fbpx
Home Blog Page 4

មេធាវីការពារសិទ្ធ​ឱ្យ​សកម្មជនចលនាមាតាធម្មជាតិ បានដាក់លិខិតសុំពន្យាពេលចូលបំភ្លឺនៅតុលាការ

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ឱ្យដឹង​ថា មេធាវីការពារក្តីរបស់ពួកគេ​ បានដាក់លិខិ​ត​ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើ​សុំពន្យាពេលក្នុងការចូលរួមសវនការ លើសំណុំរឿង​ ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ­­­­ក្រោមហេតុផលថា ពួកគេ​​មិនទាន់ត្រៀមខ្លួនរួចរាល់ដោយសារ​ទើបតែទទួលបាន​លិខិត​អញ្ជើញ។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញលិខិត​អញ្ជើញលោក សំ ចំរើន មេធាវីការសិទ្ធិឱ្យ​សកម្មជន​ចលនាមាតាធម្មជាតិចំនួន ៧រូប ឱ្យ​ចូល​ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីការពារសិទ្ធិឱ្យកូនក្តីរបស់ខ្លួនក្នុងសវនាការ លើសំណុំរឿង ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ។ ប៉ុន្តែបើតាមក្រុមសកម្មជនចលនាមាតាធម្មជាតិ មេធាវីរបស់ពួកគេ​ទើប​តែ​ទទួល​បាន​លិខិត​អញ្ជើញនោះ នៅថ្ងៃទី២២ ខែមេសា។

សកម្មជនចលនាមាតាធម្មជាតិទាំង ៧រូបនោះ រួមមាន កញ្ញា ស៊ុន រដ្ឋា, កញ្ញា ឡុង គន្ធា, លោក យឹម លាងហ៊ី, លោក ថុន​ រដ្ឋា,​ កញ្ញា ភួន កែវរស្មី, លោក លី ចាន់ដារ៉ាវុត និង​លោក​ អេឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិសសិន ដែលជាស្ថាបនិកអង្គការចលនាមាតាធម្មជាតិ។​

លោក ថុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិ បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសានេះ​ថា​ មេធាវី​ការ​ពារ​ក្តីឱ្យ​សកម្មជនទាំង៧រូប បានដាក់ពាក្យស្នើសុំទៅ​ចៅក្រមជំនុំជម្រះ កាលពីថ្ងៃទី​២២ ខែមេសា ដើម្បីសុំ​ពន្យាពេលសវនាការ ដោយ​សារតែ​ពួកគេទើប​តែឃើញលិខិត​អញ្ជើញ​នោះនៅថ្ងៃម្សិលមិញ ហើយ​មក​​ដល់​ពេល​នេះ​ពួក​គេ​នៅមិនទាន់ទទួលបានលិខិតនោះផ្ទាល់នៅឡើយ។

លោកមានប្រសាសន៍ថា៖ «ស្អែកនេះ[ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤]ពួកខ្ញុំទាំង ៦នាក់ ដែលមាន[ឈ្មោះ​]នៅក្នុងដីកានេះ ទាំង​មេធាវី​របស់ពួកយើង គឹពួកយើងមិនទៅ​សវនាការជំនុំជម្រះនោះទេ ដោយសារតែយើងមិនទាន់បានរៀបចំខ្លួនរួចរាល់នៅក្នុងការចូលរួម។ មួយវិញទៀត ក្នុងនាមជាជនត្រូវចោទ ក៏មិនទាន់ទទួលបានដីកាផ្ទាល់ដៃដែរ អីចឹងយើងអត់ទៅចូលរួមសវនាការនោះទេ»។

ករណីនេះ លោកស្នើឱ្យតុលាការ​ផ្តល់ពេលវេលាគ្រប់គ្រាន់​សម្រាប់ពួកគាត់ ក្នុងកា​រចូលរួមសវនាការ​​ ជាជាង​ចេញ​លិខិត​អញ្ជើញ​​មក ប៉ុន្តែមិនបានបញ្ជូនមកកាន់ពួកគេ ដែលធ្វើឱ្យពួកគេមិនអាចជជែកជាមួយមេធាវី និង​​ត្រៀម​ខ្លួន​ជាមុន​​បា​ន។

ជាមួយគ្នានេះដែរ លោក ថុន រដ្ឋា យល់ថា ការដែលតុលាការនៅបន្តចោទប្រកាន់ពួក​គេ​បែបនេះ​ ជាការ​រំលោភ​សិទ្ធិសេរីភាពរបស់ពួកគេ​​យ៉ាង​ធ្ងន់​ធ្ងរ និង​មិនមានអ្វីចំណេញអ្វី​មកកាន់ជាតិ និង​រដ្ឋា​ភិបាល​នោះ​ទេ។

ចំណែក ​លោក យឹម លាងហ៊ី ជាសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត បាន​លើក​ឡើង​​​ថា ដំណើការនីតិវិធីនៅតុលាការ ដែលនៅបន្តចោទប្រកាន់ពួកគេនេះ ជារូបភាពមួយគំរាម​​គំហែង និង​ជា​ការ​​បន្លាចដ​ល់មនសិកា និង​ស្មារតីរបស់​សកម្មជន និងយុវជនផ្សេងៗ​ទៀតដែលធ្វើសកម្ម​ភាព​ការ​ពារបរិស្ថា​ន។

លោកថ្លែងថា៖ «តិចឬច្រើនចំពោះដំណើរការនៃនីតិវិធីតុលាការនេះ វានៅតែជាការបង្ហាញពីការបិទសេរីភាពលំហការ​ងារ​សង្គម​ស៊ីវិល ការ​ងារ​សកម្មជនសិទ្ធិមនុស្ស បរិស្ថាន។ រដ្ឋាភិបាលកម្ពុជា មានការរិតត្បិត»។

លោកបន្ថែមថា៖ «មែនទែនទៅពិភពលោកហាក់ទទួលស្គាល់ទៅអំពីភាពសកម្ម នៃការងារដើម្បីបរិស្ថានរបស់សកម្មជនយុវជនមាតាធម្មជាតិ ដូច្នេះទេអាជ្ញាធរ ឬតុលាការគួរតែទម្លាក់បទចោទទាំងអស់ ដែលមានលើសកម្មជនមាតាធម្មជាតិ[…] ដើម្បីបង្ហាញថា រដ្ឋាភិបាលកម្ពុជាក៏មានការលើកទឹកចិត្ត ចំពោះយុវជនដែលចូលរួមការងារសង្គមជាតិ ការងារបរិស្ថាន​ដែរ»។

លោកមេធាវី សំ ចំរើន និងលោក សាម សុគន្ធា ដែលជាមេធាវីការពារក្តីឱ្យ​សកម្មជន​មាតាធម្មជាតិ បាន​​​បដិសេធអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ។​

Newsroom Cambodia ក៏​មិនអាចសុំការឆ្លើយតប​ពី​​អ្នកនាំពាក្យ​​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ​ នៅថ្ងៃអង្គារនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បានឱ្យដឹងថា ​មេធាវីដែលការពារក្តីឱ្យ​សកម្មជនទាំងនោះ បានដាក់ពាក្យសុំពន្យាពេល ដោយសារ​ពួកគាត់ជាប់​ភារកិច្ចផ្សេងនៅថ្ងៃសវនាការនោះ។ ជាមួយគ្នានេះដែរ លោកបានស្នើឱ្យតុលាការ​ពិនិត្យ​ឡើងវិញ ដើម្បីធានាថាដីកាកោះ​របស់តុលាការ គឺប្រើនីតិវិធីក្នុងការបញ្ជូនទៅអ្នកពាក់ព័ន្ធក្នុងសំណុំរឿង​បាន​លឿន និង​មានពេលវេលាគ្រប់គ្រាន់សម្រាប់​ជនជាប់ចោទ និងមេធាវីការពារ​ក្តីរបស់ពួកគេ អាច​ត្រៀមខ្លួនចូលរួម​ទៅ​តាមនីតិវិធីរបស់តុលាការ ។

លោកថ្លែងថា៖ «សវនាការនេះ​ជិតដល់ថ្ងៃហើយ យុវជនទាំង៦នាក់ មិនទាន់បានទទួលដីកាកោះ ចំណែក​មេធាវី​ទើបទទួល​លិខិតអញ្ជើញ ដូច្នេះពេលវេលានេះមិនគ្រប់គ្រាន់សម្រាប់យុវជនទាំង ៦នាក់ និងមេធាវី ដើម្បីត្រៀមខ្លួនចូលរួមសវនាការ​ទេ ដូច្នេះតុលាការ​គួរពិនិត្យឡើងវិញលើនីតិវិធី និងមធ្យោបាយក្នុងការបញ្ជូនដីកា ដើម្បីឱ្យយុវជនទាំង ៦​នាក់ និងមេធាវីទទួលដីកាបាននូវពេលវេលាសមស្របមួយ ក៏ដូចជាសំណុំរឿងផ្សេងៗទៀតផងដែរ»។

កាលពីខែមិថុនា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន កញ្ញា ស៊ុន រដ្ឋា និង​​លោក យីម លាងហ៊ី ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថចំពោះអង្គ​​ព្រះមហាក្សត្រ ខណៈ​​លោក លី ចាន់ដារ៉ាវុត ត្រូវ​បាន​តុលាការ​​ចោទ​ពី​បទ «រួមគំនិតក្បត់» និង «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» ដែរ ក្រោយ​​​ធ្វើ​វីដេអូ​​ទាមទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​​លើ​​សកម្មជន​​បរិស្ថាន។ ក្នុង​សំណុំរឿង​ក្ដី​នេះ​ដែរ កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និង​លោក ថុន រដ្ឋា ក្នុង​​ពេល​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ តុលាការ​ក៏​បាន​ចោទ​ប្រកាន់​ពួក​គាត់​មួយ​បទ​ល្មើស​​ទៀត គឺ​បទ​រួម​គំនិត​ក្បត់ បន្ថែម​លើ​បទ​ចោទ​ញុះញង់ ដែល​ពួក​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០។

អង្គការចលនា​មាតាធម្មជាតិ ដែលមានទីតាំងនៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងដឹកនាំដោយ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសសម្រេចលុប​ចោល​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពមួយចំនួនប្រឆាំងទៅនឹងគម្រោង​សាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង និង​​ប្រឆាំង​ការ​បូម​ខ្សាច់​នៅក្នុងខេត្តកោះកុង ដែលអាជ្ញាធរអះអាងថាល្មើសច្បាប់នៅកម្ពុជា៕

គណបក្សកម្លាំងជាតិ ធ្វើបាតុកម្មទាមទារឱ្យស្ថាប័នពាក់ព័ន្ធ​ដោះលែងសមាជិក​បក្ស​របស់ខ្លួន ២រូប

សមាជិកគណបក្សកម្លាំងជាតិប្រមាណ ២០០​នាក់ បាន​ធ្វើបាតុកម្ម​ដោយ​សន្តិវិធីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤​នេះ​​ ទាម​ទារ​ឱ្យតុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ទម្លាក់ការចោទប្រកាន់ និង​​​​ដោះលែង​ថ្នាក់ដឹកនាំប្រចាំខេត្តកំពង់ស្ពឺ និងកំពង់ចាម​នៃ​គណបក្សកម្លាំងជាតិ គឺ​លោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊។

ការធ្វើបាតុកម្មនៅទីស្នាក់ការគណបក្សកម្លាំងជាតិ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ បានធ្វើឡើងក្រោយ​ពីមានការចាប់ខ្លួនថ្នាក់ដឹកនាំ​គណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊ ដាក់ក្នុងពន្ធនាគារ។ លោក អ៊ុ វីរៈរដ្ឋ ជាមន្រ្តីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ខណៈ​​លោក មឺ សេងហ៊ ជាអនុប្រធានក្រុមការងារបណ្តោះអសន្នរបស់គណបក្សកម្លាំងជាតិនៅខេត្ត​កំពង់​ចាម ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

អនុប្រធានក្រុមការងាររាជធានីភ្នំពេញ​នៃគណបក្សកម្លាំងជាតិ លោក ឈួ ផេង បានឱ្យដឹង​ថា ការ​ធ្វើ​បាតុកម្មនេះ ក្នុងគោលបំណងសុំឱ្យមានការ​​ដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិទាំង​ ២រូប ដែលពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។

លោកថ្លែងថា៖ «ការចាប់ ការចោទនេះ គឺជារឿងនយោបាយសុទ្ធសាធ មិនមែនជាការអនុវត្តច្បាប់ទេ កន្លងមក​ដូចលោក អ៊ំ វិរៈរដ្ឋ លោកនាយករដ្ឋមន្រ្តីចាស់ អគ្គមសេនាបតីតេជោ [ហ៊ុន សែន] បានសម្រួលរឿង​នេះ​ហើយ ហើយក៏បានធ្វើកិច្ចការនេះ​ជាមួយក្រសួងយុត្តិធម៌ និងតុលាការដែរ ដើម្បីដោះបន្ទុករឿងហ្នឹង តែ​មកដល់ពេលគាត់ចូលរួមជីវភាពនយោ​បាយ​ជាមួយ​គណបក្សកម្លាំងជាតិ ក៏ចោទ ហើយចាប់គាត់[…] ចំពោះលោកគា វិសាល គឺជារឿងជេរប្រមាថ មិនមែនជារឿងព្រហ្មទណ្ឌទេ យើងគិតថាជារឿងនយោបាយសុទ្ធសាធដែលចាប់ពួកគាត់ហ្នឹង»។

ជុំវិញគម្រោង​​ធ្វើ​បាតុកម្មនេះដែរ លោក ឈួ ផេង បាន​ឱ្យដឹងដែរថា កន្លងមក គណបក្សកម្លាំង​ជាតិ បាន​ជូនដំណឹងទៅអភិបាល​រាជធានីភ្នំពេញ ដើម្បីធ្វើ​បាតុកម្មដោយសន្តិវិធី​នៅ​ទីលានប្រជាធិបតេយ្យ រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ តែរដ្ឋបាល​​រាជធានី​មិន​អនុញ្ញាត ដោយបានណែនាំឱ្យធ្វើនៅទីស្នាក់ការគណបក្សកម្លាំងជាតិវិញ។ លោក​បន្ត​​ថា ដោយ​សារ​តែ​អាកាសធាតុក្តៅពេក គណបក្ស​បាន​សម្រេចថា មិនធ្វើ ៣ថ្ងៃទេ គឺ​ធ្វើតែមួយព្រឹកនៅ​​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ២០២៤នេះ។

លោកបន្ថែម​ថា៖ «យើងមិនដឹងថា តុលាការបន្ទន់ឥរិយាបទ ឬក៏ទម្លាក់បទចោទចំពោះគាត់ឬអត់ទេ តែយើងឃើញរឿងអយុត្តិធម៌ យើងត្រូវតែតវ៉ា​សម្តែងមតិក្នុងរបបប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្តែករណីនេះប្រសិនបើតុលាការយល់ថា រដ្ឋាភិបាល​នេះ ប្រជាធិបតេយ្យពិតមែន គាត់ត្រូវតែពិចារណាសំណុំរឿងពួកគាត់ឡើងវិញ»។

Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា អ្នកនាំពាក្យក្រសួងយុតិ្តធម៌ លោក ជិន ម៉ាលីន ដែរ ប៉ុន្តែមិនទទួលបានការឆ្លើយ​តប​នៅ​ឡើយ គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤​នេះ។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា គ្មានអ្នកណាមានសិទ្ធិទៅបង្គាប់បញ្ជាលើប្រព័ន្ធតុលាការនោះទេ ព្រោះអ្វីៗគឺជាឆន្ទានុសិទ្ធិរបស់​តុលាការ​ដែល​ជាអ្នកសម្រេចប៉ុណ្ណោះ។

លោកថ្លែងថា៖ «ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសច្បាប់ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មានតែស្ថាប័ន​របស់តុលាការទេ ដែលជាអ្នកសម្រេចថា បុគ្គលហ្នឹងមានទោសឬគ្មានទោស ហើយមានទោសកម្រិតណា គឺតុលាការ គ្មានបុគ្គលណាផ្សេងឬក្រុមណាមួយ អាចមកទាមទារដាក់​សម្ពាធលើតុលាការឱ្យធ្វើតាមចិត្តរបស់ខ្លួនបានទេ»។

ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ មាន​ប្រសាសន៍​ថា ជាធម្មតា នៅពេលដែលមានការចោទប្រកាន់ ការ​ចាប់ខ្លួន និងការឃុំខ្លួនថ្នាក់ដឹក​នាំ និង​សកម្មជនរបស់ខ្លួន ដោយ​គ្រាន់​តែ​ធ្វើ​សកម្មភាព​នយោបាយ គឺគណបក្សនយោបាយតែងតែចាត់ទុកថាជាការគំរាម​កំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញសកម្មភាពនយោបាយ និង​រំលោភសិទ្ធិមនុស្ស។ ជាមួយគ្នានេះដែរ លោកថា ទាំងអង្គការជាតិ ​និង​អង្គការអន្តរជាតិមួយចំនួន​ និងអ​ង្គការសហប្រជាជាតិ តែងសម្តែងការព្រួយបារម្ភ ពីស្ថានភាពនយោបាយ និងស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា​។

លោកថ្លែងថា៖ «ការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្ស នាំឱ្យមានការិះគន់ថាជាការគំរាម​​កំហែង បំភិតបំភ័យ និងការធ្វើទុក្ខ​បុកម្នេញ និងការរំលោភសិទ្ធិ និង​សេរីភាពជាមូលដ្ឋាន […] ដើម្បីកុំឱ្យកម្ពុជាទទួលបានការរិះគន់បន្ថែមទៀតទាក់ទងនឹងការធ្វើទុកបុកម្នេញ ការគម្រាមកំហែង ការប្រព្រឹត្តទៅលើសកម្មជនគណបក្សប្រឆាំង ដូចកន្លងមក អ្នកនយោបាយទាំងអស់គួរតែជជែកគ្នា តម្កល់អត្ថប្រយោជន៍ជាតិ តម្កល់អត្ថប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយ​ដោះស្រាយវិបត្តិនយោបាយសេសសល់ ដើម្បីបញ្ជប់ ធ្វើយ៉ាងណាដើម្បីស្តារនូវលទ្ធិប្រជាធិបតេយ្យ និងកាគោរពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសលំហសេរីភាពនយោបាយ»៕

សង្គមស៊ីវិល និង​សហគមន៍ព្រៃឈើចំនួន៥ ធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២ម៉ឺនគ្រាប់ ដើម្បីដាំតាមព្រំដី​សហគមន៍

អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើចំនួន៥ បានរួមគ្នាធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០​គ្រាប់ ដាំតាមព្រំដី​សហគមន៍ ដើម្បី​​បង្កើន​ពហុប្រយោជន៍ក្នុងសហគមន៍ ទាំង​ជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ។

ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD Cambodia) លោក សោម សុភក្រ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ​ថា ការធ្វើយុទ្ធនាការ​ប្រមូល​គ្រាប់ត្នោត ចំនួន ២០ ០០០គ្រាប់ យកទៅដាំនៅតាមព្រំដែនសហគមន៍ចំនួន៥ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងនោះ​មាន​សហគម​ន៍​ព្រៃឈើ​អូរសោម សហគមន៍ព្រៃឈើអូរធំ សហគមន៍ព្រៃឈើកំចាយមារ សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម។ លោកបន្ថែមថា មូលហេតុ​សំខាន់ៗ​ដែល​សម្រេច​ដាំត្នោតជាបង្គោលព្រំ ព្រោះដើម​ត្នោតមានភាពធន់ ជាងបង្គោល​ស៊ីមង់។

លោកថ្លែងថា៖ «ទី១ ដើមត្នោតងាយដុះ ធន់​ជាមួយការប្រែប្រួលអាកាសធាតុ ទី២ ដើមត្នោតមានពហុប្រយោជន៍ច្រើន តាំង​ពី​ស្លឹក ធាង ទឹក ផ្លែខ្ចីរហូតដល់ទុំ ដែលសហគមន៍អាចទាញប្រយោជន៍ជួយដល់ជីវភាពប្រចាំថ្ងៃ​របស់ពួកគាត់»។

លោក​បាន​អំពាវនាវ​​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ ចូលរួមក្នុងការស្តារព្រៃឈើទាំងអស់គ្នា ជាពិសេស ដើមត្នោតដែលជាអត្តសញ្ញាណខ្មែរ និងអាចជួយបម្រើសេដ្ឋកិច្ច វប្បធម៌របស់ប្រជាជនក្នុងមូលដ្ឋាន និង​អាច​ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាក្តីបារម្ភ នៃពិភពលោកទាំងមូល។

ប្រធានសហគមន៍​ព្រៃឈើ​អូរសោម លោកស្រី សន សុភាព បានឱ្យដឹងថា យុទ្ធនាការនេះ ចាប់ផ្តើម​តាំងពីខែមីនា និង​បញ្ចប់​នៅចុងខែមិថុនា​ ឬ​ដើមខែកក្កដា។ អ្នកស្រីបន្តថា មូល​ហេតុ​ដែលជ្រើស​រើសគ្រាប់ត្នោតមកដាំនេះ ព្រោះគ្រាប់ត្នោត មានសារៈសំខាន់ជាច្រើន។

លោកស្រីថ្លែង​ថា៖ «នេះជាសារៈប្រយោជន៍របស់យើងមួយដែរ ដោយសារនៅថ្ងៃអនាគតអាចនឹងបាត់បង់ដើមត្នោត នៅ​តាមឃុំ តាមតំបន់ដោយសារប្រជាពលរដ្ឋរាល់ថ្ងៃចេះតែកាប់ចោល ដូច្នេះយើងនឹកឃើញដាំដើមត្នោតជាបង្គោលព្រំរស់ដើម្បីការពារដីព្រៃ និងការពារព្រំមិនឱ្យមានជនល្មើសចូលមករុករានដីធ្វើជាកម្មសិទ្ធិ។ អត្ថប្រយោជន៍មួយទៀត ក៏ជួយបង្កើនជីវភាពរបស់សហគមន៍ និងជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងជីជាតិដីផងដែរ»។

អ្នកស្រីបន្តថា ការដាំដើមត្នោតនេះ ក៏ជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងជួយ​ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុផងដែរ។

លោក ទន់ មៀន ប្រធានសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម មានប្រសាសន៍ថា យុទ្ធនាការប្រមូល​គ្រាប់ត្នោត ២០ ០០០គ្រាប់ ដើម្បី​​ដាំតាម​ព្រំប្រទល់ព្រៃសហគមន៍​នេះ នឹង​ចាប់​ផ្តើម​នៅ​រដូវគ្រាប់​ត្នោតជ្រុះ ហើយ​ពេលសហគមន៍ចុះល្បាត នឹង​ចាប់ផ្តើមដាំបណ្តើរ​ៗ​រហូតអស់គ្រាប់ត្នោតដែល​ប្រមូល​បាន​​។ លោកបន្ត​ថា គ្រាប់ត្នោតនេះ គឺប្រមូលពីសហគមន៍យកទៅដាំ និង​ប្រសិនបើខ្វះ អាចសុំទិញខ្លះៗពី​អ្នកដែលគាត់មិនព្រមចូលរួ​មផ្តល់ឱ្យ​។

លោកថ្លែងថា៖ «​ជាធម្មតា ក្នុងខែនេះ ត្នោតជ្រុះតែវាមិនទាន់ស្ងួតសាច់ យើង​ចេះ​តែ​បន្តប្រមូលបណ្តើរៗប្រហែល​ចុង​ខែ៦ បាន​យើង​ចាប់ផ្តើមដាំ […] ខ្ញុំរំពឹងថា នឹងអាចប្រមូលបានគ្រាប់ត្នោតគ្រប់ ២០ ០០០គ្រាប់ ដើម្បីដាំ ព្រោះសហគមន៍ខ្ញុំសម្បូរ​ដើម​ត្នោត​ដែរ»។

លោកបញ្ជាក់ថា៖ «គ្រាប់ត្នោតនេះ គឺធន់នឹងកម្តៅ ឆេះក៏វាអត់ងាប់ដែរ ដាំ​បាន​ហើយ​មា​ន​អត្ថប្រយោជន៍ច្រើនណាស់ មិនថាដើម ឬស្លឹក ស្លឹកវាយកមកប្រើប្រាស់ ស្លឹកវាយកមកប្រក់ផ្ទះក៏បាន ទឹកត្នោតអាចផឹកអាចលក់ អញ្ចឹង​អាច​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ព្រោះបង្កើតមុខរបរ ជួយដល់ប្រព័ន្ធអេកូឡូស៊ី ជួយដី ជាម្លប់សម្រាប់ជ្រកផងដែរ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា យល់​ថា​ នេះ​ជា​ការ​ចូលរួមមួយ​​​ប្រសើរ​​នៅក្នុងការ​សហការគ្នាដើម្បីភាពបៃតង និងការសម្រេចនូវគោលដៅឆ្នាំ២០៥០ ដែលកម្ពុជាជាប្រទេសអព្យាក្រឹត្យ​កាបូន និងមានគម្របព្រៃ ៦០%។

លោកថ្លែង​ថា៖ «ការដាំដើមឈើនេះ មានសារៈប្រយោជន៍ណាស់ជួយដល់ភពផែនដីរបស់យើង ជាពិសេសកាត់បន្ថយនៅកំណើនផែន​ដី ចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ពីព្រោះដើមឈើមានមុខងារ​សំខាន់​នៅ​ក្នុង​ការ​ជួយ​ស្រូបយក​នៅ​ឧស្ម័នកាបូន ឬក៏ជាតិពុលនៃបរិយាកាស និង​ជួយរក្សាទឹកនៅក្រោមដី ដែលសំខាន់សម្រាប់ជីវិតសត្វ មនុស្ស និងរុក្ខជាតិផ្សេងៗ​»។

លោកបន្ថែមថា ដើមឈើបានផ្តល់សារៈប្រយោជន៍ជាច្រើនសម្រាប់ប្រើប្រាស់ និង​លើក​កម្ពស់ជីវភាព​របស់ប្រជាលរដ្ឋ ដូចជាដើមត្នោត ដែលបានផ្តល់ទេសភាព និងទាក់ទាញ​ភ្ញៀវទេស​ចរមក​ទស្សនា និងផ្តល់ជាសម្ភារៈ​ប្រើ​ប្រាស់ និង​ស្បៀងអាហារ​ផង​ដែរ។ គួរបញ្ជាក់ថា ដើមត្នោត​មាន​កេរ្តិ៍តំណែលតាំង​ពី​បុរាណ​មក ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរបស់ប្រជាពលរដ្ឋនាសម័យមុន មិនតែប៉ុណ្ណោះ មកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានពលរដ្ឋខ្មែរគ្រប់​រូបស្គាល់ថា ដើមត្នោតជាដួងព្រលឹងរបស់អ្នកស្រែចម្ការគ្រប់រូប និងជានិមិត្តរូបជាតិខ្មែរ របស់ប្រទេសកម្ពុជាផងដែរ៕

កម្រងរូបភាព៖ «ការតាំងពិព័រណ៍ទិដ្ឋភាពនៃប្រទេសកម្ពុជាតាមរយៈគំនូរតាមវត្តអារាម»

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា ស.ស.រ នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បានបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍​ជា​ផ្លូវ​ការ​ក្រោមប្រធានបទ «ពណ៌ពី​អតីត​កាល៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា​តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)»។ ការតាំង​ពិព័រណ៍បើកឱ្យចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ និង​មាន​រយៈពេល​៦​ខែ។

ផ្ទាំងផ្សព្វផ្សាយ​អំពី​ពិព័រណ៍ក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)» នៅសារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)
ទិដ្ឋភាពទូទៅនៃពិព័រណ៍ក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)»​ នៅសារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)
យុវជន​​កំពុង​ឈរមើល​ពិព័រណ៍ក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)» នៅសារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)
យុវតីម្នាក់​កំពុង​ឈរមើល​ពិព័រណ៍ក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)» នៅសារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)
យុវតីម្នាក់កំពុងមើល​ពិព័រណ៍ក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)» នៅសារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)
អ្នកទស្សនា​​ម្នាក់​កំពុង​ឈរមើល​ពិព័រណ៍ក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)» នៅសារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)
វត្ថុ​ប្រើប្រាស់ចាស់ៗ​​ដែល​ត្រូវបាន​ប្រមូល​​ដាក់តាំង​នៅពិព័រណ៍ក្រោមប្រធានបទ «ពណ៌​ពី​អតីត​កាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)» នៅ​សារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)
កាត​រូបភាព​អនុស្សាវរីយ៍​សម្រាប់លក់នៅពិព័រណ៍ក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)» នៅសារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)
ទិដ្ឋភាពនៅខាងមុខនៃពិព័រណ៍ក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)» នៅសារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ តាំង ប៉ហ្គិច)

កម្ពុជាច្រានចោលការចោទប្រកាន់របស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ប្រចាំ​នៅទីក្រុងហ្សឺណែវ បាន​បដិសេធ និង​ច្រាន​ចោលទាំង​ស្រុង ចំពោះក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN) ដែលចោទប្រកាន់កម្ពុជាថា ធ្វើទុក្ខបុកម្នេញទៅលើ​អ្នកការពារសិទ្ធិមនុស្ស។

ការឆ្លើយតបបដិសេធបែបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួម​មួយរបស់ក្រុមអ្នកជំនាញអង្គ​ការ​សហប្រជាជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បាន​ចោទប្រកាន់កម្ពុជាថា «មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស» ក្រោយ​មាន​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ។

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជានៅទីក្រុងហ្សឺណែវ ចេញផ្សាយ​នៅថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២៤ បាន​គូសបញ្ជាក់ថា ការចោទប្រកាន់ថា កម្ពុជាបំពានសិទ្ធិសេរី​ភាព​បញ្ចេញ​មតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវីធី ដូចដែលត្រូវបានធានាដោយកតិកាសញ្ញាអន្តរជាតិស្តីពី «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)» គឺជាការភន្តច្រឡំដែលនាំឱ្យមានការយល់ខុសទាំងស្រុង ព្រមទាំង​មិនបាន​ឆ្លុះបញ្ចាំងពីតថភាពលម្ហពលរដ្ឋ និងនយោបាយនៅកម្ពុជា។

សេចក្តីថ្លែងការណ៍ដដែល បន្តថា៖ «សិទ្ធិមនុស្ស រួមទាំងសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី មិនមែនជាសិទ្ធិដាច់ខាតនោះទេ។ សិទ្ធិសេរីភាពទាំងអស់នេះ ត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវ និងដែនកំណត់ចែងដោយច្បាប់ ដូចមានកំណត់នៅក្នុងបញ្ញត្តិមាត្រា១៩(៣) មាត្រា ២១ និងមាត្រា២២(២) នៃសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស»។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តសិទ្ធិ និងសេរីភាព​តាមបែបប្រជាធិបតេយ្យ មិនអាចផ្តាច់ចេញពីនីតិរដ្ឋ ហើយគោលការណ៍នេះ ត្រូវអនុវត្តដោយស្មើភាពចំពោះប្រជាពលរដ្ឋ​ទាំង​អស់។ ​ប្រភពដដែល បន្តទៀតថា សិទ្ធិមនុស្សនៅកម្ពុជា កំពុងមានការវិវត្ត ហើយរាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សបន្ថែម​ទៀត ក្នុងព្រំដែននីតិរដ្ឋ និងស្ថាប័នទទួលខុសត្រូវ។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានចេញរបាយការណ៍​មួយ ដោយ​អំពាវនាវឱ្យ​កម្ពុជាបញ្ចប់​រាល់​ទង្វើ​នៃ​ការ​យាយី និងការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជន សង្គមស៊ីវិល ដោយអនុញ្ញាតឱ្យ​​ពួកគេអនុវត្តសិទ្ធិស៊ីវិល និងនយោបាយរបស់ពួកគេដោយសេរី។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីពួកគេសង្កេតឃើញថា ក្នុងមួយរយៈពេលចុងក្រោយនេះ សកម្មជន​នយោបាយ សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សមួយចំនួន ត្រូវបានអាជ្ញាធរកោះហៅ ឬចាប់ខ្លួនពីបទចោទនានា ពាក់ព័ន្ធនឹងកិច្ចការងារដែលពួកគេធ្វើ។

ជាក់ស្តែងដូចជាការចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ពីបទញុះញង់ បង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទមជ្ឈឹម ដែលត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ​ចាប់ខ្លួន​​ក្រោយលោក​បញ្ចេញមតិការពារ​ពលរដ្ឋរឿងវិវាទ​ដីធ្លីនៅខេត្ត​ព្រះវិហារ។

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ​ លើកឡើង​ទៀត​​ថា៖ «យើងឃើញមានការអនុវត្តដែលបំពានយ៉ាងច្បាស់លើសិទ្ធិសេរីភាពបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធីដូចដែលបានធានានៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)»។

ពួកគេបន្តថា៖ «ការដែលអនុវត្តបែបនេះ នឹងបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចការងារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយអាចរារាំងមនុស្សជាច្រើនពីការចូលរួមក្នុងបញ្ហាសិទ្ធិមនុស្ស»។

ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ ក៏​បានទទូចឱ្យ​អាជ្ញាធរកម្ពុជា​ «លុបចោលនូវច្បាប់ជាតិ ជាពិសេសក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមិនស្របតាមស្តង់ដារអន្តរជាតិ» និងចូលរួមសន្ទនាជា​មួយគណបក្សប្រឆាំង សង្គមស៊ីវិល គោរពតាមភាពចម្រុះនៃមតិ និងធានាថាច្បាប់របស់ប្រទេសស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។

ទាក់ទងនឹងករណីនេះដែរ តាមរយៈសំណេរមួយរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅព្រឹកថ្ងៃទី២១ ខែមេសានេះ បានឱ្យ​ដឹងថា នៅកម្ពុជា អ្នកតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សមួយចំនួន មិនដែលលើកយកដែនកំណត់ និងការទទួលខុសត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ មកនិយាយម្តងណាឡើយ ពោលគឺពួកគេនិយាយ​តែពីសិទ្ធិសេរីភាពគ្មានព្រំដែន។

លោកបានសរសេរបន្ថែមទៀតថា៖ «ការមិនព្រមលើកយកការទទួលខុសត្រូវ និងដែលកំណត់ដោយច្បាប់ និងដោយកតិកាសញ្ញាអន្តរជាតិមកនិយាយ គឺជាចេតនាមិនល្អដើម្បីទុកចន្លោះកេងចំណេញបម្រើឱ្យរបៀបវារៈនយោបាយ ដែលលាក់នៅពីក្រោយខ្នង ដែលធ្វើឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលនៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលបំពានច្បាប់»។

លោកក៏បានអំពាវនាវឱ្យ​អ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយ មានសេចក្តីក្លាហានក្នុងការនិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ ដែលកំណត់ដោយច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកប​ដោយ​សីល​ធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ។

លោកបានបញ្ជាក់ថា៖ «ការលាក់បាំងការពិត និងព្យាយាមការពារអ្នកប្រព្រឹត្តខុសច្បាប់ មិនត្រឹមតែមិនបានផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាការលើកទឹកចិត្តឱ្យមានការបំពានច្បាប់ និងបំពានសិទ្ធិអ្នកដទៃដែលជាប្រភពនៃភាពអនាធិបតេយ្យក្នុងសង្គមទៅវិញទេ»។

ជុំវិញករណីនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ថា ស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជា នៅតែមិនទាន់មានភាពប្រសើរឡើង ខណៈកម្ពុជាតែងតែច្រានចោលនូវការរិះគន់ទាំងឡាយពីសំណាក់អ្នកជំនាញនានា។

លោក​មានប្រសាសន៍ថា៖ «ជាធម្មតា ខ្ញុំតែងតែសង្កេតឃើញថាជាទម្លាប់ទៅហើយ នៅពេលដែលមានការរិះគន់ និងការលើកឡើងអំពីការរឹតត្បឹតសិទ្ធិសេរីភាពជាមូលដ្ឋានក្តី ការធ្លាក់ចុះនៃសេរីភាព និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្តី ភាគីកម្ពុជាតែងតែធ្វើការច្រានចោល និងបដិសេធ។ […] ខ្ញុំនៅតែមើលឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែមានចន្លោះប្រហោង និងមានបញ្ហាច្រើន ហើយក្នុងភាពមួយដែលថា សេរីភាពជាមូលដ្ឋាននៅតែមានការរឹតត្បិត ការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពសារព័ត៌មានជាដើម»។

លោកបានបន្តថា ការចោទប្រកាន់ និងការច្រានចោលទាំងឡាយ មិនមែនជាដំណោះស្រាយដែលល្អនោះទេ ហើយ​លោក​ទទូចឱ្យ​ភាគីកម្ពុជាគួរតែមើលនូវអ្វីដែលជាចំណុចខ្វះខាត និងធ្វើការកែលម្អដើម្បី​ទទួលបានផលប្រយោជន៍ច្រើន៕​

សង្គមស៊ីវិលសាទរផែនការនារីរតនៈថ្មី​ ហើយចង់ឃើញមានការអនុវត្ត​ទូលំ​ទូលាយ

មន្ត្រីសង្គមសុីវិលបង្ហាញការសាទរចំពោះ​«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»ថ្មី ដែល​មាន​​ចក្ខុវិស័យលើកកម្ពស់​សមភាព​យេនឌ័រ ក៏ប៉ុន្តែក្រុមសង្គមសុីវិលចង់ឃើញ មានការអនុវត្តផែនការនេះឲ្យបាន​ទូលំ​ទូលាយ និងមានប្រសិទ្ធិភាព។ ការលើក​ឡើងនេះ កើតមានក្រោយក្រសួង​កិច្ចការនារី បានដាក់សម្ពោធ​«ផែនការយុទ្ធសាស្រ្ត​នារី​រតនៈទី៦» កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។

ផែនការ​យុទ្ធសាស្ត្រ​៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-​២០២៨នេះ គឺជាផែនការមេដើម្បីបង្កើន​ការប្តេជ្ញាចិត្ត​រួមគ្នាពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន​សង្គមស៊ីវិល​ផងដែរ ដើម្បី​លើកកម្ពស់​ ​ចក្ខុវិស័យ​សមភាព​យេនឌ័រ និង​បង្កើនភាព​អង់អាច​ដល់ស្ត្រី​នៅកម្ពុជា។

នារីរតនៈទី៦ ផ្តោតសំខាន់លើការបញ្ជ្រាបយេនឌ័រអាទិភាពចំនួន៦ រួមមាន ទី១ បង្កើនភាពអង់អាច​ផ្នែកសេដ្ឋកិច្ច​របស់ស្ត្រី ទី២ លើកកម្ពស់​សីលធម៌​សង្គម តម្លៃស្ត្រី​និង​គ្រួសារ​​ខ្មែរ ទី៣ លើកកម្ពស់​សុខុមាលភាព​របស់ស្ត្រី​និងក្មេងស្រី ទី៤ កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​ស្ត្រី​និងក្មេងស្រី ទី៥ ស្ត្រីក្នុ​ងភាពជា​អ្នកដឹកនាំ​និងអភិបាលកិច្ច និងទី៦ ស្ត្រី​និងការប្រែប្រួល​អាកាសធាតុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី១០ ខែមេសា។

ញូស៍រូម​ខេមបូឌា (Newsroom Cambodia) បានសម្ភាស​ស្ថាប័ន​សង្គមស៊ីវិល​ដែលមាន​ចក្ខុវិស័យ​ក្នុងការ​លើក​កម្ពស់​​សិទ្ធិមនុស្ស និងសមភាព​យេនឌ័រ ជាពិសេស​លើកកម្ពស់​​សិទ្ធិស្ត្រី​និ​ង​ក្មេង​ស្រី​អំពីទស្សនៈរបស់ពួកគាត់ជុំវិញ​​គោលនយោបាយថ្មី​​នេះ។​

កញ្ញាឈុន ចរិយា នៃអង្គកា​រ​​​នារីដើម្បី​​សន្តិភាព​(WPM) បានបង្ហាញ​​ពីចំណាប់​​អារម្មណ៍វិជ្ជមាន​ ដែល​ក្រសួង​​​កិច្ចកា​រនារី​​ប្រមូលសម្លេង​​ពីគ្រប់​​តំណាង​ពាក់ព័ន្ធ ជាអាទ៍​នគរបាល មេធាវី អង្គការ​​​​សង្គមស៊ីវិល។ កញ្ញាថា ការណ៍នេះបង្ហាញ​​ពីការវិនិយោគ​​ជាប្រព័ន្ធ​ចំពោះធនធានស្ត្រី​នៅ​​កម្ពុជា ក៏ប៉ុន្តែនៅខ្វះការរំលេចការដាក់បញ្ចូលក្រុមភាគតិច ឬជនជាតិ​​ដើមភាគ​តិច។

កញ្ញាថា៖ «ទោះបី​ជា​មាន​ការប្រមូល​​ធាតុចូល​​យ៉ាងណា​​ក៏ដោយ ក៏យើង​ហាក់​​មិនឃើញ​​ពីការមិនទាន់​​បញ្ជាក់​​និងបង្ហាញ ក្រុមភាគតិច ឬជនជាតិ​​ដើមភាគ​តិច​ទៅក្នុង​​សកម្មភាពគន្លឹះ​នៅឡើយទេ ដោយសារតែ​នៅក្នុង​សៀវភៅ​ប្រើពាក្យ​បរិយាបន្ន​តែម្តង មិនបានរំលេច​ក្រុមភាគតិច ឬក្រុម​ងាយរងគ្រោះ​បន្ថែមទេ»។

កញ្ញាកត់សម្គាល់ឃើញថា ផែនការថ្មី​បានដាក់​បញ្ចូល​យុទ្ធសាស្រ្ត​ទាក់ទងនឹងសីលធម៌សង្គម និងតម្លៃស្រ្តី ក៏ប៉ុន្តែមិនបានកំណត់ជាក់លាក់​ពីនិយមន័យ​នៃពាក្យ​តម្លៃស្រ្តី។

កញ្ញាថា៖ «អ្វីដែល​គួរអោយ​កត់សម្គាល់​បន្ថែមទៀត គឺនៅក្នុង​ផែនការថ្មី​បានដាក់​បញ្ចូល​យុទ្ធសាស្រ្ត​ទាក់ទងនឹងសីលធម៌សង្គម និងតម្លៃស្រ្តី ដែលជា​កង្វល់​របស់ខ្ញុំ​ផ​ងដែរ។ ដោយសារតែ​មិនទាន់ដឹង​ជាក់លាក់​ពីការកំណត់​និយមន័យ​នៃពាក្យ​តម្លៃស្រ្តី​នៅក្នុងនេះ ហើយអ្វី​ដែលជា​ក្តីកង្វល់​ គឺការដាក់​គំនៀប​ដល់ស្រ្តី​បន្ថែមទៀត»។​

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា(TI) បាន​អបអរសាទរ​ដល់ក្រសួង​កិច្ចការនារី​ដែលមាន​ការជជែក​ពិភាក្សា​ជាមួយ​ដៃគូពាក់ព័ន្ធ​ ជុំវិញ​គោលនយោបាយ​នារី​រតនៈ​ទី៦នេះ។ ប៉ុន្តែលោក ចង់ឱ្យ​មានការពង្រឹ​ង​សិទ្ធិអំណាច និងប្រើប្រាស់​អំណាច​នៃកម្លាំង​ចលករ​​ស្ត្រី​ឲ្យសាកសមជា​អ្នកទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា ជាពិសេសតួនាទីនិង​តំណែង​ក្នុង​ការ​សម្រេច​ចិត្ត។

លោក ប៉ិច ពិសី បន្ថែមថាការរៀបចំកូតា និងការរៀបចំការគាំទ្រដោយចំពោះដល់ស្ត្រី គឺ ជាការចាំបាច់​ដែលជំរុញឲ្យ​ស្ត្រីចូលរួម​សម្រេច​គោលនយោបាយ​សំខាន់​របស់ជាតិ។

លោកមាន​យោបល់ថា៖ « យើងដឹង​ហើយ មានស្ត្រី​ច្រើនធ្វើការ​ក្នុងស្ថាប័ន​សាធារណៈ ភាគ​ច្រើ​ន​​គាត់គ្រាន់តែជា​អ្នកបច្ចេកទេស Support (គាំទ្រ) អ្នកគាំពារ​គេទេ។ បើសិនជា​ក្រសួង​កិច្ចការនារី ឬរដ្ឋាភិបាល​អាចរៀបចំ​កូតា(កំណត់ចំនួន ឬបរិមាណ) សម្រាប់​ផ្ដល់សិទ្ធិ​ឱ្យក្មេង​ស្រី​និងស្ត្រី​នៅ​គ្រប់​ស្ថាប័ន​សាធារណៈ ខ្ញុំគិតថា​ជារឿងមួយ​ល្អណាស់។ ព្រោះបើ​យើង​អត់កំណត់​កូតាទេ តាមធម្មតា​ការប្រកួតប្រជែក​ផ្អែកលើ​ចំណេះដឹង ភាគច្រើន​ដោយសារ​ស្ត្រីខ្វះ​បណ្ដាញ ខ្វះជំនាញ​ផ្សេងផង ហើយលក្ខខណ្ឌ​សមស្រប​របស់គាត់​មិនសូវ​ដូចបុរសដែរ លក្ខខណ្ឌគ្រួសារ លក្ខខណ្ឌ​សង្គមហ្នឹង»។​

អ្នកស្រី ស៊ុន ម៉ាលី ប្រធាន​ផ្នែកស្ត្រី​នៃសមាគម​អាដហុក(ADHOC-Cambodia)ថា ផែនការ​យុទ្ធសាស្រ្ត​នារីរតនៈ​ទី៦នេះ បានគ្របដណ្ដប់​ទៅលើ​យេនឌ័រ និងភាពអង់អាច​ក្លាហាន​របស់ស្រ្តី ។ កន្លងមក​សមាគម​អាដហុក​ក៏ធ្លាប់ចូលរួម​ជាសម្លេង​ក្នុងការប្រមូល​ធាតុចូល ទាំង​សេចក្ដីព្រាង​ផែនកា​រ​យុទ្ធសាស្រ្តនេះ និង​ការរៀបចំ​ក្រុមការងារ​រៀបចំ​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​លើយេនឌ័រ ។

អ្នកស្រី​ថ្លែងបន្តថា៖ « ប្រសិនជា​ការអនុវត្ត​ទៅតាម​ផែនការ​ដែលបានកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្រ្តនេះ បានអនុវត្ត​ទាំងអស់គ្នា​ដោយមាន​ការចូលរួម​ពីអង្គការ​សង្គមស៊ីវិល​ក៏ដូចជា​ខាងក្រសួង​​ពាក់ព័ន្ធ​ដែលមាន​អន្តរក្រសួង​ដែលជា​សមាជិក​ក្រុមការងារ យើងនឹង​មាន​ការ​ឆ្លើយ​តប​នឹងអ្វី​ដែលយើងបាន​រកឃើញ អ្វីដែល​យើងខ្វះខាត​ដើម្បី​ឆ្លើយតប ហើយក៏ជា​តម្រូវការ​ជាក់ស្ដែង​របស់ស្រ្តី និងកុមារ»។

អ្នកស្រី អេង ចាន់ឌី នាយិកា​នៃអង្គការ​យេនឌ័រ និងអភិវឌ្ឍន៍​ដើម្បី​កម្ពុជា​(GADC) ថា ដើម្បីឆ្លើយតប​ទៅតម្រូវការនិងស្ថាភាព​ជាក់ស្ដែង ពិសេស​លុបបំបាត់​គម្លាតយេនឌ័រ គ្រប់ស្ថាប័ន​​ត្រូវ​អនុវត្តតាមយុទ្ធសាស្រ្ត​នេះ ​មិនមែនគ្រាន់តែក្រសួង​កិច្ចការនារីនោះទេ។

អ្នកស្រី​ថ្លែងថា៖ «ផែនការ​យុទ្ធសាស្រ្ត​នឹងអាច​កាន់តែមាន​ប្រសិទ្ធិភាព​ទៅមុខទៀតលុះត្រា​តែក្រសួង​នីមួយៗ គាត់ដឹងថា​គាត់មាន​តួនាទី​អីគេខ្លះ​នៅក្នុងហ្នឹង។ ហើយខ្ញុំ​ឃើញថា ផែនការនារី​រតនៈទី៦នេះ គឺមាន​រំលេច​ច្រើនណាស់​ទាក់ទង​ជាមួយនឹង​ការតាមដាន​ត្រួតពិនិត្យ​និងវាយតម្លៃ បានឆ្លុះបញ្ចាំង​ឲ្យឃើញថា តើយើង​ពេលធ្វើ​សកម្មភាព​ទៅអាច​ដើរតាម​ផ្លូវណា នៅក្នុង​ការធ្វើវា​ឲ្យបាន​ជោគជ័យ បូករួម​ទាំងបញ្ចូល​ថវិការ​នៅតាម​ក្រសួង​នីមួយៗ​ផងដែរ»។

គួរបញ្ជាក់ផងដែរថា ការពង្រឹង​វិសាលភាព​ក្នុងការ​បញ្ជ្រាប​យេនឌ័រ ការពង្រីក​កម្មវិធី​ផ្លាស់ប្ដូរ​ឥរិយាបថ​និងផ្នត់គំនិត​សង្គម ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់ស្ត្រី​នៅគ្រប់កម្រិត ការពង្រឹងភាព​អង់អាច​ផ្នែកសេដ្ឋកិច្ច​របស់ស្ត្រី ទី៥ លើកកម្ពស់​ការការពារ​សិទ្ធិមនុស្ស​និងកាត់បន្ថយ​ហិង្សាយេនឌ័រ ព្រមទាំងការពង្រឹង​ការធ្វើ​អភិបាលកិច្ច​និងធ្វើ​ទំនើបកម្ម​ក្រសួង​កិច្ចការ​នារី និងអង្គភាព​ចម្រុះ ឱ្យក្លាយជា​រដ្ឋបាល​សាធារណៈ​និងឌីជីថល​ទំនើប គឺជាគោលបំណងចម្បងៗនៃ​«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»នេះ៕

រាជរដ្ឋាភិបាលអនុម័តគម្រោង​​​រំដោះទឹកជំនន់​នៅរាជធានីភ្នំពេញ ដែលចាយ​​ថវិកា​ប្រមាណ៣០០​លាន​ដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងឱ្យ​ដឹងថា រាជរដ្ឋាភិបាល បានចំណាយថវិកាជាតិប្រមាណ​ជាង ៣០០ លាន​ដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូច​ទៅ​ធំ និងជីកប្រព័ន្ធលូថ្មីបន្ថែមទៀត។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ត្រូវ​តែដោះស្រាយឱ្យ​បានទាន់ពេលវេលា ដោយត្រូវបង្កើន​ឧបករណ៍​បន្ថែម ជាពិសេស​គឺ​ស្ថានីយ៍​បូម​ទឹក ដើម្បី​បញ្ជៀសទឹកកុំឱ្យបុកចូលក្នុងរាជធានី និង​ដោះ​ស្រាយ​ប្រព័ន្ធទឹក​នៅក្នុងរាជធានីដែលមានស្រាប់ ពោលគឺ​ស្តារប្រព័ន្ធលូ ដោយ​លូ​ណា​ចាស់ និង​តូចត្រូវផ្លាស់ប្តូរថ្មី។

លោក​មានប្រសាសន៍ថា៖ «នៅដើមអាណត្តិនេះ នៅក្នុងរាជធានីភ្នំពេញនេះ ខ្ញុំបានអនុម័តនូវគម្រោងមួយ​ ខិតខំធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងភ្នំពេញ​យើង អនុម័តគម្រោងជាង៣០០​លាន​ដុល្លារ ដែលបានអនុវត្តបណ្តើរៗហើយ។ […] គម្រោងនេះ គឺបុកផ្តោតទៅលើពីរមុខព្រួញ ទី១ គឺការបញ្ជៀសទឹក​កុំឱ្យបុកមកភ្នំពេញ ទី២ គឺដោះស្រាយប្រព័ន្ធរំដោះទឹកដែលមានស្រាប់នៅក្នុងភ្នំពេញ»។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរ​ថា ស្ថាប័នដែលមានទំនួលខុសត្រូវទៅលើកិច្ចការដោះស្រាយ​ប្រព័ន្ធទឹកដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នទាំង៣នេះ ធ្វើការទៅលើតំបន់ផ្សេងៗគ្នា ខណៈផែនការនេះ បានចាប់ផ្តើមបណ្តើរហើយ ដោយ​ក្រុមការងារកំពុងសិក្សាអំពីផលប៉ះពាល់ដែលអាច​កើត​មាន​ឡើង និងរិះរកដំណោះស្រាយដែលសមស្រប ដើម្បីឱ្យ​គម្រោងនេះអាចបន្តដំណើរទៅមុខបានយ៉ាងរលូន។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «កិច្ចការនេះ ផ្តោតទៅលើការរៀបចំកាយប្រឡាយរំដោះទឺក ការរៀបចំស្តារប្រព័ន្ធលូ ដាក់លូថ្មី ហើយលូចាស់ៗដែលពីមុនមកតូច យើងកាយហើយយើងដាក់ថ្មី បណ្តោះ​ធំ។ […] យើងក៏ត្រូវរៀបចំបន្ថែមស្ថានីយ៍បូមទឹក និងបង្កើនសមត្ថភាពស្ថានីយ៍បូមទឹកនៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណា កុំឱ្យ​ទឹកច្រើនពេកនៅក្នុងរដូវវស្សា និងខ្វះទឹកនៅក្នុងរដូវប្រាំង»។

លោកនាយករដ្ឋមន្ត្រីបន្ថែម​ថា៖ «ការរំដោះទឹកជំនន់នៅភ្នំពេញនេះ​ គឺយើងដោះទាំងនៅក្នុង និងបញ្ជៀសទឹកប្រព័ន្ធក្រៅ ធ្វើយ៉ាងណាកាត់បន្ថយនូវបញ្ហា។ […] ជាធម្មតា ការលិចលង់វាផ្អែកទៅលើកត្តាច្រើន កត្តាភ្លៀងធ្លាក់ បរិមាណនៃភ្លៀងធ្លាក់ក្នុងមួយនាទី សូម្បីតែប្រទេសមហាអំណាច បើភ្លៀងលើសពីចំនួនក៏មានការលិចដែរ។​ អីដែលសំខាន់គឺទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង យើងមិនអាចបញ្ជាភ្លៀងឱ្យ​ធ្លាក់ប៉ុន្មានទេ តែយើងអាចខិតខំដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធឲ្យអស់លទ្ធភាព ប្រើប្រាស់បច្ចេកវិទ្យាដែលយើងអាចមាន»។  

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Newsroom Cambodia ថា គម្រោងរំដោះទឹកជំនន់នេះ បាននិងកំពុងបន្តដំណើរការ ហើយលោករំពឹងថាគម្រោងនេះនឹងជួយកាត់បន្ថយបរិមាណទឹកដល់តំបន់ងាយរងទឹកជំនន់ផ្សេងៗ។​

លោកថា៖ «ចាប់ផ្តើមដំណើរការតាមលទ្ធភាព គឺតាមលទ្ធភាពដែលយើងដោះស្រាយផលប៉ះពាល់បាន ព្រោះគម្រោងវាមានជាផលប៉ះពាល់ដល់ប្រជាជន ដូចជាបញ្ហាដីធ្លី។ […] យើងកំពុងដំណើរការធ្វើ និងដោះស្រាយឱ្យអស់ពីលទ្ធភាពដែលយើងអាចធ្វើបាន។ យើងសង្ឃឹមថា គម្រោងនេះ នឹង​ជួយដោះទឹក​ជំនន់​បានមួយភាគធំ ប៉ុន្តែមិនអាចបាន ១០០%ទេ បើប្រៀបធៀបជាមួយនឹងធម្មជាតិ»។

លោក​​ក៏បានសំណូមពរឱ្យ​មានការចូលរួមពីសំណាក់សាធារណជន ក្នុង​ការជួយ​សម្របសម្រួលបញ្ហា​ផ្សេងៗ ដើម្បីឱ្យ​ការដោះស្រាយបញ្ហា​ជំនន់ទឹកភ្លៀង​នៅរដូវវស្សានេះ មានប្រសិទ្ធិភាព។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ លោក យង់ គិមអេង បានកត់សម្គាល់ថា គម្រោង​នេះ ជាជំហានវិជ្ជមាន តែនៅត្រូវការឱ្យ​មានការអភិវឌ្ឍបន្ថែមទៀត ជាពិសេសទៅលើការជីកប្រឡាយមេ។

លោកថា៖ «ខ្ញុំយល់ថា គម្រោងរំដោះទឹកនេះ ជាជំហានវិជ្ជមានមួយនៅក្នុងការរំដោះការ​ជន់​លិច​មួយភាគ តែ​នៅក្នុងរាជធានីភ្នំពេញ ខ្ញុំគិតថា មិនអាចជួយបានទាំងអស់ទេ ទាល់តែយើងអភិវឌ្ឍន៍ប្រឡាយ​មេ​ឱ្យ​​បាន​ច្រើន​ខ្សែ​បន្ថែម​ទៀត​ ទើបអាចទៅរួច។ […] យើងមានប្រឡាយមេក៏ពិតមែន ប៉ុន្តែវានៅតូចពេក បើយើងទៅមើលប្រឡាយនៅស្រុកជិតខាង គឺប្រឡាយមេគេធំៗណាស់»។

លោកបន្តថា ការរក្សាទុកនូវបឹងផ្សេងៗ ក៏នឹងអាចក្លាយជាមធ្យោបាយមួយដែរនៅក្នុងការរំដោះទឹក កុំ​ឱ្យ​លិច​តំបន់ខ្លះនៅរាជធានីភ្នំពេញ នារដូវវស្សា។

លោកបន្ថែម​ថា៖ «ធ្វើម៉េចដើម្បីឱ្យ​រំដោះទឹកបាន យើងមិនអាចពឹងតែទៅលើប្រឡាយតូចមួយហ្នឹងទេ ទាល់តែមានបឹងមានអីជួយរំដោះ បើមិនអ៊ីចឹងទេ យើងមិនអាចរំដោះទឹកភ្លៀងបានទេ។ […] បើជាទឹកជំនន់ យើងអាចធ្វើជាក្រវ៉ាត់ក្រុងអីចឹងទៅ ទំនប់ក្រវ៉ាត់ក្រុងអីវាអាចទប់ការជោរជន់បានខ្លះ»។

ពាក់ព័ន្ធនឹងរឿងនេះ កាលពីខែមករាកន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏​បានដឹក​នាំ​កិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួង លើការងារដោះស្រាយផលប៉ះពាល់គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ។ នាឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ កើតឡើងក្នុងតំបន់ទំនាបលិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សា រាជធានីភ្នំពេញ​តែងប្រឈមនឹង​បញ្ហា​លិច​លង់ បើ​ទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាង​ណាក្តី​។

យោងតាម​របាយ​ការណ៍​​របស់​​មន្ទីរ​សាធារណការ​ និង​​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ការដោះស្រាយ​បញ្ហា​លិចលង់​​ដោយ​ជំនន់​ទឹក​ភ្លៀង គិត​មកដល់​ពេល​នេះ ​គឺ​បាន​​ស្ថាបនា​ប្រព័ន្ធ​​លូ​បាន​​ជាង​ ៩២៤​គីឡូម៉ែត្រ។

ប្រភពដដែល បន្តថា នៅក្នុងរាជធានីភ្នំពេញ មាន​ស្ថានីយ​បូមទឹក​ជាង ​១០​កន្លែង ត្រូវបាន​ដំឡើង និង​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បូម​រំដោះ​ទឹក ​ដើម្បី​ដោះស្រាយ​បញ្ហា​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​៕

អាជ្ញាធរកម្ពុជា និង​​គណៈកម្មការទន្លេ​មេគង្គ​៖ ​​ការក្រឡាប់រថយន្តដឹក​​​​សារធាតុ​គីមី​ នៅប្រទេសឡាវ​មិនប៉ះពាល់ធ្ងន់ធ្ងរដល់ទឹក​ទន្លេ​មេគង្គ​

អាជ្ញាធរកម្ពុជា និង​​គណៈកម្មការទន្លេ​មេគង្គ បានលើកឡើងថា ការក្រឡាប់​រថយន្តដឹក​​​​សារធាតុ​គីមី​ នៅប្រទេសឡាវ​មិនប៉ះពាល់ធ្ងន់ធ្ងរដល់ទឹក​ទន្លេ​មេគង្គ ហើយអំពាវនាវកុំឲ្យពលរដ្ឋមានការបារម្ភ។ ការលើកឡើងនេះ កើតមានឡើងក្រោយ​រថយន្ត​ដឹក​សារធាតុ​គីមី​បាន​ក្រឡាប់​នៅ​​ប្រទេស​ឡាវ​ កាលពីសប្តាហ៍មុន ដែលបង្ក​ឱ្យ​សារធាតុ​គីមី​មួយ​ចំនួន​​​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹងក្នុង​ប្រទេសឡាវ ​ដែល​ជា​ដៃទន្លេ​មេគង្គ។​

កាល​ពី​ថ្ងៃ​ទី​០៣​​ ខែមេសា​ ឆ្នាំ​២០២៤​ នៅ​ខេត្ត​ហ្លួង​ប្រា​បាងនៃ​ប្រទេស​​ឡាវមាន​​រថ​យន្ត​ដឹក​សារធាតុ​គី​មី​ អាស៊ីត​ស៊ុល​ផួរិច​ប្រហែល​៣០​តោន​បាន​ក្រឡាប់ ចាក់​សារធាតុ​គីមី​មួយ​ចំនួន​ចូល​ទៅ​ក្នុង​​ស្ទឹង​ណាម​ខាន់​ ដែល​ជា​ដៃ​ទន្លេ​មេគង្គ​​។ នេះបើយោង​តាម​សេចក្ដី​​ជូន​ដំណឹង​​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​​ឧតុនិយម​​កាលពី​​ថ្ងៃ​ទី​០៨​ ខែ​មេសា ​​ឆ្នាំ​២០២៤​។​​

លោក​ មាស​ សុភ័ក្ត្រ អ្នក​ជំនាញ​ផ្នែក​ការ​ចូល​រួម​របស់​ភាគី​ពាក់​ព័ន្ធ​ទន្លេ​មេគង្គ​​ បាន​ប្រាប់ ​Newsroom  Cambodia កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា​នេះឲ្យដឹង​ថា​​ បន្ទាប់​ពី​បាន​ចុះ​ត្រួត​ពិនិត្យ​ទឹក​នៅ​កន្លែង​កើត​ហេតុ​ គេ​ពុំ​​ឃើញ​មានផល​ប៉ះ​ពាល់​ដល់គុណ​ភាព​ទឹក​នោះ​​ទេ​ ​​​​ដោយ​សារ​អាជ្ញាធរ​ឡាវ​បាន​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​។​

លោក​លើក​ឡើង​ថា​៖«សង្ខេបឱ្យខ្លីទៅ​វា​អត់​មាន​ឃើញ​ផល​ប៉ះ​ពាល់​អី​នៅ​ឡើយទេ​នៅ​ទន្លេ​នឹង​​​​ ដោយ​សារ​នៅ​ពេល​ដែល​ឡាន​ភ្លូក​នឹង​មក​វា​ហូរ​ចូល​មក​ដៃ​ទន្លេ​ ហើយ​ទៅ​នៅ​ខាង​អាជ្ញារ​ធរ​ឡាវ​គេ​បាន​ចាប់​វិធាន​ការ​ទាន់​ពេល​ដោយ​block​(បិទ) ដោយ​ធ្វើ​រនាំង​បាំង​នៅ​ពាក់​កណ្ដាល​ទន្លេ​ដែល​ជា​ដៃ​ទន្លេ​នឹង​​​ ដោយ​សារ​វា​រាង​ធំ​អី​ចឹង​គេ​ខណ្ឌ​អា​​នឹង​ទៅ»។

លោក​បាន​បន្ថែម​ថា​៖« អី​ចឹង​សារធាតុ​ពុល​នឹង​ វា​អត់ហូរ​ចុះ​ក្រោម​ទេ​ ហើយ​ក្រុម​ការ​ងារ​គេ​បាន​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព​ទឹក​នៅ​ម្ដុំ​​​កន្លែង​ដែល​ឡាន​ក្រឡាប់​នឹង​​ ហើយ​ចុះ​មក​ខាង​ក្រោម​ទៀត​ក៏​ដូចជា​នៅ​ក្នុង​ទន្លេ​មេគង្គ​នឹង​វា​អត់​មាន​ឃើញ​អី​ទេ»។

លោក​​ ចាន់​ យុត្ថា​ អ្នកនាំ​ពាក្យក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​បាន​ប្រាប់​ Newsroom Cambodia នៅ​ថ្ងៃទី​១១​ ខែ​មេសា​នេះ​ថា ឧបទ្ទវហេតុ​នេះ​មិន​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ទេ​ ដោយ​សារ​រថយន្ត​ដឹក​សារធាតុ​គីមី​នេះ​មិន​បាន​ក្រឡាប់​ចូល​ទឹក​ដោយ​ផ្ទាល់​នោះ​ទេ​។

លោក​បាន​លើក​ឡើង​ថា​៖«ដូចជាមិន​មាន​អី​ឱ្យ​ធំ​ដុំ​ទេ[…] ឥឡូវ​យើង​និយាយពី​​ទីតាំង​រថយន្ត​ដែល​ក្រឡាប់​នឹង​មិន​មែន​ក្រឡាប់​ចូល​ហើយ​កំ​ពប់​ចូល​ទៅក្នុង​ទន្លេ​ទេ​ បាន​ន័យ​ថា​ក្រឡាប់​លើ​ផ្លូវ​ហើយ​កំ​ពប់​ទៅ​នឹង​ គឺ​ចូល​ស្នាម​ភ្លោះ​សិន​ ​ស្នាម​ភ្លោះមួយ​ហើយ​បាន​វាជ្រាប​ចេញ​ពី​ស្នាម​ភ្លោះ​នឹង​​ចូល​ដៃ​របស់​ទន្លេ​មេគង្គ​ហ្នឹង»​។

លោកពន្យល់ថា៖«អាស៊ីត​ស៊ុល​ផួ​រិច​កាល​ណា​វា​ប៉ះ​ទឹក​វា​នឹង​ពុះ​ហើយ​បំភាយឡើង​​ទៅ​ក្នុង​បរិយា​កាស​​ អី​ចឹង​សមាស​ធាតុ​ដែល​មាន​នៅ​ក្នុង​ទឹក​នឹង​វា​មាន​តិច​តួច​ណាស់»​។​

បើតាមលោក ​ចាន់​ យុត្ថា ទីតាំង​កើត​ហេតុ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ព្រំ​ដែន​ប្រទេស​កម្ពុជា ប្រមាណជាង​១៥០០​គីឡូ ហើយ​សារធាតុ​គីមី​នេះ​ត្រូវ​ហូរ​ឆ្លង​កាត់​ទំ​នប់​វារី​អគ្គិសនី​សាយ៉ា​បូរីនៅ​ប្រទេស​ឡាវ​សិន​​ មុន​នឹង​មក​ដល់ទន្លេ​មេ​គង្គ​​កម្ពុជា​។

លោក​បាន​បន្ត​ថា ក្រសួង​ធនធាន​ទឹក​និងឧតុនិយមនៅ​តែ​បន្ត​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​ដោយ​​បាន​​ពិនិត្យ​គុណ​ភាពទឹក​ និងបន្តជូន​ដំណឹងដល់សាធារណជន​​។ លោក​បាន​សំណូម​ពរ​ឱ្យ​ប្រជាជន​កុំ​មាន​ការ​ព្រួយ​បារម្ភ ក្នុង​ករណី​មាន​អ្វី​ប្រែ​ប្រួល​ក្រសួង​នឹង​ជូន​ដំណឹង​ភ្លាមៗ។

យោងតាមសេចក្តីជូនដំណឹង​​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​​ឧតុនិយម​នៅថ្ងៃ​ទី​១១ ខែមេសានេះ បញ្ជាក់ថាតាមលទ្ធផល​នៃការចុះយកសំណាកទឹកជាក់​ស្តែង​ដោយលេខាធិការដ្ឋានគណៈកម្មការទន្លេ​មេគង្គ និងស្ថាប័នជំនាញ​របស់​ឡាវបង្ហាញថាពុំមានផលប៉ះពាល់ដល់គុណភាពទឹកនៅប៉ែកខាងក្រោមនៃស្ទឹងណាមខាន់ និងទន្លេមេគង្គនោះទេ៕

សមត្ថកិច្ចចាប់ខ្លួនសមាជិកគណ​បក្សឆន្ទៈ​ខ្មែរ ៣រូប ពាក់ព័ន្ធនឹងករណីក្លែងឯកសារ

សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនសមាជិករបស់បក្សឆន្ទៈខ្មែរចំនួន ៣រូប ដែលជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ស្រុក និងខេត្ត ពាក់​ព័ន្ធ​នឹង​ករណី​ក្លែងបន្លំឯកសារ ទៅតាម​ដីកាបង្គាប់​ឱ្យ​ចូល​ខ្លួន​របស់សាលាដំបូង​ខេត្ត។

ស្នងការនៃស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បានឱ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះថា ការចាប់ខ្លួនសមាជិកគណបក្ស​ឆន្ទៈខ្មែរ​ ២រូប កាលពីថ្ងៃទី០៩ ខែមេសា​ នៅខេត្តកំពង់ចាម ធ្វើឡើងតាមដីកាបង្គាប់​ពីសាលាដំបូង​ខេត្ត​។ តែយ៉ាងណា លោកពុំបានបញ្ជាក់លម្អិតជុំវិញរឿងនេះទេ​ ដោយ​លោកប្រាប់អ្នកសារព័ត៌មានឱ្យសួរទៅតុលាការវិញ ក្រោមហេតុផលថា លោកកំពុងជាប់រវល់ប្រជុំ។

អ្នក​នាំពាក្យស្នងការនគរបាលរាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍​ថា សមត្ថកិច្ចរាជធានី​ភ្នំពេញ ក៏បា​ន​​ចាប់​ខ្លួនសមាជិក​គណបក្សឆន្ទៈខ្មែរ​មួយរូបទៀត​​ ឈ្មោះ​ សាន សឿង នៅរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការ​ខេត្តកំពង់ចាម​។

លោក​ថា៖ «សមត្ថកិច្ច​រាជធានីភ្នំពេញ​ សហការ​ជាមួយ​កម្លាំងសមត្ថកិច្ច​នៃខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តតាមបណ្តឹងរបស់អយ្យការនៃសាលាដំបូងខេត្តកំពង់ចាម​ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈផងដែរ អីចឹងឈ្មោះ សាន សឿង នេះ យើងបានបញ្ជូនទៅកាន់ខេត្តកំពង់ចាមដើម្បីអនុវត្តតាមនីតិវិធីហើយ»។

ចំណែក អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក តូច ឧត្តម ថ្លែង​ថា តំណាង​អយ្យការ​បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនពួកគេទាំង ៣រូប ជុំវិញករណីក្លែងបន្លំ​ឯកសារ។ តែយ៉ាងណា លោកថា គិតមកដល់ម៉ោង៣រសៀលនេះ​ សំណុំរឿងនេះនៅមិនទាន់ធ្លាក់ដល់ដៃអយ្យការ​ដែលទទួលបន្ទុករឿងនេះនៅឡើយ។

លោក​បញ្ជាក់​ថា៖ «ជាបឋម អាចបញ្ជាក់បានត្រឹមថា សំណុំរឿងជនសង្ស័យមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ទើបអយ្យការបានចេញដីកាបញ្ជាឱ្យ​ចូលខ្លួន»។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ឱ្យដឹងថា សមាជិកបក្សទាំង ៣រូប ដែលសមត្ថកិច្ចបាន​ចាប់ខ្លួន​នោះ រួមមាន លោក សាន​ សឿង ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥ សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត, លោក ស្រ៊ី មាន និងលោក យិន ភាន បេក្ខ​ជន​លេខ​រៀង​ទី​៤ និង​ទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ស្រុក​ស្ទឹង​ត្រង់។ តែយ៉ាងណា លោកថា គណបក្សនេះ នៅមិនទាន់ពីមូលហេតុនៃ​​ការ​ចាប់ខ្លួន​សមាជិកបក្ស​ទាំង​៣រូបនោះនៅឡើយ។

លោក គង់​ មុនីកា យល់ថា ការចាប់ខ្លួនសមាជិក​គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ជាប​ន្ត​បន្ទាប់នេះ​ ជារូបភាពនៃការបំភិតបំភ័យ និងបង្កឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់​តែ​អាប់អួ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅចុងខែឧសភា ខាងមុខនេះ។

លោក​​បានអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័ន​តុលាការ​​ ដោះលែង និងទម្លាក់បទចោទលើសកម្ម​ជន​នយោបាយ ដើម្បីឱ្យពួកគេមានឱកាសបានជួបជុំបងប្អូនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកនិយាយថា៖ «យើងមានការព្រួយបារម្ភថា នេះជាការបង្កឱ្យមានភាពអាប់អួ​​ផ្នែកបរិយាកាសនយោបាយ ជាពិសេស​មុន​ការ​បោះឆ្នោតក្រុមប្រឹក្សា»។

នាយកទទួលបន្ទុកចាត់ការទូទៅ​នៃ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ សង្កេតឃើញ​ថា ការប្ដឹង ការចោទប្រកាន់ និង​ការចាប់ខ្លួនលើសមាជិកគណបក្សនយោបាយ​​ បាន​កើតមាន​ជារឿយៗ នៅមុនការបោះឆ្នោត​សកល និងអសកល ដែលនាំ​ឱ្យ​មាន​ការ​រិះគន់ និង​ការចោទ​ពី​សំណាក់ម​ជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ការបោះឆ្នោតមានភាពអាប់អួរ និង​មិន​ល្អប្រសើរ។

លោកមានប្រសាសន៍​ថា៖ «ខ្ញុំយល់ថា អ្នកនយោបាយទាំងអស់ ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ។ ការបោះឆ្នោត យើងធ្វើម៉េចការ​ប្រកួតប្រជែង​ធ្វើឡើងដោយតម្លាភាព ហើយការបោះឆ្នោតមាន​ភាពត្រឹមត្រូវ ច្បាស់លាស់ និងយុត្តិធម៌»។

បើតាមអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ គិត​មកដល់ថ្ងៃទី០៩ ខែមេសា ម្សិលមិញ មាន​សមា​ជិក​គណបក្សនេះចំនួន ៤រូបហើយ ដែល​ត្រូវបាន​ចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ​​ បន្ទាប់ពីគណបក្សនេះ​ចាប់ផ្ដើមធ្វើសមាជរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ កាលពីចុងខែមករា ឆ្នាំ២០២៤។ កាលពីថ្ងៃអាទិត្យ សាលាដំបូងរាជធានីភ្នំពេញ ក៏​បានចោទប្រកាន់ និងឃុំខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន ៣រូប​ នៅពន្ធនាគារ​ជាបណ្តោះអាសន្ន​ផងដែរ ក្នុងនោះក៏ការចោទប្រកាន់ ពាក់ព័ន្ធនឹង​​បទក្លែងបន្លំឯកសារសាធារណៈផងដែរ៕

ពលរដ្ឋ​នៅសង្កាត់ព្រែកកំពឹស ស្នើអាជ្ញាធររាជធានីភ្នំពេញដោះស្រាយបញ្ហាដីធ្លី និង​​ផ្តល់ប្លង់កម្មសិទ្ធិឱ្យ​ពួកគាត់

ប្រជា​ពលរដ្ឋប្រមាណ ៥០នាក់ ​ដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រមូល​ផ្ដុំគ្នា​ជាថ្មី នៅ​មុខ​សាលារាជធានីភ្នំពេញនៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ២០២៤​នេះ ដើម្បីសុំអន្តរាគមន៍​ពីអភិ​បាល​រាជធានីភ្នំពេញ ឱ្យផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគេ ក្រោយពីអាជ្ញាធរខណ្ឌមិនឱ្យប្លង់ពួកគាត់ ដោយ​សារ​មានក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​ប្ដឹង​ទប់​ស្កាត់។

លោក សឿន សុខុន អាយុ៤២ឆ្នាំ អះអាងជា​ប្រជាពលរដ្ឋ​មក​ពី​ភូមិដំណាក់សង្កែ មាន​ប្រសាសន៍ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរ​ខណ្ឌ បានចែក​ប្លង់រឹងជូនប្រជាពលរដ្ឋ​នៅក្នុងសង្កាត់ព្រែកកំពឹសនេះ លើកលែងតែរូបគាត់ និងពលរដ្ឋ​ផ្សេងទៀតសរុប ៥៧គ្រួសារ ដែលមានទំហំដីសរុបជាង ៦ ០០០ម៉ែត្រការ៉េ នៅ​មិនទាន់​បាន​ប្លង់​នៅឡើយ ដោយសារ​តែ​​មាន​ក្រុម​ហ៊ុន​ឯកជន​មួយ ប្តឹងទប់ស្កាត់។ ​

លោកបន្តថា ករណីនេះហើយ បានជាប្រជាពលរដ្ឋ​​នាំគ្នា​ទៅ​​ប្រមូលផ្តុំនៅមុខសាលា​រាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យ​អភិបាលរាជធានីភ្នំពេញ ជួយ​​​អន្តរាគមន៍ដោយផ្ដល់ប្លង់រឹងជូនពួក​គាត់ ដូចប្រជាពលរដ្ឋ​ផ្សេងទៀត ដោយ​សារ​ពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​សម្រាប់ជីវភាពប្រចាំថ្ងៃ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមកនេះ ដើម្បីមកសុំឱ្យតែអាជ្ញាធរសម្រេចឱ្យប្លង់រឹងពួកខ្ញុំវិញ ព្រោះពួកខ្ញុំមានប្លង់កម្មសិទ្ធិមានអីគ្រប់សព្វបែបយ៉ាង ហើយមានទាំងបង្កាន់ដៃ ដែលក្រុមអាជ្ញាធរចុះបញ្ជីជាប្រព័ន្ធក្បាលដីនេះ ហើយ​មានទាំងបង្កាន់ដៃ ទៅដកប្លង់រឹង បែរជាថ្ងៃទៅដកហ្នឹង គាត់ផ្អឹបមិនចេញប្លង់រឹងឱ្យពួកខ្ញុំ […] អត់បាច់ចាំត្រូវសិក្សាយូរផងការងារហ្នឹង ព្រោះពួកខ្ញុំមានប្លង់ហើយតើ ហើយក្រុមហ៊ុនអត់មានឯកសារគ្រប់គ្រាន់នៅក្នុងដាក់បណ្ដឹង​ពួកខ្ញុំផង បែរជាអាជ្ញាធរទទួលពាក្យបណ្ដឹងពួកគេ ហើយ​មកផ្អឹបប្លង់របស់ពួកខ្ញុំ»។

បុរសដែលមានសមាជិកគ្រួសារ៤នាក់រូបនេះបានឱ្យដឹងថា លោកបានមករស់នៅលើដីរបស់លោកនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ តាំងពីឆ្នាំ២០១៤មកម៉្លេះ ដោយកាលនោះលោកបានទិញដីដែលគេពុះឡូត៍លក់ ហើយលោកមានឯកសារស្របច្បាប់ទាំងអស់ដូចជាឯកសារបញ្ជាក់កម្មសិទ្ធិទាំងឃុំ សង្កាត់ និងខណ្ឌដែលលោកកំពុងរស់នៅ។

ចំណែកប្រជា​ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឌី ពៅមាលា អាយុ៤៨ឆ្នាំ បានប្រាប់ថា អ្នកស្រីមានដីចំនួន២ឡូត៍នៅភូមិដំណាក់សង្កែ ដោយគាត់បានទិញដីនោះតពីពលរដ្ឋម្នាក់ កាលពីឆ្នាំ២០១៥ ប៉ុន្តែបែរ​​ជា​ក្រុមហ៊ុនអេកូមេហ្គា​ប៉ូលីសប្តឹង​ជំទាស់ ដោយថាដីនោះជាដីរបស់ក្រុមហ៊ុនទៅវិញ ខណៈដែលការទិញដីនោះមានការបញ្ជាក់ទទួល​ស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ករណីនេះ អ្នកស្រីបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ហាវិវាទដីធ្លីនេះ និងផ្តល់​ប័ណ្ណកម្មសិទ្ធិប្រជាពលរដ្ឋ។

អ្នកស្រីបានបន្តថា៖ «យើងមិនត្រូវការពន្យល់អីទេ យើងអត់ត្រូវការបំភ្លឺអីទេ យើងក៏អត់ត្រូវការចង់ដឹងថាមូលហេតុអីបានជាគេមិនចេញប័ណ្ណឱ្យយើងទេ គឺយើងឡើងទៅនេះ[សាលារាជធានីភ្នំពេញ] គឺ​យើង​ចង់​បាន​ឱ្យអាជ្ញាធរ​ចេញ​ប័ណ្ណឱ្យ​យើង ពីព្រោះដីហ្នឹង គឺជាដីស្របច្បាប់ទទួលស្គាល់ដោយអាជ្ញាធរខណ្ឌមុនហ្នឹង​ពេលធ្វើការវាស់វែងដី»។

ជុំវិញរឿងនេះ Newsroom Cambodia មិនអាចទាក់ទងលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និង​​អ្នកស្រី លឹម លីណា តំណាងក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក ដើម្បីសុំការអត្ថាធិប្បាយ​បានទេ។

ប៉ុន្តែ​តាមរយៈពាក្យបណ្ដឹងទប់ស្កាត់ ទៅប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមវាលទី៦ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អ្នកស្រី លឹម លីណា តំណាងក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក បានបញ្ជាក់ថា ក្បាលដីចំនួន៥១ នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានចុះបញ្ជីធ្វើប្លង់ដីជាន់​​លើដីរ​បស់​ក្រុមហ៊ុន​អ្នក​ស្រី ដែល​មានទំហំសរុប​​ ២០ ៧២១ ម៉ែត្រការ៉េ។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់ថា អាជ្ញាធរគួរស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងផ្ដល់យុត្តិធម៌ដល់​ភាគីដែលរងគ្រោះ និងស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយជូនពលរដ្ឋចៀសវាងការបង្កការតវ៉ាទាមទារយូរទៅមុខទៀត។

លោកថា៖ «អាជ្ញាធរដែលពាក់ព័ន្ធហ្នឹង ត្រូវធ្វើការស៊ើបអង្កេតទៅលើរឿងហ្នឹង ហើយនិងផ្ដល់យុត្តិធម៌មិនមែន​តែភាគី​ណា​មួយ​ទេ ផ្ដល់យុត្តិធម៌សម្រាប់ភាគីទាំងសង្ខាង​ ហើយ​រក​ឃើញ​ថា ភាគីណាមួយរំលោភបំពាន អាហ្នឹងត្រូវ​ដោះស្រា​យ​ឱ្យបានត្រឹមត្រូវ ជាពិសេសយើងឃើញថា​ ពលរដ្ឋលោកអះអាងថាលោកបានកាន់កាប់តាំងពីឆ្នាំ៩០ជាងនោះ»។

បើតាមការ​អះអាងរបស់ក្រុមប្រជាពលរដ្ឋ​ នេះជាលើកទី២ហើយដែលពួកគាត់នាំគ្នា​​ទៅ​ប្រមូលផ្ដុំគ្នា នៅ​​មុខសា​លា​រា​​ជ​ធានីភ្នំពេញ សុំការអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញ​​ ក្រោយពីការតវ៉ាលើកទី១ បានធ្វើឡើង​​កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដែលពេលនោះ អាជ្ញាធររាជធានីភ្នំពេញ សន្យា​ដោះស្រាយ​នៅ ២សប្ដាហ៍បន្ទាប់ តែមកដល់ពេលនេះ នៅពុំទាន់​ដំណោះស្រាយ​នៅឡើយ ទើបពលរដ្ឋ​ទាំងនោះទៅ​ប្រមូលផ្តុំទាមទារជាថ្មីទៀត​៕

Q&A៖អ្នកជំនាញ៖​«ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រឈម​ការ​បាត់បង់​បើ​សិន​ភាគី​ពាក់​ព័ន្ធ​មិន​យក​ចិត្ត​ ទុក​ដាក់​»​​

ល្បែង​​ប្រជាប្រិយ​ខ្មែរ​​មានតួនាទី​យ៉ាង​សំខាន់​ក្នុងការបង្ហាញ​ពីវប្បធម៌ បេតិកភណ្ឌ​ និង​ប្រវត្តិ​សាស្ត្រ​​​​សម្បូរបែបរបស់​​កម្ពុជា និង​ត្រូវបាន​​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ​ល្បែង​ប្រជាប្រិយ​ខ្មែរ ​ មិនត្រឹម​តែ​​ផ្តល់​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​ចំណែកផ្សា​​ភ្ជាប់ពលរដ្ឋកម្ពុជាឲ្យ​ត្រលប់​ទៅ​កាន់ប្រវត្តិសាស្ត្រ​ខ្លួនផងដែរ ។ ​យ៉ាងណា​មិញ ពេលវេលា​បាន​ផ្លាស់ប្តូរ​​ទំនៀម​ទម្លាប់​មួយចំនួន ហើយមាន​​ឥទ្ធិពល​ទំនើបៗ​កាន់តែ​ច្រើន ដែល​ជា​ហេតុ​នាំឱ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រឈម​នឹង​ការបាត់បង់។ តាម​រយៈ​ការ​ស្វែង​យល់​ និង​ស្រាវ​ជ្រាវចងក្រងល្បែង​ប្រជាប្រិយ​​ឱ្យ​បានច្បាស់លាស់ កម្ពុជា​​អាច​រក្សា និងលើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន និងអាចឈានដល់ការកត់ត្រាជា​បេតិកភណ្ឌ​ពិភពលោក​ផងដែរ។

ខាង​ក្រោម​នេះ​ជា​កិច្ចសម្ភាស​រវាង​លោក​បណ្ឌិត ឈត ប៊ុន​ថង  អនុប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិនៃកម្ពុជា​ជាមួយ​នឹង​កញ្ញា​ ប៉ោក លក្ខិណា​ ​ជា​សិក្ខាកាម​របស់​ Newsroom Cambodia។

Qជម្រាប​សួរ​លោក​បណ្ឌិត​!

A៖ បាទ ជម្រាបសួរ​!

Q៖ តើ​លោក​អាច​រៀប​រាប់​បន្តិច​បាន​ទេអំ​ពី​ប្រវត្តិ​នៃល្បែង​ប្រជា​ប្រិយខ្មែរ​? តើ​ល្បែង​ប្រជាប្រិយ​ខ្មែរ​មាន​អ្វី​ខ្លះ​? តើ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ណា​ខ្លះ​ ដែល​លោក​គិត​ថា​ ពេញនិយម​ជាងគេ?ហេតុអ្វី?

A៖ ឯកសារ​ជា​ច្រើន​មិន​បាន​បង្ហាញ​ពី​កាល​បរិច្ឆេទ​ជាក់​លាក់​ពេក​ទេ​ទៅ​លើ​កំណើត​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ​នេះ​។ ប៉ុន្តែ​យើង​មាន​ភ័ស្តុតាង​ខ្លះ​ៗ​នៅ​លើចម្លាក់ ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ និងគំនូរ​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​។ ឧទាហរណ៍​មាន​ដូចជា​ ល្បែង​ចត្រង្គ​ ឬអុក​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​នៅ​សតវត្ស​ទី​១២​។ ល្បែង​វាយ​កូន​គោល​នៅ​ខឿន​លាន​ជល់​ដំរី នៅ​អង្គរ​ធំ​នៅ​សតវត្ស​ទី​១២​ដែរ។ ក្រៅ​ពី​នេះ​គេ​ឃើញ​មាន​ ល្បែង​ប្រជាប្រិយ​ច្រើន​ដែល​ឆ្លាក់​លើ​ផ្ទាំង​គំនូរ​ព្រះ​វិហារ​វត្ត​កំពង់​ត្រលាច​ជា​ដើម​។ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ​ភ័ស្តុតាង​ខ្លះ​ៗទាំង​នេះ​គឺ​ជា​អ្វី​ដែល​នៅ​សេស​សល់​នៅ​លើជញ្ជាំងប្រាសាទ ឬ​លើ​ផ្ទាំង​គំនូរ​ទេ​។ តាម​ពិត​ដូនតា​យើង​បាន​បង្កើត​ល្បែង​ប្រជាប្រិយ​ច្រើន​ ប៉ុន្តែ​ដោយសារ​តែ​មិន​បាន​កត់​ត្រា​ ដូច្នេះ​យើង​មើល​ឃើញ​តែ​អ្វីដែល​មាន​នៅ​ទី​នោះ​។

ល្បែង​ដែល​នៅ​សេស​សល់​ដល់​សពថ្ងៃ​នេះ មាន​ល្បែង​ខ្លះ​គេ​និយម​លេង និង​ល្បែង​ខ្លះ​គេមិនសូវ​លេង  មានដូចជា ស្តេចចង់​ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយកូនគោល ដណ្ដើមស្លឹកឈើ លោតបាវ វាយក្អម រុញអង្រែ បូមទឹកដាក់ដប ខាំប៉ិគក់។ល។

យើង​ពិបាក​ថា ល្បែង​ប្រជាប្រិយណា​ដែល​មាន​ប្រជាប្រិយ​បំផុត ឬពេញ​និយម​បំផុត​។ វា​អាច​ប្រែ​ប្រួល​តាម​សម័យ​កាល​មួយ​ទៅ​តាម​សម័យ​កាល​មួយ ប្រែប្រួល​ពី​ទីកន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ និង​ពីក្រុមមួយ​ទៅក្រុម​មួយ​ទៀត​។ ល្បែង​មាន​ច្រើន ប៉ុន្តែ​ពេល​វេលា​ ទីកន្លែង​ សម្ភារៈ​មានកំណត់​ ដូច្នេះ​ហើយ​គេ​រៀប​បាន​ប៉ុណ្ណា​ គេ​លេង​ប៉ុណ្ណឹង​។ តែយ៉ាង​ណា​ក៏ដោយ​តាម​ការ​សង្កេត​របស់​ខ្ញុំ​នៅក្នុង​សម័យ​កាល​ថ្មីៗ​នេះ​ យើង​ហាក់​បីដូចជា​ឃើញ​ ល្បែង​ចោល​ឈូង​ បោះ​អង្គុញ​ លាក់​កន្សែង​ ទាញ​ព្រ័ត្រ​មានភាពលេច​ធ្លោជាង​គេ​។ វា​ងាយ​លេង ហើយ​សម្ភារៈ​ដែល​យក​មកលេង​ក៏ងាយ​រក​ដែរ​។

Q៖ តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​?​

A៖ បាទ ទាក់ទង​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​ពាក់​ព័ន្ធ​នឹង​ការលេង​នេះ​មិន​សូវ​មាន​ភាព​ផុស​ផុល​ទេ​ ហើយ​ក៏​មិន​សូវ​មាន​ច្រើន​ដែរ​ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ហាក់​ដូចជា​សង្គម​ខ្មែរ​ទាំង​អ្នក​ជំនាញ​ និង​ក្រសួង​ ឬស្ថាប័ន​ពាក់​ព័ន្ធ​ចាប់​ផ្តើម​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រោះ​តែ​ប្រជាពល​រដ្ឋរបស់​ខ្លួន​មិន​សូវ​ចូល​ចិត្ត​លេង​។ ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​ទាំង​មនុស្ស​ពេញ​វ័យ និង​យុវជន​ ដែល​មិន​សូវ​លេង​ល្បែង​ប្រជាប្រិយ​នេះ​អាច​មាន​មូលហេតុ​មួយចំនួន។​ទី១​ មនុស្ស​បច្ចុប្បន្ន​គាត់​ប្តូរ​រស​និយម​ ប្តូរ​ចំណាប់​អារម្មណ៍​ ប្តូរ​ចំណង់​ចំណូល​ចិត្ត​។ ទាល់​តែ​ប្តូរ​​ទៅ គាត់​អត់​សូវ​ចូល​ចិត្ត​លេង​។ ទី២​ នៅ​ពេល​ដែល​យុវជន​ ឬ​មនុស្ស​ពេញ​វ័យ​មិន​សូវ​លេង​ហើយ​ ការ​រៀប​ចំ​ ការ​បង្ក​លក្ខណ្ឌ​ដើម្បីឱ្យ​មាន​ល្បែង​ប្រជា​ប្រិយ​នៅ​មាន​នៅ​តាម​វត្ត​អារាម​ ឬ​ទីកន្លែង​ប្រមូល​ផ្តុំ​គា្ន​ផ្សេង​ៗក៏​ហាក់ដូចជា​មិន​បាន​ខ្លាំង​ក្លា​ដែរ​។ នេះ​មានន័យ​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​មិនបាន​សម្រួល​សម្ភារៈ​ បង្កើតគណៈកម្មការ​​ផ្សព្វ​ផ្សាយ​ដើម្បីឱ្យ​មាន​ការ​លេង​។ ចំណុច​ទី​៣ មនុស្ស​បច្ចុប្បន្ន​មាន​ជម្រើស​ផ្សេង​ច្រើន​ មានន័យ​ថា គាត់មិន​ផ្តោត​តែ​លេង​ល្បែង​ប្រជាប្រិយ​​ទេ​ ដោយសារតែគាត់​មាន​ឡាន​ ឬមធ្យោបាយ​ផ្សេងៗ​ គាត់​ទៅ​លេង​នៅ​រមណីយដ្ឋាន​ ឬកន្លែង​កម្សាន្ត​ផ្សេងៗ​ អញ្ចឹង​ក៏​ខក​​ខាន​លេង​ល្បែង​ប្រជាប្រិយហ្នឹងដែរ​។ ទី​៤ ទន្ទឹម​នឹង​មិ​ន​សូវ​លេង​ល្បែង​ប្រជាប្រិយ​របស់​ខ្លួនឯង​ ប្រជាជន​របស់​យើង​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​​បរទេស​​ ជាពិសេស​គឺ​ប្រទេសជិត​ខាង​ដែល​មាន​ដូច​ជា​ការ​​បាញ់​ទឹក​ ការគប់​ទឹក​ ការរាំ​ញាក់​​ជាដើម​។  ចំណុច​ចុងក្រោយ​ ដែលខ្ញុំ​មើល​ឃើញ​គឺ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ជាប្រព័ន្ធ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​។ នេះ​មាន​ន័យ​ថា វត្ត​អារាម​ ក្រសួង​ធម្មការ​ ក្រសួង​វប្បធម៌​ ក្រសួង​ទេសចរណ៍ អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ហាក់ដូច​ខ្វះ​ការ​សហការ​គ្នា​ ដើម្បីធ្វើ​ឱ្យ​ការ​លេង​ល្បែង​ប្រជា​ប្រិយនឹង​មាន​ការ​រស់​រវើក​។  

Q៖ តើ​នៅ​ពេល​ដែល​ល្បែង​ប្រជាប្រិយ​ខ្មែរ​មិន​សូវ​មាន​ការ​និយម​លេង​ តើ​អាច​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នាពេល​អនាគត​?​

A៖ ខ្ញុំ​គិត​ថា​ នៅ​ពេល​ដែល​យើង​អត់​សូវ​និយម​លេង​គឺ​មនុស្ស​ជំនាន់​ក្រោយ​អាច​នឹង​​ស្គាល់តិច​តួច ឬមិន​ស្គាល់ ហើយ​បន្តិចម្តងៗ​អាចឈាន​ដល់​ការ​បាត់​បង់​។ បន្ទាប់​មក​ទៀត​ បើកាល​ណា​វា​បាត់​បង់​ វាបាត់​ចំណែក​ធាតុ​សំខាន់​របស់​វប្បធម៌​។ ទាក់​ទង​នឹងចូល​ឆ្នាំ​ខ្មែរ​មានន័យ​ថា បាត់​នូវ​អត្តសញ្ញាណ​នៃ​សង្ក្រាន្ត​ខ្មែរ​។ បើ​បាត់​អត្ត​សញ្ញាណ​បុរាណ​ វា​នឹង​ជំនួស​នូវ​អ្វី​ដែល​ជា​ការ​និយម​ថ្មី​​។​ ការ​និយម​ថ្មី​មាន​២ប្រភេទ​ ទី១ អ្វី​ដែល​មនុស្ស​បច្ចុប្បន្ន​នឹង​គាត់​បង្កើត​ថ្មី​ និង​ទី២​ ជា​ឥទ្ធិពល​វប្បធម៌​បរទេស​មក​ជំនួស​នូវ​អ្វី​ដែល​យើង​បាត់​បង់​។ នៅ​​បុន្មាន​ឆ្នាំ​ចុងក្រោយ​ នៅ​ពេល​​​ថៃ​​គេដាក់​សង្ក្រាន្តចូលទៅ​ ឃើញ​ថាប្រជាពលរដ្ឋ​ អ្នក​ជំនាញ​ ប្រមុខរដ្ឋាភិបាល​ សម្តែង​ការ​ចាប់​​អារម្មណ៍​។ លោក​បាន​ឱ្យ​កសាង​ឯកសារ​ដើម្បីបញ្ជូល​សង្ក្រាន្ត​ខ្មែរ​ឱ្យបាន​នៅ​ឆ្នាំ​២០២៥​។​ នៅពេល​មាន​ចលនា​បែបហ្នឹង​ យើង​ឃើញ​ថា នៅ​តាមស្ថាប័ន​រដ្ឋ​ នៅ​តាម​​សាលារដ្ឋ​ សាលា​ឯកជន​ បាន​ចាប់​ផ្តើម​រៀប​ចំ​កម្ម​វិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រៀងៗ​ខ្លួន ហើយ​ក៏​នាំ​គ្នា​បង្ក​លក្ខណ្ឌ​​ឱ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​។ នេះ​ជា​ពន្លក​នៃ​ក្តី​សង្ឃឹម​។​ គួរ​កត់​សម្គាល់​ថា គេ​ចាប់​ផ្តើម​លេង​បណ្តើរៗ​ ហើយ​នៅ​ថ្ងៃ​អនាគត វានឹង​រស់​ឡើង​វិញ​។

Q៖ តើ​លោក​គិត​ថា​ ភាគី​ពាក់​ព័ន្ធ​គួរ​ធ្វើ​បែបណា​ខ្លះ​ដើម្បីចូល​រួម​លើក​កម្ពស់​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​?​

A៖ តាម​ទស្សនៈ​របស់​ខ្ញុំ​ ទី១​ ផ្តើម​ចេញ​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គឺ​ត្រូវ​តែ​គិត​ថា​ ស្ថាន​ភាព​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នាពេល​បច្ចុប្បន្នគឺ​ជា​រឿង​មួយ​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ និង​គួរ​ឱ្យ​ព្រួយបារម្ភ​។ វា​គួរ​ឱ្យ​ព្រួយបារម្ភ​ដោយ​សារ​តែ​​​ការ​លេង​មិន​សូវ​មាន​ភាព​អធិក​អធម​ច្រើន​។ អញ្ចឹង​ទៅ​យើង​បារម្ភ​ថា​ មាន​ការ​ថយ​បន្តិចម្តងៗ​ និង​អាច​ឈាន​ដល់​ការ​បាត់​បង់​។ ភាគី​ពាក់​ព័ន្ធ ខ្ញុំ​គិតថា​ តួអង្គ​សំខាន់​គឺ​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្រប់​ស្រទាប់​វណ្ណៈ ជា​ពិសេស​គឺ​យុវជន​។ តួអង្គ​ទី២ គឺ​អាជ្ញាធរដែន​ដី​គ្រប់​លំដាប់​ថ្នាក់​។ ទី៣ វត្តអារាម ទី៤ ក្រសួងធម្មការ​ ទី៥ ក្រសួង​វប្បធម៌​ ទី៦ ក្រសួង​ទេសចរណ៍​ និង​ទី៧ ក្រសួង​ពាក់​ព័ន្ធ​ផ្សេងទៀត​ដូចជា​ក្រសួង​ព័ត៌មាន​ជាដើម​ ដោយសារតែ​គាត់​មានតួនាទី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដែរ​។​ ខ្ញុំ​មាន​៦ ចំណុច​ដែល​គិតថា​ ក្រសួង​ទាំង​អស់​គួរតែ​រួម​ចំណែក​។ ​ទី១ គាត់​ត្រូវ​ចូល​រួម​លើក​កម្ពស់​និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយពី​ល្បែង​ប្រជាប្រិយ ក៏ដូចជា​អំពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬសង្ក្រាន្ត​ឆ្នាំ​ថ្មី​​។ ទី២​ ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​កំណត់​ទី​តាំង​ និង​រៀបចំ​កន្លែង​សម្រាប់​ផ្តល់​​ឱ្យ​មាន​ការ​លេង​ល្បែង​ប្រជា​ប្រិយ​​។ ពី​មុន​យើង​​លេង​នៅ​វត្ត​អារាម ហើយ​ឥលូវ​នេះ​​វត្ត​អារាម​ខ្លះ​ក៏នៅ​លេងនៅ​ឡើយ​ ហើយ​មួយ​ទៀត​​​យើង​រៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​នៅ​កន្លែង​ផ្សេងៗ​ទៀត​ ដើម្បី​ឱ្យ​មាន​ចំណែក​នៃ​ការ​លេង​ល្បែង​ប្រជាប្រិយ​នៅ​ទី​នោះ​។ ការ​បង្កើត​ព្រឹត្តការណ៍ សង្ក្រាន្ត​អង្គរ​ សង្ក្រាន្ត​វត្ត​ភ្នំ​ សង្ក្រាន្ត​បាត់​ដំបង​ សង្ក្រាន្ត​កំពង់​ស្ពឺ​ និង​សង្ក្រាន្ត​ខេត្ត​ផ្សេងៗ​ទៀត​។ ក្នុង​នឹង​យើង​ក៏​បង្កើត​ឱ្យ​មាន​គណៈ​កម្មការ​​​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ​។ បើលេង​ត្រូវ​ការ​សម្ភារៈ​ ត្រូវការ​ចំណាយ​មួយចំនួនដែរ​ដើម្បីទិញ​សម្ភារៈ​ តែខ្ញុំ​គិតថា ចំណាយ​មិនច្រើន​ទេ​ដើម្បីទិញ​សម្ភារៈ​។ ដើម្បី​ធានា​ដល់​ការ​លេង​ប្រព្រឹត្តទៅបាន​ស្រួល ​ត្រូវគិត​ទៅ​ដល់​ការ​រៀប​ចំ ការ​សម្រួល​ ការ​ធានា​ដល់​ចរាចរណ៍​ សណ្តាប់​ធ្នាប់​ របៀប​រៀបរយ​ អនាម័យ​ និង​សន្តិសុខ​ ទៅ​ដល់​អ្នក​ចូល​រួម​ទាំង​អស់​ផងដែរ​។

ទី​៥​ ប្រជាពលរដ្ឋ​ ជាពិសេស​យុវជន​ បើ​ឃើញ​មាន​ការ​រៀប​ចំ​ហើយ​ត្រូវ​តែ​ចូល​រួម​។ ការ​ចូល​រួម​របស់​ពួកគាត់​ពិតជា​សំខាន់​សម្រាប់​ខ្លួន​គាត់​ផង​ សម្រាប់​សង្គម​ សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល​ផង ព្រោះថា​ បើកាល​ណា​យើង​ចូល​រួម​លេង​ វា​ធ្វើ​ឱ្យ​ល្បែង​ប្រជាប្រិយ​រស់រាន្តមាន​ជីវិត​ឡើង​វិញ​។ ចុងក្រោយ​ សាលា​រៀន​ ឬក៏ស្ថាប័ន​ ផ្សេងៗ​នឹង​គួរ​ចូល​រួម​ដែរ​ មុន​សង្ក្រាន្ត​ឆ្នាំ​ថ្មី​។ គាត់​ចូល​រួម​​លេង បង្កលក្ខណ្ឌយ៉ាង​មេច​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ ជាការ​ជម្រុញ​ឱ្យ​ប្អូន​ៗកុមារ​ ឬ​បុគ្គលិក​​របស់​ខ្លួន​មាន​ឱកាស​ដើម្បី​រម្លឹក​ឡើង​វិញ​នូវ​អ្វីដែល​ហៅ​ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី។ នៅក្នុង​សង្ក្រាន្ត​ ល្បែង​ប្រជាប្រិយ​មាន​អ្វី​ខ្លះ​ មានអត្ថន័យ​អ្វី​ខ្លះ​ យើង​ពន្យល់​ហើយ​​​យើងលេង។​ មុន​​ចូល​ឆ្នាំ​យើង​លេង​ ចូល​ឆ្នាំ​យើង​លេងទៀត​ ធ្វើ​បែប​នេះ​ជា​បន្ត​បន្ទាប់​ទៅ​សង្ក្រាន្តឆ្នាំ​ថ្មី និង​ល្បែង​​ប្រជាប្រិយ​អាចអភិវឌ្ឍ និង​រស់​រានមាន​ជីវិត​ឡើង​វិញ​។

Q៖ តើ​លោក​គិត​ថា​ ល្បែង​ប្រជាប្រិយ​ខ្មែរ​អាច​ចូល​រួម​ចំណែក​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ដែរ​ឬទេ​? ហេតុអ្វី​?

A​៖ ជាការ​ពិត​ល្បែង​ប្រជាប្រិយ​នេះជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬ​ក៏​សង្រ្កាន្ត​ឆ្នាំថ្មី​។ នៅ​លើ​ពិភពលោក​នេះ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឬ​សង្កា្រន្ត​ឆ្នាំ​ថ្មី​របស់​គេ​នីមួយ​ៗ គឺ​គេ​បាន​រៀប​ចំ​យ៉ាង​ល្អ​ដើម្បីទាក់ទាញ​ទេសចរណ៍​ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ខ្ញុំ​ធ្លាប់​បាន​ទៅ​ប្រទេស​ចិន ប្រទេស​ឥណ្ឌូ​នេស៊ី ប្រទេសថៃ​។​ ប្រទេសទាំងនេះ​មិនត្រឹម​តែប្រើសង្ក្រាន្ត ឬបុណ្យ​ចូល​ឆ្នាំ​ដើម្បី​ទាក់​ទាញ​ភ្ញៀវបរទេស​ទេ គឺធាតុ​វប្បធម៌ទាំង​អស់ វត្ថុសិល្បៈ​ រួម​ទាំង​ការ​សម្តែង​ជាដើម។ គេ​រៀប​ចំ​ជា​បន្ទប់​ពិព័ណ៌ មហោស្រព​ ហើយ​ការ​សម្តែង​សិល្បៈ​ និង​ការ​តាំងពិព័ណ៌​នេះ ជាការ​ទាក់​ទាញ​ទេសចរណ៍។​ បើ​កាល​​ណា​គេ​មក​ប្រទេស​យើង ​គឺ​គេ​ចង់​មើល​នូវ​អ្វី​ដល​ជា​អត្ត​សញ្ញាណ​​​របស់​យើង​។ ល្បែង​ប្រជាប្រិយ​ខ្មែរ​អាច​ចូល​រួម​ចំណែក​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍ ខ្ញុំ​គិត​ថាបាន ហើយ​​ ហើយ​បើសិន​ជា​ចង់​ប្រើ​ប្រាស់​ល្បែងប្រជាប្រិយខ្មែរដើម្បី​ស្រូបទាញ​ភ្ញៀវ​ទេសចរណ៍ គឺ​ត្រូវ​ផ្សព្វ​ផ្សាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​ ឬសង្ក្រាន្ត​ឆ្នាំ​ថ្មីថា គេ​លេង​អី គេ​មានអីខ្លះ​។ ការផ្សព្វ​ផ្សាយ​មិន​គួរ​ធ្វើ​ឡើង​ដោយ​ចៃ​ដន្យ​ ការរៀបចំ​ត្រូវមាន​លក្ខណៈ​ពិសេស​។ លក្ខណៈ​ពិសេសមានន័យថា ការ​រៀប​ចំ​របស់​អាជ្ញា​ធរ​ដោយ​មាន​លក្ខណៈ​ជំនាញ​ច្បាស់​លាស​ គ្រប់​ជ្រុង​ជ្រោយ​ មិន​មែន​ជា​ការ​រៀប​ចំ​ដោយ​សហគមន៍​ទេ។​ បើ​តាម​សហគមន៍​មាន​ន័យ​ថា​ គាត់​ធ្វើ​តាម​បាន​ ធ្វើ​តាម​មាន​ អញ្ចឹង​វា​អត់​អាច​ទាក់​ទាញ​ទេ​។ ក្រសួង​ត្រូវ​តែ​ប្រមូល​ ចងក្រង​ ល្បែង​ប្រជា​ប្រិយ​ឱ្យ​អស់​ ហើយ​កំណត់​ទាំង​អត្ថន័យ​ ខ្លឹមសារ​ កំណត់​ទាំង​វិធី​សម្រាប់​លេង ហើយ​ការ​លេង​ល្បែង​ទាំង​អស់ឱ្យ​ត្រូវ​តាម​ក្បួន​ខ្នាត ចៀស​វាង​យើង​ចម្លង​យក​លក្ខណៈ​បរទេស​ដូចជា​គប់ទឹក​ បាញ់​ទឹក ​បាតម្សៅ​។ យើង​ធ្វើ​ឱ្យជា​លក្ខណៈ​របស់​ខ្មែរ​យើង​។ បើ​យើង​យក​ល្បែង​បរទេស​មក​លេង វា​ស្មើនឹង​យើង​ជួយ​ផ្សព្វ​ផ្សាយ​វប្បធម៌​បរទេស​។ ដូច្នេះ​ ការ​រៀបចំ​ត្រូវតែ​មានលក្ខណៈ​ជំនាញ ជា​លក្ខណៈ​វប្បធម៌​ពិតយប្រាកដ និង​រៀប​ចំ​ឱ្យមាន​អត្តសញ្ញាណ​ខ្មែរ​ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​។ ភាគីពាក់​ព័ន្ធត្រូវចូល​រួម​ធ្វើ​ការ​ដោយ​ស៊ី​សង្វាក់ ធ្វើ​ការ​ជាមួយ​គ្នា​ជាប្រព័ន្ធ​ដើម្បីឱ្យ​ការ​រៀប​ចំ​នោះ​ពិត​ជា​ក្លាយ​ជា​កម្លាំង​ចលករ​ ឬក៏​កម្លាំង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​៕​

មេធាវីការពារសិទ្ធិឱ្យ​ប្រធានបក្សភ្លើងទៀន ដាក់លិខិតសុំពន្យាពេលចូលបំភ្លឺពាក់ព័ន្ធបណ្ដឹងមេធាវីរដ្ឋាភិបាល

មេធាវីការពារសិទ្ធិ​ឱ្យ​​​ប្រធានគណបក្សភ្លើងទៀន ដាក់លិខិ​ត​ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើ​សុំពន្យាពេលក្នុងការចូលបំភ្លឺ ជុំវិញបណ្ដឹងរបស់មេធាវីរាជរដ្ឋាភិបាល ក្រោមហេតុផលថា កូនក្តីរបស់លោក​​កំពុងជាប់ធុរៈនៅឯបរទេស។

កាលពីថ្ងៃទី២១ ខែមីនា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវ​បាន​ព្រះរា​ជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​​ លោក ប្លង់ សុផល បង្គាប់ឱ្យ​លោក​ចូល​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យ​ការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៤​ ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​របស់​លោក​ជាមួយសារព័ត៌មានកាលពីដើមខែកុម្ភៈ ធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយស​រាជរដ្ឋាភិបាល។

យោងតាមពាក្យសុំពន្យាពេលការចូលបំភ្លឺរបស់លោក ជូង ជូងី ជាមេធាវីការពារសិទ្ធិឱ្យ​លោក ទាវ វណ្ណុល ដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសានេះ បានលើកឡើង​ថា លោក ទាវ វណ្ណុល ​កំពុងមានភារកិច្ច​នៅក្រៅប្រទេស មិនទាន់វិលត្រឡប់មក​ប្រ​ទេស​កម្ពុជា​វិញនៅឡើយ ដែលករណីនេះ លោក ទាវ វណ្ណុល មិនអាចចូលទៅអយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីផ្តល់ការឆ្លើយបំភ្លឺបានទេ។  

ពាក្យសុំដដែល បានបញ្ជាក់ថា៖ «សូមឯកឧត្តម[អយ្យការអមសាលាដំបូង] ពន្យាពេល​ការចូលឆ្លើយបំភ្លឺ លោក ទាវ វណ្ណុល ទៅកាលបរិច្ឆេទលើកក្រោយ»។

អគ្គលេខាធិការគណប្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន លោក ទាវ វណ្ណុល កំពុងស្នាក់នៅសហរដ្ឋអាមេរិក ហើយលោកគ្រោងនឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅចុងខែមេសានេះ។ លោក​​អះអាងថា លោក វណ្ណុល នឹងមិនគេចវេះចំពោះការឆ្លើយ​បំភ្លឺ​ក្នុងករណី​នេះ​​ទេ។

លោកថា៖ «បើគាត់[លោក វណ្ណុល] ពន្យារពេលចូលតុលាការ គឺមានន័យថាគាត់ចូលហើយ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយ​ពី​​អ្នកនាំពាក្យ​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេនៅថ្ងៃអង្គារនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការសុំពន្យាពេលនេះ ប្រសិន​បើខុស​នឹង​នីតិ​វិធី​ច្បាប់ តុលាការ​នឹង​មាន​ចំណាត់ការផ្សេងទៀតទៅលើលោក ទាវ វណ្ណុល។

លោកបញ្ជាក់ថា៖ «តែបើសិនការស្នើមិនស្របតាមនីតិវិធីនៃច្បាប់ទេ តុលាការនឹងមាននីតិវិធីផ្សេងទៀត ដើម្បី​ចាត់ការ​បន្តលើសាមីជន​នោះ»។

អ្នក​វិភាគ និង​ជាអ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​​សង្គម លោកបណ្ឌិត មាស នី​ មាន​ប្រសាសន៍​ថា បរិយា​កាស​នយោបាយ​នៅកម្ពុជា មានភាពចង្អៀតសម្រាប់អ្នកនយោបាយដែល​មិនមែន​មក​ពីបក្ស​កាន់​​អំណាច។ លោក​មើលឃើញថា នយោបាយនៅ​កម្ពុជា មិនទាន់មានសញ្ញាណាមួយបង្ហាញ​ថា មានភាពល្អប្រសើរជាងនេះនៅ​ឡើយ។ 

លោកថា៖ «បរិយាកាសនយោបាយចង្អៀត អត់ទាន់ឃើញមានសញ្ញាណាមួយថាបានធូរស្រាល»។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ គណបក្សភ្លើងទៀន​បានបញ្ជាក់​ថា មេធាវីរដ្ឋាភិបាល​បាន​​ប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍​របស់លោក​​ជាមួយនឹងកាសែត Nikkei Asia និង វិទ្យុ​បារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែង​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រង​លើ​គូប្រជែង និង​ចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ​បាន​និងកំពុង​ដើរ​ថយ​ក្រោយ​ចាប់​តាំង​ពី​ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក​បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើល ដោយកាមេរ៉ា ២៤ម៉ោង​»។

ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានចេញសេច​ក្ដី​ថ្លែង​ការណ៍ ដោយ​ច្រានចោល​​ការ​អះអាងរបស់លោក​ វណ្ណុល ហើយចាត់ទុកថា ការលើកឡើង​របស់លោក​ មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរ​បស់​រាជរដ្ឋាភិបាល។

អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយ​ដែលបញ្ជាក់ពី​ការ​បញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់។

បើតាម​របាយការណ៍ពី លោក លី សុធារ៉ាយុទ្ធ ឱ្យដឹងថា​ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់​ខែមេសា ឆ្នាំ២០២៤ មានមន្រ្តីគណបក្សភ្លើងទៀន ចំនួន ១៧នាក់ ត្រូវបានចាប់ខ្លួន និង​ឃុំខ្លួននៅពន្ធនាគារ៕

Q&A៖ ​សេរីភាពក្នុងការបញ្ចេញមតិ

​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ ដូចនេះ​ប្រជាជន​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​ក្នុង​ការ​បញ្ចេញ​មតិ និង​បង្ហាញ​ការ​យល់​ឃើញ​​របស់​ខ្លួន​ចំពោះ​រឿង​រ៉ាវ​អ្វី​មួយ​។ មតិ​របស់​ប្រជាជនគឺ​ សំខាន់​ណាស់​នៅ​ក្នុង​ការកែ​​តម្រូវ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ ក៏​ដូច​ជា​កែ​ប្រែ​ចំណុច​ខ្វះ​ខាត​របស់​សង្គម​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​។​ កញ្ញា ភឹង​ សោភា​ ​កំពុង​បំពេញ​ការងារ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស និង​ជា​អតីត​និសិត្ស​បរិស្ថាន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ។ កញ្ញា​បាន​ចូល​រួម​យ៉ាង​សកម្ម​​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់​ទង​​នឹង​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​សង្គម​។​

​​​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ សិក្ខា​កាម​សារព័ត៌មាន​ Newsroom Cambodia កញ្ញា ឃីម សុគន្ធី​ បានសម្ភាស​ជាមួយ​កញ្ញា ភឹង​ សោភា ពី​ប្រធាន​បទ​សេរីភាពក្នុងការបញ្ចេញមតិ។

Q៖ ជម្រាបសួរ កញ្ញា!

A៖ ជម្រាបសួរ!

Q៖ តើសេរីភាពក្នុងការបញ្ចេញមតិជាអ្វី?

A៖ បើ​​​យើង​​និយាយ​​​អំពី​​សេរីភាព​​ក្នុង​​ការ​បញ្ចេញ​មតិ​​ គឺ​យើង​ត្រូវ​មើល​អាស្រ័យ​​ទៅ​​តាម​​ប្រទេស។​​ ​ប្រទេស​​កុម្មុយនីស្ត​គឺ​គេ​មាន​របៀប​របប​​នៃ​ការ​បញ្ចេញ​មតិ​របស់​គេ ​វា​​ហាក់​​ដូចជា​​តូច​​ចង្អៀត​​ជាង​​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។​ ឧទាហរណ៍​ប្រទេស​ប្រជាធិបតេយ្យ​អីចឹង​​ យើង​មើល​ឃើញ​ការ​ដឹក​នាំ​របស់​មន្ត្រី ​របស់​មេដឹកនាំ​បែប​ណា​គឺ​យើង​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​រិះ​គន់​ ឬក៏​ផ្ដល់​មតិ​ទៅ​ដល់ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​នយោបាយ ​ឬក៏​​មន្ត្រី។ ​អីចឹង​សិទ្ធិ​បញ្ចេញ​មតិ​ហ្នឹង​គឺ​វា​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ​ជាពិ​សេស​​​​​​នៅកម្ពុជា​​​គឺ​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ថា​ស្រប​ច្បាប់​ ថា​យើង​ជា​ពលរដ្ឋ​អាច​បញ្ចេញ​មតិ​បាន​។

Q៖ តើសេរីភាពក្នុងការបញ្ចេញមតិមានសារៈសំខាន់ដូចម្ដេចខ្លះដល់សង្គម?

A សេរីភាព​​នៃ​ការ​​បញ្ចេញ​​មតិ​​គឺ​​សំខាន់​​ ​ដោយ​សារ​តែ​​នៅ​​​ក្នុង​​​សង្គម​​ខ្មែរ​​យើង​​គឺ​ជា​​សង្គម​​ដែល​​ដឹក​​នាំ​​តាម​​បែប​​ប្រជាធិបតេយ្យ​​​ ​ហើយ​​ជា​​ពិសេស​​គឺ​​ការ​​ដឹក​នាំ​​របស់​​ខ្មែរ​​គឺ​ជា​​ការ​ដឹក​នាំ​​ដែល​​ប្ដូរ​​របត់​​ពី​​ការ​​ដឹក​នាំ​តាម​​បែប​​កុម្មុយនីស្ត​ផ្ដាច់ការ​សក្ដិ​ភូមិ​ដែល​ធ្លាប់​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​​ ​មក​ជា​ការ​ដឹក​នាំ​តាម​បែប​ប្រជាធិបតេយ្យ។​ អី​ចឹង​សិទ្ធិ​សេរីភាព​គឺ​ត្រូវការ​ណាស់​នៅ​ក្នុង​ប្រទេស​នេះ​ គឺសិទ្ធិ​ពលរដ្ឋ​​​​ដែល​​ត្រូវ​ចូល​រួម​ធ្វើ​នយោបាយ​ដើម្បី​ធានា​ថា​ការ​ដឹកនាំ​នយោបាយ​របស់​មេដឹក​នាំ​នឹង​គឺ​គាត់​ដឹក​នាំ​ស្រប​តាម​ច្បាប់​ ដឹកនាំ​ដោយ​មិន​លួច​ជាតិ​ ឬក៏មិន​ដឹក​នាំ​វិល​ត្រឡប់​ទៅ​រក​កុម្មុយនីស្ត​ផ្ដាច់​ការ​សក្ដិភូមិ​វិញ​។​ ​មួយ​ទៀត​ គឺ​យើង​មើល​អំពី​សេរីភាព​​ក្នុង​កម្រិត​ប្រទេស​ បាន​ន័យ​ថា​មេ​ដឹក​នាំ​និងមេដឹកនាំ​ សិទ្ធិ​សេរីភាព​ហ្នឹង​សំខាន់ណាស់​ បើ​មិន​អីចឹង​ទេ​គឺ​មិន​អាច​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ថា​ខ្មែរ​ជា​ប្រទេស​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​ទេ​។​ បើអត់មានសិទ្ធិ​មនុស្ស​ ឥឡូវ​មាន​គណបក្ស​នយោបាយ​ណា​ដែល​អាច​មាន​ការ​ប្រកួត​ប្រជែង​ អាច​មាន​សេរីពហុបក្ស​។ បើ​អត់​មាន​សិទ្ធិមនុស្ស​អាច​មាន​គណបក្ស​នយោបាយ​ណា​ដែល​អាច​ហ៊ាន​រិះគន់​ ឬក៏ប្រកួត​ប្រជែង​នូវ​គោល​នយោបាយ​នៃ​ការ​ដឹក​នាំ​បក្ស​ វា​ប្រាកដ​ជា​មាន​ការ​គាប​សង្កត់​ វា​ប្រាកដ​ជា​មាន​ការសម្លាប់​ ឬក៏ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ហើយមួយ​ទៀត​​យើង​មើល​ទៅ​លើ​កម្រិត​​ក្រៅ​ប្រទេស​ ឬ​កម្រិត​អន្តរជាតិ​ ដែល​ខ្មែរគឺ​​ត្រូវ​ការ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ព្រោះ​ខ្មែរ​ត្រូវ​ការ​ធ្វើ​នយោបាយ​ក្រៅ​ប្រទេស។​ បើ​យើង​អត់​​មាន​សិទ្ធិ​សេរីភាព​ទេ​ នយោបាយ​របស់​ខ្មែរ​ក្រៅ​ប្រទេស​វា​អាច​បាត់​បង់​អព្យាក្រឹត​ វា​អាច​បាត់​បង់​ឯករាជ្យ​ ឬក៏វា​អាច​ស្ថិត​នៅ​ក្នុង​សម្ពាធ​របស់​បរទេស​ណា​មួយ ​ជា​ពិសេស​ខ្មែរ​គឺ​ធ្លាប់​ទទួល​រង​សម្ពាធ​របស់​បរទេស​ដែល​នៅ​ជុំ​វិញ​ខ្មែរ ព្រោះ​ខ្មែរ​ស្ថិត​នៅ​ក្នុង​ជម្លោះ​​ភូមិសាស្ត្រ​នយោបាយ​។

Q៖ តើ​ការបញ្ចេញមតិ​អាច​ធ្វើ​ឡើង​តាមរយៈវិធីណាខ្លះ?

A៖ សេរីភាព​​នៃ​ការ​​បញ្ចេញ​​មតិយើង​អាច​ធ្វើ​ឡើង​តាម​រូប​ភាព​ទី​មួយ​គឺ ​យើង​ជា​ពលរដ្ឋ​អាច​ធ្វើ​នយោបាយ​ ព្រោះ​នៅ​ក្នុង​ច្បាប់រដ្ឋ​ធម្មនុញ្ញ​[…] គឺ​បាន​ចែង​អំពី​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បញ្ចេញ​មតិ​។ យើង​ជា​ពលរដ្ឋ​អាច​ធ្វើ​នយោបាយ​ គឺ​យើង​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ យើង​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅក្នុង​ការ​បញ្ចេញ​មតិ​ទៅ​លើ​ការ​ដឹក​នាំ​រដ្ឋ​ ទាំង​នយោបាយ​ក្នុង​ប្រទេស​ នយោបាយ​ក្រៅ​ប្រទេស​។​ ទី​ពីរ គឺយើង​ជា​ពលរដ្ឋ​អាច​បញ្ចេញ​​មតិ​តាម​រយៈ​​សិទ្ធិ​​ឈរ​ឈ្មោះ​ធ្វើ​ជា​មេដឹក​នាំ​នយោបាយ គឺធ្វើ​ជា​តំណាងរាស្រ្ត​នៅ​ក្នុង​មាត្រា​ទី​៣៥​នៃ​រដ្ឋ​ធម្មនុញ្ញ​ក៏​បាន​កំណត់​ដែរ​​ថា​ ពលរដ្ឋ​គឺ​មាន​សិទ្ធិ​នៅ​​ក្នុង​ការឈរធ្វើ​ជា​តំណាងរាស្រ្តគឺ​ដឹក​នាំ​នយោបាយ​។ ​មួយ​ទៀត​គឺ​ នៅ​ខ្មែរ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ យើង​​មាន​សិទ្ធិ​សារព័ត៌មាន​ អីចឹង​ការ​បញ្ចេញ​មតិ​អាចមាន​​រូប​ភាព​តាមរយៈសារព័ត៌មាន​ ជាពិសេស​បច្ចុប្បន្ន​នេះ​យើង​មាន​ Facebook យើងមាន YouTube Twitters Telegram ទូរទស្សន៍ វិទ្យុអី ដឹងតែមានហើយ ​គ្រាន់​តែ​ថា​បច្ចេកវិទ្យា​ Facebook Telegram YouTube ធ្វើឱ្យ​ពួកយើង​ជាពិសេស​ យុវជន​អាច​រក​គ្នា​ឃើញ​លឿន​​ ហើយ​ចង់​បញ្ចេញ​មតិ​លើ​រឿង​អី​មួយ​ក៏មានភាព​ឆាប់​រហ័ស។​ ដូច​ករណី​ភ្នំតាម៉ៅ​នៅ​តាកែវ​នេះ​អីចឹង​ បើថា​មាន​ការ​ដាក់​តំបន់​ហ្នឹង​មួយ​ឱ្យ​នរណា​គ្រប់គ្រង​ហើយពលរដ្ឋ​អត់​ពេញ​ចិត្ត​ ពលរដ្ឋ​អាច​ប្រើប្រាស់​តែ​ទូរស័ព្ទ បច្ចេកវិទ្យា​ចាប់ផ្ដើម​ចេញ​មតិ​ភ្លាមៗ​ ចឹង​អាច​មាន​ការ​អន្តរាគមន៍​បាន​លឿន​ដែរ​។​

Q៖ តើ​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​បែបណ?

A៖ ខ្ញុំ​គិត​ថា​ស្ថានភាព​​នៃ​ការ​​បញ្ចេញ​មតិនៅខ្មែរ យើង​អាច​បែងចែក​​ជា​បី​កម្រិត​ ហើយ​ស្ថានភាព​​ហ្នឹង​សុទ្ធ​តែ​ស្ថិត​នៅក្រោមការ​រឹត​ត្បិត​នៅ​ឡើយ​ទេ​។ ​កម្រិត​ទី​មួយ​ គឺ​កម្រិត​បុគ្គល។ ​ខ្ញុំ​សង្កេត​ឃើញ ​គឺ​ការ​ដែល​យើងម្នាក់ៗ​បញ្ចេញ​មតិ​យោបល់​​យើង​អត់បាន​រៀន​តាម​ច្បាប់​។ យើង​អត់បាន​រៀន​ច្បាប់​ទេ​ អីចឹង​ការ​បញ្ចេញ​មតិ​ខ្លះ​វា​ទៅ​ជា​បរិហារ​កេរ្តិ៍​ ការ​បញ្ចេញ​​មតិ​​ខ្លះ​​វា​​ទៅ​​ជា​​រូបភាព​​ជេរ​​ប្រ​មាថ​​ដែល​វា​ធ្វើ​ឱ្យ​ខូច​ដល់​បរិយាកាស​នៃ​ការ​ធ្វើ​នយោបាយ​ ​ព្រោះ​តែ​យើង​ជេរ​ប្រមាថ ​គេ​ថា​យើង​បរិហារ​​កេរ្តិ៍​គេ ​អាច​ចាប់​ដាក់​គុក​ដាក់ច្រវ៉ាក់។​​ អីចឹង​ខ្ញុំ​មើល​ឃើញ​ថា​កម្រិត​បុគ្គល​គឺយើង​អត់​បានយល់​​អំពី​កតិកាសញ្ញា​ អនុសញ្ញា​ដែល​បាន​ចែង​អំពី​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់​សិទ្ធិ​ធ្វើ​នយោបាយ​ទេ​ អត់​បាន​រៀន​អំពី​រដ្ឋ​ធម្មនុញ្ញ​ អត់​បាន​រៀន​អំពី​ច្បាប់​អន្តរជាតិ​ និង​អត់​បាន​រៀន​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។ […] ខ្ញុំ​ឧទាហរណ៍​ថា​ ឥឡូវ​រឿង​ថា​ហាម​មិន​ឱ្យ​រដ្ឋាភិបាលធ្វើ​ ​សម្បទានតំបន់​ណា​មួយ​ ​ អីចឹង​តាម​ច្បាប់​យើង​ពលរដ្ឋ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ការពារ​ភោគទ្រព្យ​ធម្មជាតិ​របស់​យើង​ ឱ្យ​តែ​តំបន់ហ្នឹងជា​តំបន់​ដែល​ពលរដ្ឋ​ទទួល​ផល​ ពលរដ្ឋ​អត់​ពេញ​ចិត្ត​នឹង​ការ​ឱ្យ​ទៅ​ជា​ការ​អភិវឌ្ឍ​ទេ​ ​យើងអាច​បញ្ចេញ​មតិ​បាន​ យើង​អាច​ប្ដឹង​ក្រៅ​ប្រព័ន្ធ​តុលាការ​ យើង​អាច​ប្ដឹង​ទៅ​ប្រព័ន្ធ​តុលាការ​។ ទី​ពីរយើង​អាច​មើល​អំពីរ​ការ​បញ្ចាញ​មតិ​កម្រិត​​​​នយោបាយ​ក្នុង​ប្រទេស​ បាន​​ន័យ​ថា​រវាង​គណបក្ស​និង​​គណបក្ស​​ គាត់​បញ្ចេញ​មតិ​។ នៅ​ពេល​ដែល​ខ្មែរ​ជា​ប្រទេស​ដែល​មាន​​នីតិរដ្ឋ​ខ្សោយ​ ​គណបក្ស​និង​​គណបក្ស​​​ ​គាត់​អត់​និយាយ​រឿង​ជាតិ​ទេ​ ទៅ​ជា​និយាយ​រឿង​យក​ឈ្នះ​យក​ចាញ់​ ​ទៅ​ជា​និយាយ​រឿង​ជេរ​ប្រមាថ​​ អីចឹង​វា​ធ្វើ​ឱ្យ​បាត់​បង់​ប្រយោជន៍​នៃ​ការ​បង្កើត​គណបក្ស​ស្នេហា​ជាតិ​ផ្សេងៗ​ ប្រកួត​ប្រជែង​ដឹក​នាំ​ប្រទេស​។​ បើ​មេដឹកនាំ​ឈ្លោះ​គ្នា​អសីលធម៌​ នាំឲ្យខ្សោយ​ដល់​ការ​ដឹក​នាំឲ្យ​ការ​ដឹក​នាំ​សេដ្ឋកិច្ច​​ក៏​ត្រូវ​ខ្សោយ​ វប្បធម៌​ក៏​ត្រូវ​ខ្សោយ​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​អី​ក៏​ត្រូវ​តែ​ខ្សោយ​​។ ​​​ទីបី ​ យើង​អាច​មើល​ទៅ​លើ​នយោបាយ​ក្រៅ​ប្រទេស ​ដែលពល​រដ្ឋ​ក៏មាន​សិទ្ធិ​បញ្ចេញ​មតិស្រប​តាម​ច្បាប់​អន្តរជាតិដែរ។​ ឧទាហរណ៍​ យើង​នៅ​ក្រៅ​ប្រទេស​ ពលរដ្ឋ​ជន​ភាស​ខ្លួន​ អតីត​ជន​ភាស​ខ្លួន​ក្ដី​ គាត់​នៅ​ក្រៅ​ប្រទេស​គាត់​មាន​សិទ្ធិ​តវ៉ា​ទាម​ទារ​រឿង​ទឹក​ដី​ព្រោះ​គាត់​នៅ​តែ​ជា​ខ្មែរ​។ ឥឡូវ​ដូចខ្មែរ​ក្រោម​​អីចឹង​ខ្មែរ​ក្រោម​ជា​ខ្មែរអីចឹង​យើង​ជា​ពលរដ្ឋ​ នៅ​តែ​អាច​មាន​សិទ្ធិបញ្ចេញ​មតិរឿង​​ខ្មែរ​ក្រោម​​យើង​ឃើញ​គេ​វាយ​​ ចាប់​សឹក​ព្រះសង្ឃនានា​​ យើង​មាន​ការឈឺចាប់​ ហើយ​យើង​ត្រូវ​ជួយ​ យើង​ចង់​ធ្វើ​យ៉ាង​ម៉េច​​ឱ្យ​មាន​សន្តិវិធី​ នីតិវិធី​។ អីចឹង​ខ្ញុំ​គិត​ថានៅ​ពេល​ដែល​​នយោបាយ​ក្រៅ​ប្រទេស​​គឺ​ច្បាប់​អន្តរជាតិ​បាន​អនុវត្ត​ត្រឹម​ត្រូវ​ ពលរដ្ឋ​អត់​បាន​រៀន​ពី​ច្បាប់​អន្តរជាតិ​ រៀនអំពី​ក្រម​សីលធម៌​ វា​ធ្វើ​ឱ្យ​ការ​បញ្ចេញ​មតិ​នៅ​ក្រៅ​ប្រទេស​បាត់​បង់​ប្រសិទ្ធិភាព​ដែរ​។ ផ្ទុយ​ទៅ​វិញ​សម្លេង​នយោបាយ​នៅ​ក្រៅ​ប្រទេស​មាន​ឥទ្ធិពល​​ណាស់។ ​ហើយ​នៅកម្ពុជាព្រោះ​ជន​ភាស​ខ្លួន អតីតជន​ភាស​ខ្លួន​​គាត់​មាន​ឥ​ទ្ធិពល​មក​​លើ​ក្រុម​គ្រួសាររបស់​គាត់ គាត់​មាន​ឥទ្ធិពល​នៅ​តាម​ប្រទេស​ទី​បី​ដែល​គាត់​រស់​នៅ​។

Q៖ នៅពេល​ដែល​ការបញ្ចេញ​មតិ​មានការ​រិតត្បិត តើ​​នឹង​​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​បែបណា​​ខ្លះ​​ដល់​​សង្គម​​​​?​​​

A៖ ខ្ញុំ​គិត​ថា​បើ​ការ​បញ្ចេញ​មតិ​មាន​រឹត​ត្បិត​​ ការ​ប៉ះពាល់​ទីមួយ​គឺ​ការ​ប៉ះ​ពាល់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​​​ ព្រោះ​ប្រទេស​ប្រជាធិបតេយ្យ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើនយោបាយ។ អីចឹង​បើ​យើង​បាត់​បង់​ ឬមានការគាប​សង្កត់​លើ​សិទ្ធិ​បញ្ចេញ​មតិ​ យើង​អត់​អាច​និយាយ​ការ​ពិត​បាន​។ យើង​ឃើញ​ការ​ដឹក​នាំ​បែប​ណា​ យើង​ឃើញ​ប្រទេស​លិច​លង់​ យើង​អត់​អាច​និយាយ​បាន​ អីចឹង​វា​នឹង​បាត់​បង់​ប្រយោជន៍​ជាតិ​មួយ​ដ៏​ធំ​ធេង​ ហើយ​បាត់​បង់​ទាំង​សិទ្ធិ​យើង​ធ្វើ​នយោបាយ​ និង​សិទ្ធិ​នៅ​ក្នុង​ការ​ដឹក​នាំ​នយោបាយ​ ព្រោះ​និយាយ​រឿង​ជាតិ​និយាយ​រឿង​ការ​ពិត​វា​ទៅ​ជា​ជាប់​គុក​ជាប់​ច្រវ៉ាក់ ​ឬក៏​​គ្រោះថ្នាក់​ នៅ​ពេល​ដែល​មាន​ការ​រឹក​ត្បិត​សិទ្ធិ​សេរី​ភាព​ហ្នឹង​។ ទីពីរ​​ ខ្ញុំ​គិត​ថា​វា​ប៉ះពាល់​ធ្ងន់​ធ្ងរ​នឹង​គឺ​វា​អាច​នាំ​ឱ្យ​ខ្មែរ​ដឹក​នាំ​តាម​​បែប​កុម្មុយនីស្ត​ផ្ដាច់​ការ ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ការ​ដឹក​នាំ​តាម​បែប​ប្រជាធិបតេយ្យ​ត្រូវ​មានសសរ​ស្ដម្ភ​​សិទ្ធិ​មនុស្ស​ដែល​សំខាន់​ណាស់។​ អីចឹង​ហើយ​បាន​រដ្ឋាភិបាល​ខ្មែរ​បាន​​ចុះ​សច្ចាប័ន​ទៅ​លើ​កតិកាសញ្ញា ​អនុសញ្ញា​ ពិធី​សារ​​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​គឺ​​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​យោបល់​។ អីចឹង​បើ​បាត់បង់​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ ​ការ​ដឹកនាំខ្មែរ​​នឹង​អាច​វិល​ត្រឡប់​ទៅ​រកកុ​ម្មុយ​នីស្ត​​ផ្ដាច់​ការ​សក្ដិភូមិអានឹងគឺ​រឿង​​​​​​​​​​​​​​​​​​​​​​​​​​គ្រោះ​ថា្នក់​ទីពីរ​។ ហើយ​រឿង​គ្រោះទី​បី​ខ្ញុំ​គិត​ថា​ខ្មែរ​នឹងអាចក្លាយ​​ជា​ប្រទេសដែល​ងាយ​បាត់​បង់​អព្យាក្រឹត ព្រោះដឹងហើយថាសិទ្ធិបញ្ចេញមតិ​ទាំង​ពលរដ្ឋ​ ទាំងមន្ត្រី ​ទាំង​មេដឹកនាំ​នយោបាយ​វា​សំខាន់​ដល់​ការ​ធ្វើ​នយោបាយ​ការ​ដឹក​នាំ​នយោបាយ។​ អីចឹង​បើ​មាន​ការ​រឹតត្បិត​ ឬក៏​សិទ្ធិ​បញ្ចេញ​មតិ​នឹង​កាន់​តែ​តូច​ខ្មែរ​នឹង​អាច​ក្លាយ​ទៅ​ជា​ប្រទេស​បាត់​បង់​នីតិរដ្ឋ​ ជា​ប្រទេស​ដែល​បាត់​បង់អព្យាក្រឹត​ ជា​ប្រទេស​ដែល​អត់​មាន​ឯករាជ្យ​ភាព​នៃ​ការ​ដឹក​នាំ​នយោបាយ​ក្នុង​ប្រទេស ​និង​នយោបាយ​ក្រៅ​ប្រទេសដោយ​​ខ្លួន​ឯង​ទេ​ គឺ​ត្រូវ​តែ​ស្ដាប់​បញ្ជា​បរទេស​ ឬក៏​យើងហៅ​​ថា​​នឹង​ក្លាយ​ទៅ​ជា​​ប្រទេស​អាយ៉ង​ ឬក៏​ប្រទេស​ដែល​បរទេស​នឹង​​មក​ឈ្លាន​ពាន​រហូត​។

Q៖ តើត្រូវធ្វើដូចម្ដេចដើម្បីជំរុញ និងលើកតម្កើងសេរីភាពក្នុងករបញ្ចេញមតិ​នៅកម្ពុជា​?

A៖ ខ្ញុំ​គិតថា​មធ្យោបាយ​ទី​មួយ​គឺទាំង​កម្រិត​យើង​ជា​ពលរដ្ឋ​និង​កម្រិត​មន្ត្រី​គឺ​ត្រូវ​តែ​រៀន​ច្បាប់​ ព្រោះនៅ​ពេល​ដែល​យើង​ចង់​បញ្ចេញ​មតិ​ដោយ​សុ​វត្ថិភាព​ហើយ​វា​បាន​ប្រយោជន៍​ដល់​ជាតិ​ គឺ​អាស្រ័យ​លើ​យើង​បញ្ចេញ​មតិ​កម្រិត​ណា។ ​យើង​ត្រូវ​រៀន​ច្បាប់ ព្រោះ​ទាំង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ទាំង​កតិការ​សញ្ញា​អនុសញ្ញា​ដែល​រដ្ឋាភិបាល​បាន​ចុះ​សច្ចាប័ន​ទាំង​​ក្រមរដ្ឋ​ប្បវេណី​ ក្រមព្រហ្មទណ្ឌ ក្រម​រដ្ឋប្ប​វេណី​គឺ​គេ​មាន​ចែង​តែ​ម្ដង។​​​ ​យើង​អាច​និយាយ​អី​បាន​ យើង​អាច​ធ្វើ​សកម្មភាព​ណា​មិន​រំលោភ​ដល់​អ្នក​ដទៃ ​យើង​អាច​មាន​គំនិត​ ​ដែល​​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​​។​ ហើយ​ដូច​ក្រម​ព្រហ្មទណ្ឌ​ក៏​គេ​បាន​ចែង​ដែរ​ ធ្វើ​សកម្មភាព​ណា​ដែល​វា​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​បទឧក្រិដ្ឋ​ បទមជ្ឍិម​ ការរំលោភ​នានា។​ អីចឹង​ខ្ញុំ​គិត​ថា​មធ្យោបាយ​បញ្ចេញមតិ​ដ៏​ល្អ​គឺត្រូវ​តែ​រៀន​ច្បាប់​ឱ្យ​ចេះ​សិន​ ពេល​ដែល​យើង​ខំ​រៀន​ច្បាប់​ យើង​បញ្ចេញ​មតិ​យោបល់​ទៅ​គឺ​វា​នឹង​មិន​ត្រូវ​ធ្វើ​ឱ្យ​គេ​ចាប់​​ទុក្ខទោស​ ឬក៏​ចាប់​កំហុស​យើង​បាន​ ជា​ពិសេស​គឺ​អ្នក​នយោបាយ​ប្រជាភិថុតិ។ អ្នក​នយោបាយប្រជាភិថុតិនឹងគឺ​ ​​អ្នក​ដែល​ពាក់​ស្លាក​ថា​ជា​មេ​ដឹក​នាំ​នយោបាយ​ល្អ តែ​ពួក​គេ​គឺ​ចាំ​តែ​សម្លុត​គំរាមកំហែង​ពលរដ្ឋ​ ចាំ​តែ​ចាប់​កំហុស​ថា​ នេះការ​បញ្ចេញ​មតិ​អ្នក​ឯង​គឺ​បរិហារ​កេរ្តិ៍​ ហើយ​ទៅ​ជា​យក​មក​លាប​ពណ៌​ថា​អ្នក​ធ្វើ​នយោបាយ​ជាតិ​ឬ​ក៏​អ្នក​ស្នេហា​ជាតិ​បញ្ចេញ​មតិ​ជាប់​គុក​ជាប់​ច្រវ៉ាក់​ តែ​បើ​យើង​មើល​រូប​ភាព​ឱ្យ​មែន​ទែន​ទៅ​គឺ​ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​នឹង​គឺ​អត់​បាន​និយាយ​តាម​ច្បាប់​ទេ​ និយាយ​តាម​អារម្មណ៍​ និយាយ​តាម​កំហឹង​។ ទីពីរ​ខ្ញុំ​គិតថា​ ការ​បញ្ចេញ​មតិ​ដ៏​ល្អ​គឺ​យើង​ត្រូវ​រៀន​ពី​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​។ ឧទាហរណ៍ថា​​ បើ​ប្រើប្រាស់​សារព័ត៌មាន​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​យើង​ត្រូវ​រៀន​ពី​ក្រម​សីលធម៌​វិជ្ជា​ជីវៈរបស់​សារព័ត៌មាន​ អ្វីដែល​យើង​គួរ​សរសេរ​ អ្វី​ដែល​យើង​និយាយ​អ្វី​ដែល​យើងមិន​​គួរ​ អីចឹង​យើង​នឹង​សុវត្ថិភាព​ យើង​នឹង​ប្រើប្រាស់​មធ្យោបាយ​នឹង​គឺមាន​​ប្រសិទ្ធិភាព​ខ្ពស់​។ ទី​បី​ ខ្ញុំ​គិតថា​រាល់​ការ​បញ្ចេញមតិ​យោបល់​នឹង​គឺ​ត្រូវ​ប្រកាន់​យក​សីលសមាធិ។ ត្រង់នេះ​មាន​ន័យ​ថា​គឺ​ត្រូវ​ប្រកាន់​យកនូវ​ការ​មិនជេរ​ប្រមាថ​ ការមិន​លាប​ពណ៌​​ តែ​បើ​យើង​ចង់​និយាយ​អ្វី​ដែល​ជា​ការ​ពិត​ត្រូវ​តែ​បញ្ចេញ​មតិ​ដោយ​មាន​ភស្ដុតាង​ ​ ដោយ​មាន​អំណះ​អំណាង​​ ហើយ​យោង​តាម​ច្បាប់​ឱ្យ​បាន​ជាក់​លាក់​ទៅ​ អីចឹង​ការ​បញ្ចេញ​មតិ​នោះ សារធារណជន​នឹង​មើល​ឃើញ​ថា​មាន​ភាព​គ្រប់​ជ្រុង​ជ្រោយ​ ហើយសាធារណជន​​ អាច​ចូល​រួម​បាន​ទៀត​កាល​ណា​តែ​យើង​មាន​ភស្ដុតាង​សាក្សី​អំណះ​អំណាង​ជាក់​លាក់​[…]។

Q៖ តើ​កញ្ញា​មាន​ជាសារអ្វី​បន្ថែម​ពាក់ព័ន្ធនឹង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា?

A៖ បើ​​ចង់​​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ឲ្យបាន​ប្រយោជន៍​ដល់​ជាតិ​ គឺ​យើង​ត្រូវ​បញ្ចេញ​មតិ​ដោយ​យើង​អាន​ច្បាប់​មុន​សិន​មុន​នឹង​បញ្ចេញ​មតិ​​ដើម្បី​ឱ្យ​ការ​បញ្ចេញ​មតិ​របស់​យើង។ ការយល់ដឹងពីច្បាប់អាចបង្កើន​​ចំណេះ​ដឹង​ខ្លួន​ឯង​ និងធ្វើឲ្យ​ពលរដ្ឋ​ខ្លាំង។​ ថ្ងៃ​ក្រោយ​ បើ​យើង​ធ្វើ​ជា​មេដឹង​នាំ​ ក៏​យើង​ចេះ​ដឹក​នាំ​នយោបាយ​ដែរ​ ព្រោះ​យើង​ចេះ​ដឹក​នាំ​ច្បាប់។​​ ពេល​យើង​មើល​ឃើញ​ការងារ​ក្នុង​សង្គម​យើង​ច្រើន​ បើ​យើង​ចង់​បញ្ចេញ​មតិ​ យើង​ស្រាវ​ជ្រាវ​លើ​រឿង​នឹងឱ្យ​​ច្បាស់សិន។ ទីពីរ​គឺ ​ការបញ្ចេញ​មតិ​យើង​ត្រូវ​មាន​ភស្ដុតាង​សាក្សី​អំណះ​អំណាង​កុំ​គ្រាន់​តែ​បញ្ចេញ​មតិ​ថា​ឃើញ​គេ​និយាយ​អីចឹង​ អត់ទេ​។ ​ឧទាហរណ៍​ថា​រឿង​ខ្មែរ​ក្រោម​អីចឹង​ បើ​យើង​ចង់​បញ្ចេញ​មតិ​ចង់​ជួយ​ខ្មែរ​ក្រោម​យើង​ត្រូវ​ឱ្យ​ខ្មែរ​ក្រោម​គាត់​មាន​ភស្ដុតាង​មក​​ ថា​គេ​ផ្សឹក​ព្រះ​សង្ឃ​ផ្សឹក​នៅ​ពេល​ណា​ ផ្សឹក​ដោយ​របៀប​ណា។ ​យើង​ត្រូវ​មាន​ភស្ដុតាង​ទើប​ការ​បញ្ចេញ​មតិ​របស់​យើង​ មិន​រង​គ្រោះ​ខ្លួន​ឯង​។ ឧទាហរណ៍ថា​ យើង​មាន​ភស្ដុតាង​ហើយ​យើង​ផ្ញើទៅ​អង្គការ​សហប្រជាជាតិ​ យើង​ផ្ញើ​ទៅ​ក្រសួង​ការ​បរទេស​ យើង​ផ្ញើទៅមន្ត្រី​ពាក់​ព័ន្ធ​ អីចឹង​គេ​មិន​អាច​ប្រកែក​បាន​ទេ​គេ​មានតែ​ខំ​ស្រាវ​ជ្រាវ​បន្ថែម​លើ​ករណី​ហ្នឹង​ព្រោះ​អ្វីដែលយើងផ្ញើទៅមានគ្រប់​ជ្រុង​ជ្រោយ​​​។ ទីបី​ ការ​បញ្ចេញ​មតិ​កុំ​ជេរ​ប្រមាថ ​កុំ​បរិហារកេរ្តិ៍​ ព្រោះ​វា​នឹង​នាំ​ឱ្យ​ខូច​បរិយាកាស​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្មែរ​។ ឧទាហរណ៍ថា​បើ​យើង​ជេរ​ប្រមាថ ​វា​អត់​បាន​អី​ដល់​ជាតិ​មក​វិញ ​ហើយ​វា​នាំ​ឱ្យ​យើង​យក​ភាសា​ខ្មែរ​ទៅ​ជេរ​ប្រមាថ​[…]។​ ​ចំពោះការ​សរសេរ​បញ្ចេញមតិ ​ខ្ញុំ​យល់​ឃើញ​ថាជា​គំនិត​របស់​ខ្ញុំ​​ ​អីចឹងពេល​អ្នក​ផ្សេង​គេ​បញ្ចេញ​មតិគេដែរ ​យើង​ចាប់​ផ្ដើម​ទទួលបានគំនិត​កាន់​តែ​ល្អ​​​ យើង​នឹង​កាន់​តែ​មាន​ចំណេះ​ដឹង​ច្រើន។ ​យើង​អាច​ជួយ​គ្នា​ផ្សេង​ទៀត​ព្រោះ ​ បើ​ខ្ញុំ​មាន​ឯកទេស​ខាង​បរិស្ថាន​អីចឹង​ខ្ញុំ​អាន​ច្បាប់​បរិស្ថាន​ច្រើន​ អាន​អំពី​បរិស្ថាន​ច្រើន​ខ្ញុំ​បញ្ចេញ​មតិ​ទៅ​ក៏​ល្អ​ក៏​ផ្ដល់​ចំណេះ​ដឹង​ដល់​អ្នក​ដទៃ​ដែរ​ ចុះ​បើ​យើង​នៅ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​ខំ​បញ្ចេញ​មតិ​មក​យើង​នឹងមាន​ការ​អប់​រំកាន់តែច្រើន។ […]

Q៖ អរគុណ​កញ្ញា! ជំរាបលា!

A៖ ចា៎! ជំរាបលា៕

[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យស្ថាប័នរដ្ឋចាប់ផ្តើមពង្រឹងវិស័យកសិកម្មឱ្យមានសន្ទុះឡើងវិញ

លោកនាយករដ្ឋមន្រ្តី ជំរុញឱ្យស្ថាប័នរដ្ឋរបស់ត្រូវពិនិត្យមើលឡើងវិញទៅលើវិស័យកសិកម្មតាមរយៈការបង្កើនការដាំដុះ និងចិញ្ចឹមសត្វដោយភាពច្នៃប្រឌិត ក្នុងន័យដើម្បីលើកកម្ពស់វិស័យមួយនេះ ឱ្យមានសក្កានុពល ខណៈវិស័យកសិកម្មក្នុងរយៈពេលចុងក្រោយនេះ រង់ការរិះគន់ថាមិនអាចជួយឱ្យអ្នកផលិតរស់បាន និងមិនមានទីផ្សារសម្រាប់ផ្គត់ផ្គង់កសិផលរបស់កសិករ ក្រោយប្រមូលផលបាន។

ការថ្លែងដូចនេះរបស់នាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ គឺចំពេលដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ត្រូវបានរៀបចំឡើងក្រោមប្រធាបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាពចលនាភូមិ១ផលិតផល១ »លើកទី៧ នៅក្នុងឆ្នាំ២០២៤នេះ។

បើតាមលោក ហ៊ុន ម៉ាណែត ការផ្ញើសារនេះ គឺការពង្រឹងឡើងវិញឱ្យស្ថាប័នរបស់រដ្ឋ ត្រូវពិនិត្យមើល និងជួ​យ​ជំរុញឱ្យវិស័យកសិកម្មនេះ មានស្ទុះ និងដំណើរការដែលអាចជួយឱ្យវិស័យកសិកម្ម ត្រូវតែធានាបាននូវការផ្គត់ផ្គង់ និងមានទីផ្សារសម្រាប់នាំចេញ។បន្ថែមពីលើនេះទៀត គ្រប់ស្ថាប័នត្រូវបំផុសឱ្យមានសកម្មភា​ព​ដាំ​ដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍផលិតផលគ្រប់ប្រភេទ នៅតាមសហគមន៍ និងគ្រួសារ ធ្វើយ៉ាងណាមិនត្រឹមតែជាការផ្គត់ផ្គង់ក្នុងស្រុកទេ ថែមទាំងអាចនាំចេញទៅក្រៅស្រុកថែមទៀតផង។

លោកបន្តថា៖«គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ និងផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីជំរុញ និងបំផុសចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើក កម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង » ។

ទាក់ទងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល សម្រាប់បង្កើនគុណភាព និងបរិមាណទៅលើវិស័យកសិកម្មនេះ ហា​​ក់មិនទទួលបានការសាទរពីកសិករប៉ុន្មានទេ។ពួកគាត់ចាត់ទុកថា វិស័យកសិកម្មសព្វថ្ងៃនេះ ត្រូវរស់ទាំងត្រ​​ដាប់​ត្រដួស។មួយវិញទៀត ថ្លៃដើមទិញចូលក្នុងកម្រិតមួយខ្ពស់ តែផលិតផលសម្រេចត្រូវបង្ខំចិត្តលក់ចេញក្នុងតម្លៃទាប ឬពេលខ្លះគ្មានទីផ្សារក៏មានដែរ។

លោក ឈុន​ ចាន់ដា តំណាងបណ្តោញកសិករដើម្បីកសិករ ខេត្តប៉ៃលិន លើកឡើងថា លោកហាក់មិនជឿលើការអះអាងរបស់រដ្ឋាភិបាលទេ។លោកចង់ឃើញការអនុវត្តជាក់ស្តែងច្រើនជាងសារនយោបាយ។លើសពីនេះទៀត បញ្ហាធំរបស់កសិករសព្វថ្ងៃនេះ គឺផលិតបានកសិផលហើយ ប៉ុន្តែគ្មានទីផ្សារនាំចេញ។

បើតាមលោក ឈុន ចាន់ដា មិនថាដំណាំប្រភេទណាទេ នៅពេលដាំដុះបានផលហើយ តម្លៃនៅលើទីផ្សារធ្លាក់ថ្លៃភ្លាមដែរឬពេលខ្លះគ្មានទីផ្សារនាំចេញក៏មានដែរ។ក្នុងនាមជាអ្នកជួយលើកស្ទុយវិស័យកសិកម្ម លោ​​​​​កក៏ចង់ឃើញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើកនេះ អាចជឿទុកចិត្ត និងអនុវត្តដោយតម្លាភាពដែរ។

លោកបន្តថា៖ «ខ្ញុំជឿថាប្រជាពលរដ្ឋនិងមានសង្ឃឹមលើរាជរដ្ឋាភិបាល កន្លងមកយើងដឹងហើយអ្វីប្រជាព​​ល​រដ្ឋធើ្វ ហើយវាអត់ពិតប្រាកដ ហើយយើងបានតែធើ្វខ្ញុំគាំទ្រគោលការបណ៍របស់រាជរដ្ឋាភិបាល ខ្ញុំសង្ឃឹមព្រោះរាជរដ្ឋាភិបាលមានតួនាទីច្រើនណាស់ដែលអាចជួយប្រជាពលរដ្ឋបានតែបើសិនជាគាត់ធើ្វពិត ខ្ញុំស​​ង្ឃឹ​មធើ្វពិត ខ្ញុំជឿថាគាត់ធើ្វបានតែគ្រាន់តែគាត់ថា ខ្ញុំមិនទាន់មានជំនឿមួយរយភាគរយនៅឡើយទេ បើគា​ត់​ធើ្វដឹងតែបាន បើគាត់មិនធើ្វដឹងតែអត់ហើយ»

មិនមែនមានតែលោក ឈុន ចាន់ដា ម្នាក់ទេដែលយល់ឃើញថា វិស័យកសិកម្មមិនទាន់​​អាចបម្រើ​​ឱ្យសេ​ច​ក្តី​​ត្រូវការពិតប្រាកដរបស់កសិករបាន។

ចំណែក​លោក ពេជ្រ បូរ៉ាត ជាកសិករជាអ្នកផលិតវត្ថុធាតុដើមប្រេងស្លឹកគ្រៃ រស់នៅខេត្តពោធិ៍សាត់ លើក​ឡើ​ងដែរថា រាល់ថ្ងៃនេះក្នុងនាមជាកសិករម្នាក់ ក្នុងចំណោមកសិករផ្សេងទៀត លោកពិតជាប្រឹងប្រែង​​លើ​ស​ពី​សមត្ថភាព ប៉ុន្តែវិស័យមួយនេះនៅតែមិនទាន់អាចឆ្លើយតប ដូចការលះបង់របស់​​ខ្លួនបានៅ​​ឡើ​​យ​ទេ។​មិ​​នតែប៉ុណ្ណោះ កសិផលដែលផលិតបានហើយ មានពេលខ្លះ​​​ត្រូវ​ប្រឈម​​មុខគ្មា​​នទីផ្សារនាំ​​ចេញ​​ថែម​ទៀ​ត​ក៏​​មានដែរ។ហើយលោកក៏មិនមានសង្ឃឹមថា ការប្តេជ្ញាចិត្តនៅពេលនេះ របស់រដ្ឋាភិបាលអាចជួ​យឱ្យវិស័​យ​កសិ​​​​កម្មដើរទៅមុខបានណាស់ដែរ។

លោកបន្ថែមថា៖ «ខ្ញុំថារាល់ថ្ងៃ វាប៉ះពេលវេលាខ្លួនឯង​ ហើយប្រឹប្រែងខ្លួនឯងមិចក៏ទៅមិនរួចដែលបើមិនប្រឹងខ្លួនឯង​ទៅមិនរួចទេដាច់បាយហើយរាល់ថ្ងៃ និយាយតាមមើលឃើញផលិតផលរបស់ខ្ញុំធើ្វខ្លួនឯង​ល​​ក់ចេញអត់បានទេ យើងប្រើដង្ហើមរស់ខ្លួនឯង​បានៗ ខ្ខុំមិនជឿថារដ្ឋាភិបាលលើវិស័យកសិកម្មអាចធើ្វបានទេ​​ព្រោះកសិកម្មរបស់ខ្ញុំពិបាកទៅមុខណាស់»

រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញ្ញត្តិមាត្រា ៦៣ ចែងថារដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួ​យ​ឱ្យជីវភាពរស់នៅប្រជាពលរដ្ឋ មានក្រិតសមរម្យ។

បើទោះជាយ៉ាងនេះក្តី ពលរដ្ឋលើកឡើងថា សព្វថ្ងៃនេះវិស័យកសិកម្មបើ​ពឹងលើរដ្ឋាភិបាលជួ​​យដោះ​ស្រា​​យ ប្រហែលរស់មិនបានទេ។ពួកគេបន្តថា គោលការណ៍ច្បាប់ចែងល្អ ប៉ុន្តែការអនុវត្តហាក់មិនបាន​ឆ្លើយ​ត​ប​ដូ​ចខ្លឹមសារនៃច្បាប់នៅឡើយទេ។

ទាក់ទិនរឿងនេះ គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺបាន​ទេពីអ្នកនាំពាក្យ​ក្រ​​សួង​​ក​​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺកញ្ញា អ៊ឹម រចនា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។

យ៉ាងនេះក្តី លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ឃើញថា នៅ​ចំ​ពោះមុខនេះ កម្ពុជាមានអំណោយផលរួចហើយ ក្នុងរឿងវិស័យកសិកម្មនេះ ប៉ុន្តែគ្រាន់តែទាមទា​រនីតិវិ​​ធី​ជា​ក់លាក់ក្នុងការអនុវត្ត និងពង្រឹងឱ្យស្របទៅតាមគោលនយោបាយកសិកម្មទេ។លើសពីនេះទៀត ដើម្បីឱ្យ​​ប្រា​កដថាវិស័យកសិកម្មនេះអាចដើរទៅមុខបាន រដ្ឋត្រូវពិនិត្យមើលទៅទុនកម្ចីខ្នាតតូច និងមធ្យមបន្ថែម​ទៀត នោះ​វិស័យនេះអាចនឹងមានដំណើរការល្អ។

លោកបន្តថា៖«កម្ពុជាមានឱកាសប៉ុន្តែយើងត្រូវការគោលការណ៍មួយជាក់លាក់ទៅលើការដោះស្រាយប​​ញ្ហា​​​គឺទីមួយ លើកទឹកចិត្តនឹងជំរុញអោយមានការវិនិយោគខ្លាំងទៅលើ ការកែច្នៃ និងផលិតផលវិស័យ​​​សិម្ម ទីពីគឺផ្តល់នូវការបណ្តុះបណ្តាល ក៏ដូចជាផ្តល់នូវប្រភពធនធាននៅក្នុងការកម្ចីដល់កសិករខ្នាតតូ​​​​ទៅអ្នកដាំដោះ អ្នកផលិត អ្នកនាំចេញជាដើមហ្នឹង» ។ បើទោះបែបជាប្រទេសកម្ពុជា ចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យ​​សំ​​ណ​ង់​និ​​ងវិស័យផ្សេងទៀតក្តី គេសង្កេតឃើញថាកសិករនៅតែប្រឈមមុខក្នុងការផលិត ថ្លៃដើមខ្ពស់ គ្មានបច្ចេ​​​ក​ទេ​​​សក្នុងការផលិត។ក្រោយផលិតបាន កសិករពិបាករកទីផ្សារដើម្បីនាំចេញ ជាពិសេសតម្លៃ​​​កសិផល មាន​​ពេ​លខ្លះ​ស្ថិ​ត​នៅ​​​លើ​មាត់ឈ្មួយជាអ្នកកំណត់ក៏មានដែរ៕

ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋឱ្យការពារសុខភាព ខណៈអាកាសធាតុក្ដៅខ្លាំង

ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជា​ពលរដ្ឋ ជាពិសេស មនុស្សចាស់ កុមារ ទារក​ ស្រ្តីមានផ្ទៃពោះ អ្នក​ធ្វើការ​នៅលម្ហខាងក្រៅ និងអ្នកមានប្រព័ន្ធរាងកាយខ្សោយ មានការ​ប្រុងប្រយ័ត្ន និង​​​ថែរក្សាសុខភាព អំឡុងពេលអាកាសធាតុក្តៅ​ខ្លាំង។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានលើកឡើង​ថា ស្ថានភាពនៃ​ការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យ​មានអាកាសធាតុក្តៅខ្លាំង ទាំងនៅកម្ពុជា និង​បណ្តាប្រទេស​ជាច្រើនទៀត ដែល​អាចបណ្តាលឱ្យ​បុគ្គល​គ្រប់រូប ធ្លាក់ខ្លួន​ឈឺដោយសារកម្តៅ ជាពិសេស​បុគ្គលដែលមានហានិភ័យខ្ពស់ គឺមនុស្ស​ចាស់ កុមារ ទារក ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារ​នៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពារ​រាង​កាយ​ខ្សោយ​ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

ករណីនេះ ក្រសួង​បាន​អំពាវនាវ និង​ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខ​ភាព​ផ្ទាល់​ខ្លួន និងក្រុមគ្រួសារ ដោយពិសារទឹកឱ្យបានច្រើននិង​ញឹក​ញាប់ លើសពី២លីត្រក្នុ​ង​មួយ​ថ្ងៃ ទោះបីជាមិន​ស្រេកទឹកក៏ដោយ ប៉ុន្តែពលរដ្ឋគួរចៀសវាងការ​ពិសារជាតិ​អាល់​កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។ 

សេចក្តីជូនព័ត៌មានដដែល ក៏បានរំលឹកឱ្យពលរដ្ឋបង្ការជំងឺ​រាគរូស និង​ជំងឺ​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​ជាតិទឹក​ក្នុង​រាង​កាយ ដោយរក្សាអនាម័យ​ខ្លួនប្រាណ អនាម័យ​ម្ហូបអាហារ និងពិសាទឹកឆ្អិន ឬទឹកចម្រោះ ព្រមទាំងត្រូវ​ផ្លាស់​ទី​ទៅកន្លែង​ត្រជាក់ សម្រាក និង​ពិសារភេសជ្ជៈ​យឺត​ៗ​ ​ប្រសិនបើ​មានរោគសញ្ញា ដូចជា វិល​មុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួល​ក្រពើ ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ហើយ​ត្រូ​វ​​ចៀសវាង​ដាច់ខាតនូវការចោមរោមជុំជិត​អ្នកដែលមានបញ្ហាសុខភាពជាដើម។

ក្រសួង​ក៏បានណែនាំឱ្យ​ស្វែង​រកការព្យាបាល​ភ្លាមៗ នៅ​មណ្ឌល​​សុខភាព ឬមន្ទីរពេទ្យ​ដែលនៅជិតផ្ទះ ប្រសិនបើ​មិនធូរស្រាល។ 

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២៤​នេះ​ថា ការប្រែប្រួលអាកាសធាតុនេះ កើតមានជាយូរមក​ហើយ​​ទៅលើប្រទេសផ្សេងៗលើពិភពលោក ដោយឡែកប្រទេសកម្ពុជាទើបតែជួបប្រទះបញ្ហា​អាកាសធាតុ​ក្តៅ​ខ្លាំង នាប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ តែយ៉ាងណា លោកថា រដ្ឋាភិបាល បាន​ធ្វើការ​​​ផ្សព្វផ្សាយ និងក្រើនរំលឹកទៅ​​ប្រជាពលរដ្ឋជាបន្តបន្ទាប់ ​​​ដើម្បីបាន​យល់ដឹងពីបញ្ហា​អាកាសធាតុ ​និងការ​​ការ​ពារ​ទុក​ជា​មុន។ 


លោក​ថា៖ «ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក គេប្រកាសយូរហើយតើ គ្រាន់ថាស្រុកយើងជាសំណាង អត់​សូវដែរប៉ះរឿងហ្នឹងទេ […] ក្តៅប៉ុន្មានថ្ងៃនេះ ដោយសារយើងបង្ការមុនតើ​ បើសិនកុំនិយាយ បងប្អូនខ្លះ គាត់ អត់​ចាប់អារម្មណ៍ផងហ្នឹង ប៉ុន្តែយើងត្រូវនាំគ្នាបង្ការក្នុងនាមសុខាភិបាល»។ 

ជាមួយគ្នានេះ លោក​​ថា ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងគ្រូពេទ្យធ្វើការតាមសហគមន៍នានា បានដាក់វេនគ្នា​​ប្រចាំការ និង​ត្រៀមទុកជាមុននូវថ្នាំសង្កូវ និង​ឧបករណ៍ផ្សេងៗ ដើម្បីជួយ​ដល់​ប្រជាពលរដ្ឋដែលមានបញ្ហា​សុខភាព។

លោក វ៉ាន់នី បានថ្លែង​ថា៖ «ពួកគាត់មានគ្រប់មធ្យោបាយ ឧទាហរណ៍​ថ្នាំរាគ សេរ៉ូម​ ការដាក់សេរ៉ូមក្រែងលោបាត់ជាតិ​ទឹក ជំងឺឆ្លង […] ចឹងហើយបានឥឡូយើងអត់សូវឃើញទម្រង់​ដែលឈឺធ្ងន់​អីបញ្ជូនមកភ្នំពេញទេ ដោយ​សារពួក​គាត់ធ្វើនៅកម្រិតសហគមន៍ហ្នឹង គឺគាត់ធ្វើបានល្អ»។ 
 

ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះដែរ ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ​ចាន់ យុត្ថា ​បានឱ្យដឹងថា មូលហេតុដែលកម្ពុជាមានសីតុណ្ហភាពក្ដៅខ្លាំង ដោយសាររងនូវឥទ្ធិពលពីបាតុភូតិ អែល​នីណូ (El Nino) ហើយនៅបណ្តាប្រទេសមួយចំនួនទៀត ក៏​មានសីតុណ្ហភាពក្ដៅបែបនេះដែរ។ 

លោកថា៖ «ក្ដៅជាងគេហ្នឹង គឺតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ផ្នែកខ្លះនៃពោធិ៍សាត់ ហើយនិងតំបន់ខ្ពង់រាបភាគខាងជើង ដូចជា នៅឧត្តរមានជ័យ ព្រះវិហារ​អីហ្នឹងក៏រាងក្ដៅជាងគេ[…]ទាំង​នេះ ដោយសារតែយើងនៅតែបន្តទទួលរងឥទ្ធិពលពីបាតុភូតិ អែល​នីណូ (El Nino) នៅឡើយ ហើយរហូតដល់ចូលខែ៥ ពាក់កណ្ដាលខែ៥ ទើបមាននិន្នាការថយចុះ ចាប់ផ្ដើមថយ​ចុះហើយរហូតទៅដល់សប្ដាហ៍ទី៣នៃខែ៧ ទើបយើងទទួលរងនូវឥទ្ធិពលឡានីណា (La Nina)វិញ[…] ពេលហ្នឹង​គឺភ្លៀងក៏ច្រើន ហើយសីតុណ្ហភាព​ក៏ចុះទាបដែរ»។ 

លោក ចាន់ យុត្ថា បន្តថា ​សីតុណ្ហភាព​ក្តៅ​ខ្លាំងនៅតំបន់មួយចំនួន​ នឹងនៅ​ចន្លោះពី​ ៣៨អង្សាសេ ដល់​ ៤១អង្សារសេ នាពេល​ថ្ងៃត្រង់​។ ​

លោកថា៖ «ជាទូទៅ សីតុណ្ហភាពអតិបរមា យើងគិតថាមធ្យម​​ក្នុងរង្វង់ ៣៨អង្សាសេ ក្ដៅណាស់។ ក្នុងរង្វង់ ៣៨ នេះ គឺសីតុណ្ហភាពអតិបរមាមធ្យម[…] ប៉ុន្តែនៅក្នុងចន្លោះពេលមួយ ជាពិសេសចាប់ពីម៉ោង១១កន្លះព្រឹក​រហូតទៅដល់ម៉ោង២កន្លះរសៀល​​ គឺសីតុណ្ហភាពខ្ពស់ណាស់ក្នុងចន្លោះម៉ោងនេះអាចឡើងដល់ ៤១ ឬ ៤១កន្លះ គ្រាន់តែវាមិនឡើងយូរ ក្នុងមួយ​រយៈខ្លីហ្នឹង វាអាចឈានទៅដល់ហ្នឹង[…] ហើយរហូតថ្ងៃបាក់រសៀលបន្ដិច ចាប់ពីម៉ោង៣ បានសីតុណ្ហភាពចាប់ផ្ដើមថយចុះវិញ»។ 

គួរបញ្ជាក់ថា​ ប្រទេសកម្ពុជាកំពុងទទួលរងការប្រែប្រួលអាកាសធាតុខ្លាំងក្នុងរដូវប្រាំងឆ្នាំ​២០២៤ នេះ ដែលសីតុណ្ហភាពកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំកន្លងមក និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាព​មធ្យមអតិបរមា ៣៧°C និង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។ នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាមានសីតុណ្ហភាពក្ដៅដូច្នេះ។ តែយ៉ាងណា ​បញ្ហានេះ មិនទាន់បណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាសុខភាព ឬស្លាប់ដោយសារការឡើងកម្ដៅនេះឡើយ៕ 

តុលាការសម្រេចចោទប្រកាន់លោក កើត សារ៉ាយ ពាក់ព័ន្ធនឹងបទញុះញង់​ និងករណីមិនរាងចាល

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​​សម្រេចចោទប្រកាន់លោក កើត សារ៉ាយ ប្រធាន​សមាគមនិស្សិតបញ្ញវន្តខ្មែរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ករណីមិនរាងចាល ក្រោយលោកចុះទៅជួបពលរដ្ឋ​ដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន លោក កើត សារ៉ាយ ខណៈលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាម​ដីកា​បញ្ជាឱ្យចូលខ្លួន​របស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែមេសា។​

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែមេសា បាន​ឱ្យដឹងថា ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេច​ចោទប្រកាន់លើជនសង្ស័យ ឈ្មោះ កើត សារ៉ាយ និងគូកន ពីបទ មិនរាងចាល​ក្នុងបទមជ្ឈិម​បន្ទាប់ពីការ​ផ្តន្ទាទោស​បទមជ្ឈិម និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ ដែលជាបទល្មើសព្រហ្មទណ្ឌ។

ប្រភពដដែល​ បន្តថា ការចោទប្រកាន់ទៅលើ​ លោក កើត​ ​សារ៉ាយ បានកើតឡើងដោយសារ​តែ​លោក​​បាន​រៀប​ចំ​ផែន​ការ​អូសទាញប្រជាពលរដ្ឋនៅ​ខេត្តព្រះវិហារ​ ឱ្យប្រព្រឹត្ត​អំពើ​កាប់ទ​ន្ទ្រាន​កាន់​កាប់​ដី​ខុស​ច្បាប់ និងចេញតតាំងប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំង​បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ មានការភ័យខ្លាចរត់ភៀសខ្លួន​ចូល​ព្រៃ កាលពីអំឡុងខែមីនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា៖ «មិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យបានបញ្ជូន​រូបភាព​ឱ្យ​បណ្តាញផ្សព្វ​ផ្សាយ​ក្រៅ​ប្រទេស ដើម្បី​ឱ្យ​សាធារណជនក្នុង និង​ក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមប្រឆាំងរាជរដ្ឋាភិបាល»។

បើតាមទំព័រហ្វេសប៊ុករបស់លោក កើត សារ៉ាយ គឺ​​កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រូប​​​លោកបាន​ដឹក​នាំ​យុវជន​សិទ្ធិ​មនុស្ស ចំនួន៤នាក់ ចូលទៅជួបប្រជាពលរដ្ឋនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលរត់ចូលក្នុងព្រៃ និងបាន​ធ្វើប​ទ​សម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងថតពីសកម្មភាពការរស់នៅរបស់ពលរដ្ឋទាំងនោះ​ផងដែរ។

ករណីនេះ សេចក្តីប្រកាសព័ត៌មាន​របស់​តំណាងអយ្យការ បានចាត់ទុកការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​របស់ លោក កើត សារ៉ាយ នេះ​ថា​ជាការបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋ ឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

ប្រជា​ពលរដ្ឋនៅឃុំស្រយង់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បានអះអាងនៅថ្ងៃទី០៨ ខែមេសានេះថា កាលដែល​​រូបគាត់​ និងពលរដ្ឋមួយចំនួនទៀត ​រត់​ទៅសំងំលាក់ខ្លួននៅ​ក្នុងព្រៃ ដោយសារ​តែការភ័យខ្លាចថាអាជ្ញាធរ​នឹងចាប់ខ្លួនពួកគាត់ មិនមែន​ធ្វើឡើង​ក្រោមការ​អូស​ទាញ​របស់​​លោក កើត សារ៉ាយ នោះឡើយ។  

អ្នកស្រីថា៖ «ចំណុចណាដែលគេចោទគាត់អីចឹង គាត់មានទៅអូសទាញអ្នកណា ខ្ញុំខ្វះខាតមានតែស្រែករកគេជួយ គាត់មាន​តែ​ជំនួយ​បាយ​ទឹក​ឱ្យពួកខ្ញុំ ម៉េច​ទៅ​ជាចោទគាត់អីចឹង​ទៅវិញ […] អ្នកចោទចេះតែចោទគាត់ គ្មាន​គោល​ដៅច្បាស់​លាស់​ ចោទ​គ្នា ព្រោះពីមុន​ លោក សារ៉ាយ គាត់​មិន​ដែល​ទៅ​ដ​ល់​​កន្លែង​កើត​ហេតុហ្នឹង​ផង គាត់ទៅអូសទាញ[ពលរដ្ឋ​​] កាប់​ទន្ទ្រាន​[ដី]យ៉ាង​​ម៉េច ពួកខ្ញុំសុទ្ធតែទិញតើ មានដីប្លង់ភូមិឃុំតើ ខ្ញុំបញ្ចាំដល់ធនាគារទៀត»។

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់ថា ការ​ចោទ​​ប្រកាន់ និង​​ការ​ឃុំខ្លួនលោក កើត សារ៉ាយ នេះ ហាក់ដូចជាមិនមានភស្តុតាង​គ្រប់​គ្រាន់នៅឡើយ ខណៈ​​លោក កើត សារ៉ាយ គ្រាន់តែ​ឈឺឆ្អាលលើវិវាទដីធ្លីនៅខេត្តព្រះវិហារ និង​ធ្វើការផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួនលើករណីនេះ ក្នុងគោលបំណងស្វែងរកដំណោះសម្រាប់អ្នកដែលមានវិវាទដីធ្លីប៉ុណ្ណោះ។

លោកបន្ត​ថា ការ​ចោទ​ប្រកាន់ និ​ង​ការឃុំខ្លួន លោក កើត សារ៉ាយ គឺមិនបានជួយអ្វីដល់សង្គមទេ តែ​ផ្ទុយទៅ​វិញ បាន​ធ្វើឱ្យប៉ះពាល់ដល់ស្មារតី និង​អារម្មណ៍​យុវជន សកម្មជន​ការពា​រ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន ដែលកំពុងធ្វើការងារ​ជួយសង្គមទៅវិញ។

លោក​ថា៖ «សេរីភាពក្នុងការបង្កើតសមាគមមានភាពរឹតត្បិត ព្រោះសកម្មភាពរបស់លោក កើត សារ៉ាយ ធ្វើក្នុងនាមសមា​គម​មួយ តែត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ ម្យ៉ាងវិញទៀត ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​ លោក កើត សារ៉ាយ ក៏អាចជាសារមួយបំភិតបំភ័យដល់យុវជន សកម្មជនសិទ្ធិមនុស្ស សកម្មជន​បរិស្ថាន ដែល​កំពុង​បំពេញការងារលើវិស័យនេះ»។

លោក អំ សំអាត បាន​ស្នើឱ្យតុលាការ​ពិចារណាឡើង​វិញ ក្នុងការ​​ទម្លាក់​បទ​ចោទ​ប្រកាន់ និងដោះលែង លោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ ដើម្បីឱ្យ​លោកបានចូលរួមចំណែកក្នុងការការ​ពារ​សិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិបន្តទៀត។

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះដែរ ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និង​អង្គការមិនមែនរដ្ឋាភិបាលចំនួន៥៤ បាន​ចេញសេចក្តីថ្លែងការណ៍រួម បង្ហាញការសោក​ស្តាយ ចំពោះការចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ និងជាអ្នកការពារសិទ្ធិមនុស្ស​ដ៏សកម្ម​មួយរូប។

សេចក្តីថ្លែងការណ៍រួម​ បានលើកឡើង​ទៀត​ថា ការឃាត់ខ្លួន និងឃុំខ្លួន លោក កើត​ សារ៉ាយ ជាការ​បន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ​ និងបង្ក្រាបទៅលើសកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន ដែលជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន​ដែលធានា​ដោយ​រដ្ឋ​ធម្មនុញ្ញកម្ពុជា។

សេចក្តីថ្លែងការណ៍រួម បាន​អំពាវនាវថា៖ «សូមសាលាដំបូងរាជធានីភ្នំពេញ មេត្តាទម្លាក់ចោល​បទចោទ និងដោះលែងសកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញ​មតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយពីបញ្ហាសង្គម»។

គេហទំព័រ Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ​ នៅ​រសៀលថ្ងៃចន្ទនេះ។

បើតាម​សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កើត សារ៉ាយ ធ្លាប់ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និង​ពិន័យជា​ប្រាក់​ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារ​ចំនួន ១៤​ខែ ខណៈ​ទោស​សល់ពីនេះត្រូវព្យួរសាកល្បង​រយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្ម​ចុះថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២១៕

Latest News