ប្រជាពលរដ្ឋចំនួន ១៨០គ្រួសាររស់នៅ ភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចោទអាជ្ញាធរមូលដ្ឋានថា លួចលក់ដីរួមក្នុងភូមិទំហំ ៥៤ហិកតា ទៅឱ្យឈ្មួញដើម្បីបង្កើតជារីសត ខណៈដែលពលរដ្ឋទាំងនេះអះអាងថាពួកគេបានអាស្រ័យផលពីដីនេះជាង ៣០ឆ្នាំមកហើយ។
តំណាងពលរដ្ឋ ១៨០គ្រួសារ លោកជា សាវឿន បានឱ្យដឹងថា ដីរួមក្នុងភូមិទំហំជាង ៥០ហិកតានេះ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិធ្លាប់អាស្រ័យផលកសិកម្មចាប់តាំងពីឆ្នាំ១៩៨០មកម្លេះ ប៉ុន្តែលោកថាក្នុងកំឡុងឆ្នាំ២០០៧ អតីតមេភូមិដូនអាត់ឈ្មោះ លាស់ គីញ និងអនុប្រធានភូមិឈ្មោះ ញឹក ញឿន បានប្រាប់ពលរដ្ឋថាដីរួមភូមិនេះត្រូវបានឈ្មួញទិញយក ដោយកក់លុយឱ្យ ពលរដ្ឋក្នុងមួយគ្រួសារចំនួន ១៥ដុល្លារសិន តែក្រោយពេលកក់លុយរួចគឺមិនមានការទិញដាច់នោះទេ ហើយក៏ស្ងប់ស្ងាត់រហូតមក។
លោកបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៩ មេភូមិដែលកាន់តំណែងបន្តពីមេភូមិចាស់ឈ្មោះ អំ ចេវ បានប្រាប់ពលរដ្ឋថា ដីនេះជាដីសម្បទានរបស់រដ្ឋ ហើយរដ្ឋាភិបាលត្រូវការយកមកអភិវឌ្ឍន៍ ទើបអ្នកភូមិ មិនបានទាមទារ ឬតវ៉ាអ្វីនោះទេ ។
លោកបន្តថា រហូតមកដល់ឆ្នាំ២០២០ មេភូមិដូនអាត់ដែលទើបកាន់តំណែងថ្មីនេះបានប្រាប់អ្នកភូមិម្តងទៀតថា ដីនេះនៅទំនេរ មិនមានការអភិវឌ្ឍន៍អ្វីនោះទេ ដូចច្នេះអាចទាមទារយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនវិញបាន ដោយឱ្យរូបលោក និងពលរដ្ឋ២នាក់ទៀត ធ្វើជាតំណាងអ្នកភូមិក្នុងការទាមទារដីមកវិញ។
លុះមកដល់ពេលបច្ចុប្បន្នលោកជា សាវឿនប្រាប់ថា ដីរួមភូមិចំនួន៥៤ហិកតានេះត្រូវបានអាជ្ញាធរ ភូមិ-ឃុំលក់ទៅឈ្មួញកណ្តាលម្នាក់ ឈ្មោះ ប៉ាក់ ចាន់ផល និងឈ្មួញចំនួន២នាក់ផ្សេងទៀត ហើយថា ស្ថានភាពដីបច្ចុប្បន្ននេះត្រូវបានឈូសឆាយដោយផ្នែក និងក្រុមឈ្មួញកំពុងសង់ផ្ទះចំនួន៥ខ្នងរួចហើយនៅលើដីនេះក្នុងបំណងបង្កើតជារីសត។
តំណាងពលរដ្ឋរួបនេះ បានឱ្យដឹងទៀតថា ក្រុមពលរដ្ឋបានស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តរួចហើយ ប៉ុន្តែមិនមានដំណោះស្រាយនោះទេ។
លោកបន្តថា ៖ «ស្រុក ខេត្ត និងភូមិ គ្មានដំណោះស្រាយជូនប្រជាពលរដ្ឋភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទងទេ មានតែការបដិសេធ និងការគំរាមកំហែង»។
លោក ជា សាវឿន បាននិយាយថា ក្រុមពលរដ្ឋដែលរងគ្រោះ នឹងបន្តស្វែងរកការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី និងស្ថាប័នពាក់ព័ន្ធបន្តទៀតដើម្បីទាមទាយកដី មកវិញ។
ពលរដ្ឋភូមិដូនអាត់ម្នាក់ដែលអះអាងថាជាជនរងគ្រោះជម្លោះដីធ្លីនេះ គឺអ្នកស្រី ញឹក ស្រីណុច អាយុ៤៤ឆ្នាំ បានប្រាប់ថា អ្នកស្រីបានដាំដំណាំ និងធ្វើស្រែ លើដីរួមភូមិនេះតាំងពីដូនតាមកម្លេះ ហើយអ្នកស្រីចង់បានដីនេះត្រលប់មកវិញ ដើម្បីអាស្រ័យផលបន្ត។
អ្នកស្រី ញឹក ស្រីណុច៖ « ចង់បានដីហ្នឹងមកដាំដំណាំ ធ្វើស្រែចម្ការ ដាំបន្លែ ដាំអីវិញ ព្រោះ ឥឡូវ យើងមានអីធ្វើ កូវីដផង ហើយទៅរកធ្វើដីដាំបន្លែវិញ គេអត់ឱ្យដាំ គេថាដីគេ យើងកំពុងតែតវ៉ា»។
អនុប្រធាន ភូមិដូនអាត់ លោក ញឹក ញឿន បានច្រានចោលករណីនោះ ដោយថាលោកមិនបានចូលរួមលក់ដីឱ្យនណាទេ ហើយលោកថាក្នុងភូមិរបស់លោកក៏មិនមានដីរួមចំនួន៥៤ហិកតានេះដែរ។
លោកបន្ថែមថា៖ «ដូចខ្ញុំបានជម្រាបចឹង ៥៤ហាត់[ហិកតា]ហ្នឹង ខ្ញុំអត់បានដឹងទេ។ខ្ញុំមិនបានចូលរួមណា ហើយក៏មិនបានលក់ដូរដែរ បើច្បាស់ទាល់តែសួរប៉ែកខាងគាត់[ពលរដ្ឋ]បានដឹង បើខ្ញុំអត់ដឹង ដឹងដីនៅទីណា ៥៤ហាត់[ហិកតា]ហ្នឹង បើខ្ញុំអត់ស្គាល់។ ស្គាល់តែដី របស់គេមាន បើដីរួម៥៤ហាត់[ហិកតា]ហ្នឹង វាអត់មាន»។
ពាក់ព័ន្ធករណីនេះមេឃុំស្គុះ លោក កេត សុខុម បានលើកឡើងថាដីក្នុងភូមិដូនអាត់នេះគឺពលរដ្ឋមិនមានប្លង់កម្មសិទ្ធកាន់កាប់នោះទេ ហើយជាដីដែលមានម្ចាស់រួចហើយ។
យ៉ាងណាលោកបានជំរុញឱ្យប្រជាពលរដ្ឋដែលចង់បានដីនោះមកវិញត្រូវដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដោយថាហួសដែនសមត្ថកិច្ចរបស់លោកក្នុងការដោះសា្រយជម្លោះដីធ្លីនេះ។
លោក បន្តថា៖«បើតវ៉ាអី ខ្ញុំបានជម្រាបគាត់ថា ពលរដ្ឋដែលតវ៉ាអីខ្ញុំមិនហ៊ានដោះស្រាយទេព្រោះដីជាកម្មសិទ្ធគេអស់ទៅហើយ។ ដី១៥ហាត់[ហិកតា] និងដីផ្សេងៗទៀតពលរដ្ឋលក់ឱ្យមានគេមានឈ្មោះអ្នកលក់អ្នកអីអស់ហើយ។ ខ្ញុំក៏អត់ហ៊ានដោះស្រាយដែរ ទាល់តែបងប្អូនទាំងអស់ដាក់ពាក្យបណ្តឹងទៅតុលាការទៅ»។
កាលពីថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២១ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានចេញលិខិតអន្តរាគមន៍មួយទៅកាន់អភិបាលខេត្តកំពង់ស្ពឺ ដើម្បីឱ្យដោះស្រាយបញ្ហាដីនៅក្នុងភូមិដូនអាត់ក្នុងស្រុកសំរោងទងនេះ ដោយពន្លឿនក្នុងការចេញប្លង់កម្មសិទ្ធជូនពលរដ្ឋ និងទប់ស្កាត់ការឃុតឃិតពីអាជ្ញារធរដែលបានលក់ដីទៅឱ្យឈ្មួញសម្រាប់ពុះឡូត៍លក់។
ក្នុងលិខិតសរសេរថា៖«ស្នើសុំជូយអន្តរាគមន៍ទប់ស្កាត់ ការឃុបឃិតពីសំណាក់អាជ្ញាធរភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ និងឈ្មួញមួយចំនួនបានលួចធ្វើបណ្ណកម្មសិទ្ធលើដីរបស់ពួកគាត់ទំហំ៥៤ហិកតាសម្រាប់ពុះឡូត៍លក់ និងជួយជំរុញចេញបណ្ណកម្មសិទ្ធិស្របច្បាប់លើចំនួនក្បាលដី ដែលពួកគាត់ទាំង១៣៧គ្រួសារ ទុកសម្រាប់ចែកកូនចៅអាស្រ័យផលចិញ្ជឹមជីវិតតទៅថ្ងៃមុខ»៕