ស្រុកអង្គធំ ខេត្តសៀមរាប៖ កាលពីដំបូងឡើយ អ្នកស្រីសំ សំភាស់ គ្រាន់តែចង់កែច្នៃផ្លែដូងធ្វើជារបស់លេងសម្រាប់កូនគាត់នៅក្នុងភូមិមួយនៃស្រុកអង្គធំ ខេត្តសៀមរាប តែប៉ុណ្ណោះ ហើយការច្នៃប្រឌិតរបស់គាត់ក៏បានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរដែលបានឆ្លងកាត់។

វត្ថុអនុស្សាវរីយ៍សត្វក្រពើធ្វើពីដូងនៅស្រុកអង្គធំ ខេត្តសៀមរាប។ រូបភាព៖ វឌ្ឍនៈ​ វណ្ណសក្តិ


ជាមួយនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ១៩ ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ ការធ្វើរូបជាសិល្បៈចេញពីផ្លែដូងសម្រាប់ភ្ញៀវទេសចរ បានក្លាយជាប្រភពចំណូលថ្មីសម្រាប់អ្នកស្រីសំ សំភាស់ និងគ្រួសារដទៃទៀតនៅភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលភាគច្រើនប្រកបរបរជាកម្មករសំណង់។


អ្នកស្រីសំ សំភាស់ អាយុ ២៩ឆ្នាំ បាននិយាយថាគំនិតនៃការច្នៃប្រឌិតនេះគឺប្តីគាត់បានឃើញគេធ្វើនៅប្រទេសថៃនៅពេលគាត់ធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃកាលពីដើមឆ្នាំ២០២០។


ទឹកមុខញញឹមដែលបង្កប់ទៅដោយក្ដីរីករាយ និងការស្វាគមន៍ អ្នកស្រី សំ សំភាស់ បាននិយាយថា «មុនដំបូងប្ដីរបស់ខ្ញុំគាត់ទៅថៃ មិនដឹងថាគាត់ឃើញឯណោះ ឬក៏យ៉ាងណាទេ ដល់ពេលគាត់ត្រឡប់មកវិញ ឃើញផ្លែដូងក៏ធ្វើតាមគេដាក់ឱ្យកូនលេងទៅ»។


ដោយសម្តីរដឺនៗបន្ដិចផងនោះ អ្នកស្រីសំ សំភាស់បានបន្តថា «ប៉ុន្តែកាលធ្វើលើកនោះមិនបានស្អាតអ្វីទេដោយសារមិនទាន់លាបថ្នាំ ហើយកូនឈប់លេងហើយក៏វាចោលទៅ ស្រាប់តែពេលក្រោយកូនក៏វាទារលេងម្ដងទៀត ក៏ធ្វើឱ្យវាម្ដងទៀតទៅ តែលើកនេះលាបពណ៌ហើយក៏ចេះតែច្នៃដាក់ជើងផងអីផង ហើយក៏ស្រាប់តែអ្នកស្រុកឃើញក៏មកសុំរៀនបន្តក៏ចេះ​​ បានដាក់លក់ ហើយកាលនោះលក់ដាច់សម្បើម»។


អ្នកស្រីសំ សំភាស់បានរៀបរាប់ថាកាលដើមឡើយ គឺមានតែគ្រួសារគាត់តែប៉ុណ្ណោះដែលចេះពីរបៀបនៃការកែច្នៃផ្លែដូងចេញជារូបសត្វនេះមុនគេ ហើយក៏ត្រូវបានអ្នកស្រុកដឹង ក៏បានមកសុំរៀនបន្ត ហើយរហូតមកដល់ក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រីថាឱ្យតែមានអ្នកចង់រៀន គឺគាត់រីករាយក្នុងការបង្ហាត់បង្រៀនដោយមិនកំណាញ់នោះទេ។

វត្ថុអនុស្សាវរីយ៍សត្វទន្សាយធ្វើពីដូងនៅស្រុកអង្គធំ ខេត្តសៀមរាប។ រូបភាព៖ វឌ្ឍនៈ​ វណ្ណសក្តិ


អ្នកស្រីបាននិយាយផងដែរថាមុខរបរនេះជារបរបន្ទាប់បន្សំរបស់គាត់ដែលអាចជួយសម្រួល
ទៅដល់ការចំណាយម្ហូបប្រចាំថ្ងៃបាន។ អ្នកស្រីបានបន្ថែមថារូបសត្វមួយអ្នកស្រីលក់បាន១៥០០០៛ ប៉ុន្ដែបើមានគេកម្ម៉ង់ច្រើន អ្នកស្រីលក់ក្នុងមួយរូបតែ ១២០០០៛តែប៉ុណ្ណោះ ហើយក៏ មិនសូវជាបានចំណេញច្រើននោះទេ ដោយសារត្រូវចំណាយទៅលើការទិញក្រដាសកាសែតមករុំពីលើ។

អ្នកស្រីបានបន្ថែមថាក្នុងមួយថ្ងៃ គាត់ផលិតបានមួយរូបដោយសារតែអ្នកស្រីរវល់និងកិច្ចការផ្ទះខ្លាំងពេក ប៉ុន្តែជួនពេលខ្លះ ទំនេរ ក៏បាន ០៤រូបទៅ ប្រសិនបើមានគេកម្ម៉ង់អ្នកស្រីអាចធ្វើបានរហូតដល់ទៅជាង១០ក្នុងមួយថ្ងៃ ហើយមិនលក់ដាច់រាល់ថ្ងៃនោះទេ ជួនកាល មួយអាទិត្យ ឬមួយខែ ទើបមានការកម្ម៉ង់ម្ដង។

របរធ្វើដូងទៅជាវត្ថុអនុស្សាវរីយ៍ មានជារូបសត្វឱម៉ាល់ ក្រពើ ទន្សាយ និងមេអំបៅផងដែរនោះ បានពង្រីកដល់ចំនួនប្រហែល ៤ ឬ ៥ គ្រួសារហើយនៅក្នុងភូមិនេះ ដែលនេះបានបង្កឲ្យមានការលំបាកក្នុងការស្វែងរកដូងមកធ្វើ។

អ្នកស្រីបាននិយាយថា៖ «ចាប់តាំងតែពីអ្នកភូមិចេះធ្វើដែរមក ពិបាករកផ្លែដូងមកធ្វើខ្លាំងណាស់ ប្រសិនបើចង់រក មានតែទៅភូមិឆ្ងាយៗ ទើបបានហើយត្រូវទិញទៀតទើបបាន»។

«កាលមុនគេយកដុតចោល តែឥលូវចាប់តាំងពីគេដឹងមក ផ្លែដូងសណ្ដមួយត្រូវចំណាយ ៥០០៛ទិញមកទើបបាន ជួនណា គេមិនយកលុយទេ តែយើងយកមកធ្វើលក់ដែរ ក៏ជូនលុយគេខ្លះៗទៅ»។

អង្គុយលើកៅអីហើយនិយាយលឺៗ អ្នកស្រី ហាវ សារុំ អាយុ ៥៤ឆ្នាំ ដែលជាអ្នកភូមិរស់នៅភូមិក្បែរនោះក៏បាន
និយាយបន្ថែមថាកាលពីគាត់នៅក្មេងៗ គាត់មិនដែលធ្លាប់ឃើញការច្នៃផ្លែដូងធ្វើជារូបសត្វបែបនេះនោះទេ ហើយកាលមុន គ្រាន់តែយកមកធ្វើជាអុសដុតបបរបាយជ្រូកតែប៉ុណ្ណោះ។

«ខ្ញុំស្ងើចសរសើរថាវាល្អដែលគេមានគំនិតបែបនេះ បើខ្ញុំមិនដឹងយកធ្វើអ្វីមានតែយកទៅដុតបបរបាយជ្រូក។ មិនបាច់ទៅធ្វើការស្រុកគេ ក៏អាចយកលក់បានលុយស្រួល ហើយវាអាចជួយទៅលើបរិស្ថានបានច្រើនដែរណា»។


នៅក្រោមដំបូលផ្ទះប្រក់ក្បឿង ហើយអង្គុយចាក់រូបមានទឹកមុខផ្ចង់អារម្មណ៍នឹងការងារតែបង្កប់ដោយក្ដីរាក់ទាក់ អ្នកស្រីសំ ទូច អាយុ ៤២ឆ្នាំ ដែលជាអ្នកភូមិម្នាក់ទៀត ហើយបាន ចេះការច្នៃផ្លែដូងបន្តពីប្អូនស្រីគាត់។


គាត់បានរៀបរាប់ថាកាលដើមឡើយគាត់គ្រាន់តែធ្វើឱ្យកូនគាត់លេងតែប៉ុណ្ណោះ តែដល់មាន អ្នកធ្វើដំណើរឃើញ ក៏បានចុះមកសួរ និងសុំទិញ សុំថត។​ ចាប់តាំងតែពីពេលនោះមក របរច្នៃដូងរបស់អ្នកស្រីសំ ទូច ក៏ចេះតែល្បីតៗគ្នារហូតដល់មានអ្នកខ្លះកម្ម៉ង់ឱ្យធ្វើតែម្ដងទៅ។

អ្នកស្រីបាននិយាយថា៖ «ថាទៅវាមិនបានចំណេញចំណូលអ្វីប៉ុន្មាននោះទេ ដូចថាយើងរករបស់បានដូចជាដូងអីចេះតែចង់ធ្វើទៅ បើទោះបីជាយើងរកចំណូលអ្វីមិនបានច្រើនក៏យើងចាត់ទុកថាយើងរួចថ្លៃម្ហូបមួយពេលដែរ។ មានអ្នកឆ្ងាយៗ មកទិញដែលភាគច្រើនជាភ្ញៀវទេសចរ ហើយក៏មានអ្នកកម្ម៉ង់មកពីឆ្ងាយដែលតែភាគច្រើនមិនសូវជាចំណេញទេ ដោយសារការចំណាយទៅលើការវិចខ្ចប់ច្រើន»។

លោក ខុង ឆន អាយុ ៦១ឆ្នាំ ដែលជាមេឃុំ ឃុំលាងដៃ បាននិយាយថាអ្នកចេះកែច្នៃផ្លែងដូងជារូបសត្វនេះមានត្រឹមតែ ៥គ្រួសារ ក្នុង៨ភូមិ ហើយលោកក៏បានរៀបរាប់បន្តថា អាជ្ញាធរក្នុងឃុំក៏មានការគាំទ្រ និងលើកទឹកចិត្ត សរសើរពួកគេដែលមានគំនិតក្នុងការច្នៃប្រឌិត ដោយលោកបានជួយផ្សព្វផ្សាយដែរដើម្បីមានការគាំទ្រ រួមមានការលើកឡើងក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំជាដើម ឲ្យមានកាទិញយកទៅលំអរ៕