើ​ការ​​​ក្នុង​​ក្រុមហ៊ុន​ហនុមាន​ហ្វី​ម (Hanuman Films)។  

នេះ​ជាបទ​សម្ភាស​រវាង​លោក​ អេនឌី​ ប្រោវ៉ឺ (Andy Brouwer) ជាមួយ​លោក​ ហុង​ សេងលី សិក្ខាកាម​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia) អំពី​បទពិសោធន៍៣០ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​ ។

Q: ជម្រាបសួរលោក អេនឌី​ ប្រោវ៉ឺ!

A: បាទជម្រាបសួរ!!

Q: តើលោកអាចរំឮកបាន​ទេនៅពេលដែល​លោក​មកដល់ប្រទេសកម្ពុជា​ដំបូង​កាលពី​៣០ឆ្នាំមុន?

A: ខ្ញុំ​មានគម្រោង​ធ្វើ​ដំណើរ​មកកាន់​ប្រទេសកម្ពុជា​យូរ​មកហើយ។ ខ្ញុំបាន​ដឹងពី​កម្ពុជា​ដំបូងក្នុងឆ្នាំ​១៩៧៩​ ពេលខ្ញុំបានទស្សនា​ឯកសារមានឈ្មោះថា «ឆ្នាំសូន្យ» របស់អ្នកកាសែត ឆន ហ្វីល​ធី (Jonh Pilger)។ អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០​ ខ្ញុំ​បាន​ដឹងពី​កម្ពុជា​កាន់តែ​ច្រើនឡើង។ ខ្ញុំធ្លាប់ចូលរួមក្នុង​ក្រុម​ហៅថា​ Action Cambodia និង Friend of Cambodia ពេលអង្គការសហប្រជាជាតិ (UN) ចូល​មក​កាន់​កម្ពុជា និង​រៀបចំការ​បោះឆ្នោត​ក្នុងឆ្នាំ១៩៩៣។

ឆ្នាំ​១៩៩៤​ ទើបខ្ញុំមាន​ទំនុកចិត្ត​នឹង​មកកម្ពុជា​ដោយ​ខ្លួនឯង។ ការមកកម្ពុជាដំបូងមាន​រយៈពេល​៥ថ្ងៃ​ ដោយ២ថ្ងៃនៅទីក្រុងភ្នំពេញ និង​៣ថ្ងៃនៅខេត្តសៀមរាប។ ខ្ញុំមិន​ដឹងថា ខ្ញុំ​មានសេចក្តី​រំពឹង​បែប​ណា​នោះទេ​ ពីព្រោះ​តែខ្ញុំ​មិនដែល​​មកទ្វីប​អាស៊ី​ពីមុនទេ។ ខ្ញុំធ្លាប់​តែ​ធ្វើដំណើរនៅក្នុងអ៊ឺរ៉ុប។ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​មុនពេល​មកដល់​ទីនេះ ខ្ញុំ​កក់ការធ្វើដំណើរ​ សណ្ឋាគារ  មគ្គុទ្ទេសក៍ទេសចរណ៍ដោយ​ខ្លួនឯងពីអង់គ្លេស តាមរយៈ​សំបុត្រ មិនមែនតាមរយៈ​ទូ​រស័ព្ទ មិនមែនតាមរយៈអ៊ីម៉ែល​។

ពេល​ខ្ញុំមក​ដល់ព្រលាន​យន្តហោះនៅភ្នំពេញ​ វាមានសភាពវឹកវរ។ មនុស្សទាំងអស់​ចុះចេញពី​យន្តហោះ រួចដើរទៅ​កាន់អគារ​តូចមួយ។ ពួកគេទទួលបាន​កាបូប ហើយចេញពី​អគារនោះ។ តែខ្ញុំនៅតែ​ស្ថិតក្នុង​អគារ​នោះ ហើយ​ព្យាយាម​និយាយទៅ​កាន់​អ្នកនៅទី​នោះថា «កាបូបខ្ញុំ កាបូបខ្ញុំ»។ ខ្ញុំមិនដឹងថា​ នឹងត្រូវធ្វើ​បែបណា​ទេ ដូច្នេះ​ខ្ញុំក៏ដើរចេញពី​អាគារនោះ។ ពេលចេញ​មក​ក្រៅ​​ពី​អគារនោះ ខ្ញុំបានឃើញមនុស្ស​សំឡឹង​មករកខ្ញុំ​។

ខ្ញុំបានឃើញ​បុរសម្នាក់ ជាមួយនឹងក្រដាសតួចមួយសរសេរថា «លោក អេនឌី»។ គាត់មកចាំទទួលខ្ញុំ​នៅព្រលានយន្តហោះ​។ យើងធ្វើដំណើរតាមដង​ផ្លូវនាទីក្រុង​ភ្នំពេញ ដែលនៅពេលនោះ ផ្លូវ​មិន​ត្រូវ​បា​ន​គេចាក់កៅស៊ូនៅឡើយ។ វាពិតជាឆ្គួតមែន។

Q: លោកបាន​បង្ហោះ​មាតិកា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ប្រាសាទបុរាណ វប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា។ តើមកពីមូលហេតុ​អ្វីដែល​​ជំរុញឱ្យលោកចាប់អារម្មណ៍លើ​រឿងទាំង​​នេះ​?

A: ខ្ញុំ​តែង​តែ​ចូលចិត្ត​ប្រវតិ្តសាស្ត្រ​។ ខ្ញុំពេលធ្វើដំណើរទៅកាន់​កន្លែផ្សេងៗក្នុងពិភពលោក ខ្ញុំតែងតែ​ទៅកាន់សារមន្ទីរ​ និងប្រវត្តិសាស្ត្រ ពីព្រោះវាជាចំនុចពិសេសនៃ​ប្រទេស​មួយៗ​។

ពេលខ្ញុំបានដឹងថា កម្ពុជាមានប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ​ បានជំរុញឱ្យ​ខ្ញុំព្យាយាមស្វែង​​យល់​ពី​កម្ពុជា ប៉ុន្តែ​ស្វែងរកអ្វីពីកម្ពុជា។ ដូច្នេះការ​មកកម្ពុជា​របស់ខ្ញុំ ដើម្បី​ស្វែងយល់ពី​ប្រាសាទបុរាណ និង​ប្រវត្តិសាស្ត្រខ្មែរ។

កាលនោះ វាជាដំណើរផ្សងព្រេង ដើម្បីទៅដល់ប្រាសាទបុរាណនោះ និង​ឃើញ​ថា​មា​ន​អ្វី​នៅ​សេស​សល់ រួចបន្តដំណើរទៅកាន់ប្រាសាទផ្សេងទៀត។ ខ្ញុំគិតថា ប្រជាជនជាអ្វីដែលទាក់ទាញសម្រាប់ខ្ញុំ ពីព្រោះពួកគេរីករាយនឹងឃើញ​ខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំទៅដល់។ ពួកគេ​រីករាយ​នឹង​ប្រាស្រ័យទា​ក់ទង​នឹងខ្ញុំ។

Q: ខ្ញុំចូលចិត្តមើលមាតិកាពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់កន្លែងឆ្ងាយ​ក្នុងស្រុកខ្មែរ ដូចជាកោះ​កេរ​នាដើមទសវត្សឆ្នាំ​២០០០។ តើលោកអាចពណ៌នាពីការធ្វើដំណើរនៅ​ក្នុងអំឡុងពេលនោះ​យ៉ាង​ណា?

A:​ ខ្ញុំចាប់ផ្តើម​ធ្វើដំណើរ​ចេញឆ្ងាយ​ពី​ក្រុង​ភ្នំពេញ និងសៀមរាប​ ទៅ​កាន់​ទី​ជនបទឆ្ងាយៗ។ ការធ្វើ​ដំណើរ​បែបនេះ ខ្ញុំ​ត្រូវ​ការនរណា​នាំខ្ញុំទៅកាន់ទីនោះ ដោយមិន​ចំណាយ​ប្រាក់ច្រើនពេក។ វិធី​សាស្ត្រ​ងាយ​ស្រួលបំផុត គឺម៉ូតូ។ នៅសៀមរាប ភ្នំពេញ កំពង់ធំ បាត់ដំបង ខ្ញុំបានចងមិត្តភាព​ជាមួយនឹងម៉ូតូឌុបណា ដែលអាចនិយាយ​ភាសាអង់គ្លេសបានខ្លះ​។ ខ្ញុំនឹងទៅកំពង់ធំ ដែល​ជា​ទី​កន្លែងគោល ដើម្បីធ្វើដំណើរទៅ​កាន់ព្រះវិហារ កោះកេរ និងព្រះខ័ន កំពង់ស្វាយជាដើម។

ការណ៍សំខាន់នៃការបង្កើតមិត្តភាពនោះ ខ្ញុំទៅហូបបាយ​ជាមួយនឹងគ្រួសារពួកគេ។ ខ្ញុំ​នាំ​ពួកគេ​ទៅ​កាន់​ភោជនីយដ្ឋាន ហើយ​មកដល់បច្ចុប្បន្ននេះ ពួកគេនៅតែជាមិត្តភក្តិខ្ញុំ។

ខ្ញុំមាន​មិត្តភក្តិ​ផ្សេងៗក្នុងតំបន់ផ្សេងៗគ្នា។ ពួកយើងនឹងទៅស្វែងរក​ប្រាសាទបុរាណ​ ដែលបាក់បែក តែវាជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ។ ខ្ញុំមិនចេះជិះម៉ូតូទេ ខ្ញុំជិះនៅពីក្រោយ​ ហើយ​ពួកយើង​នឹង​ធ្វើ​ដំណើរ​ជាច្រើន​ថ្ងៃ​ នៅក្នុងផ្ទះប្រជាជន ឬក៏ក្នុងផ្ទះសំណាក់។ ដោយសង្ឃឹមថា នឹង​ជួប​ប្រាសាទ​បុរាណ​ជាច្រើន​ក្នុងព្រៃ។

ជាមួយនឹងអារម្មណ៍ថា ជាមនុស្សអឺរ៉ុបដំបូង បានមកដល់ប្រាសាទទាំងនេះ ក្នុង​រយៈពេល​ជាង​១០០​ឆ្នំា។ សម្រាប់ខ្ញុំជាភាពរីករាយ ប៉ុន្តែវាឱកាសជួបប្រជាជនខ្មែរផ្សេងៗគ្នា។ ក្នុងភូមិខ្លះ ពួកគេ​មិន​ដែល​ឃើញ​ជនជាតិ​​បរទេសទេ។ កូនក្មេងនឹងពួន ឬរត់ចេញពេលជួបខ្ញុំ។ វាជា​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ស្គាល់​ពី​កម្ពុជា។

ខ្ញុំភ្លេចប្រាប់ពីការធ្វើដំណើរ​ គឺពិបាក​ណាស់។ វាអាចចាយពេល ៧ ម៉ោង ពីកំពង់ធំ​ទៅ​ត្បែង​មានជ័យ​ក្នុង​ខេត្តព្រះវិហារលើផ្លួវគ្រួសក្រហម។ ប៉ុន្តែខ្ញុំព្យាយាមឈប់សម្រាកឱ្យបានច្រើនដង​ ដើម្បីនិយាយទៅមនុស្សរស់នៅទីនោះ។

Q: នៅលើ​បណ្តាញ​ទំនាក់ទំនងសង្គម​ហ្វេស​ប៊ុក​ ខ្ញុំបាន​ឃើញ​មាតិកាជា​ច្រើន​ពី «​រឿងវាលពិឃាត»។ តើ​ភាពយន្តនេះមាន​អត្ថន័យ​បែបណាដែរ​ចំពោះរូបលោកផ្ទាល់?

A:​ ភាពយន្តនេះ ផលិតក្នុងឆ្នាំ​១៩៨៤ និងចេញជាផ្លូវ​ការនា​ចុងឆ្នាំ​១៩៨៤។ ឆ្នាំ១៩៨៥ ខ្ញុំ​បាន​ទស្សនា​រឿ​ង​​វាលពិឃាតនេះ​។ វាជាការជ្រួតជ្រាប ឬស្វែងយល់​ពី​អ្វីកើតឡើងក្នុងអំឡុងពេលនោះ​។ ខ្ញុំ​មិន​ចាំ​ថា មានសៀវភៅ​និយាយពីខ្មែរក្រហមច្រើនក្នុងអំឡុងពេលនោះ ព្រោះ​ត្រឹមតែ​ប៉ុន្មានឆ្នាំតែប៉ុណ្ណោះ​។ ភាពយន្តនេះ បង្ហាញពី​វិនាសកម្ម​កើតក្នុងអំឡុងខ្មែរក្រហម។

តាមរយៈភាពយន្តនេះ ​មាន​ភាព​ងាយ​ស្រួល​សម្រាប់ខ្ញុំ​​ជាអ្នក​រស់នៅ​លោក​ខាង​លិច​ ដែលមិន​បាន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅ​អាស៊ី​។ ភាពយន្តនោះ ធ្វើ​ឱ្យ​យើង​​ស្វែងយល់ និងកោតសរសើរពី​អ្វី​ដែល​ប្រជាជន​កម្ពុជា​បានឆ្លងកាត់។ ​ប៉ុន្តែវា​ក៏ពិបាក​នឹងយល់ពី​ព្រោះ​ហេតុការណ៍​នេះ​ កើតឡើង​រវាង​ខ្មែរ និង​ខ្មែរ​។ វាពិបាកយល់ហេតុការណ៍នេះ ប៉ុន្តែ​រឿង​វាលពិឃាត ជា​ផ្នែក​សំខាន់សម្រាប់ខ្ញុំ ដើម្បី​ស្វែង​យល់​ពី​ប្រទេសកម្ពុជា។

ខ្ញុំពិតជាសំណាង​ ដែលបាន​ជួប​នឹងអ្នកដឹកនាំរឿង​ និង​តួអង្គមួយចំនួនទៀត [ក្នុងរឿងវាលពិឃាត]។ រឿងនេះ​ជះឥទ្ធិពលខ្លាំងមកលើ​រូបខ្ញុំ ដូច្នេះខ្ញុំនៅតែ​សរសេរពីវា​ ហើយចុងឆ្នាំនេះ​ ជាខួបទី៤០​នៃរឿងវាលពិឃាតនេះ។

Q: នៅលើ​វេបសាយ​របស់លោកបានសរសេរពីរឿងរ៉ាវចាប់ជម្រិតគ្រីសស្កូហ្វឺ ហៅវ៍ (Christopher Howes) ដែលជាអ្នកកំចាត់មីនជនជាតិអង់គ្លេស។ តើរឿងរ៉ាវរបស់គាត់មាន​ឥទ្ធិពល​បែបណាចំពោះរូបលោក?

A:​ តើអ្នកដឹងថាមានផ្លូវមួយមានឈ្មោះថា គ្រីសស្កូហ្វឺ ហៅវ៍? វាសិ្ថត​នៅ​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

គ្រីសស្កូហ្វឺ ហៅវ៍ ជាវីរបុរស​អង់គ្លេសមួយរួប។ គាត់មកពី​ប្រីសថល (Bristol) មិន​ឆ្ងាយពី​កន្លែង​ខ្ញុំ​ធ្លាប់​រស់នៅ​ទេ​។ នេះ​រឿង​មួយ​ដែល​ធ្វើឱ្យខ្ញុំ​ចាប់អារម្មណ៍​រឿង​នេះ​។ តាមពិតបន្ទាប់ពី​ការ​ស្លាប់ ហើយ​រកឃើញ​សាកសពរបស់​គាត់ជាច្រើនឆ្នាំកន្លង​មកនោះ ឪពុករបស់គាត់​​បានអញ្ជើញសំបុត្រ​ខ្ញុំ​ចូល​​រួម​ពិធី​បុណ្យ​សព ប៉ុន្តែ​ខ្ញុំ​មិនបាន​ទៅ​ចូលរួមទេ។

ពេលខ្ញុំបាន​មក​រស់នៅ​ស្រុក​ខ្មែរ តុលាការ​បាន​កាត់ក្តី​ឃាតករសម្លាប់​ គ្រីសស្កូហ្វឺ ហៅវ៍។ ខ្ញុំ​ទៅ​ចូលរួម​​សង្កេត​​មើលការ​កាត់ទោសនេះ​រាល់ថ្ងៃ​ ដោយ​ខ្ញុំគិតជាវា​សំខាន់សម្រាប់ខ្ញុំ។ គាត់​មកកម្ពុជា​ ដើម្បី​ដោះមីនចេញ ដើម្បី​ឱ្យ​ដី​សម្រាប់​ជនជាតិខ្មែរ​រស់នៅចិញ្ចឹមជីវិត និង​បង្កបង្កើនផលបាន។ ការងារជាអ្នកដោះ​មីននោះ​គ្រោះថ្នាក់ហើយ​ តែបែរជាត្រូវបាន​ខ្មែរ​ក្រហមដ៏អាក្រក់​ចាប់​ជម្រិត​ទៀត​។

រឿង​រ៉ាវ​កើតឡើង​នៅពេលនោះ ​ក្រុមអ្នកដោះមីន​របស់គាត់​ត្រូវបាន​កាក់ឈប់​​ដោយខ្មែរ​ក្រហមក្នុង​តំបន់ដាច់​ស្រយាល​មួយ។ ខ្មែរ​ក្រហម​ប្រាប់ទៅ​លោក​គ្រីសស្កូហ្វឺ ហៅវ៍ ឱ្យ​ត្រលប់ទៅ​វិញ​ ដោយ​សារ​​តែគាត់​ជាជនជាតិ​បរទេស ដើម្បី​យក​លុយ​ត្រលប់​មកវិញ ​ទុក​ក្រុម​ការងារ​ផ្សេងទៀត​នៅទី​នេះ​។ ប៉ុន្តែគាត់​សុខចិត្ត​នៅ​ជាមួយនឹង​ខ្មែរ​ក្រហម​ ហើយទុកឱ្យ​អ្នក​ផ្សេង​ទៀត​ត្រលប់ទៅ​យក​លុយ​មក​រំ​ដោះ​រូបគាត់។

​គាត់បាន​យក​ខ្លួនគាត់​ជាអ្នកត្រូវរង​គ្រោះ​ជាជាង​ក្រុមការងារ​របស់ខ្លួន​។ នេះ​ជាឥរិយាបទ វីរជន​អង់គ្លេស។ ជា​អកុសល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ មេបញ្ជាការ​ខ្មែរ​ក្រហម​នៅ​អន្លង់វែង​​បាន​បញ្ជា​ឱ្យសម្លាប់​លោក គ្រីសស្កូហ្វឺ ហៅវ៍។

ប៉ូលីស​អង់គ្លេស​បាន​មកកម្ពុជា​​ដើម្បីស៊ើប​អង្កេត​ និង​ចាប់ខ្លួនអ្នកពាក់ព័ន្ធ​ក្នុងរឿងនេះ​។ ប្រហែល​ជា​១០ឆ្នាំ តុលាការបាន​កាត់ទោសមេបញ្ជាការ​ខ្មែរក្រហម​ឈ្មោះ ខឹម ងួន ឱ្យ​ជាប់ពន្ធនាគារ​។

ទំព័រអត្ថបទ​ពី​រឿងរ៉ាវលើវែបសាយនោះ ដើម្បីរំឮកដល់ គ្រីសស្កូហ្វឺ ហៅវ៍​ ពីព្រោះតែគាត់​មានលក្ខណៈសម្បត្តិ​គ្រាប់យ៉ាងជាវីវជនអង់គ្លេស ដែលបានជួបប្រទេសខ្ញុំស្រឡាញ់។

Q: លោក​បានលើក​ជាច្រើនលើទំព័រហ្វេសប៊ុក ជុំវិញអ្នករត់ពន្ធរូបចម្លាក់ខុសច្បាប់ លោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford) ​។ តើគាត់ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​កម្ពុជា​យ៉ាងណាដែរ?

A:  រឿងនេះកំពុងតែស្ថិតនៅក្នុងការចាប់អារម្មណ៍។ ជាច្រើនទសវត្សមកនេះ ឌូគ្លីស ឡាតហ្វដ បានរក្សាទុកវត្ថុបុរាណខ្មែរ និងលក់ទៅកាន់កន្លែងផ្សេង តាមរយៈការបង់ប្រាក់ទៅកាន់អ្នកនៅកម្ពុជា ដើម្បីលួចវត្តុបុរាណនេះចេញទៅក្រៅប្រទេស។ គាត់បានធ្វើសកម្មភាពនេះជាង៥០ឆ្នាំមកហើយ។ គាត់បាន​យក​រូបចម្លាក់​ចេញ​ពីកម្ពុជា​ជាច្រើន​ពាន់ និងផ្តល់ឱ្យ​ជនជាតិខ្មែរដែលលួច​រូបចម្លាក់នោះ នូវ​ប្រាក់តិច​តួច។ ហើយ ឌូគ្លីស ឡាតហ្វដ នឹង​លក់​វត្តុបុរាណនេះក្នុងតម្លៃរាបរយពាន់លានដុល្លារ ដែលគាត់ទទួលបានកម្រៃជាច្រើនលាន​ដុល្លារពីសកម្មភាពនេះ​។ មនុស្សទាំងអស់គិតថា ដាក់ឡាស ឡេនហ្វត ជាមនុស្សល្អ តាមរយៈផ្តល់ថវិការ​ជំនួយសារមន្ទីរ ដើម្បី​កែប្រែពន្លឺពណ៌ ឬផ្តល់នូវ​វត្ថុបុរាណមួយចំនួន។ គាត់នឹង​មានរូបភាពថា ជា​មនុស្សល្អ។

ឌូគ្លីស ឡាតហ្វដ នាំនូវ​សេចក្តី​អាប់ឱនដល់ចក្រភពអង់គ្លេស ដោយសារតែ​អំពើ​របស់​គាត់​មក​លើ​ប្រទេស​កម្ពុជា។ ជាច្រើនឆ្នាំ​កន្លងមកនេះ ខ្ញុំបាន​បង្ហោះ​ពីរឿង​រ៉ាវ និង​សកម្មភាព ឌូគ្លីស ឡាតហ្វដ ក៏ដូចជា​រូបចម្លាក់បុរាណ​​គាត់មាន​ក្នុងដៃ ដើម្បី​ទាមទារត្រលប់មកវិញ​នូវ​អ្វី​ដែលបានបាត់​។

ការ​បង្ហោះ​សារជាច្រើន​ក្នុង​បណ្តាយទំនាក់ទំនងសង្គម​ហ្វេសប៊ុកនេះ ពី​ព្រោះ​ជនជាតិ​ខ្មែរប្រើប្រាស់​ហ្វេសប៊ុកច្រើន ហើយ​ខ្ញុំចង់ឱ្យខ្មែរបានអានពីរឿងនេះ ទោះបីជា​ខ្ញុំសរសេរ​វា​ជាភាសាអង់គ្លេស​។ ខ្ញុំ​ចង់ឱ្យខ្មែរ​ដឹងពី​វប្បធម៌របស់ខ្លួន ដែលកំពុងស្ថិតនៅ​សារមន្ទី​រក្រៅប្រទេសនានា ឬត្រូវបានយក​ចេញ​ដោយ​បុគ្គល​ ដូចជា ឌូគ្លីស ឡាតហ្វដ។

មូលហេតុ​សំខាន់នោះ យើង​ត្រូវ​ដឹង​ពី​សមត្ថភាព​ ទេពកោសល្យ​​របស់ខ្មែរ​នា​សម័យអង្គរ​ ក៏ដូចជា​កំឡុងពេលនោះ ពីភាពសមត្ថភាពផលិតរូបចម្លាក់ល្អៗ ដែលត្រូវបានយកចេញពីកម្ពុជា។ ប៉ុន្តែ​យើងអាច​ទៅមើលបាននៅ​ទីក្រុងឡុង ញូវយ៉ក អូស្ត្រាលី ឬសារមន្ទីរគីមេ (Guimet Museum) នៅក្នុងប្រទេសបារាំង។ រដ្ឋាភិបាលកម្ពុជា​ បាននិងកំពុង​បំពេញការងារ​យ៉ាងល្អ ដើម្បីនាំ​ត្រលប់​មក​វិញ​នូវ​រូបចម្លាក់​ដែលលួចចេញ ហើយប្រទេសផ្សេងកំពុងតែកោតសរសើរ​លើរឿងនេះ​។

Q: ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុននេះ ជាគម្រប់៣ទសវត្សនៃការមកដល់កម្ពុជារបស់លោក។ តើ​លោក​បាន​ឃើញ​​ការផ្លាស់ប្តូរសំខាន់អ្វី​ខ្លះដែរ​?

A: អ្វីដែល​ផ្លាស់ប្តូរច្រើនជាង​គេ​ គឺការសាងសង់អគារនៅខេត្តសៀមរាប និងទីក្រុងភ្នំពេញ។ ខ្ញុំរស់នៅបឹងកេងកងអស់រយៈពេល១៦​ឆ្នាំ​ហើយ ពេល​មករស់នៅទីនេះ​ដំបូងគ្មានអគារខុនដូខ្ពស់ មានតែវីឡា។

ផ្លូវថ្នល់ មានការប្រសើរ​ឡើង។​ ខ្ញុំចាំបានថា ផ្លូវពិបាកធ្វើដំណើរ ហើយឥលូវនេះ យើង​អាច​ធ្វើ​ដំណើរ​​ទៅកាន់​តំបន់សំខាន់​ជាមួយនឹង​ផ្លូវ​ដែលល្អប្រសើរសមគួរ ហើយ​ព្រលាន​យន្តហោះ​ក៏​ប្រសើរ​ឡើង​​​ដែរ។ វា​ជាអ្វី​ដែលប្រសើរឡើង តែប្រជាជនកម្ពុជានៅតែដែរ។ នេះ​ជា​ចំណុច​ពិសេស​នៃ​កម្ពុជា។ ខ្ញុំគិតថាពួកគេនៅតែស្វាមគន៍ និងរីករាយពេលឃើញខ្លួនដូចដើម។ យើង​អាច​និយាយ​បាន​ថា ប្រជាជនជាអ្នកបង្កើតប្រទេស។

Q: អរគុណ​លោក អេនឌី​ ប្រោវ៉ឺ សម្រាប់ការផ្តល់សម្ភាសន៍។

A: បាទ អរគុណ៕

(បទសម្ភាសនេះ ធ្វើឡើង​ជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរ)

Q&A: Andy Brouwer on All Things Cambodia

Andy Brouwer is an independent researcher from the U.K. He first visited Cambodia in November 1994 and moved permanently to Phnom Penh in 2007, when he began working at Hanuman Films, a local production company.

Hong Sengly, a journalism trainee at Newsroom Cambodia, talks to Andy about his 30 years of adventures in Cambodia.

Q: Can you recall the feeling when you first stepped foot on Cambodian soil 30 years ago? 

A: I’d been planning on coming to Cambodia for a long time. I first found out about Cambodia in 1979, when I watched “Year Zero: The Silent Death of Cambodia” by John Pilger. In the 1980s I joined a couple of social groups, Action Cambodia and Friends of Cambodia.

It wasn’t until the U.N. came in 1993 that I felt confident about coming here on my own. I came for five days: two days in Phnom Penh and three in Siem Reap. I wasn’t sure what to expect because I’d never been to Asia before. I’d only been to Europe. I had to organize someone to drive me around, my hotels and tour guides, all from England, all by letter — not by phone, not by email — but through the post. 

When I arrived at the airport in Phnom Penh it was chaotic. Everybody got off the plane, walked into a small, little building and wandered around, then got their bags and went straight out. But my bags never appeared. I tried to speak to someone, “My bags, my bags.” I really didn’t know what to do, so I followed the crowds outside, where there was just a sea of faces staring at me. At the time, whenever a plane landed, crowds of people would go to the airport to watch. I walked out of the airport, worried about my bags, into literally a sea of faces.

I saw a guy with a sign — “Mr. Andy” — who had come to pick me up. We drove through the streets of Phnom Penh, which in those days were mostly unpaved. It was a little crazy. 

Q: You’ve posted a lot about Cambodia’s temples, culture and history. What makes you so passionate?

A: I’ve always loved history, and wherever I’ve gone in the world I’ve always visited the museums and historical places, because that’s an essential part of any country.

When I heard about Cambodia’s incredible history, I wanted to know more, but it was very difficult to find anything. So the idea of coming here, and getting a better understanding of the temples, the history, was very appealing.

In those earlier days, it was the adventure of getting to a temple and seeing what was left, then going to another, but all the time having an adventure and meeting people.

One of the biggest attractions were the people. The temples were wonderful, and the experiences I had were fantastic, but it was the people who really made the country attractive. Everywhere I went they were happy to see me. They were happy to interact.

Q: You visited some very remote places, like Koh Ker temple, during the early 2000s. What was that like?  

A: I wanted to explore beyond Phnom Penh and Siem Reap, to get into the countryside, and I needed somebody to take me, without spending too much money. The easiest way was by motorbike. So in Siem Reap, Phnom Penh, Kampong Thom, Battambang, I made friends with moto drivers who could speak a bit of English. I would go to Kampong Thom and use it as a base for exploring Preah Vihear, Koh Ker, Preah Khan and Kampong Svay.

The thing for me was making friends. I would go and eat with their families, take them to restaurants, get to know the families, and most are still friends today.

So I had friends all over, and we would go and search for these ancient temples, many of them just piles of dirt and rock, but some were amazing. We had such fantastic adventures. I didn’t drive, I rode on the back — and we would go off for days, staying in peoples’ homes or small guest houses, and hopefully find these ancient temples in the forest, miles from anywhere.

The feeling of being probably the first Westerner to see those temples in 100 years, for me that was the excitement, but it also meant I met a wide variety of Cambodians. In some villages, they had never seen a foreigner before, and the kids would all run away and hide. It was just a great way to get to see the real Cambodia.

I didn’t mention the traveling: It was really difficult, it would take seven hours to get from Kampong Thom to Preah Vihear town on a bumpy dirt road. We would be covered in red dust. But that’s okay, because I made sure we stopped at as many places as possible to say hello to people. 

Q: You talk often about the movie “The Killing Fields.” What does the film mean to you? 

A: The film was released at the end of 1984, so I saw it in 1985, and it gave me my first real understanding of what had happened during the Khmer Rouge period. I had read some reports, but I don’t remember any books about Cambodia at that time. It was a dramatic interpretation of what had happened during the period. 

The film made it accessible for people like me, who lived in the West and had no idea of what was happening in Asia. The film made it easier for us to understand, and to appreciate, some of what the Cambodians had gone through. But at the same it was difficult, because it was Cambodians with Cambodians. It’s difficult to understand. But “The Killing Fields” was an absolutely vital part of my understanding of Cambodia. So it was a really big deal.

Luckily, I’ve been able to meet the director and some of the actors in the film. Because it had such a big impact on me, I still like to write about it. This year will be the 40th anniversary of its release, so it’s an important year.

Q: You have a page on your website dedicated to British deminer Christopher Howes. How did his story impact you? 

A: Did you know there’s a street named after Christopher Howes? It’s in front of the National University of Management. 

Christopher Howes is what we would call a typical British hero. Christopher Howes came from a place called Bristol, which is very close to where I used to live. In fact, after he died, and they found the body many years later, his father sent me a message and asked me to go to the funeral. Unfortunately, I couldn’t go. 

When I came to live in Cambodia, the men who killed him were on trial. I went every day because I thought it was very important. He had come to Cambodia to help demine the country, to make land accessible to Cambodian families so they could live their lives and grow crops. Demining is dangerous enough work, without being kidnapped by the Khmer Rouge.

The story is, his demining group was stopped by Khmer Rouge soldiers in a remote area. They said, “You go back, because you’re a foreigner. You go back to your base and get some money and bring it to us, and we’ll let your people go.” He refused to leave his team. He said no, you let my guys go, and I will stay here until they come back.

He put himself as the one to suffer, rather than his men. That’s a typical British attitude. Unfortunately, only a couple of days later, it appears that the Khmer Rouge commander in Anlong Veng gave the order to kill him.

British police came to investigate. They got the names of the people who did it and, almost 10 years later, a senior Khmer Rouge commander named Khem Nguon was sentenced to prison for his murder.

The page on my website is dedicated to Christopher Howes because he had all the attributes of a true British hero, helping a country that I loved and still love.

Q: You’ve talked a lot about Douglas Latchford, the British art dealer and smuggler. How did he shape Cambodia? 

A: This is an ongoing story. For many decades, Douglas Latchford was getting hold of Cambodian sculptures and selling them across the world. He would pay people in Cambodia to steal the sculptures and smuggle them across the border. 

He did this for 50 years or so, and he was able to take thousands of sculptures out of Cambodia while giving the Cambodian looters a tiny bit of money. Then, he would sell them for hundreds of thousands of dollars; so, he made millions, many millions, doing this.

Everybody thought he was a nice guy because he donated money to the National Museum. He would improve their lighting, or he would give them a few sculptures. That’s the way he did it.

He brought great disgrace on the U.K. Over the past few years, I’ve posted a lot on Douglas Latchford and his activities. I’ve posted many pictures of the stolen sculptures as a way of trying to regain some of the lost ground. He did a lot of bad things to Cambodia and I want everybody to know it.

I post on Facebook because a lot of Cambodians read Facebook. I want Cambodians to know about their culture, that it’s overseas in this museum, in that museum, and has been stolen by people like Latchford. Because it’s important we recognize the amazing ability of the Cambodians of the Angkor period. But many of these fantastic sculptures have left Cambodia, and to see them you must go to London or New York or Australia or France.

The Cambodian government is doing a fantastic job of getting them back. Other countries are looking at Cambodia and saying, “Wow, Cambodia is doing a brilliant job in finding and getting these museums and collectors to return these pieces.”

Q: It’s been 30 years since you first visited Cambodia. What are the biggest changes you’ve seen?

A: The most obvious thing is the construction in Phnom Penh. I’ve lived in Boeng Keng Kong for 16 years, and when I first moved here there were not any condominiums or any high buildings. It was all mostly villas.

Things like roads are much better. I remember those terrible roads I used to travel on. At least now, when you go to the main areas the roads are reasonable. The airports have improved. 

The obvious things have improved, but the people are the same, which is the essence of Cambodia. I think they’re still as welcoming and as happy to see me as before. It’s the people that make the country.

Note: The interview has been lightly edited for length and clarity.

អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោកបញ្ជា​ឱ្យ​​មេបញ្ជាការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​

អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោក បញ្ជា​ឱ្យ​​មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក និង​មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ត្រូវ​ចាត់​តាំង​កម្លាំង​សហការជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ទូទាំង​ប្រទេស។​​

បទបញ្ជាស្តីពី​ការចាត់តាំង​កម្លាំង​ចូលរួមថែរក្សាការពារតំបន់​អភិរក្សព្រៃឈើធម្មជាតិទូទាំង​ប្រទេស ចេញ​ដោយ​អគ្គមេបញ្ជាការ លោក វង្ស ពិសេស ​នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២៤ មាន​​​ចំនួន​៥​ចំណុច។

អគ្គបញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក​ក៏​បាន​បញ្ជាឱ្យកងទ័ពជើងគោក ជើងទឹក កងរាជអាវុធហត្ថ សហការ​ជាមួយ​​ក្រសួងកសិកម្ម ក្រសួងដែនដី អាជ្ញាធរ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រៀម​ជួយ​អន្តរាគមន៍​ឱ្យ​​​មា​នវិធានការបង្ក្រាបបទល្មើសដែលបានកាប់ទន្រ្ទានតំបន់អភិរក្សព្រៃឈើ។ ចាត់​កម្លាំង​ស្រាវជ្រាវ​រុករក​ជន​ទុច្ច​រិត​​ដែលសម្ងំលាក់ខ្លួនក្នុងព្រៃ ហើយ​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រកាន់​ខ្ជាប់​​នូវវិន័យ ដោយ​មិនត្រូវ​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ ។

នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើង​ថា ជារឿង​ដ៏​ត្រឹមត្រូវ​ដែល​អាជ្ញាធរ​មាន​​​សមត្ថកិច្ច​ចាត់វិធានការទប់ស្កាត់ដើម្បីកុំឱ្យ​មានបទល្មើសកើតឡើង ជាពិសេស​នគរបាលយុត្តិធម៌​។

លោកថ្លែងថា៖ «ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បញ្ហារ៉ាំរ៉ៃនេះ ពីព្រោះអីបញ្ហានេះវាមិន មែនទើបតែកើតឡើងវាជាបញ្ហារ៉ាំរ៉ៃយូរហើយ ដូច្នោះ​ទាល់តែ​មាន​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​ទើបអា​ច​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន ហើយ​ត្រូវ​មាន​ការរួម​ចំណែក​ពីភាគី​ពាក់ព័ន្ធ​នានា​ទើប​អាច​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការធានា​ឱ្យ​បាន​នូវ​ការអភិរក្ស»​។

លោក អូត ឡាទីន មន្រ្តីសម្របសម្រួលលើគម្រោងយុត្តិធម៌បរិស្ថាន (CEEJA) និយាយ​ថា លោក​សាទរ​នូវ​បទ​បញ្ជាទាំ​ង​៥​ចំណុច​ដែល​ទើប​ដាក់​ចេញ​ថ្មីៗ​នេះ ទន្ទឹមនឹងនេះលោកក៏មានការ ព្រួយបារម្ភ​ដោយសារ​កម្ពុជា​យើង​គឺ​មាន​ច្បាប់ស្ដីពីព្រៃឈើ ការពារតំបន់ធម្មជាតិ ច្បាប់ចាត់ចែងទ្រព្យសម្បត្តិ រដ្ឋជាដើម ទោះបីជា​មាន​ច្បាប់​នេះ​ហើយ​ក៏​ដោយ ក៏នៅតែបញ្ហាព្រៃឈើមិនត្រូវបានដោះស្រាយល្អប្រសើរទេ ។

លោកបន្តថា៖ « បទបញ្ជាទាំង៥ចំណុចនេះ​ដែលដាក់ចេញ​មក​គឺ​ភាគច្រើន​ផ្ដោត​តែ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​រង្វង់​មន្ត្រី​រាជការ​ក្នុងរង្វង់មន្រ្តីរដ្ឋ​។ ប៉ុន្តែអ្វីដែល​មាន​ការសោក​ស្ដាយ​នឹង​គឺ​អត់មាន​ឃើញ​រំលេច​អំពី​កិច្ច​សហប្រតិបត្តិការ​​ជាមួយ និងដៃគូរអភិវឌ្ឍ​ប្រតិបត្តិការពាក់ព័ន្ធ សមាគម អង្គការមិនមែនរដ្ឋាភិបាល សកម្មជន ហើយនិងមិនបានរំលេចអំពីកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍មូលដ្ឋាន សហគមន៍​ជនជាតិ​ដើម​ភាគតិច ដែលពួកគាត់គឺជាអ្នកអាស្រ័យផលដែលអ្នកនៅកៀកព្រៃផ្ទាល់»។

យោងតាមសេចក្ដីថ្លែងការណ៍រួម​ទិវាព្រៃឈើអន្តរជាតិ គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​បាន​បន្តធ្លាក់​ចុះ​រហូត​ដល់​១៤.២៩% ត្រឹមឆ្នាំ២០១៧ ទន្ទឹមនឹងនេះ ការទន្រ្ទានដីមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានបន្តគំរាមគំហែងដល់តំបន់ព្រៃឈើ តំបន់ការពារ តំបន់ព្រៃលិចទឹក និងព្រៃសហគមន៍៕

មន្រ្តីបរិស្ថានលើកឡើងថាការបំពុលខ្យល់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃមិនទាន់ចោទជាបញ្ហា

ក្រសួង​បរិស្ថានអះអាងថាស្ថាន​ភាព​នៃការ​បំពុល​ខ្យល់​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃមាន​កម្រិ​​ត​​​ល្អ​ប្រសើរ មិន​ទាន់​ក្លាយ​ជាក្ដី​​បារម្ភ​ដែលនាំឱ្យមានផលប៉ះ​ពាល់​ចំពោះ​សុខភាពសា​ធារណៈនៅ​ឡើយទេ ខណៈ​អ្នក​ធ្វើ​ការផ្នែកអភិរក្ស​បរិស្ថាន​ទាមទារឱ្យស្ថាប័នរដ្ឋមួយនេះ ត្រូវទទួលខុសក្នុងការ​ការ​ពារគម្រ​​ប​ព្រៃ​ដើ​​​​ម្បីធានាពីការបន្សុតខ្យល់ឱ្យបានល្អប្រសើរ និងលើកកម្ពស់សុខមាលភាពពលរដ្ឋ។

លោក ខ្វៃ អាទិត្យា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា បច្ចុប្បន្ន​នេះក្រសួង​បរិស្ថាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ជាងនេះទៀត ប​​ណ្តា​​​ខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា អ្នកជំនាញរបស់ក្រសួងបរិស្ថានកំពុងតែបន្តចុះផ្សព្វផ្សាយ និងពង្រឹ​​ង​​វិ​ធានការទប់ស្កាត់ ក្នុងន័យចូលរួម​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ឱ្យស្ថិតនៅក្នុងកម្រិតមួយដែលទាប។​

លើសពីនេះទៅ ក្រៅ​ពី​ពង្រឹង​វិធាន​ការ និងកា​រ​ផ្សព្វ​ផ្សាយ​ហើយ ក្រសួង​បរិស្ថាន​ ក៏​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថានភាព​ខ្យល់ តាម​រយៈ​ការ​ដាក់​រថយន្ត​ចល័ត​ដើម្បីធានាក្នុងការរួមចំណែកវិធានការការពារ បម្រើឱ្យ​​សុ​ខ​​ភាពសាធារណៈចៀសផុតពីបញ្ហាប្រឈម។

លោក​បន្ត​ថា​៖ «​នៅ​ពេល​នេះ​យើង​ឃើញ​ថាគុ​ណភាព​ខ្យល់​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំ​ដែន​​កម្ពុជា​-​ថៃ មាន​ស្ថានភាព​ល្អ​ប្រសើរ មិន​ទាន់​មាន​កំហាប់​នៃ​បំពុល​ខ្យល់​បាន​ឡើង​ខ្ពស់​នូវ​ឡើយ​ទេ​ »។​

បើ​តាម​លោក ខ្វៃ អាទិត្យា ចំពោះ​ការ​ដាក់​រថយន្ត​ចល័ត​សម្រាប់​ត្រួត​ពិនិត្យ​ស្ថានភាព​ខ្យល់​នេះ​​គឺ​ក្រសួង​បា​ន​​រៀប​ចំ​ដាក់​នៅ​ទូទាំង​ប្រទេស ដែល​គិត​មក​ដល់​ពេល​នេះ​បាន​កើន​ឡើង​ចំនួន​ ៥៩​ទីតាំងហើយ ក្នុង​នោះ​ខេត្ត​ខ្លះ​មាន​រថយន្ត​ចល័ត​១ ខេត្ត​ខ្លះ​ទៀត​មាន​រថយន្តចល័ត​២ សម្រាប់​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​។

លើស​ពី​នេះ​ទៅ​ទៀត លោកថា តាមរយៈ​រថយន្ត​ចល័តទាំង​នេះ​ហើយ បាន​ជួយ​ដល់​ក្រសួង​ត្រួត​​ពិនិត្យ​ការ​ងារ​នេះ​ជា​ប្រចាំ និង​បាន​ផ្សព្វ​ផ្សាយ​ទៅ​សាធារណជន​អំពី​ស្ថានភាព​ខ្យល់ ជាពិសេស​ជួយ​ឱ្យ​ក្រសួង អា​ច​​គ្រប់​គ្រង​គុណភាព​ខ្យល់​បំពុលនៅ​​លើ​បរិយាកាស​នេះ​បាន​ល្អ​ប្រសើរ​។

លោកបន្តថា៖ «ឥលូវ​នេះ វិធាន​ការ​របស់​យើង​ក្រៅ​ពី​ការ​ដាក់​រថយន្ត​ចល័ត​បន្ថែម​ហើយ ​យើង​ក៏​បាន​និង​កំពុង​ចុះ​អប់​រំ​ផ្សព្វ​ផ្សាយ​នៅតា​ម​បណ្ដា​ខេត្ត​ព្រំដែន​ទាំង​នោះ ដើម្បី​ជំរុញ និង​លើក​កម្ពស់​ ការ​ត្រួត​ពិនិត្យគុ​ណភាព​ខ្យល់ ក្នុង​ការ​ធានា​បាន​ការ​គាំ​ពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​បាន​ល្អ​ប្រសើរ​ »​។

ជា​មួយ​គ្នា​នេះ កន្លង​មក​ក្រសួងបរិស្ថាន ក៏​បាន​ស្នើ​ឱ្យ​អភិបាលរាជធានី-ខេត្តទាំង២៥ ផ្តល់ព័ត៌មានឱ្យ​ព​ល​រដ្ឋ​​​​​បញ្ចៀសការដុ​ត​រាន​ព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់​កសិកម្ម គល់​ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើង ការបំពុលបរិយាកា​​ស។

ចំណែក លោក សឿម ប៊ុនរិទ្ធិ អភិបាល​​​រង​​ខេត្ត​​បាត់​ដំបង បានថ្លែងថា ស្ថានភាព​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ខេត្ត​បាត់ដំបង គឺ​មាន​បរិយាកាស​ល្អ​ប្រសើរ មិន​មាន​បញ្ហា​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​បំពុល​ខ្យល់​នោះ​ទេ ពីព្រោះរដ្ឋ​​បា​ល​​​ខេត្ត​បាន​អនុវត្ត​វិធាន​ការ​របស់​ក្រសួងដោយមិនឱ្យឆកល្វែង។

លោកបន្តថា​៖«ខេត្ត​យើង​មិន​មាន​ការ​បារម្ភ​ទេ ពីព្រោះ​យើង​មិន​មែនជា​​ខេត្ត​ដែល​សម្បូរ​រោងចក្រ​ឧស្សាហកម្ម​នោះទេ។ ដូច្នេះ​ហើយ​យើង​បាន​ទទួល​ការ​វាយ​តម្លៃ​ពី​ក្រសួង​បរិស្ថាន​ថា ទូទាំង​ខេត្ត​បាត់ដំបង​មាន​សន្ទទស្សន៍​គុណ​ភាព​ខ្យល់ កម្រិត​ល្អ​ណាស់​ »​។

ផ្ទុយពីការលើកឡើងនេះ លោក ហេង គឹមហុង នាយក​ប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា (CYN) ឱ្យដឹងថាស្ថានភាព​បច្ចុប្ប​ន្ន​នេះ វា​ជា​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​រង​ផល​ប៉ះ​ពាល់ ដោយ​សារ​ការ​ថយ​ចុះ​នៃ​គម្រប​ព្រៃឈើ​ដោយ​ការ​កាប់​បំផ្លាញ​។ដូច្នេះ​ហើយ​ក្នុង​នា​​ម​ជា​អ្នក​ធ្វើ​ការ​ក្នុងវិ​ស័យ​បរិស្ថាន គឺ​លោក​មាន​កង្វល់​ចំពោះ​កម្ពុជា​ក្ដី និង​នៅ​ក្នុង​តំបន់​អាស៊ាន​ក្ដី រួមទាំងពិភពលោក​ទាំង​មូល ដែល​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ការ​ពារ​បរិស្ថាន ជាពិសេស​ទៅ​លើ​ការ​ការ​ពារ​គម្រប​ព្រៃឈើ​​។

លោក​បន្ត​ថា​៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ប្រសិន​ជា​កម្ពុជា​ក្ដី ឫ​តំបន់​អាស៊ាន និង​ពិភពលោក​ទាំង​មូល​ក្ដី អត់​មានការ​យក​ចិត្តទុកដាក់ និង​ជា​ពិសេស​ទៅ​លើ​ការ​ការ​ពារ​គម្រប​ព្រៃឈើ ដើម្បី​ទប់​ស្កាត់កុំ​​ឱ្យ​មាន​ការ​វិវត្ត​នៃ​គុណភាព​ខ្យល់​កាន់​តែ​អាក្រក់​ទៅ ​»​។

លើស​ពីនេះ​​ទៅ​ទៀត លោក​បន្ត​ថា ទោះ​បី​កន្លង​មក​មាន​ប្រទេស​ជិត​ខាង បាន​ចាត់​ទុក​កម្ពុជា ជា​ប្រភព​នៃ​ការ​បំពុល​ខ្យល់​ក្ដី ប៉ុន្តែ​លោក​បាន​អះ​អាង​ថា​កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​ចូល​រួម​ធ្វើ​​​ឱ្យ​មាន​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​នោះ​ទេ តែ​កម្ពុជា ជា​ប្រទេស​ដែល​មាន​គម្រប​ព្រៃឈើ​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

 លោកបន្ត​ថា​៖ «​ខ្ញុំ​យល់​ថា​ការ​ចាត់​ទុក​បែប​នេះ វា​ជា​ការ​លើក​ឡើង​ដោយ​គ្មាន​ទឡ្ហីករណ៍​ត្រឹម​ត្រូវ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​គិត​នោះ គឺ​លទ្ធភាព​នៃ​ការ​ធ្វើ​ការ​រួម​គ្នា ​រវាង​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់ ក៏​ដូច​ជាស​កល​លោក ដើម្បី​បញ្ចប់​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ ​»​។

នៅក្នុងជំនួបទ្វេភាគី កាល​ពី​ខែ​កុម្ភៈ​កន្លទៅ​នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានពិគ្រោះយោបល់ដោយប្តេជ្ញាចិត្តរួមគ្នាការពារការបំពុលទៅក្នុងបរិយាកាស និងប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខុមាលភាពពលរដ្ឋ នៃប្រទេសទាំងពីរ។

របាយការណ៍ដែលចេញដោយក្រសួងបរិស្ថាន បានបង្ហាញថា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤នេះ ក្រសួងបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញចំនួន ១៧ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៧ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី១២ទីតាំង នៅតាមបណ្តាខេត្ត។ ក្រៅពីក្រសួងបានបញ្ជូនរថយន្តចល័ត សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសថែមទៀត។

របាយការណ៍ដដែលបានបន្ថែមទៀតថា តាមរយៈការតាមដាននេះបានបង្ហាញឱ្យឃើញថា គុណភាពខ្យ​​ល់​​នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ ដែលមិនបង្កទៅជាហានិភ័យសម្រាប់​​សុខភាពសា​​ធារណៈ​​ទេ​៕

ក្រសួងសាធារណៈការសន្យាថានឹងរៀបចំបច្ចេកទេសយានយន្តអគ្គិសនីក្រោយនាយកមន្រ្តីបញ្ជា

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនអះអាងជាថ្មីថានឹងរៀ​បចំបច្ចេកទេសយានយន្ត​អគ្គិសនី ដើ​ម្បី​​បម្រើឱ្យសេចក្តីត្រូវជាការជាចាំបាច់របស់សង្គម និងដើរឱ្យទាន់សភាពការណ៍សកល​​ដែលចេះ​​តែ​​ប្រែ​​ប្រួ​ល​ជាលំដាប់ ខណៈការប្តេជ្ញាចិត្តនេះ​ក្រោយមានបទបញ្ជាពីនា​យករដ្ឋមន្រ្តីទាមទារឱ្យ​ស្ថាប័ន​​សា​​ម៉ី​​ដែល​ទ​ទួលខុសត្រូវលើផ្នែកបច្ចេកទេសពន្លឿនឱ្យទាន់សភាពការណ៍នៃការវិត្តន៍របស់សង្គម។

មន្រ្តីនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម ប្រាប់គេហទំព័រ Newsroom Cambo​​d​i​​a​ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះថា តាមពិតអ្វីដែលនាយករដ្ឋមន្រ្តីស្នើនេះ​​គឺជាផែនការមេដែ​ល​ក្រ​​សួ​ង​​សាធារណៈការ ធ្លាប់បានដាក់ឱ្យអនុវត្តជាយូរមកហើយ។ប៉ុន្តែបើទោះជាមានផែនការរួចហើយមែន ការ​​ស្នើ​​ជាថ្មី​ទៀតនេះរបស់នាយករដ្ឋមន្រ្តី ក៏ជាសារជួយជំរុញឱ្យកិច្ចការនេះ ដំណើរការទៅដោយមានការ​ប្រុង​ប្រ​​​យ័ត្ន និងពន្លឿនដោយឆាប់រហ័យផ្អែកលើបច្ចេកទេសដែរ។

លោកបន្តថា៖«អាចយកតាមប្រសាសន៍នាយករដ្ឋមន្រី្តលោកទើបតែបែងចែកតួនាទីភារ:កិច្ច ហើយបន្តទៅ​​ទៀតយើងនឹងធើ្វការងារនៅក្នុងគ្របខណ្ឌមួយដាច់ដោយលែកតាមការបែងចែកតួនាទីភារ:កិច្ច របស់សម្តេចធិបតីមួយគឺក្រសួងសាធារណការនិងដឹកជញ្ចូនទទួលបន្ទុកខាង បច្ជុកទេសយានយន្តអគ្គិសនីចំ​​ពោះ​​​ក្រសួងរ៉ែ និងថាមពលសម្តេចបានដាក់ហើយគឺថាពាក់ព័ន្ធនិងបណា្តញអគ្កិសនីនិងស្ថានីយផ្សេង»

ការលើកឡើងនៅពេលនេះ របស់មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈ និងដឹកជញ្ជូន ធ្វើឡើងក្រោយ​មានសារ​​ន​​យោ​​បាយបែកធ្លាយ​ ២ថ្ងៃមុន ដែល​​ដាក់​​ចេញដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​​។តា​មរ​យៈ​​សារ​​សំ​ឡេងដែលបង្ហោះនៅក្នុងឯកសារមន្រ្តីសាធារណៈ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានរយៈពេ​ល​​ជិ​​ត​​​​​៤នាទី គឺលោក ហ៊ុន ម៉ាណែត ដាក់ទិសដៅឱ្យក្រសួងពីរគឺក្រសួងសាធារណៈ និងដឹកជញ្ជូន និងក្រ​សួង​​រ៉ែ និងថាមពលពន្លឿនការងារយាយន្តអគ្គិសនីឱ្យបានឆាប់ ដើម្បីបម្រើឱ្យសេចក្តីត្រូវការដែ​លប្រែប្រួល​ជា​​សា​​កល។

បើតាមលោកនាយករដ្ឋមន្រ្តី បញ្ហារថយន្តអគ្គិសនីនេះ ត្រូវតែចាប់ផ្តើមគិតគូរពីពេលនេះ​​។ដោយសារបញ្ហា​កា​រប្រែប្រួលបរិបថពិភពលោក ហេតុកម្ពុជាត្រូវតែសិក្សាពីរឿងនេះ និងពន្លឿនការងា​រនេះឱ្យបា​នឆាប់​ដែរ​។

លោកបន្តថា៖«ឥឡូវថ្ងៃមុនខ្ញុំទើបប្រគល់ភារកិច្ចឲ្យចែកឲ្យដាច់តែម្តងរឿងគោលនយោបាយEVថ្ងៃក្រោយរថយន្តអគ្គិសនីត្រូវតែតែធើ្វការព្រោះប្រទេសនៅលើពិភពលោកគេប្រើហើយអគ្គិសនីហ្នឹងចឹងយើងត្រូវតែរៀបចំហេដ្ឋានរចនាសម័ន្ធត្រូវការបង្កើតតិចទៀតមនុស្សចាប់ជិះម៉ូតូអគ្គិសនីហើយវាអស់ថោក ចឹងយើងត្រូវរៀបចំគោលនយោបាយមុនរួមទាំងការបែងចែកភារកិច្ចរវាងក្រសួងដែល ក្រសួងពីដែលពាក់ព័ន្ធ ក្រ​​សួងសាធារណការ និងដឹកជញ្ចូន ហើយនិងក្រសួងថាមពលកន្លងទៅអាណ្តិតមុនក្រសួងសាធារណការ និងដឹ​​កជញ្ចូន ឯកឧត្តមសុខ ចាន់ថុន បានផ្តួចផ្តើម »។

ចំណែក អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលោក អ៊ឹង ឌីប៉ូឡា បានប្រាប់គេហទំព័រ Newsroom Cambo​di​a ដោយខ្លីតាមបណ្តាញសង្គមតេឡេក្រាមថា ខ្លួនមិនអាចផ្តល់ការអត្ថាធិប្បាយដោយ​លម្អិតចំពោះរឿ​ង​​នេះ​​​បានដែរ ដោយសារមានធុរៈការងារដែលត្រូវបំពេញ។

លោកបន្តថា៖«សូមទោសប្អូនដែលមិនបានឆ្លើយតបភ្លាមដោយជាប់បេសកកម្ម និងប្រជុំទើបតែត្រឡប់​​ម​ក​​​វិញ »។

យ៉ាងនេះក្តីលោក សេក សុជាតិ អ្នកប្រឹងប្រយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ការដាក់ចេ​ញ​​យន្ត​​​​ការដូចដែលលោកនាយករដ្ឋមន្រ្តីស្នើឡើងនេះ វាជាមធ្យោបាយល្អសម្រាប់ពលរដ្ឋកម្ពុជា ហើយវាក៏ជា​ជ​​ម្រើស​​ដែ​លអាចទទួលយកបានដែរ។ប៉ុន្តែលោកថាការផ្គត់ផ្គង់ និងរៀបចំ រួមទាំងការផ្តល់សេ​​វាសម្រាប់ប​ម្រើឱ្យ​សេចក្តីត្រូវការជាចាំបាច់ឯណោះទៅវិញ ទើបជាអ្វីដែលអ្នកទទួលខុសត្រូវ ត្រូវបំពេញឱ្យ​បានគ្រ​ប់​​គ្រា​​​ន់សម្រាប់អ្នកទទួលសេវាពីរថយន្តអគ្គិសនីនេះ។

លោកបន្តថា៖«ដូច្នេះក្នុងករណីនេះហើយគឺជារឿងដែលខ្ញុំយល់ថារដ្ឋាភិបាលគួរតែដាក់ចេញនៅគោលនយោបាយហើយនិងមានការលើកទឹកចិត្ត​ ទៅដល់វិស័យឯកជនជាពិសេសវិនិយោគទុនក្នុងស្រុកដើម្បីឲ្យពួកគាត់អាចបងើ្កតស្ថានីយបញ្ចូល​ ថាមពលអគ្គិសនីទៅក្នុងរថយន្តអគ្គិសនីធើ្វយ៉ាងណាក៏បានទាំងប្រទេ​​សក្នុងនិងតម្លៃសមរម្យ ថោកជាងតម្លៃប្រេងឥន្ធន:ឬក៏ហ្គាស ឬក៏ការប្រើប្រាស់លើមធ្យោបាយផ្សេងៗ»

បើតាមនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត ជាគោលការណ៍ក្រសួងពីរដែលត្រូវទទួលបន្ទុករឿងរថយន្តប្រ​ភេ​ទអគ្គិសនីនេះ គឺក្រសួងរ៉ែ និងថាមត្រូវទទួលខុសត្រូវលើផ្នែកគ្រប់គ្រងភ្លើង ដោយឡែកក្រសួងសាធា​​រណ​​ការ និងដឹកជញ្ចូនទទួលបន្ទុកក្នុងការគ្រប់គ្រងបច្ចេកទេសរបស់ EV៕

Voxpox: ការយល់ឃើញរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ធនាគារអេឡិចត្រូនិច ឬ E -banking

ចាប់តាំងពី​មានការ​រីករាលដាលជំងឺកូវីដ​១៩ ធនាគារអេឡិចត្រូនិច ឬ E-Banking ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងក្នុងការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ ជាពិសេសការ​ទិញ​ទំនិញ​ដោយ​​មិនប្រើប្រាស់​ក្រដាសប្រាក់។ 

Newsroom Cambodia បាន​​សម្ភាសន៍ប្រជាពលរដ្ឋចំនួន​៥នាក់​​ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ ជុំវិញការយល់ឃើញចំពោះការប្រើប្រាស់ ធនាគារអេឡិចត្រូនិច ឬ E-Banking៖

លោក​ វ៉ា ឃីម​ អាយុ​២៤​ឆ្នាំ​ ជាអ្នកលក់បន្លែ​ យល់ថា ការប្រើប្រាស់ Qr code មាន​ភាព​ងាយស្រួល ហើយ​រហ័ស និងមិនពិបាកទូទាត់ជាសាច់ប្រាក់​សុទ្ធ។​

លោកនិយាយ​ថា៖ «ស្រួលហើយលឿនរហ័ស កុំពិបាកទូទាត់លុយសុទ្ធ យើងប្រើតាម QR Code លឿន ស្រួលក្នុង​ការទូទាត់ ចំណេញពេលវេលា​នៅ​ពេល​យើង​ឆ្ងាយ​ពី​គ្នា គឺ​យើង​អាច​បាញ់​ឱ្យ​គ្នា»។​

លោក​ វ៉ា ឃីម​ អាយុ​២៤​ឆ្នាំ​ ជាអ្នកលក់បន្លែ​

លោក ផាន់ណា អ្នកលក់ទឹកអំពៅ​ រស់នៅទឹកថ្លា​ មានអាយុ៣៥​ និយាយថា ការប្រើប្រាស់​​ទូរស័ព្ទ​ដើម្បី​ទូទាត់​ការ​ទិញ និង​លក់​ចេញ ​ងាយស្រួល​ជាងការប្រើប្រាស់​ក្រដាសប្រាក់។

លោកបន្ថែមថា៖ «ការប្រើវាស្រួល។ ភាគច្រើន​ពេល​យើង​ដាក់​លុយ​នៅ​ហោ​ប៉ៅ​វា​ពិបាក ដាក់​តាម​ទូរស័ព្ទ​ដើរ​ទៅ​ណា​ឆ្ងាយ​វា​ងាយ​ស្រួល។ គុណសម្បិត្តិ ពេល​យើង​ដើរ​ទៅ​ណាឆ្ងាយ​អត់​ព្រួយបារម្ភ យើង​ដាក់​ក្នុង​ធនាគារមានសុវត្ថិភាពជាង»។

លោក ផាន់ណា អ្នកលក់ទឹកអំពៅ​

អ្នកស្រី ស្រីមុំ​ អាយុ៤១​ អ្នកលក់នំបុ័ងសាច់​ យល់ឃើញថា អ្នកស្រី​ចូលចិត្ត​ប្រើ QR Code ក្នុងការ​ប្រកប​របរ​។

អ្នកស្រីបន្ថែម​ថា៖ «នៅពេលគេអត់មានលុយទិញនំប័ង គេស្កេន QR Code ស្រួល។​ ពេលខ្លះគាត់​អត់​មាន​​លុយ​តាម​ខ្លួនមកទិញ សួរអ៊ី [មីង] មាន QR Code អ៊ីថាមាន ដូច្នេះស្រួលបាញ់ អ៊ីចឹងក៏​គាត់​បាញ់​មក»។

លោក គឹម រឿន អាយុ ៥៤ឆ្នាំ​ ជា​អ្នកយាមម៉ូតូ​នៅអន្តេវាសិកដ្ឋាន​និស្សិត យល់ថា ការប្រើប្រាស់​ធនាគារអេឡិចត្រូនិចមាន​ប្រយោជន៍ទាំង​សម្រាប់ផ្ទេរលុយ​ចេញ និងចូល។

លោកបន្ថែមថា៖ «មានប្រយោជន៍​សម្រាប់​ដាក់​លុយ​បាញ់​ចូល និង​បាញ់​ចេញ។ គុណវិបត្តិ​របស់​វា​ជួនកាល​វា​អត់​ដំណើរការ វាគាំង ដើរយឺតវាជាការលំបាក»។

លោក គឹម រឿន អ្នកយាមម៉ូតូ​នៅអន្តេវាសិកដ្ឋាន​និស្សិត

កញ្ញា ចរិយា អាយុ៣៤ ជា​អ្នកលក់ម្ជូរ និងទឹកអំពៅ និយាយ​ថា បច្ចុប្បន្ននេះការស្កេន QR Code​ងាយស្រួលមិនចាំបាច់អាប់លុយទៅវិញទៅមក និងមានសុវត្ថិភាព។

កញ្ញា​បញ្ជាក់ថា៖ «ការស្កេន​វាងាយស្រួល ដែល​មិន​ចាំបាច់​អាប់​លុយ​មក ដោយសារ​បាញ់​ទៅ​វា​មាន​​​សុវត្ថិភាព​ផង ហើយ​បច្ចេកវិទ្យា​ឥឡូវ​វា​ជឿនលឿន​ផង។​ អ្នកខ្លះ​គេ​អត់​សូវ​ប្រើ​លុយ​ផ្ទាល់​ទេ គេ​អត់​ដាក់​តាមខ្លួនផ្ទាល់ទេ ដូច្នេះគេប្រើ QR Code ចឹងអ្នក​ប្រើ QR Code មានសុវត្ថិភាព​ ទាំង​អ្នក​លក់ និង​​អ្នកទិញវាងាយស្រួល»៕​

Q&A៖ ការចងក្រងជាក្រុមបណ្ដាញរបស់សិស្សនិស្សិតនៅកម្ពុជា

សិស្សនិស្សិត ​ជាយុវជនដែល​ពោរពេញ​ដោយថាមពល និងគំនិត​ច្នៃប្រឌិត​ប្រកបដោយ​សក្ដានុពល។ ការចងក្រង​ជាក្រុមបណ្ដាញ​របស់សិស្សនិស្សិត ជាការបង្កើត​ជាក្រុម ក្នុង​គោលបំណង​លើកគុណភាព​នៃការអប់រំ សិទ្ធិអំណាច ផលប្រយោជន៍ និងការពារ​សិទ្ធិស្របច្បាប់​របស់ពួកគេ​ដែលត្រូវបាន​ការពារដោយ​ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

ខាងក្រោមនេះ ជាបទសម្ភាសន៍​រវាងលោក កើត សារ៉ាយ ប្រធានសមាគម​សម្ព័ន្ធនិស្សិត​បញ្ញវ័ន្តខ្មែរ (KSILA) ជាមួយ​នឹងកញ្ញា ជា បញ្ញា សិក្ខាកាម​​មកពី​ញូសន៍រូម​ខេមបូឌា (Newsroom Cambodia)៖

Q: ជម្រាបសួរ លោក!

A: បាទ! ជម្រាបសួរ

Q: លោក​យល់​យ៉ាងណាទៅលើ​ការចងក្រង​ជាក្រុមបណ្ដាញ​របស់សិស្សនិស្សិត ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ផ្សេងៗ​ពាក់ព័ន្ធនឹង​បញ្ហា​របស់​យុវជន​?

A: ខ្ញុំយល់ឃើញថា មានចំណុចបី​ដែលជា​បញ្ហា។ ចំណុចទីមួយ តាមពិត​បញ្ហានេះ វាអត់ទាន់​កើតចំ មិនទាន់​ចំជា​សមូហភាព​កន្លែង​របស់​ពួកគាត់​(សិស្សនិស្សិត​)​តែម្ដង។ ទីពីរ យើងដឹងហើយ នៅក្នុង​សាលារៀន​គេរឹតបន្តឹង​ខ្លាំង។ សូម្បីតែ​ការនិយាយ​ពីនិន្នាការ​នយោបាយ និន្នាការ​ដែលប៉ះពាល់​ដល់​អាជ្ញាធររដ្ឋ គ្រាន់តែ​​ប៉ះដល់​នាយកសាលា គេតែង​ហាមឃាត់ គំរាមគំហែង។ ទីបី សេរីភាព​នៃការសម្ដែងមតិ​នៅទី​សាធារណៈ គឺរដ្ឋាភិបាល​រឹតបន្តឹង​មែនទែន ជាពិសេស​អាជ្ញាធររដ្ឋ​ដើរតួនាទី​ជាអ្នកចាប់ខ្លួន​ដាក់ពន្ធនាគារ​ជាដើម។ អាហ្នឹងហើយ ជាការបំផ្លាញ​ការចងក្រង​សិស្សនិស្សិត។

ហើយបើ​និយាយ​ពីការធ្វើឱ្យ​សិស្សនិស្សិត​មានកា​រ​ចងក្រងគ្នាដើម្បីធ្វើ​កិច្ចការសង្គម តស៊ូមតិ​ហ្នឹង ខ្ញុំ​មើលឃើញ​មធ្យោបាយ​តែមួយទេ គឺឱ្យតែ​មានអ្នកមេគំនិតចាប់ផ្ដើម​មាន​ទស្សនៈវិស័យ គោលការណ៍ វត្ថុបំណង​ច្បាស់លាស់ ហើយ​ទំ​នាក់ទំនង​ជាមួយ​សិស្សនិស្សិត។ ខ្ញុំ​ជឿជាក់ថា ក៏នៅមាន​សិស្សនិស្សិត​ចង់ចូលរួម​តស៊ូមតិ​លើរឿង​អយុត្តិធម៌​សង្គម រឿងអំពើ​អយុត្តិធម៌​ណាមួយ​​នៅក្នុងសង្គម​ដែរ។

Q: តើការចងក្រង​ជាបណ្ដាញ ឬសមាគម​របស់​សិស្សនិស្សិត​នៅតាម​សាលារៀន និងសាកល​វិទ្យាល័យ មានស្ថានភាព​យ៉ាងណាដែរ?

A: ខ្ញុំ​មើល​មិនឃើញ​អំពីរបៀប​នៃការចងក្រង បើយើង​មើល វា​មានមែន គេបង្កើត​ឱ្យមាន​ជាសមាគម ក្រុមនិស្សិត ក្រុម​និស្សិតច្បាប់ ក្រុម​និស្សិត​នីតិរដ្ឋ ក្រុមនិស្សិត​ទស្សនៈវិជ្ជា​អីចឹងទៅ។ ប៉ុន្តែសិស្សនិស្សិត​ទាំងអស់​ហ្នឹង គឺគាត់​អនុលោម​ទៅតាមតែ​គោលការណ៍​ ការណែនាំរបស់​សាលាទេ។ យើង​មើលឃើញ​ថា​ គាត់​មិនអាចមាន​លទ្ធភាព​ធ្វើអ្វី​ដែលមាន​វិសាលភាពជាទំហំ​ហួសពី​ការកំណត់​របស់​សាលាទេ។ អាហ្នឹងហើយ​យើង​មើលឃើញ​ថា លទ្ធភាពនៃ​ការចងក្រង​ហ្នឹង វាអត់អាច​ក្លាយទៅ​ជាចលករ​មួយក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ក្នុងសង្គមទេ។

Q: បើតាម​ស្ថានភាព​នៃប្រព័ន្ធ​អប់រំ​កម្ពុជា​សព្វថ្ងៃ តើ​ការចងក្រង​សិស្សនិស្សិត​សំខាន់​ដែរឬទេ? ហេតុអ្វី?

A: វាសំខាន់! ហេតុអ្វី​បានថា​សំខាន់?! នៅបរទេស ការឱ្យ​សិស្សនិស្សិត​រៀនធ្វើការ​ជាមួយគ្នា​ជាក្រុម គេបណ្ដុះ​តាំងពីក្មេង។ នៅពេល​វិស្សមកាល គេដឹកនាំ​សិស្សនិស្សិត​ទៅបោះតង់ មានការគេង ការលេង​ជាមួយគ្នា។ វាជារឿង​សំខាន់​ណាស់ នៅក្នុង​សាលារៀន តាម​សាកល​វិទ្យាល័យអី​ជាដើម គេធ្វើ​យ៉ាងណា​ត្រូវបង្រៀន​សិស្ស​បង្កើតជាក្រុម ឱ្យគាត់​រៀនសហការ​គ្នាជាក្រុម។ អាចថា​ក្រុម​របស់ពួកគាត់​ហ្នឹង​មិនត្រឹមតែ​វិវឌ្ឍ​ធ្វើកិច្ចការ​ជាក្រុមទេ នៅក្លាយ​ទៅជាអ្នកចូល​ទៅបម្រើ​កិច្ចការ​សង្គមទៀត។ ជាពិសេស​គាត់អាច​រៀនពី​របៀប​ធ្វើការងារ​ ការអត់ធ្មត់ ចេះយោគយល់ និងចេះ​អធ្យាស្រ័យគា្ន។

Q: តើរាជរដ្ឋាភិបាល និងភាគី​ពាក់ព័ន្ធ​គួរមានការ​គាំទ្រ​បែបណាខ្លះដែរទេ? ហេតុអ្វី? បើគាំទ្រ ក្នុងរូបភាព​បែបណាខ្លះ?

A: តាមពិតទៅ កន្លងមក​រដ្ឋាភិបាល​ជាអ្នកគាំទ្រ។ ពីព្រោះ​អាហ្នឹង​រដ្ឋាភិបាល​ជាអ្នកបាន​​ធ្វើសច្ចាប័ន​នៅអង្គការ​សហ​ប្រជាជាតិ។ បើនិយាយ​ឱ្យមែនទែន​ទៅ រដ្ឋាភិបាល​មានតួនាទី​ជាអ្នក​លើកទឹកចិត្ត និងការពារ ហើយ​មាន​យន្តការណ៍​ក្នុងការ​ជំរុញ ធ្វើយ៉ាងណា​ឱ្យទៅ​បានយ៉ាងរលូន ដោយ​មិនស្មុគស្មាញ​ពេកទេ ដោយ​មិនលំបាក​ពេកទេ។ ប៉ុន្តែ​រដ្ឋាភិបាល​រាងប្រាសចាក ដោយសារ​តែឥឡូវនេះ អាជ្ញាធររដ្ឋ ពិសេស​រដ្ឋាភិបាល​ដើរតួនាទី​ទៅជា​អ្នក​រារាំង ទៅជាអ្នក​ធ្វើឱ្យ​លទ្ធភាព​ទាំងអស់​ហ្នឹងស្មុគស្មាញ។​

Q: ជាចុងក្រោយ តើលោក​មានសារ ឬសំណូមពរ​អ្វីដែរ​​?

A: ខ្ញុំមាន​សំណូមពរ​ទៅកាន់​និស្សិតថា យើងត្រូវ​មាន​សុទិដ្ឋិនិយម ប្រសិនបើ​យើងចង់​ធ្វើអ្វី​ឱ្យមាន​ប្រសិទ្ធភាពក្នុ​ងសង្គម យើង​ត្រូវចងក្រង​គ្នាជាក្រុម។ សម្លេង​យើង​កាន់តែ​ច្រើន ធ្វើឱ្យ​ប្រសិទ្ធភាព​ជំរុញ​ទៅរក​ការដោះស្រាយ​កាន់តែមាន​ប្រសិទ្ធភាព​ដែរ។ ចង់ជួយ​សង្គមជាតិ មិនអាច​ធ្វើតែ​ម្នាក់ឯងទេ។ ត្រូវ​ចងក្រងគ្នា គិតគូរ​ចំណុច​ពីណា​ក៏បាន។ បង្កើតគ្នា​ទៅជាក្រុម ហើយសាក​ធ្វើអ្វី​ដែល​អ្នកចង់ធ្វើ។ នេះ​ជារបៀប ដែល​ដើរទៅរក​ការចូលរួម​ព្យាបាល​ជម្ងឺសង្គម។

Q: អរគុណលោក កើត សារ៉ាយ!

A: បាទ! អរគុណ៕

សាលារាជធានីត្រៀមរថយន្តក្រុងជាង​៤០០​គ្រឿង​ដឹក​ពលរដ្ឋទៅស្រុកកំណើត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​

រដ្ឋបាលរាជធានី​ភ្នំពេញ​ត្រៀម​រថយន្តក្រុង​សាធារណៈ​​​ចំនួន​៤៥៥​គ្រឿង​ដើម្បី​ដឹក​​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើតក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុខ​នេះ ដោយ​មិនគិត​កម្រៃ។

សេចក្តី​ជូន​ដំណឹង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០២៤​ បញ្ជាក់​ថា រដ្ឋបាល​រាជធានី​នឹង​រៀប​ចំ​រថយន្ត​ក្រុង​ ៤៥៥​គ្រឿង​សម្រាប់​ផ្តល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់រយៈ​ពេល​ ៦ថ្ងៃ​ ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​២០២៤​ ដើម្បី​ សម្រួល​ដល់​ការ​ចំណាយ​របស់​​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅលេង​ស្រុក​កំណើត​​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ថែម​ថា៖ «សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ ប្រើ​ប្រាស់​រថយន្ត​ក្រុង​ចំនួន​ ៦០គ្រឿង​។ សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ និង​ពី​បណ្តា​ខេត្ត​ត្រ​ឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​ ៣៩៥គ្រឿង»។

ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​នេះ មាន​រយៈពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៤៕​

ពលរដ្ឋនៅរុនតាឯកត្អូញត្អែរពីផលលំបាកធ្វើដំណើរដោយសារចំណតឡានក្រុងឆ្ងាយពីកន្លែងការងារ

ពលរដ្ឋដែលបម្លាស់ទីទៅតាំងទីនៅលំថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកត្អូញត្អែរថាពួកគេត្រូវជួប​​ផលវិបា​ក​​ក្នុង​​ការធ្វើដំណើរព្រោះតែចំណត់ឡានក្រុងនៅឆ្ងាយពីតំបន់ដែលពួកគេបំពេញការងារ ខណៈអ្នកភូមិស្នើឱ្យ​​បង្កើ​​ត​​​ការងារនៅក្នុងមូលដ្ឋាននៃរុនតាឯកផ្ទាល់ ដើម្បីងាយស្រួលរកចំណូលប្រចាំថ្ងៃ។

មានវ័យ ៥៥​ ឆ្នាំ លោក មុត ខន ជាពលរដ្ឋរស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានផ្តល់​ប​​ទ​​​​សម្ភាសន៍នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឱ្យដឹងថា តាំងពីមករស់នៅរុនតាឯកជាងមួយឆ្នាំលោកមានជីវភា​​ព​យ៉ាប់យ៉ឺនជាងមុន ព្រោះលោកមិនមានការងារធ្វើខណៈពេលលោកនៅតំបន់អង្គរលោកគឺជាជាងសំណង់​។​​ក្រៅ​ពីជួបផលលំបាកទាំងនេះហើយ លោក មុខ ខន ត្អូញត្អែរថារាល់ថ្ងៃនេះឡានក្រុងជួយសម្រួលកា​​រលំ​​បា​ក​​ខ្លះ​ដែរ តែមិនទាំងស្រុងទេព្រោះចំណតរថយន្តក្រុងនៅឆ្ងាយពីកន្លែងធ្វើការ។

លោកមានប្រសាសន៍ថា៖ «និយាយទៅគាត់អត់បានដាក់យើងនៅតាមគោលដៅទេ ដាក់នៅត្រឹមចំណត អញ្ជឹងទៅដល់ត្រូវជិះម៉ូតូឌុបដដែលនឹង ម្យ៉ាងការងារសំណង់មិនទៀងថាកន្លែងណានៅកន្លែងនោះឱ្យពិតប្រាកដទេ បើជិះម៉ូត៉ូឌុប១០០០រៀលជិះអត់ដល់គោលដៅទេ ខ្លះ៣០០០៛ ខ្លះ៥០០០៛ ខ្លះដល់ទៅ៧០០០ ទៅ១០០០០រៀល អញ្ជឹងខ្លះគាត់សុខចិត្តដេកនោះ ខ្លះធ្វើដំណើរមកវិញប៉ុន្តែមិនបានជិះឡាននោះទេ »។

តំបន់អភិវឌ្ឍន៍រុនតាឯក ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចំងាយជិត៥០គីឡូ​ម៉ែត្រ​​(៤​​៧​​.​៤៦)​ពីទីរួមខេត្ត។

ស្រដៀងគ្នានេះដែរ អ្នកស្រី អេង សាវង្ស ជាអ្នកលក់ទឹកអំពៅ លើកឡើងថា អ្នកស្រីរកចំណូលបានប្រហាក់ហែ​​លគ្នានឹងការរស់នៅតំបន់អង្គរដែរ តែសម្រាប់ប្តី និងកូនរបស់អ្នកស្រីមានការលំបាក ព្រោះប្តីរបស់អ្នកស្រីត្រូវធ្វើដំណើរទៅធ្វើការនៅទីរួមខេត្តសៀមរាប ដែលនាំឱ្យមានការបង្កើនការចំណាយចំពោះការធ្វើដំណើរ ហើ​​យកូនរបស់អ្នកស្រីវិញ ខានរៀនគួរ និងមិនបានរៀនភាសាអង់គ្លេសព្រោះនៅតំបន់រុនតាឯកមិនទាន់មានបើកបង្រៀនគួរ ឬថ្នាក់ភាសាបរទេសនៅឡើយ។

អ្នកស្រីមានប្រសាសន៍ថា៖ « សម្រាប់ខ្ញុំមិនអីទេ តែប្តីខ្ញុំចុះសាំងបន្តិចព្រោះគាត់ជិះម៉ូតូខ្លួនឯង សម្រាប់ខ្ញុំស្នើឱ្យរាជរដ្ឋាភិបាល បង្កើតឱ្យមានរោងចក្រ ឬការងារអ្វីក៏បាននៅក្នុងតំបន់រុនតាឯក ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើក្នុងតំបន់[…] កូនបានរៀនរដ្ឋធម្មតា តែរៀនគួរអត់មាន ចង់សំណូមពរថាបើសិនមានអង្គការណាចង់ចុះមកជួយនៅខាងតំបន់រុនតាឯកនេះ សូមឱ្យរដ្ឋាភិបាលឱ្យពួកគាត់មក ដើម្បីឱ្យក្មេងៗដូចកូនខ្ញុំអញ្ជឹងមកនេះ អត់មានសាលារៀនគួរ សាលាអង់គ្លេសទេ »។

មិនមែនមានតែអ្នកស្រី អេង សាវាង្ស និងលោក មុត ខន ទេដែលត្អូញត្អែរពីផលលំបាកនេះ។លោក អូន ឡង ដែលមានវ័យ៧០ទៅហើយ ក៏លើកឡើងដែរថាខ្លួនមិនធ្លាប់ដែលធ្វើដំណើរតាមរថយន្តក្រុងទេពីមុនមក។បន្ថែមពីលើនេះលោកអះអាងថាណាមួយវ័យរបស់លោកកាន់តែជរាផង និងម្យ៉ាងទៀតមិនមានការងារត្រូវធ្វើដូចពលរដ្ឋដទៃទៀតផង ហេតុនេះទម្លាប់ធ្វើដំណើរដោយរថយន្តក្រុង មិនមែនជាក្តីប្រាថ្នារបស់មនុស្សវ័យចំ​​ណា​ស់ដូចលោកទេ។ប៉ុន្តែគ្រាន់តែដឹងថាអ្នកដែលប្រើសេវារថយន្តសាធារណៈរបស់រដ្ឋនេះ ពិតជាត្រូវជួបផលលំបាកពិតមែន ព្រោះចំណតឆ្ងាយពីកន្លែងធ្វើការ គឺពួកគេត្រូវជិះម៉ូតូឌុបមួយតង់ទៀត ទម្រាំទៅដល់កន្លែងធ្វើការ។

លោកបន្តថា៖ «បើតាមអ៊ំធ្លាប់ស្តាប់ ប្រជាជនអ្នកដែលបានជិះមិនមានបញ្ហាអ្វីទេ ក៏ប៉ុន្តែចំណតចុះឆ្ងាយ ខ្លះដើទៅយឺតម៉ោង ខ្លះជួលម៉ូតូជិះដដែល ហើយបើជិះម៉ូត៉ូខ្លួនឯងទៅអាចជិះទៅណេះទៅណោះបាន តែបើជិះឡានទៅ អត់បានទេ បើគោលដៅនៅឆ្ងាយព្រោះធ្វើការគោលដៅវាច្រើន »។

ក្រៅពីនេះ លោក អូន ឡង ការរស់នៅតំបន់អង្គរលោកធ្វើស្រែ ដាំដំណាំ និងមានរបរលក់ដូរគ្រឿងហូបចុកប្រចាំថ្ងៃ។ចំពោះចំណូលដែលបានពីមុខរបរនេះអាចជួយឱ្យគ្រួសាររបស់លោកទទួលបានប្រាក់កម្រៃប្រ​​ចាំថ្ងៃច​​ន្លោះពី២០ ០០០ ទៅ៣០ ០០០រៀលដែរក្នុងមួយថ្ងៃៗ។

បើតាមលោក អូន ឡង ដើម្បីជួយសម្រួលការលំបាកនេះ លោកស្នើឱ្យភាគីពាក់ព័ន្ធ និងអាជ្ញាធរជួយបង្កើតការងារសម្រាប់អ្នកភូមិបានធ្វើផង ព្រោះតាំងពីបម្លាស់ទីពួកគេមក គឺតំបន់អភិវឌ្ឍន៍នេះ មិនមានការងារដែលអាចជួយឱ្យពលរដ្ឋមានការងារធ្វើ និងរកចំណូលបាននៅឡើយទេ។ហេតុនេះធ្វើឱ្យលោកមានការព្រួយបារម្ភ និ​ងខ្វល់ខ្វាយអំពីជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបន្តថា៖ «ដីវាតូចពេកដីវាចង្អៀត វាអត់មានដីធំគ្រាន់នឹងដាំ យើងដាំដូង ស្វាយ វាចង្អៀតបាត់ហើយ អត់មានអីទុកដាំសម្រាប់ជារបររាល់ថ្ងៃ ដីដាំដំណាំក៏គ្នាន ដីធ្វើស្រូវក៏គ្មាន[…]ចង់ឱ្យរដ្ឋាភិបាលបង្កើតមុខរបដូចជារោងចក្រ អ្វីៗដែលអាចមានកម្មករ ប្រជាពលរដ្ឋធ្វើការបាន មានចំណូលចូលផ្ទះ បើមិនអញ្ជឺងទេមិនរស់ទេ»។ 

ឆ្លើយតបរឿងនេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប ឱ្យដឹងថា​បច្ចុប្បន្ននេះចំណតឡានក្រុងមានតែនៅទីប្រជុំជន ប៉ុន្តែទៅថ្ងៃខាងមុខគឺអាចនឹងមាននៅតាមទីតាំងដូចដែលពលរដ្ឋត្រូវការ។

លោកថ្លែងថា៖ «ខ្ញុំគិតថា អនាគតទៅថ្ងៃមុខទៀត​ យើងកំពុងតែសិក្សាអំពីរថយន្តក្រុង ដែលរត់នៅក្រុងសៀ​​មរាប ដោយសារមានការណែនាំពីថ្នាក់ដឹកនាំ អនាគតយើងនឹងអាចមានប្រសិនបើជាឱ្យទៅគ្រប់កន្លែងដែលគាត់ធ្វើការងារគឺមិនអាចទៅរួចទេ » ។

ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបអះអាងថាក្រោយពីមានការផ្លាស់ប្តូរប្រជាពលរដ្ឋមករស់នៅតំបន់អភិវឌ្ឍន៍រុ​ន​​​តាឯកនេះ រដ្ឋាភិបាលតែងតែគិតគួរឱ្យប្រជាពលរដ្ឋមានការងារធ្វើ ហើយក្រសួងការងារកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋនៅរុនតាឯកដែរ។

ជាមួយគ្នានេះ លោក ច័ន្ទ សុខុម​ចិន្ដា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប លើកឡើ​​ង​ថាបច្ចុប្បន្នរចនាសម្ព័ន្ធផ្លូវថ្នល់នេះ កំពុងដំណើរការ ប៉ុន្តែមិនទាន់​ច្បាស់​ថានៅពេលណានឹង​រួចរាល់នោះទេ​។

លោកថ្លែង​ថា​៖ «រុនតាឯកជាទីក្រុងថ្មី ហើយរដ្ឋាភិបាលកំពុងតែស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ហើយអាជ្ញាធរខ​​ណ្ឌ ក៏គាត់បានយកចិត្តទុកដាក់នៅក្នុងកិច្ចការងាររៀនបចំសហគ្រាស គ្រឹះស្ថាន ដើម្បីបង្កលក្ខណៈឱ្យប្រ​​ជា​ព​​លរដ្ឋ ក៏ដូចជាកម្មករនៅទៅនោះមានការងារធ្វើគ្រប់ផ្ទះ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធនឹងកំពុងតែដំណើរការមិនទា​ន់​​ដឹងថាថ្ងៃណាមួយមានការងារនៅហ្នឹងហើយ »។

យ៉ាងនេះក្តីប្រធាន​មជ្ឈមណ្ឌលអប់រំ​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីម​អេង ឱ្យដឹងថា ប​​ញ្ហា​​នេះ រដ្ឋអាចបង្កើតចំណតឡានក្រុងបន្ថែម ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរមួយកម្រិត។ប៉ុន្តែប្រសិនបើអ្នកទទួលសេវា មិនទាន់អាចឆ្លើយតបពីតម្រូវការជាក់ស្តែងទេ វាក៏ជាលំបាកមួយដែរស​ម្រា​ប់​​សេវារថយន្តក្រុងនេះ។​

លោកថ្លែងថា៖ « បើចង់ឱ្យវាមានភាពងាយស្រួល មានឡានក្រុងឆ្លាស់គ្នាឱ្យច្រើនបន្តិចបានទៅរួច កាលណាឡានក្រុងមានចំនួនតិច ចំណតវាត្រូវទៅនៅឆ្ងាយ អីចឹងហើយ ម្យ៉ាងវិញទៀតបើមានមនុស្សជិះច្រើន គឺអាចពង្រីកសេវាឡានក្រុងមានច្រើន តែមនុស្សជិះតិចពេក តែបើពង្រីកក៏អត់មនុស្សជិះដែរ ដែលជាបញ្ហា »។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ រដ្ឋបាលខេត្តសៀមរាបបានចាប់ផ្ដើមដំណើរការអនុវត្តសាកល្បងរថយន្តក្រុ​ងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដែលគោលដៅចេញពីក្រុងរុនតាឯកតេជោសែនមកក្រុងសៀ​​ម​​រា​ប និងចេញពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។​ ពេលវេលាចេញដំណើររថយន្តក្រុ​​ង​ដឹកជញ្ជូនសាធារណៈនៅត្រង់សួនច្បារហាត់ប្រាណមាត់ស្ទឹង សៀមរាបដែលចេញដំណើរចាប់ពីម៉ោង ០​​៦ ព្រឹក​ ដល់ម៉ោង ៦ ល្ងាច​ និងចេញដំណើរពីរុនតាឯកនូវម៉ោង ០៦ ព្រឹក​ និងបញ្ចប់ទៅវិញនូវម៉ោង ៦​​ល្ងាច​៕

នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងអប់រំបន្ថែមម៉ោងនៅកម្រិតបឋមសិក្សា

លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡាបង្កើនម៉ោងសិក្សានៅថ្នាក់បឋមសិក្សាបន្ថែមទៀត ដើម្បីឱ្យស្របតាមបណ្តាប្រទេសជឿនលឿន។​

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួង​អប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាដើម្បីឱ្យការអប់រំទទួលបានលទ្ធផលល្អ ត្រូវតែពង្រឹងមូលដ្ឋានគ្រឹះមកថ្នាក់បឋមមក ដែលចាំបាច់ត្រូវបង្កើនម៉ោងសិក្សាបន្ថែមទៀត ដើម្បីឱ្យ​សិស្ស​ទទួល​បានការបំប៉ន​និងមានគុណភាពល្អជាមុន។

លោកថ្លែងថា៖«​អ្វីដែលជាមូលដ្ឋាននៅក្នុងការធានាគុណភាពរបស់មនុស្ស របស់ធនធានរបស់យើងគឺការអប់​​រំ ជាពិសេស នៅមូលដ្ឋានគ្រឹះតែម្តង […] យើងចុះស្ទង់រួចហើយ គឺចង់បានដូចគ្នា ចង់បានសាលាឱ្យកូនរៀ​​នល្អ មូលដ្ឋានគ្រឹះរឹងមាំ ចង់បានវិន័យ ចង់បានម៉ោងកុំឱ្យកូនទំនេរច្រើនពេក ខ្លាចវាខូច ម៉ែឪរវល់ ចង់ឱ្យកូននៅសាលាឱ្យបានច្រើន »។

លោកក៏បានផ្តល់អនុសាសន៍ឱ្យក្រសួងអប់រំបន្តពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា រួមទាំង​សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់អ្នកសិ​​ក្សា ដូចជាចាប់ផ្តើមអនុវត្តការសិក្សាពេញមួយថ្ងៃ និងកែលម្អសៀវភៅសិក្សាគោល ដើម្បីឱ្យស្របគ្នា ជាមួយប​​ណ្តាប្រទេសជឿនលឿន។

ទាក់ទិនរឿងនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុង បានថ្លែងក្នុងពិធីបិទសន្និបាតកា​លពីថ្ងៃអង្គារនេះថា ក្រសួងនឹងរៀបចំកែទម្រង់កម្មវិធីសិក្សា ពីការរៀនមួយពេលទៅការរៀន និងបង្រៀ​​នពេ​​ញ​​មួយថ្ងៃ ដើម្បីពង្រឹងគុណភាព នៅកម្រិតបឋមសិក្សា។

លោកមានប្រសាសន៍ថា៖«ក្រសួងកំពុងពិចារណាដើម្បីបង្កើនម៉ោងបង្រៀនតាមតម្រូវការដើម្បីឈានជាបណ្តើ​​​​​រៗ ទៅរៀនពេញមួយថ្ងៃ ដោយសារតែប្រទេសក្នុងតំបន់ទាំងអស់សុទ្ធតែរៀនពេញមួយថ្ងៃ ដូច្នេះប្រសិ​ន​​បើ​កម្ពុជារៀនតែពាក់កណ្តាលថ្ងៃ គឺយើងមិនអាចប្រណាំងប្រជែងជាមួយគេបានទេ ក៏ប៉ុន្តែយើងត្រូវតែមានយុទ្ធសាស្ត្រឱ្យបានសមស្របក្នុងគោលដៅដាក់ឱ្យអនុវត្តជាបណ្តើរៗ នៃការរៀនពេញមួយថ្ងៃនេះ » ។

ក្រសួងបានដាក់ឱ្យអនុវត្តការរៀន និងបង្រៀនពេញមួយថ្ងៃ ដោយប្រើមូលនិធិសមធម៌ នៅតាមសាលាបឋមសិក្សាចំនួន ២០កន្លែង។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា លើកឡើងថាដើម្បីអនុវត្តនូវអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តីដែលដាក់ចេញកាលពីថ្ងៃអង្គារនេះ ក្រសួងអប់រំនឹងសិក្សាលម្អិតអំពីសាលាគោលដៅ ដើ​​ម្បី​ពង្រីក និងអាចអនុវត្តបាននៅក្នុងពេលឆាប់ៗខាងមុខនេះ។

មិនតែប៉ុណ្ណោះ ការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ ឬការបន្ថែមពីរម៉ោងនៅកម្រិតបឋមសិក្សា កន្លងម​ក​ក្រសួងអប់រំយុជន និងកីឡាបានសាកល្បងអនុវត្តនៅតាមសាលារៀនចំនួន២០កន្លែងរួចមកហើយ ដោយប្រើប្រាស់មូលនិធិសមធម៌នៅតាមសាលារៀន។

លោកស្រីថ្លែងបន្តថា ៖ «​ តាមរយៈការសាកល្បងកន្លងមកនេះគឺក្រសួងអប់រំ យុជន និងកីឡាបានមើលឃើញថា ការរៀនពេញមួយថ្ងៃនេះ គឺធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ទាំងផ្នែកអំណាន ក៏ដូចជាគណិតវិទ្យា ហើយការសិក្សាពេញមួយថ្ងៃនេះក៏នឹងអាចជំរុញឱ្យសិស្សានុសិស្សមានពេលបន្ថែមទៀតនៅក្នុងការធ្វើការស្វ័យសិក្សា ឬក៏ចូលរួមនៅក្នុងក្លិប​សិក្សានានាដែលសាលានឹងរៀបចំឡើង ហើយលើសពីហ្នឹងទៀតក៏ជាឱកាសមួយនៅក្នុងការចូលរួមនៅក្នុងកម្មវិធីក្រៅម៉ោងសិក្សា តាមទាន់មិត្តភក្តិរបស់គាត់នឹងមកចូលរួមសកម្មភាព រៀនអំពីបច្ចេកវិទ្យា ភាសាបរទេស សិល្បៈ កីឡា ឬក៏សកម្មភាពស្ម័គ្រចិត្តនានា »។

អ្នកស្រីបន្តថាការចូលរួមនៅក្នុងការសិក្សាពេញមួយថ្ងៃនេះ ក៏នឹងអាចកាត់បន្ថយការកើតមាន នៅសិស្សដែលទៅប្រព្រឹត្តរឿងខុសឆ្គង ឬដើរលេងជាក្រុម មានដូចជាក្រុមបងតូចបងធំនេះជាដើម។

ដោយឡែក ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញថាកំណែទម្រង់នេះអាចសម្រេចបាន ប៉ុន្តែត្រូវបន្ថែមប្រាក់បៀវត្សរ៍ឱ្យគ្រូបង្រៀនទ្វេដងដែរ ព្រោះគ្រូធ្វើការសព្វថ្ងៃគឺដើម្បីដោះស្រា​​យ​ជីវភាពខ្លួនឯងសឹងមិនចង់រួច។ក្រៅពីនេះ ដើម្បីបង្កើនគុណភាពអប់រំឱ្យ​​ល្អប្រសើរ ពោលមានតែលើកទឹក​​ចិត្ត​​​គ្រូ​តាមរយៈការបង្កើនប្រាក់ខែឱ្យបានសមរម្យ។ លោកស្រីមានជំនឿនថា គុណភាពអប់រំនៅតាមគ្រឹះស្ថា​​ន​​សិក្សារដ្ឋនឹងបានល្អ ហើយក៏កាត់បន្ថយការចំណាយរបស់ឱពុកម្តាយនៅតាមសាលាឯកជនដែរ។

លោកស្រីថ្លែងថា៖ « បើគាត់លះបង់ហើយអត់អីពិសារគាត់ក៏អត់មានកម្លាំងទៅបង្រៀនពីរពេលនឹងដែរ ព្រោះបង្រៀនពីមួយព្រឹកទៅមួយថ្ងៃ វិលល្ងាចទាល់តែប្រាក់បៀវត្សរ៍គុណនឹងពីរ អ្វីដែលខ្ញុំនិយាយហ្នឹងដោយសារតែយើងឃើញហើយ ថាលោកគ្រូអ្នកគ្រូយើងមួយចំនួនគាត់ទៅបង្រៀននៅសាលាឯកជន អញ្ជឹងប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ អ៊ីចឹងអ្វីដែលខ្ញុំលើកយកមកនិយាយនេះគឺត្រូវតែទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងស​ព្វ​ថ្ងៃហ្នឹង »។

អង្គការតម្លាភាពអន្តរជាតិ កាលពីឆ្នាំ២០២១ បានចេញរបាយការណ៍ដោយបញ្ជាក់ថា ប្រទេសក្នុងតំបន់អា​​ស៊ា​ន គឺកម្ពុជាឈរលំដាប់លេខរៀងទី១ ដែលមានអំពើពុករលួយខ្ពស់ជាងគេ។ប្រព័ន្ធអប់រំកម្ពុជា​ក៏រង់ការរិះ​​គ​ន់​​​​​ថា មានអំពើពុករលួយដែរ តាមរយៈគ្រូលក់មេរៀនឱ្យសិស្សក្នុងម៉ោងសិក្សាតាមរយៈការទិញ​ព្រូយ៉ុងប្រចាំ​​ថ្ងៃជាថ្នូរនឹងទទួលបានមេរៀន និងគ្រូត្រូវបង្ខំចិត្តបង្រៀនគួរក្រៅម៉ោងសិ​​ក្សាដោយសារប្រាក់ខែគោលមិន​អាច​ឆ្លើយ​​តបតម្រូវការចំណាយគ្រប់គ្រាន់៕

លោក ហ៊ុន សែន ប្តេជ្ញាប្រើយន្តការការទូតក្រោយទទួលបានការគាំទ្រជាប្រធានព្រឹទ្ធសភាអាណត្តិទី៥

លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្តេជ្ញានៅចំពោះមុខសមាជិកព្រឹទ្ធសភាថា ខ្លួននឹងប្រឹងប្រែង​​ឱ្យ​​អស់​ពីលទ្ធភាព ធ្វើយ៉ាងជំរុញឱ្យនយោបាយការទូតក្នុងក្របខណ្ឌព្រឹទ្ធសភានេះ ប្រព្រឹត្តទៅក្នុងទំនាក់ទំ​នង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកឱ្យកាន់តែល្អប្រសើរបើ​​ទោះ​​ជាធ្លាប់មានភាពប្រេះឆាដោយការប្រកួតប្រជែងយុទ្ធសាស្រ្តនយោបាយក្តី។

ការថ្លែងរបស់ប្រមុខព្រឹទ្ធសភាជាប់ឆ្នោតថ្មីនេះ ធ្វើឡើងតាមរយៈការថ្លែងសុន្ទរកថា បន្ទាប់ពីខ្លួនត្រូវបានទទួ​​​លការបោះឆ្នោតគាំទ្រជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភាដោយសម្លេងឯកឆន្ទ ៦២សំឡេង ពីសមាជិកព្រឹ​ទ្ធ​​​សភា នៅក្នុងសម័យប្រជុំលើកដំបូងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។

លោក ហ៊ុន សែន ថ្លែងថា  តួនាទីរបស់ព្រឹទ្ធសភាក៏មានសារៈសំខាន់ដែរ លើការអភិវឌ្ឍន៍ទំនាក់ទំន​ង​អន្តរជាតិ ដែលក្នុងនីតិកាលទី៥នេះ ព្រឹទ្ធសភានឹងយកការលើកកម្ពស់ការទូតសភា ជាអាទិភាពចម្បងក្នុង​ចំ​​ណោមអាទិភាពនានា ដើម្បីពង្រឹងចំណងការទូតផង និងស្របពេលដែលពិភពលោកកំពុងប្រទាក់ក្រ​ឡា​គ្នា បានបន្តបែកបាក់គ្នាផងនោះ ដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

លោកថ្លែងបន្តថា៖« សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែ​ល​មិនធ្លាប់មានពីមុនមក ក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ។ វាចាំបាច់ដែលយើងត្រូវពង្រឹងទំនាក់ទំ​​នង​ជាមួយដៃគូអន្តរជាតិរបស់យើង និងចួលរួមសកម្មក្នុងវេទិកាអន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាប្រ​ឈ​មជាសាកល »

បើទោះបែបណា លោក ហ៊ុន សែន ដែលគេស្គាល់ថាជាអ្នកនយោបាយមានពិសោធន៍គ្រប់គ្រាន់ ក្នុងការ​​ធ្វើ​​ឱ្យ​​ដៃគូចុះខ្សោយក្នុងវិស័យនយោបាយ បានអះអាងជាថ្មីថា ខ្លួននឹងពង្រឹងឱ្យតួអង្គព្រឹទ្ធសភាដើរតួនា​​ទីដែ​​ល​​ខ្វះមិនបានសម្រាប់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលតំណាងប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាបន្តចូ​ល​រួមលើកកម្ពស់ប្រជាធិបតេយ្យ កំណែទម្រង់រដ្ឋបាលជាតិទាំងវិមជ្ឈការ និងសហវិមជ្ឈការ លើកកម្ពស់យុ​​ត្តិ​ធម៌សង្គម និងសិទ្ធិសេរីភាពពលរដ្ឋ។

លោកបន្ថែមថា៖« យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងនីតិរដ្ឋ។ យើងនឹងខិតខំយ៉ាងណាធានានូវឯកភាពជាតិ និងសាមគ្គីភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូជាតិយើង »។

ក្រៅពីលោក ហ៊ុន សែន ដែលត្រូវបានសមាជិកព្រឹទ្ធសភាផ្តល់សេចក្តីទុកចិត្ត សម្រាប់អាណត្តិថ្មីនេះ លោក ប្រាក់ សុខុន ជាមនុស្សដែលលោកទុកចិត្ត ក៏ទទួលសំលេងគាំទ្រឱ្យធ្វើជាអនុប្រធានទី១ និងគាំទ្រ លោក អ៊ុច បូររិទ្ធ ធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភាដែរ។

ជុំវិញករណីនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើ​​ញ​​ថា ការយកការទូតសភាជាការងារអាទិភាពរបស់ព្រឹទ្ធសភានេះ គឺមានភាពសមស្របនឹងបរិបទកម្ពុជា និងពិភពលោក ខណៈស្ថាប័នព្រឹទ្ធសភាក៏ដើរតួនាទីសំខាន់លើវិស័យការទូត ដែលអាចធ្វើឱ្យកម្ពុជាកាន់តែមានភាពសកម្មក្នុងកិច្ចការតំបន់ និងអន្តរជាតិ។មិនតែប៉ុណ្ណោះលោក ហ៊ុន សែន ក៏ធ្លាប់ធ្វើការទូតជាងកន្លះ​​សតវត្សរ៍មកហើយ ខណៈដែលលោកប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ក៏ជាអ្នកនយោបាយដែល​​ធ្លា​ប់​​​​មានពិសោធន៍ចាស់វង្សាដូចគ្នា ក្នុងរឿងនយោបាយកាទូតនេះ។

លោកបន្តថា៖«យើងសង្ឃឹមថា ការដឹកនាំស្ថាប័នព្រឹទ្ធសភាពីឥស្សរជនទាំង៣ រូបនេះ នឹងជំរុញការងារការទូតសភាកម្ពុជាកាន់តែមានភាពរស់រវើកឡើង ហើយកម្ពុជាកាន់តែមានតួនាទីសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ព្រឹទ្ធសភារបស់យើងនឹងចួលរួមកំណត់ត្រីវិស័យនយោបាយការបរទេសរបស់យើង »

សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់មួយរូបដែរ លោក សេង វណ្ណលី ឯកភាពថាការតាំងចិត្តរបស់អតីតនាយរដ្ឋមន្រ្តីនេះ ទំនងមិនខុសទាស់អ្វីទេ ព្រោះលោកមានពិសោធ​​ន៍​​ជោ​​គជាំរួចមកហើយ រឿងនយោបាយការទូតនេះ។បើតាមលោក សេង វណ្ណលី លោក ហ៊ុន សែន អាចមាន​ប្រៀ​​ប​​ជាងអតីតប្រធានព្រឹទ្ធសភាមុនៗចំពោះនយោបាយការទូតនេះ។ហើយលោករឹតតែ​ពូកែក្នុងកា​រ​​ដោះ​​​​ស្រាយដែលអាចនិយាយបានថាមានប្រសិទ្ធិភាព និងនៅតែមានឥទ្ធិពលក្នុងការចាត់ចែង​​ការងារនៅពីក្រៅ​ឆាក​​បា​នដូចមុនដែរ។

លោកបន្តថា៖« ព្រឹទ្ធសភាក្រោមការដឹកនាំរបស់លោកហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីនេះ លោកមានលទ្ធភាពប្រើប្រាស់ឧបករណ៍ការទូតព្រឹទ្ធសភាមានប្រសិទ្ធភាពជាងប្រធានមុនៗ ដោយសារតែលោកជាអ្នកបង្កើតក្រុមអ្នកបន្តវេន ជាឱពុកនាយករដ្ឋមន្ត្រីផង ហើយលោកទទួលទំនុកចិត្តខ្ពស់ពីរដ្ឋាភិបាល ព្រ​​មទាំងធ្លាប់ជាប្រមុខរដ្ឋាភិបាលកម្ពុជាជិត៤០ឆ្នាំផង ដែលបង្កើនទំនុកចិត្តពីប្រទេសដៃគូរ »

យ៉ាងនេះក្តី សម្រាប់លោក សេង វណ្ណលី មើលឃើញថា នយោបាយការទូតរបស់លោក ហ៊ុន សែន នៅក្នុ​​ង​​​​តួ​​នាទីជាប្រធានព្រឹទ្ធសភានេះ ប្រហែលបានត្រឹម​ជួយផ្ចុងផ្តើមធ្វើយ៉ាងណា​អាចជួយទប់អំណាចឱ្យកូ​ន​​ប្រុ​សរបស់​​លោ​កគឺលោក ហ៊ុន ម៉ាណែត មានលំនឹង ប៉ុន្តែចំពោះក្រុមប្រទេសបច្ចឹមលោក នៅតែមើលឃើ​​ញ​​នយោបាយរបស់លោក ហ៊ុន សែន ក្នុងរឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមានរូបភាព​​មិនល្អ។​ក្នុងន័​​យនេះដើម្បីផ្តល់ការជឿទុកចិត្តព្រឹទ្ធសភាគួរជ្រោមជ្រែងឱ្យរដ្ឋាភិបាលអនុវត្តឱ្យបានពេញលេ​ញដំ​ណើ​​​​​​រកា​​រ​ប្រជាធិបតេយ្យ និងសិទ្ធិមមនុស្ស ជាពិសេសពង្រឹងវិស័យយុត្តិធម៌សង្គម។ 

ដោយឡែក លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាវិញ មានប្រសាសន៍ថា តួនាទីរបស់ប្រធានព្រឹទ្ធសភាពិតជាមានសារៈសំខាន់ដែលជាប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រហើយក៏ជាប្រ​​មុខការទូតដែរ ខណៈការទូតសភាវិញក៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងទំនាក់ទំនងអន្តរជាតិ។ ក៏ប៉ុន្តែកម្ពុជាជាប្រទេសតូចដែលមិនសូវមានឥទ្ធិពលលើកិច្ចការអន្តរជាតិ ហើយរងការរិះគន់លើការអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផង។

ទោះជាយ៉ាងណា លោកថា កម្ពុជាអាចមានជម្រើសការទូតសភាប្រសើររបស់ខ្លួន តួយ៉ាងការបោះឆ្នោតលើសេចក្តីសម្រេចនៅអង្គការសហប្រជាជាតិ ដើម្បីគាំទ្រចំពោះប្រយោជន៍នៃសន្តិភាពពិភពលោក និងប្រយោ​​ជន៍ជាតិ ពីព្រោះកម្ពុជាមិនមានឥទ្ធិពលអ្វីច្រើនទេ​ ដោយសារជាប្រទេសតូច ជាប្រទេសក្រីក្រ ហើយមានបញ្ហាខ្លួនឯងច្រើនទៀតដែលត្រូវដោះស្រាយ។

លោកបន្តថា៖«ព្រឹទ្ធសភាយើងទើបបង្កើតថ្មីៗដើម្បីសម្របសម្រួលទំនាស់នយោបាយកន្លងមកប៉ុណ្ណោះ ដែ​​ល​​កន្លងមកហាក់មិនសូវមានឥទ្ធិពលនោះទេ ក៏ប៉ុន្តែការងារច្បាប់អ្វីដូចជាមិនសូវឃើញមានទេ ច្បាប់នី​​មួយៗ ឱ្យតែឆ្លងពីរដ្ឋសភាហើយ ព្រឹទ្ធសភាដូចមិនបានកែប្រែអ្វីច្រើនទេ ក្រៅពីផ្តល់អានុសាសន៍ »

ព្រឹទ្ធសភាត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើមរបស់លោក សុខ អាន ដែលជាអតីតឥស្សរជននន​​យោបា​យជាន់ខ្ពស់កម្ពុជា ដែលការបង្កើតនេះ ក្នុងគោលដៅដោះស្រាយភាពជាប់គាំងនយោបាយរបស់ជាតិ ដែ​​ល​ដំបូងឡើយមានលោកជា ស៊ីម ធ្វើជាប្រធាន ហើយក្រោយមកទៀត ស្ថាប័ននេះដើរតួនាទីជាអ្នកសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិនយោបាយ និងស្ថេរភាពជាតិ។

បើទោះបែបណា លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមមនុស្សកម្ពុជា ធ្លាប់រិះគន់ព្រឹទ្ធសភានេះថា ជា​ស្ថាប័នដែលមិនបានបម្រើផលប្រយោជន៍សាធារណៈទេ ផ្ទុយទៅវិញជាកន្លែងដែលរដ្ឋត្រូ​វចំណាយលុ​យ​​​​​​ដោយគ្មានបានផលអ្វីទាល់តែសោះ។ជាអ្នកធ្លាប់ការពារសិទ្ធិមនុស្ស លោក អ៊ូ វីរៈ ធ្លាប់ស្នើឱ្យរំលាយ​​ស្ថា​​ប័​​​ន​នេះ​​ម្តង​​ជាពីរដង ដោយចាត់ទុកថាជាការខ្ជះខ្ជាយថវិកាជាតិ៕

អ្នកសេដ្ឋកិច្ចស្នើរដ្ឋាភិបាលអនុវត្តឱ្យមានប្រសិទ្ធភាពខណៈគណៈកម្មការដោះស្រាយវិស័យឯកជនប​​ង្កើ​តឡើង

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកសិក្សាការអភិវឌ្ឍន៍សង្គមបានសាទរចំពោះការបង្កើតគណៈកម្មាធិការជំរុញការដោះ​​ស្រា​​យ​ប​ញ្ហាវិស័យឯកជន ដោយចាត់ទុកថាការបង្កើតគណៈកម្មាធិការនេះឡើងចំពេលវិវាទក្នុងវិស័យឯកជ​​នកំ​ពុងតែផ្ទុះឡើងដែលនឹងប៉ះពាល់ទៅដល់ទំនុកចិត្តនៃការបោះទុនវិនិយោគរបស់អ្នកវិនិយោគិន​ទាំងក្នុង និងក្រៅប្រ​​ទេស។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះថាគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជននេះជាអាជ្ញាកណ្ដាលមួយ ដែលអាចជួ​យ​​​ដោះស្រាយបញ្ហាផ្សេងៗ និងអាចមានភាពងាយស្រួល ហើយឆាប់រហ័សក៏អាចថាបានដែរ។

លោកបន្តថា៖«ពាក់ព័ន្ធជាមួយដំណោះស្រាយវិវាទផ្នែកវិស័យឯកជននេះជាគណៈកម្មាធិការមួយដែលនៅក្រៅប្រព័ន្ធតុលាការហើយការដោះស្រាយនេះ គឺគេហៅថាជាមជ្ឈឹមករ គឺជាអ្នកសម្របសម្រួលអាជ្ញាកណ្ដាលដើម្បីដោះស្រាយដូច្នេះគណកម្មការធិកានេះនឹងរួមចំណែកជួយឱ្យវិបត្តិនានាត្រូវបានដោះស្រាយដោយងាយស្រួលហើយ និងលឿន»។

បន្ថែមពីលើនេះ លោកចាត់ទុកថាកាលណាបញ្ហាក្នុងវិស័យឯកជនត្រូវបានដោះស្រាយដោយឆាប់រហ័ស វាអាចទា​ក់​ទាញវិនិយោគិនពីក្រៅប្រទេសបានដោយងាយ ខណៈដែលតុលាការពាណិជ្ជកម្មនៅមិនទាន់លិចជារូបរាងនៅឡើយ។តុលាការពាណិជ្ជកម្មនេះ នឹងអាច​​ប​​ម្រើឱ្យសេចក្តីត្រូវការជាចាំបាច់ សម្រាប់វិស័យដ៏សំខាន់មួយនេះ ​និ​ង​ការផ្តល់ទំនុកចិត្តមួយផ្នែកដែរ សម្រាប់វិនិយោគិនបរទេស។

លោកបន្តថា៖«ការដោះស្រាយដោយងាយស្រួលនិងលឿននោះវាទាមទារឈរលើឆន្ទៈនៃអ្នកដោះស្រាយ ឈរលើគោលការណ៍ច្បាប់ អង្គហេតុនិងអង្គច្បាប់ដែលត្រូវយកមកប្រើប្រាស់ដូច្នេះខ្ញុំជឿថានៅក្នុងគណកម្មការនេះនឹងរួមចំណែកជួយឱ្យដំណោះស្រាយបានលឿននិងមានភាពងាយស្រួលហើយនិងចំណាយអស់តិចជាជាងទៅកាន់ប្រព័ន្ធតុលាការ អញ្ចឹងក៏ជាមធ្យោបាយមួយនៃការទាក់ទាញវិនិយោកិនពីក្រៅប្រទេសចូលរួមផងដែរប្រ​​សិនបើ​​តុលាការពាណិជ្ជកម្មមិនទាន់ត្រូវបានបង្កើតឡើង»

ការលើកឡើងដូចនេះ របស់អ្នកជំនាញផ្នែកសេដ្ឋកិច្ច ធ្វើឡើងក្រោយពេលមួយថ្ងៃ នៃការសម្រេចរបស់​​រដ្ឋាភិ​​បា​​ល​​នៅក្នុងអាណត្តិថ្មីនេះ។អនុក្រឹត្យដែលចេញកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គឺរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ក្នុងបុព្វហេតុដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន លើទិដ្ឋភាពច្បាប់ បច្ចេកទេស និងបំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី។

មិនតែប៉ុណ្ណោះ គណៈកម្មធិការនេះមានសមាសភាពនាយករងខុទ្ទកាល័យ របស់​នាយករដ្ឋមន្រ្តីជាប្រធាន តំ​​ណាង​​ក្រ​​សួ​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងតំណាងគណៈកម្មាធិការវិនិយោគកម្ពុជាជាអនុប្រធាន និងសមាជិកជាច្រើ​​នរូបទៀត។

ហាក់មិនខុសគ្នាទេអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី យល់ឃើញថា បើមើលពីតួនាទី និង​​ភា​​រ​​កិច្ច គណៈកម្មាធិកា​​រនេះ​អា​ច​​នឹងរួមចំណែកជួយដល់វិស័យឯកជនបានច្រើន។លើសពីនេះទៀត វាក៏ជួយឱ្យវិស័​​យឯកជនមានទំនុកចិត្តពីការការពារផ្នែកច្បាប់ដែរ។

លោកមានប្រសាសន៍ថា៖«ខ្ញុំគិតថាគណៈកម្មការនេះវាអាចក្លាយទៅជាយន្តការមួយដែលសម្រាប់ធ្វើការបន្ទាន់ភ្លាមៗឬក៏ធ្វើការឆ្លើយតបភ្លាមៗទៅបញ្ហាដែលវាកើតឡើងមុននឹងរឿងហ្នឹងវារីកធំទៅដល់តុលាការដល់អី យើងដឹងហើយថាកាលណាទៅដល់តុលាការវាត្រូវប្រើពេលវេលាយូរ អ៊ីចឹងបើសិនជាមានគណកម្មការហ្នឹងអាចដោះស្រាយវិវាទហ្នឹងបានទាន់ពេលវេលានៅក្នុងកម្រិតណាមួយនោះអាហ្នឹងវាធ្វើឱ្យក្រុមខាងឯកជនហ្នឹងក៏មានទំនុកចិត្តហើយក៏គិតថាគាត់មានរឿងអីគឺពួកគាត់មានការការពារដោយច្បាប់ឬការពារដោយគណៈកម្មការអីចឹង»

ក្នុងនាមជាអ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវ លោកគាំទ្រការបង្កើតគណៈកម្មាធិការនេះ ក៏ប៉ុន្តែលោ​​ក​ស្នើឱ្យមានការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ខណៈវិស័យឯកជនកំពុងមានភាពរង្គោះរង្គោះមួយ​​រយៈពេល​​ចុ​ង​​​ក្រោយនេះ ដូចជាករណីឆបោ​​កប្រាក់ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជាដើម។

លោកបន្តថា៖«រឿងអាស្រូវប៉ុន្មានខែកន្លងមកនេះ ខ្ញុំមិនទាន់ហ៊ានថាជាការបោកប្រាស់ទេតែវាមានការចោទប្រ​​កា​ន់​អញ្ចឹង។ អាហ្នឹងផលប៉ះពាល់ធ្ងន់ណាស់ទៅលើសេដ្ឋកិច្ចប្រទេសមួយ កាលណាបើសិនជារដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ហើយរកមធ្យោបាយការពារទេ។ខ្ញុំគាំទ្រឱ្យមានគណកម្មការហ្នឹងឡើងហើយ ប៉ុន្តែកុំឱ្យវាមានច្រើ​នតែគណៈកម្មការប៉ុន្តែវាអត់មានប្រសិទ្ធភាពដូចដែលយើងធ្លាប់ឃើញពីមុនៗ[..]បើសិនជាយើងមើលអំពីតួនាទី ខ្ញុំគិតថាយើងអាចធ្វើបាន ដូចពាក្យថា «ខ្មែរអាចធ្វើបាន» ប៉ុន្តែខ្លាចតែខ្មែរមិនព្រមធ្វើ »

ផ្ទុយទៅវិញលោកបណ្ឌិត មាស នី មើលឃើញថាក្នុងដំណើរវែងឆ្ងាយទៀត គណៈកម្មាធិការនេះ អាចនឹងត្រូវប្រ​​ឈ​ម​​​​មុខបញ្ហាធំៗមួយចំនួនដូចជាប្រសិនបើបញ្ហាប៉ះចំឈ្មួយរកស៊ីដែលមានខ្នងក្រាស់មានងាជាឧកញ៉ា ឬជា​​ម​ន្រ្តី​​​​​​នយោបាយជាន់ខ្ពស់ក្នុងរដ្ឋាភិបាលជាដើម អាចនឹងជួបផលវិបាកស្វែងរកដំណោះស្រាយ។

លោកបន្តថា៖ «ហើយសំខាន់ទៀតគឺសមាសភាពរបស់គណៈកម្មការជានរណាខ្លះ បើសមាសភាពគណៈកម្មការហ្នឹងវាមិនមែនជាអ្នកមានឥទ្ធិពលទេក៏ខ្ញុំគិតថាធ្វើរឿងបញ្ហាទំនាស់នៅក្នុងវិស័យឯកជនហ្នឹងវាចំឈ្មួញខ្លះចំឧកញ៉ាខ្លះហ្នឹងក៏គណៈកម្មការពិបាកនឹងធ្វើដែរ។ ប៉ុន្តែបើសិនជាគណៈកម្មការហ្នឹងវាមកពីសមាសភាពសុទ្ធតែអ្នកមានអំណាចអ្នកជំនួញធំៗ អាហ្នឹងក៏ជួនកាលវាមានទំនាស់ផលប្រយោជន៍ដែរ មានន័យថាធ្វើការសម្រេចចិត្តដោយការសម្របសម្រួលណាមួយ »

គេសង្កេតឃើញថា បច្ចុប្បន្ននេះមានហេតុផលមួយចំនួនបានបង្កើត​ភាពស្មុគស្មាញនៅក្នុងសង្គម។ប្រជាពលរដ្ឋ​ក្រៅ​ពីជាប់បំណុលធនាគារហើយ នៅមានករណីឆបោកក្រោមហេតុផលវិនិយោគទុន ទទួលបានការប្រាក់ខ្ពស់​ដែ​​ល​​​ពួកគេសុទ្ធ​​តែមាន​​ងា​​ជាឧកញ៉ា ឬជាមន្រ្តីជាន់ខ្ពស់ជាដើម។ហើយលំហូរសាច់ប្រាក់ទាំងនោះ នៅតែស្ថិ​​តក្នុ​ង​​ភា​​ព​​អាថ៍កំបាំងនៅឡើយ។

ជាមួយគ្នានេះលោក វន់ ពៅ ប្រធានសមាគមន៍ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(Idea) លើក​​ឡើ​ង​​ថាការបង្កើតគណៈកម្មធិការនេះជារឿងល្អដោយអាចដោះស្រាយបញ្ហាផ្សេងៗដែលកំពុងកើតឡើងរបស់វិស័យឯកជននៅកម្ពុជាដែលកំពុងមានភាពចម្រូងចម្រាស់។បន្ថែមពីលើនេះ បើគណៈកម្មាធិការនេះអនុវត្តការងារដោ​​យ​​មានប្រសិទ្ធិភាពវានឹងផ្ដល់ផលប្រយោជន៍ជាច្រើនរួមមានធ្វើឱ្យមានការជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបា​​លដោយទាក់ទាញបាននូវអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស បញ្ឈប់ការឆបោក និងមានសមធម៌ទាំងក្នុងអា​​ជី​​វកម្មខា្នតតូច និងមធ្យម។បើទោះបែបណា សម្រាប់លោក វន់ ពៅ រដ្ឋាភិបាលគួរបង្កើតឱ្យមានតុលាការពាណិជ្ជកម្មដើ​​ម្បីរួមចំណែក​​ដោះស្រាយបញ្ហានៅក្នុងវិស័យឯកជន។

លោកបន្តថា៖«វាជារឿងល្អមួយហើយដែលរដ្ឋាភិបាលបានបង្កើតគណៈកម្មការដើម្បីដោះស្រាយរឿងវិស័យឯកជន។ វាជាជំហានថ្មីមួយដែលមានគណៈកម្មការដើម្បីដោះស្រាយរាល់បញ្ហាទាំងឡាយរបស់វស័យឯកជនដែលកំពុ​ង​តែមានរឿងចម្រូងចម្រាស់ច្រើននៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសរឿងការប្រមូលលុយធ្វើជាភាគហ៊ុនអីផ្សេ​​ង​​ៗឃើញថាកំពុងតែចម្រូងចម្រាស់ខ្លាំងហើយបង្កើតបែបនេះគឺជាការឆ្លើយតបមួយផងដែរ[…]វិស័យឯកជនមួ​យចំនួនក៏មានបញ្ហាច្រើនជាមួយប្រជាពលរដ្ឋដែរ។ អាហ្នឹងខ្ញុំគិតថាវាអាចដំណោះស្រាយមួយ »

លោកបន្ថែមថា៖«ប៉ុន្តែដើម្បីឱ្យមានប្រសិទ្ធភាព ខ្ញុំគិតគួរតែបង្កើតតុលាការពាណិជ្ជកម្មតែម្ដងទៅដើម្បីដោះស្រា​​យ​រឿងធំៗឱ្យមានការទទួលកាតព្វកិច្ចនៅពេលដែលចៅក្រមតុលាការពាណិជ្ជកម្មកាត់ទៅគឺភាគីពាក់ព័ន្ធត្រូវតែគោរពតាមអាហ្នឹងខ្ញុំគិតថាកាន់តែប្រសើរថែមទៀត »

ទាក់ទិនភាពចម្រូងចម្រាស់នេះ ក្រុមហ៊ុន​ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) រង់ការចោទ​​ប្រ​​កា​ន់ថា​បាន​បោក​ប្រាស់​យក​ប្រាក់ពី​អ្នកវិនិ​យោគិន​ ដែល​បានបោះទុន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​មួយនេះរាប់ពាន់​​លា​ន​​ដុល្លារ។ប៉ុន្តែកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន CIC បានច្រានចោលការចោទប្រកាន់ទាំងនោះដោយថាវាជាវិបត្តិសេដ្ឋកិច្ចសកល និងភាព​ខ្វះចន្លោះ​ក្នុងការ​ត្រៀម​ខ្លួន​របស់​ក្រុមហ៊ុន​ មិនមែនជាការឆបោកទេ។

ករណីដាច់ដោយឡែកមួយទៀត អ្នកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ប្រ៊ីលានស៊ីធី ដែលរង់ការ​​ចោទប្រ​កាន់ថា​បា​នឆបោកប្រាក់ពីក្រោមហេតុផលវិនិយោគបានការប្រាក់ខ្ពស់ប្រមាណ៣០០លានដុល្លារ ពីពលរដ្ឋជា​ង១ម៉ឺន​នា​ក់​​​​​។ភាពចម្រូងចម្រាស់នេះ ត្រូវបង្ខំចិត្តឱ្យតុលាការខេត្តសៀបរាបចេញដីកាចោទប្រកាន់ អគ្គនាយិកាក្រុមហ៊ុននេះ​​ក្រោ​​មបទចោទ «ឆបោក ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ និងបទសម្អាត់ប្រាក់ »៕

Q&A៖ សកម្មជន​ព្រៃឈើ លោក សេង ផល្លី ​​​ចង់ឃើញយុវជន​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ

លោក សេង ផល្លី គឺជា​សមាជិកសហគមន៍បណ្ដាញព្រៃឡង់នៅខេត្តកំពង់ធំ និងជាគណៈ​កម្មការព្រៃសហគមន៍ក្បាលខ្លា។ លោក​បាន​ចូលរួម​យ៉ាង​សកម្មក្នុងការ​ល្បាត​ព្រៃ ឃាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ដាំដើមឈើ កសាងហេដ្ឋារចនាសម្ព័ន្ធ​ទាំងនៅ​ព្រៃឡង់ និង​ព្រៃសហគមន៍​ក្បាលខ្លា។

នៅថ្ងៃទី៥ ថ្ងៃសុក្រ ខែមេសា ឆ្នាំ២០២៤ សិក្ខាកាម​សារព័ត៌មាន Newsroom Cambodia សម្ភាស៍ លោក សេងផល្លី អំពីសកម្មភាព​ និង​បទពិសោធន៍​របស់​លោក​ពាក់ព័ន្ធនឹងការការពារព្រៃឈើ៖

Q: ជម្រាបសួរលោក សេង ផល្លី!

A: បាទ ជម្រាបសួរ!

Q: ជាដំបូង​នាង​ខ្ញុំ​ចង់​ដឹង​ថា ហេតុអ្វីបានជាលោកសម្រេចចិត្ត​ចូលរួម​ក្នុងសកម្មភាព ការពារ​បរិស្ថាន និងព្រៃឈើដោយ​ផ្ទាល់?

A: បាទ! ដោយសារតែខ្ញុំសម្រេចចិត្តការពារធនធានធម្មជាតិ ដូចជាបរិស្ថាន ដូចជាព្រៃឈើ ព្រោះ​ខ្ញុំមើលឃើញថា ព្រៃឈើ​វា​មាន​សារៈប្រយោជន៍​សំខាន់​ដូចជា​ពួកខ្ញុំ​ដែល​រស់នៅ​ជាប់​នឹង​ព្រៃឈើ គឺយើងបានទទួលផលអនុផលពីព្រៃឈើ ទាំងបោចវល្លិ៍ រើសជ័រអីផ្សេងៗ ហើយ​និង​ថ្នាំ​ឱសថ​បុរាណមួយចំនួនដែល​យើងអាចយកមកដាំហូបបាន។​ ហើយមួយទៀត ឈើ​បាន​ផ្ដល់​ផលប្រយោជន៍ឱ្យយើងច្រើន គឺវាផ្ដល់ទាំងអុកស៊ីហ្សែន ហើយ​វា​ផ្ដល់​ទាំង​ប្រភព​ទឹក​ឱ្យ​យើង​ប្រើប្រាស់ធ្វើកសិកម្មដែរ នៅជុំវិញសហគមន៍របស់ខ្ញុំ​។

Q: ក្នុងនាមលោកជាសកម្មជនការពារព្រៃឈើ តើលោក​បានធ្វើសកម្មភាពអ្វីខ្លះ​ក្នុង​ការការពារ​បរិស្ថាន?

A: បាទនៅក្នុងសហគមន៍របស់ខ្ញុំ ដូចជានៅក្នុងដែនជម្រកព្រៃឡង់ ភាគច្រើន​ខ្ញុំ​ចូលរួម​ល្បាតយ៉ាង​តិច​ក៏១ខែ ៣ដង សម្រាប់ការល្បាតព្រៃ ហើយ​មួយទៀត​យើង​បាន​ដាំដើមឈើ​បន្ថែម នៅពេលមានរដូវភ្លៀងធ្លាក់គឺជារៀងរាល់ឆ្នាំ។ អរគុណ ។

Q: តើលោក ប្រឈមនឹងបញ្ហាអ្វីខ្លះ​ក្នុងនាមជាសកម្មជនការពារព្រៃឈើ?

A: សកម្មជនព្រៃឈើគឺយើងប្រឈមច្រើន ទី១ប្រឈម​នឹង​បទល្មើស​ដែល​គាត់​មាន​អាវុធកែ​ច្នៃនៅ​ក្នុងព្រៃ ទី២ប្រឈមទៅលើ​បញ្ហាផ្លូវច្បាប់ ព្រោះយើងយល់ឃើញថា យើង​មើល​មក​រាល់ថ្ងៃ​វា​ហាក់បីដូចជាអ្នកការពារព្រៃឈើ វាមានសម្ពាធជាងអ្នកទៅកាប់ព្រៃឈើ ហេតុអី​បាន​យើ​ង​លើកឡើងមកចឹង ព្រោះដោយសារ​សកម្មជនការពារព្រៃឈើ រាល់ថ្ងៃ​ដូចជា​ការពារ​ព្រៃឡង់ ហើយក្រសួងបរិស្ថានគាត់ព្យាយាមមិនឲ្យសហគមន៍ព្រៃឡង់ចូលទៅក្នុងព្រៃឡង់ទេ ហើយ​ហេតុអីបានអត់ឱ្យចូល ព្រោះ​យើង​ចង់​ចូល​ទៅ​នឹង​ក្នុង​ព្រៃឡង់​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ ឬអត់ ទីពីរយើងមើលឃើញថា ការដឹកជញ្ជូនឈើចេញពីព្រៃឡង់នៅតែមាន ដល់​ពេល​សហគមន៍​ចូលគាត់អត់ឱ្យចូល ចឹង​ហើយ​បាន​ថា​បទល្មើស​កាប់ឈើ​វា​ងាយស្រួល​ចូល​ជាង​សកម្ម​ជនការពារព្រៃឈើ ។

Q: តើកត្តាអ្វីដែលធ្វើឱ្យលោកនៅតែបន្តធ្វើការងារនេះ ទាំងដែលលោករងនូវការគំរាមគំហែង និង​ការបំបាក់ទឹកចិត្ត?

A: កត្តាដែលជំរុញឱ្យខ្ញុំធ្វើបែបនឹង ព្រោះខ្ញុំមើលឃើញថា ខ្ញុំស្រលាញ់ធនធានធម្មជាតិ ពួក​យើង​រស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ ពួកយើង​ថា​អ្វី​ដែល​យើង​អត់​ធនធាន​ធម្មជាតិ​គឺ​អត់​បាន បើធនធានធម្មជាតិអត់យើងបាន។ ហើយ​មួយ​ទៀត​ព្រោះ​ព្រៃ​វា​ផ្ដល់​សារៈសំខាន់​ខ្លាំង​មែន​ទែន ព្រោះវាអាចដូចអ្វីដែលខ្ញុំនិយាយខាងដើមមិញ វាអាច​បញ្ចេញ​អុកស៊ីហ្សែន​​ឱ្យ​យើង​​ដក​ដង្ហើម​ស្រួល វាអាច​ជា​អាង​ស្តុប​ទឹ​ក​ដោយ​ស្វ័យ​ប្រវត្តិ​ឱ្យមានទឹកប្រើប្រាស់ធ្វើកសិកម្ម […] ចឹង​ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​ការស្រលាញ់ព្រៃឈើ ចង់ចូលរួមការពារវា និង​អភិរក្ស​វា​ឲ្យ​នៅគង់​វង្ស។

Q: តើរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជួយដោះស្រាយ​តាមរយៈការអនុវត្តរបស់លោក កន្លងមកដែរឬទេ?

A: ខ្ញុំគិតថារឿងនឹងវាមាន២ ពេលខ្លះ​ដែល​យើង​ចាប់​បាន​បទល្មើស គឺគាត់បានអនុវត្តទៅ​តាម​ផែនការ​ច្បាប់មួយចំនួនដែរ ពេលខ្លះក៏​គាត់​មួយ​ចំនួន​ទៀត​បើក​ដៃ​ឱ្យ​ឈ្មួញនៅ​តែ​ហ៊ាន​កាប់​ឈើ ។ ហេតុអីបានយើងនិយាយថារាជរដ្ឋាភិបាលបើកដៃឱ្យឈ្មួញកាប់ឈើ ព្រោះយើង​មើល​ឃើញ​ថា ការដឹកចេញឈើវាជារូបភាពទ្រង់ទ្រាយធំមែនទែន ។ ហើយ​ហេតុអ្វី​បាន​ជា​ដឹក​កាត់​ទី​រួមស្រុក ដឹកកាត់ទីប្រជុំជន នៅតែអត់មានការខ្នាក់ខ្នាញ់ពីអាជ្ញាធរ ពេល​ខ្លះមា​ន​ការសម្រួល​ពី​អាជ្ញាធរ​ទៀត ឱ្យ​មាន​ការដឹកចេញទៅដល់ខ្លាំង ឬក៏ដេប៉ូផ្សេងៗ ។

Q: ជាចុងក្រោយ តើលោកមានអ្វីជាសារ ឬសំណូមពរទៅដល់យុវជនជំនាន់នេះ និង​ជំនាន់​ក្រោយពាក់ព័ន្ធនឹងការការពារព្រៃឈើ?

A: បាទ! ជាកិច្ចបន្ទាប់ខ្ញុំក៏សូមស្នើ​សុំបងប្អូននៅក្នុងស្រុក ឬក្រៅស្រុក ឲ្យ​មាន​ការចូលរួម ទោះ​មិ​​នបានចូលរួមផ្ទាល់ក៏ចូលរួមប្រយោល ហើយជាពិសេសយុវជន​ដែលជាទំពាំងស្នងឬស្សី ឲ្យ​គាត់​មាន​ការរៀន​ទៅ​ថ្នាក់​បណ្ឌិត ឬក៏ថ្នាក់សាលា​ផ្សេងៗ ឬក៏រៀនជំនាញទៅលើព្រៃឈើ ទៅ​លើ​បរិស្ថាន​ផ្សេងៗ ឱ្យ​គាត់​ផ្ដោត​សំខាន់​ទៅ​លើ​ចុះ​មក​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​ចង់​ដឹង​ថា​តើ​ឈើ​នៅ​ក្នុង​តំបន់​មូលដ្ឋាន ឬ​ក៏​តំបន់​ព្រៃឡង់ ឬ​ក៏​តំបន់​ព្រៃ​ផ្សេងៗ​នឹង តើ​វា​មាន​ការកាប់​រាន​ខ្លាំង​អត់។ ហើយចង់ឱ្យ​គាត់ចូលរួមដើម្បីកាត់បន្ថយក្នុងការកាប់បំផ្លាញព្រៃឈើនោះផងដែរ ។

Q: អរគុណច្រើនសម្រាប់ការផ្ដល់បទសម្ភាស!

A: បាទ! អរគុណ៕

រដ្ឋាភិបាលមានសុទិដ្ឋិនិយមថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញរង្វង់៧ភាគរយនៅឆ្នាំ២០២៨

រដ្ឋាភិបាលមានជំនឿថាក្នុងរយៈពេលប្រមាណ៥ឆ្នាំខាងមុខនេះទៀតសេដ្ឋកិច្ចកម្ពុជាអាច​នឹងងើ​​ប​​ឡើ​ង​​វិ​ញ និង​​ឈានទៅរកភាប្រសើរឡើងជាពិសេសអាចរក្សាបានអត្រាប៉ូលសេដ្ឋកិច្ចក្នុងកម្រិតរង្វង់ប្រមា​​ណ​​​​៧​​ភា​​គ​​រ​​យដូចមុនការរីករាលដាលនៃវិបត្តិជំងឺ​​កូវី​ដ​​១​​៩យ៉ាងដូច្នោះដែរ។

ថ្លែ​ង​ក្នុងវេទិកានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០​​២​​៤​​​​​​នេះ លោក ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងវិលទៅរកភាពប្រក្រតីភាព​ឡើងវិញក្នុងរ​​យៈ​​​ពេល​​៥ឆ្នាំខាងមុខទៀតនេះ។លោកនាយរដ្ឋមន្រ្តីបន្តថាដោយមើលឃើញចំពោះការងើបឡើងវិញ នៃ​​សេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២៣ ដែលស្ថិតក្នុងរង្វង់ប្រមាណ៥,៦ភាគរយ និងការព្យាករណ៍ថានឹង​​​មាន​​កំ​ណើ​​​​​ននៃការការងើបឡើងវិញនៃសេដ្ឋកិច្ច​ក្នុង​រង្វ​ង់​​៦,៦ភាគរយ នៅឆ្នាំ២០​​៤នេះ។ហេ​តុដូច្នេះ​តាមរ​​យៈ​និ​ន្នា​​​​​កា​​រដ៏ល្អនេះ នៅឆ្នាំ២​​០២៨ខា​ងមុ​​ខ​​​ សេ​​ដ្ឋ​​​កិ​​ច្ច​​កម្ពុ​ជាអាចនឹងរក្សាបាននូ​វអត្រាខ្ពស់របស់​ខ្លួនដូចមុ​​នផ្ទុះ​​​ជំ​​ងឺកូវីដប្រមាណ ៧ភាគរយ។

លោកបន្តថា៖«អាស៊ានបានក្លាយជាសេដ្ឋកិច្ចធំជាងគេទីប្រាំនៅលើសាកលលោក។កម្ពុជាអាចរក្សាកំណើនអត្រាសេដ្ឋកិច្ចខ្ពស់៧ភាគរយក្នុងរយៈពេល២ទស្សវត្ស៍កន្លងទៅ។នៅក្នុងឆ្នាំ២០២៨ សេដ្ឋកិច្ចកម្ពុជានឹ​​ងើបឡើងវិញក្នុងរង្វង់៧ភាគរយ ដូចមុនការផ្ទុះជំងឺកូវីដ១៩ »។

ទាក់ទងបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នីយល់ឃើញថាការកៀ​​ករអ្នក​​វិនិ​យោ​គិ​នដូចអ្វីដែលរដ្ឋាភិបាលកំពុងតែអនុវត្តនេះ វាពិតជាមធ្យោបាយល្អ សម្រាប់ជួយស្តា​​រសេដ្ឋកិច្ច​កម្ពុ​​ជា ឱ្យងើបឡើងវិញ។ប៉ុន្តែលោកមើលឃើញថា បញ្ហាសេដ្ឋកិច្ចគាប់គាំងនេះភាពជាក់ស្តែងនៅតាមមូលដ្ឋាន និ​​ង​អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម នៅតែជួបបញ្ហាដោះមិនចេញចំពោះ​​សេដ្ឋកិច្ចប្រចាំថ្ងៃ​នេះ​​​​។

លោកបន្តថា៖«ការចលករនៅធុរ:កិច្ចអោយមកកាន់ប្រទេសកម្ពុជាដើម្បីមកវិនិយោគនេះវាមានសារ:សំ​​ខាន់​​​ណាស់សំរាប់សេដ្ឋកិច្ចកម្ពុជាហើយយើងដឹងហើយថាបច្នុប្បន្នទោះបីកម្ពុជាបានអះអាងថាសេដ្ឋកិច្ចរប​​ស់​​​ខ្លួនកំពុងតែមានកំណើន ឡើងវិញហើយក៏ប៉ុន្តែតាមមូលដ្ឋានជាក់ស្តែងគឺយើង ដឹងថាគឹមានភាពលំ​​បាកនៅឡើង ហើយឃើញថាសម្បីតែផ្នែកខាងវិស័យអចលនទ្រព្យហ្នឹងនៅច្រើនរយកន្លែងគឺនៅតែមិនទាន់មានការឡើងវិញនៅឡើយ »

បើទោះជាបែបណា សម្រាប់លោកបណ្ឌិត មាស នី នៅតែមើលឃើញថាអំពើពុករលួយបន្តចាក់ស្រេះ និ​ង​​អំ​​​ពើឧក្រិដ្ឋកម្មផ្សេងៗ ដែលកើតឡើងក្នុងពេលកន្លងទៅនេះ តាមរយៈលំហូរជនជាតិចិន បានបង្កើត​​ជា​​​​កា​​រ​​​ភ័យខ្លាចនិងជារនាំង​ចំពោះអ្នកវិនិយោគិនដែលរកស៊ីស្មោះត្រង់ និងប្រកាន់គោលការណ៍សុចរិតភាព។

បើតាមលោកបណ្ឌិត មាស នី នៅចំពោះមុខនេះដើម្បីធានាថាកម្ពុជាមានស្ថិរភាពទាំងផ្នែកសេដ្ឋកិច្ច និងបរិ​​យា​​កាសទូទៅ ជាពិសេសការកសាងជំនឿចិត្តពីអ្នកវិនិយោគ គឺមានតែពង្រឹងបង្កើនធនធានមនុស្ស​ប្រកប​ដោ​​យគុណភាពទេ ទើបអាចទាកទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាបាន។

លោកបន្តថា៖« រឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះគឹយើងឃើញថាប៉ុន្មានថ្ងៃនេះ មានរបាយការណ៍ឃើញការចេញពីឥណ្ឌាមកទៀត​ ពួកឧក្រិដ្ឋជនឥណ្ឌាបាននាំយកទីតាំងកម្ពុជា ដួចជាកន្លែងសំរាប់ប្រព្រឹត្តឧក្រិដ្ឋកម្មជនដូរមនុស្ស មានជនជាតិឥណ្ឌាច្រើនពាន់នាក់ កំពុងទទួលតាមមធ្យោ​​​​នៅ​​ក្នុ​​ងប្រទេសកម្ពុជាឬ​​តាម​​រយះការប្រើជំរកកម្ពុជាសំរាប់អំពើប្រព្រឹត្តឧក្រិដ្ឋកម្ម ទាំងអស់បាទនេះជាកត្តាសំខាន់មួយដែល អាចនឹងការពារក្រុមអ្នកវីនិយោគទុនពីខាងក្រៅអោយចូលមកក្នុងប្រទេស » ។

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍​ លើកឡើងថាដើម្បី​​អាចធា​​នា​ដ​ល់​​​​​និរន្តភាពនៃលំហូរសេដ្ឋកិច្ច គឺកម្ពុជាមានតែបង្កើនកិច្ចសហការបន្ថែមទៀត ជាមួយបណ្តាប្រ​ទេស​​ក្នុង​​តំ​​បន់អាស៊ានធ្វើយ៉ាងណាជំរុញឱ្យការនាំចេញផលិតផលសម្រេចរបស់កម្ពុជាកើនឡើងទាំងពហុភាគី និង​​ទ្វេ​​​ភាគី។

លោកបន្តថា៖«ចំពោះការកិច្ចបជ្រុំអាស៊ានកម្ពុជា ឆ្នាំ២០២៤នេះយើងឃើញថាអ្វីដែលប្រទេសកម្ពុជាត្រូ​​​​​ការគឺការជំរុញប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជាអាស៊ានយើ​​ងដឹងថាពាណិជ្ជកម្មកម្ពុជានៅលើ​​បណ្តាលសកលលោកគឺអាស៊ានជាប្រទេសទីពីធំបំផុតនៅទីផ្សា​​កម្ពុជា ដូច្នេះការបើកកិច្ចប្រជុំគឺរួមចំ​​​ណែកជួយសំរួលពាណិជ្ជកម្មរវាងប្រទេសកម្ពុជានឹងបណ្តាលប្រទេសអាស៊ានជាពិសេសគឺប្រទេសជិតខាងដែលមានប្រទេសថៃ និងវៀតណាមផងដែ​ ដែលជាទីផ្សារដ៍ធំរបស់ប្រទេសកម្ពុជា »

ជាមួយគ្នានេះ ប្រភពដដែលបន្តថា ជាការសង្កេតគឺប្រភេទទំនិញ ឬមុខរបរខ្លះធ្លាក់ចុះ តែក៏មានមុខរប​​រខ្លះ​​បន្ត​ងើបឡើងវិញបណ្តើរៗដែរ។លើសពីនេះទៅទៀត ការនាំចេញមុខទំនិញ ឬ​ផលិតផលដែល​​កម្ពុជាកំពុ​​ង​​​​តែមា​​នដូចសព្វថ្ងៃនេះ សម្រាប់ឆ្នាំ២០២៤នេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ បញ្ជាក់ថា​​មានដូច​​ជាប្រ​ភេ​ទក​ង់​​​មានកំណើននៃការនាំចេញបាន ១៥ភាគរយ សំបករថយន្ត៣០ភាគរយ គ្រឿងបង្គុំអគ្គិសនី និងគ្រឿង​​ប​ង្គុំ​​រថយន្តមានកំណើន១០ភាគរយ។

ក្រៅ​​ពីនេះ ទំនិញដែលដឹកឆ្លងកាត់តាមរយៈកុងទឺន័រទាំងកំពង់ផែភ្នំពេញនិងក្រុងព្រះសីហនុ នៅតែអាច​​រក្សា​​​​កំណើនរបស់ខ្លួនចន្លោះពី ២០ ទៅ២១ភាគរយ។

យ៉ា​ង​នេះក្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សង្ឃឹមថាតាមរយៈច្បាប់ស្តី​​ពីការវិនិយោគដែល​​មានស្រា​ប់​​នេះ​ កម្ពុជានឹងអាច​ស្តារមុខមាត់សេដ្ឋកិច្ចរបស់ខ្លួនបានប្រសើរឡើងវិញ ដូចមុនឆ្នាំ២០១៩។

ធានាពិភពលោក (World Bank) ធ្លាប់បានព្យាករអំពីសេដ្ឋកិច្ចកម្ពុ​​ជាកាលពីចុង​​ឆ្នាំ២​០​​២​​២ថា បើទោះ​​ជា​​​​​​សេ​​ដ្ឋកិច្ច​​របស់ប្រទេសកំពុងអភិវឌ្ឍន៍មួយ​នេះ ហាក់ងើបឡើងវិញប្រមាណ៤,៨ភាគរយ បើធៀបនឹ​​ងកា​​​​រព្យា​​​ករ​​កាលពីឆ្នាំមុនប្រមាណ ៤,៥ភាគរយក្តី ក៏កម្ពុជានៅបន្តជួបការលំបាក និងជំនៈនឹងវិបត្តិ​​សេដ្ឋកិច្ច​​សា​​​​​​កលបន្តទៀត ទើបអាចស្តារឱនភាពសេដ្ឋកិច្ចនេះបាន។

នៅមុនការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះ អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) និងអង្គការ​​សម​​ធ​ម៌​​​កម្ពុជា បានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយបង្ហាញពីការសិក្សា​​ស្រា​​​វជ្រាវរបស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ រកឃើញពលរដ្ឋជិត៣ម៉ឺនគ្រួសារ ត្រូវបង្ខំចិត្តបន្ថយរបបអាហា​​រ។​ដោយឡែកកុមារជិត១ម៉ឺននាក់ ត្រូវបង្ខំចិត្តបោះបង់ការសិក្សា ដោយសារគ្រួសារមានវិបត្តិជា​​ប់បំណុ​លធា​​នា​​​​គារ

របាយការណ៍ដដែលបន្តថាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​លើស​ពី​៨០​ភាគរយ​ ត្រូវជាប់​បំណុល​ធនាគារ​យ៉ាង​តិច ១ស្ថាប័ន​ ក្នុង​នោះ​ពលរដ្ឋ​២ ភាគ៣ នៃអ្នកជំពាក់បំណុលអះអាង​ថា ពួកគេ​ជាប់​បំណុល​លើស​ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់វិញ៕

Latest News